COVID-19 ប្រភេទ Delta ឆ្លង​លឿន និង​សាហាវ​កម្រិតណា បានជា​គ្រប់គ្នា​ភ័យខ្លាច?

វ៉ា​រ្យ៉​ង់ Delta នៃ​វីរុស COVID-19 ឆ្លង​រាលដាល​លឿន​ជាង ហើយ​កំហាប់ ឬ​បរិមាណ​របស់​វីរុស​នៅក្នុង​បំពង់ក និង​មាត់​របស់​អ្នកជំងឺ មាន​កម្រិត​ខ្ពស់ជាង បើ​ធៀប​នឹង COVID-19 ប្រភេទ​ដំបូង ដូច្នេះ មានន័យថា គោលការណ៍​សុវត្ថិភាព​មុននេះ លែង​សមស្រប​ទៀតហើយ។

យោងតាម​ការសិក្សា​ស្រាវជ្រាវ​នានា កាលពី​ដំបូង វីរុស COVID-19 ត្រូវការ​ប្រហែល 15 នាទី ដើម្បី​ឆ្លង​ពី​មនុស្ស​ម្នាក់ ទៅ​មនុស្ស​ម្នាក់ នៅពេល​មនុស្ស​នៅក្បែរ​គ្នា។ បច្ចុប្បន្ន រយៈពេល​នេះ​ត្រូវបាន​កាត់បន្ថយ​យ៉ាងច្រើន ធ្វើឱ្យ​មនុស្ស​មានការ​ភ័យខ្លាច។

វ៉ា​រ្យ៉​ង់ Delta កំពុងតែ​នាំឱ្យ​ក្រុមមន្ត្រី​សុខាភិបាល​សាធារណៈ ត្រូវធ្វើ​ការប្ដូរ​ផ្លាស់​លើ​ការណែនាំ​ស្ដីពី​សុវត្ថិភាព។ មជ្ឈមណ្ឌល​គ្រប់គ្រង និង​ទប់ស្កាត់​ជំងឺឆ្លង​របស់ សហរដ្ឋអាមេរិក (CDC) កាលពី​ចុងខែ​កក្កដា បានឱ្យដឹងថា អ្នក​ដែល​បាន​ចាក់​វ៉ាក់សាំង​រួចរាល់ គួរតែ​បន្ត​ពាក់​ម៉ាស នៅ​ទី​ដែល​បិទ​ជិត ក្នុង​តំបន់​ដែលមាន​អត្រា​នៃ​ការឆ្លង​រាលដាល​ខ្ពស់។

ប្រធាន CDC អាមេរិក លោកស្រី Rochelle Walensky និយាយថា Delta អាច​ឆ្លងទៅ​អ្នក​ដែល​បាន​ចាក់​វ៉ាក់សាំង​រួចរាល់ ហើយ​វា​មិនមាន​រោគសញ្ញា​នោះទេ បើ​ទោះ​វីរុស​មាន​បរិមាណ​ច្រើន ប្រហាក់ប្រហែល​នឹង​អ្នក​មិនទាន់បាន​ចាក់​វ៉ាក់សាំង។

ក្រុម​អ្នកជំនាញ​បាន​គណនា​ឃើញថា Delta មានលទ្ធភាព​ឆ្លង​រាលដាល​ខ្ពស់ជាង​ប្រហែល 50% ធៀប​នឹង Alpha។ ចំណែក Alpha ក៏មាន​សមត្ថភាព​ឆ្លង​ខ្ពស់ជាង COVID-19 ដែល​រកឃើញ​ដំបូង​នៅ Wuhan ប្រហែល 50%។

Delta ធ្វើ​ឱ្យ​មនុស្ស​កាន់​តែ​ភ័យ​ខ្លាច​អំពី​ការ​ស្លាប់​

ក្នុងការ​ស្រាវជ្រាវ​កាលពីដើម​ខែកក្កដា ក្រុម​អ្នកវិទ្យាសាស្ត្រ​ចិន បាន​រកឃើញថា អ្នក​ដែល​វិជ្ជមាន​នឹង Delta មាន​ផ្ទុក​វីរុស​ក្នុង​ផ្លូវដង្ហើម​ច្រើនជាង 1,000 ដង ធៀប​នឹង COVID-19 ដំបូង។ សាស្ត្រាចារ្យ​នៅ​មហាវិទ្យាល័យ​រដ្ឋ Colorado ក្នុង​ក្រុង Fort Collins សហរដ្ឋអាមេរិក បាន​អះអាងថា៖ «Delta ជ្រែកចូល​កោសិកា​នៃ​រាងកាយ​មនុស្ស​បាន​ងាយ​ជាង» វីរុស​ដំបូង។

បច្ចុប្បន្ន អ្នកវិទ្យាសាស្ត្រ​មិនទាន់​គណនា​ដឹងបាន​អំពី​បរិមាណ​ជាក់លាក់​នៃ​វីរុស Delta ដែល​បញ្ចេញ​ពី​បំពង់ក​របស់​អ្នកជំងឺ​នៅឡើយ។ ប៉ុន្តែ កំហាប់​វីរុស Delta ដែលមាន​កម្រិត​ខ្ពស់​បែបនេះ មានន័យថា អ្នកជំងឺ​ក៏​បញ្ចេញ​វីរុស​មក​ក្រៅ​បាន​ច្រើនជាង COVID-19 ដំបូង​ផងដែរ។ នេះ​បើតាម​សាស្ត្រាចារ្យ Linsey Marr នៃ​សាលា Virginia Tech។

យោងតាម​សហគមន៍​អ្នក​វេជ្ជសាស្ត្រ ការចាក់​វ៉ាក់សាំង​គឺជា​វី​ធី​ល្អ​បំផុត​ដើម្បី​កាត់បន្ថយ​ការឆ្លង​រាលដាល​នៃ​វីរុស។ ប៉ុន្តែ វ៉ាក់សាំង​នឹងមាន​ប្រសិទ្ធភាព​ទាប នៅពេល​ប្រឈម​នឹង​វ៉ា​រ្យ៉​ង់ Delta។ យ៉ាងនេះ​ក្ដី វ៉ាក់សាំង​នៅតែ​អាច​ការពារ​មិនឱ្យ​ជំងឺ​វីវ​ឌ្ឍ​ទៅជា​ធ្ងន់ធ្ងរ រហូតដល់​ស្លាប់។

វេជ្ជបណ្ឌិត Marr និយាយថា Delta មានលទ្ធភាព​គ្រប់គ្រាន់​ក្នុង​ការឆ្លង​ទៅកាន់​មនុស្ស​ដែល​មិនទាន់បាន​ចាក់​វ៉ាក់សាំង នៅពេល​នៅក្បែរ​អ្នក​វិជ្ជមាន​ក្នុង​រយៈពេល​ខ្លី ដូចជា 1 នាទី​នៅក្នុង​ជណ្ដើរ​ប្រអប់​ជាដើម។

«ដើមឡើយ អ្នក​ត្រូវ​នៅក្នុង​បន្ទប់​បិទ​ជិត​ជាមួយ​អ្នកជំងឺ​រហូតដល់ 15 នាទី ទើប​អាច​ឆ្លង​វីរុស។ ប៉ុ​ន្តេ បច្ចុប្បន្ន ល្បឿន​នេះ​លឿន​ជាង​មុន 1,000 ដង។ 15 នាទី មក​នៅត្រឹម​ប៉ុន្មាន​វិនាទី​ប៉ុណ្ណោះ» នេះ​បើតាម​វេជ្ជបណ្ឌិត Marr៕

Advertisement