មហាសេដ្ឋី​ឥណ្ឌា ជូនពរ​កូន​ប្រសា​ដែល​ជិត​បាន​ធ្វើ​ជា​ នាយករដ្ឋមន្ត្រី​អង់គ្លេស

មហាសេដ្ឋីឥណ្ឌា Narayana Murthy (ឆ្វេង) និង​កូនប្រសា Rishi Sunak

មហា​សេដ្ឋីឥណ្ឌា Narayana Murthy ជូន​ពរ​ និង​ជឿ​ជាក់​ថា កូន​ប្រសា​ Rishi Sunak «នឹង​ប្រឹង​ប្រែង​អស់​ពី​សមត្ថភាព​» ដើម្បី​ប្រជាជន​នៅ​ពេល​បាន​ឡើង​ធ្វើជា​នាយករដ្ឋមន្ត្រី​របស់ ចក្រ​ភព​អង់គ្លេស​។

«ជូនពរ Rishi។ យើង​មាន​មោទកភាព​ចំពោះ​កូន និង​ជូនពរ​កូន​ជោគជ័យ។ យើង​ជឿ​ជាក់​ថា Sunak នឹង​ប្រឹង​ប្រែង​អស់​ពីកម្លាំង​កាយចិត្ត​ដើម្បី​ប្រជាជន​ចក្រភព​អង់គ្លេស» មហា​សេដ្ឋី N.R. Narayana Murthy ស្ថាបនិក​របស់​ក្រុម​ហ៊ុន​បច្ចេកវិទ្យា​ឥណ្ឌា Infosys នា​ថ្ងៃ​នេះ​បាន​ឱ្យ​ដឹង​​ដូច្នេះ​។

លោក Narayana Murthy គឺជា​ឪទុក​បង្កើត​របស់​លោក​ស្រី Akshata Murthy ​ភរិយា​របស់​លោក Rishi Sunak ដែល​ជា​អ្នក​ត្រូវ​បាន​បោះ​ឆ្នោត​ជ្រើស​តាំង​ជា​ប្រធាន​បក្ស​អភិរក្ស ហើយ​នឹង​ត្រូវ​បាន​មហា​ក្សត្រ​ Charles ទីបី​តែង​តាំង​ជា​នាយករដ្ឋមន្ត្រី​ក្នុង​ថ្ងៃ​នេះ​។

លោក Rishi Sunak

លោក Sunak អាយុ 42 ឆ្នាំ ចាប់​កំណើត​​នៅ​ក្នុង​ទីក្រុង​ Southampton និង​មាន​ដើម​កំណើត​ជា​ជនជាតិ​ឥណ្ឌា​ នឹង​ក្លាយ​ជា​នាយករដ្ឋមន្ត្រី​ដើម​កំណើត​ឥណ្ឌា​ដំបូងគេ​នៅ អង់គ្លេស​ និង​ជា​នាយក​រដ្ឋមន្ត្រី​វ័យក្មេង​បំផុត​របស់​ប្រទេស​នេះ​ក្នុង​រង្វង់​ 200 ឆ្នាំ​។

ការ​ដែល​លោក Sunak បាន​ក្លាយ​ជា​ នាយករដ្ឋមន្ត្រី​អង់គ្លេស​ នៅក្នុង​រដូវ​បុណ្យ​ពន្លឺ​របស់​អ្នក​កាន់​សាសនា​ហិណ្ឌូ ធ្វើ​ឱ្យ​ ប្រជាជន​ឥណ្ឌា​ មាន​ការ​ត្រេកអរ​ខ្លាំង។ នាយករដ្ឋមន្ត្រី​ឥណ្ឌា Narendra Modi បាន​ឱ្យ​ដឹង​ថា លោក​សង្ឃឹមថា ទំនាក់​ទំនង​ទ្វេភាគី​រវាង​ ឥណ្ឌា និង​ អង់គ្លេស នឹង​ត្រូវ​បាន​កែលំអ​​បន្ថែម​ទៀត​។

លោក Rishi Sunak និង​ភរិយា

បច្ចុប្បន្ន លោក Sunak មិន​ទាន់​មាន​ការ​អធិប្បាយ​ណា​មួយ​ទាក់​ទង​នឹង​ការ​ជូន​ពរ​របស់​ឪទុក​ក្មេក​នៅ​ឡើយ។ យោង​តាម​ទស្សនាវដ្ដី Forbes លោក Murthy ​មាន​ទ្រព្យ​ប្រមាណ 4.5 ពាន់​លាន​ដុល្លារ​អាម៉េរិក។ ភរិយា​របស់​លោក Sunak គឺលោកស្រី Akshata Murthy ជា​ពលរដ្ឋ​ឥណ្ឌា និង​មាន​ភាគ​ហ៊ុន​ 0.93% ក្នុង​ក្រុម​ហ៊ុន Infosys តម្លៃប្រហែល 721 លាន​ដុល្លារ​អាម៉េរិក​៕

Advertisement