ជនជាតិ​ឥណ្ឌា មាន​មោទកភាព​ចំពោះ​នាយករដ្ឋមន្ត្រី​ថ្មី​របស់ ​ប្រទេស​អង់គ្លេស ដែល​ធ្លាប់​ត្រួតត្រា​ឥណ្ឌា

លោក រីស៊ី សុណាក់ (Rishi Sunak)

ជនជាតិ​ឥណ្ឌា​ជាច្រើន មានការ​ត្រេកអរ និង​មាន​មោទកភាព​ចំពោះ​លោក រី​ស៊ី សុ​ណាក់ (Rishi Sunak) ជា​ហិណ្ឌូ​សាសនិក និង​ជា ជនជាតិ​អង់គ្លេស​ដើមកំណើត​ឥណ្ឌា​​តំបន់ Punjab ដែល​បាន​ក្លាយជា នាយករដ្ឋមន្ត្រី​អង់គ្លេស ដែលជា​ចក្រភព​ធ្លាប់បាន​ត្រួតត្រា​លើ ប្រទេស​ឥណ្ឌា រាប់​រយ​ឆ្នាំ​។

«ខ្ញុំ​ពិតជា​សប្បាយរីករាយ​ខ្លាំងណាស់។ ចក្រភព​អង់គ្លេស ធ្លាប់​ត្រួតត្រា​លើ ឥណ្ឌា ជាង 300 ឆ្នាំ។ ពេលនេះ ជនជាតិដើម​កំណើត​ឥណ្ឌា​ម្នាក់ កំពុង​គ្រប់គ្រង ប្រទេស​អង់គ្លេស» Krishna Kumar បុគ្គលិក​ផ្នែក​បច្ចេកវិទ្យា​ម្នា​ក់នៅ ប្រទេស​ឥណ្ឌា និយាយ​កាលពី​ថ្ងៃទី 25 តុលា​ដូច្នេះ។

លោក រី​ស៊ី សុ​ណាក់ អាយុ 42 ឆ្នាំ ចាប់កំណើត និង​ធំ​ឡើង​នៅ Southampton គឺជា​នាយករដ្ឋមន្ត្រី​ទី​បី​របស់ អង់គ្លេស នៅក្នុង​ឆ្នាំ 2022 នេះ។ ឪពុកម្ដាយ​របស់លោក កើត​នៅក្នុង​សហគមន៍​ជនជាតិ​ឥណ្ឌា នៅ អាហ្វ្រិក​ខាងកើត ដែលមាន​ដូន​តា​នៅ Punjab ភាគ​ខាងជើង​ប្រទេស​ឥណ្ឌា។ លោក សុ​ណាក់ បាន​រៀបការ​ជាមួយ Akshata Murty ដែលជា​ពលរដ្ឋ​ឥណ្ឌា និង​ជា​កូនស្រី​របស់​មហាសេដ្ឋី Narayana Murthy ស្ថាបនិក​នៃ​ក្រុមហ៊ុន​បច្ចេកវិទ្យា Infosys។

ឥណ្ឌា បាន​រម្លឹក​ខួប 75 ឆ្នាំ​នៃ​ទិវា​ឯករាជ្យ​ពី ចក្រភព​អង់គ្លេស កាលពី​ខែសីហា ប៉ុន្មាន​សប្ដាហ៍​មុនពេល​ក្លាយជា​ខឿនសេដ្ឋកិច្ច​ធំជាងគេ​ទី 5 ក្នុង​ពិភពលោក នៅពេល GDP បាន​ឡើង​ខ្ពស់ជាង អង់គ្លេស។

Basavaraj Bommai អភិបាលរដ្ឋ Karrnataka ភាគខាងត្បូង​នៃ ប្រទេស​ឥណ្ឌា ឱ្យដឹងថា ប្រជាជន​ដែល​ធ្លាប់​ស្ថិតក្រោម​ការត្រួតត្រា​រប​ស់ ចក្រភព​អង់គ្លេស មិន​នឹកស្មាន​ដល់​ថា ជនជាតិដើម​កំណើត​ឥណ្ឌា បាន​ឡើងកាន់​អំណាច​នៅ អង់គ្លេស។ វាសនា​បាន​កែប្រែ​ទាំងស្រុង​ហើយ។

«កូន​របស់ ជនជាតិ​ឥណ្ឌា​បាន​ងើបឡើង, ប្រវត្តិសាស្ត្រ​វិលវង់​នៅ​អង់គ្លេស» គឺជា​ប្រធានបទ​សំខាន់​នៃ​កម្មវិធី​ព័ត៌មាន​នៅលើ​ទូរទស្សន៍ NDTV។

លោក រីស៊ី សុណាក់ និង​ភរិយា និង​មហា​ក្សត្រ​អង់គ្លេស Charles ទីបី

លោក រី​ស៊ី សុ​ណាក់ ឡើង​ដឹកនាំ ប្រទេស​អង់គ្លេស នៅក្នុង​គ្រា​ដែល សម​ភាគី​ឥ​ណ្ឌា គឺ​លោក ណារិន​ដ្រា ម៉ូ​ឌី កំពុង​បង្កើនល្បឿន​ក្នុងការ​លុបបំបាត់​ស្លាកស្នាម​សម័យ​អាណានិគម។

នាយករដ្ឋមន្ត្រី​ឥណ្ឌា កាលពី​ថ្ងៃទី 24 តុលា បាន​អបអរសាទរ​នាយករ​ដ្ឋ​មន្ត្រី​ថ្មី​របស់ អង់គ្លេស និង​មានបំណង «ប្ដូរផ្លាស់​ទំនាក់ទំនង​ជា​ប្រវត្តិសាស្ត្រ​រវាង​ប្រទេស​ទាំងពីរ ឱ្យទៅជា​ទំនាក់ទំនង​ដៃគូ​ទំនើប»។

ទោះជា​យ៉ាងណាក៏ដោយ នៅមាន​មតិ​ខ្លះ​មិនទាន់​ជឿជាក់​លើ​ពេលវេលា​ដែល​នាយករដ្ឋមន្ត្រី​ រី​ស៊ី សុ​ណាក់ អាច​រក្សាបាន​តំណែង​នេះ។ «នេះ​គឺជា​នាយករដ្ឋមន្ត្រី​ទី​បី​របស់ អង់គ្លេស ក្នុង​មួយឆ្នាំ។ ដូច្នេះ យើង​មិន​​ដឹងថា គាត់​នឹង​កាន់តំណែង​នេះ​បាន​ប៉ុន្មាន​ម៉ោង ប៉ុន្មាន​ថ្ងៃ ឬ​ប៉ុន្មាន​សប្ដាហ៍​ឡើយ»៕

Advertisement