ភ្លើង​ឆេះ​ព្រៃ​​មួយ​ករណី​កំពុង​កើតឡើង​នៅ ប្រទេស​តួ​ក​គី ធ្វើ​ឱ្យ​ក្រុម​អ្នកវិទ្យាសាស្ត្រ​​​ព្រួយបារម្ភ

កាលពី​ថ្ងៃទី ២១ មិថុនា អគ្គិភ័យ​មួយ​បាន​កើតឡើង​នៅក្នុង​ព្រៃ​នៃ​តំបន់​ភាគ​និរតី​របស់ ប្រទេស​តួ​ក​គី ធ្វើឱ្យមាន​ការព្រួយបារម្ភ​ខ្លាំង​ចំពោះ​ហានិភ័យ​ដែល​អាច​ដូច​ទៅនឹង​ភ្លើង​ឆេះ​ព្រៃ​កាលពី​ឆ្នាំ​កន្លង ដែល​បាន​បណ្ដាលឱ្យ​ព្រៃ និង​រុក្ខជាតិ​រាប់សិប​ហិកតា​ត្រូវ​បាត់បង់។

ភ្លើង​ឆេះ​ព្រៃ​ថ្មី​នេះ​កើតឡើង​នៅក្បែរ​តំបន់​លម្ហែកាយ​នៅ​ឆ្នេរសមុទ្រ Aegean របស់​ស្រុក Marmaris ក្នុង​ខេត្ត Mugla។ ទីភ្នាក់ងារសារព័ត៌មាន​រដ្ឋ Anadolu រាយការណ៍​ថា ភ្លើងព្រៃ​បាន​ឆេះ​រាលដាល​យ៉ាង​រហ័ស​ដោយសារ​តែមាន​ខ្យល់​ខ្លាំង ហើយ​កំពុងតែបន្ត​ឆាបឆេះ​ក្នុង​ទ្រង់ទ្រាយ​ធំ​ជាមួយនឹង​ល្បឿន​យ៉ាង​លឿន។ បច្ចុប្បន្ន ក្រុមមន្ត្រី​ជំនាញ​កំពុងតែ​ស្រាវជ្រាវ​រក​មូលហេតុ​នៃ​ករណី​ភ្លើង​ឆេះ​ព្រៃ​នេះ។

អ្នកវិទ្យាសាស្ត្រ​របស់ សហភាព​អឺរ៉ុប បានឱ្យដឹងថា ករណី​ភ្លើង​ឆេះ​ព្រៃ​នៅ​រដូវក្ដៅ​កាលពី​ឆ្នាំ​កន្លង​នៅ តួ​ក​គី គឺមាន​កម្រិត​ខ្ពស់បំផុត។ ចំណែក​អ្នកវិទ្យាសាស្ត្រ​ផ្សេងទៀត​សង្កត់ធ្ងន់ថា បញ្ហា​អាកាសធាតុ​ប្រែប្រួល​ដែល​បង្កឡើង​ដោយ​មនុស្ស កំពុងតែ​ធ្វើឱ្យ​រលក​កម្ដៅ​កើតឡើង​ញឹកញាប់​ជាង​មុន និង​អាក្រក់​ជាង​មុន។

Advertisement