Author: សឿន សំណាង

  • យន្តហោះ​ដឹក​មនុស្ស​ជាង 170 នាក់ ឆាបឆេះ​ម៉ាស៊ីន​ពេល​ស្ថិត​លើ​កម្ពស់​ជាង 900 ម៉ែត្រ

    យន្តហោះ​ដឹក​មនុស្ស​ជាង 170 នាក់ ឆាបឆេះ​ម៉ាស៊ីន​ពេល​ស្ថិត​លើ​កម្ពស់​ជាង 900 ម៉ែត្រ

    (ឥណ្ឌូណេស៊ី)-យន្តហោះ​ដឹក​មនុស្ស​ចំនួន 175 នាក់ របស់​ក្រុមហ៊ុន​អាកាសចរណ៍ Lion Air ត្រូវ​វិល​ត្រលប់មក​ចុះចត​នៅ ហ្សា​ការ​តា វិញ ក្រោយពី​បាន​ហោះ​ឡើង ដោយសារតែ​ម៉ាស៊ីន​មួយគ្រឿង​របស់​វា​ឆាបឆេះ។

    ជើងហោះហើរ JT330 របស់​ក្រុមហ៊ុន​អាកាសចរណ៍ Lion Air ដឹក​អ្នកដំណើរ 169 នាក់ និង​បុគ្គលិក 6 នាក់ បាន​ហោះ​ឡើង​ពី រដ្ឋធានី​ហ្សា​ការ​តា ប្រទេស​ឥណ្ឌូនេស៊ី នៅ​ម៉ោង 17 និង 13 នាទី ថ្ងៃទី 16 តុលា។ អ្នកបើកបរ​របស់​យ​ន្ត​ហោះ Boeing 737-800 បានដឹងថា ម៉ាស៊ីន​មួយគ្រឿង​របស់​យន្តហោះ​នេះ «ដំណើរ​ការមិន​ប្រក្រតី» នៅពេល​ហោះ​ឡើងដល់​កម្ពស់​ជាង 900 ម៉ែត្រ នេះ​បើតាម​ក្រុមហ៊ុន Lion Air របស់ ឥណ្ឌូណេស៊ី។

    ប្រហែល​កន្លះ​ម៉ោង​ក្រោយមក យន្តហោះ​នេះ​ក៏បាន​ចុះចត​ដោយ​សុវត្ថិភាព និង​មិនមាន​អ្នករងរបួស។ ក្រុមហ៊ុន Lion Air មិនទាន់​ប្រកាស​ឱ្យដឹង​អំពី​មូលហេតុ​នៃ​ហេតុការណ៍​​ឆេះ​ម៉ាស៊ីន​នេះ​នៅឡើយ ខណៈដែល​ក្រុម​វិស្វករ​កំពុង​ត្រួតពិនិត្យ​យន្តហោះ។ ចំណែក​ក្រុមហ៊ុន Boeing វិញ បាន​បដិសេធ​ការស្នើសុំ​ការបកស្រាយ​អំពី​បញ្ហា​នេះ។

    យន្តហោះ Boeing 737-800 របស់ក្រុមហ៊ុនអាកាសចរណ៍ឥណ្ឌូណេស៊ី Lion Air

    ក្រុមហ៊ុន Lion Air ធ្លាប់​ជួប​គ្រោះថ្នាក់​អាកាសចរណ៍​ម្ដង​រួចហើយ​ចំពោះ​យន្តហោះ​ប្រភេទ 737 Max របស់ Boeing កាលពី​ឆ្នាំ 2018។ យន្តហោះ Boeing 737 Max កាលណោះ​បាន​ធ្លាក់​ទៅក្នុង​សមុទ្រ​ក្រោយពី​ហោះ​ឡើង​បាន 13 នាទី ពី​ព្រលានយន្តហោះ​នៅ ហ្សា​ការ​តា។ អ្នកដំណើរ រួម​នឹង​បុគ្គលិក​ទាំងអស់​នៅលើ​យន្តហោះ​នេះ បាន​បាត់​បង់ជីវិត៕

  • អ៊ី​ឡុ​ន ម៉ាស (Elon Musk) ប្ដូរ​ការណែនាំ​ខ្លួនឯង ទៅជា «ម្ចាស់ Twitter»

    អ៊ី​ឡុ​ន ម៉ាស (Elon Musk) ប្ដូរ​ការណែនាំ​ខ្លួនឯង ទៅជា «ម្ចាស់ Twitter»

    ខ្លឹមសារ​ព័ត៌មាន​ណែនាំ​ខ្លួន​នៅលើ​គណនី​បណ្ដាញ​សង្គម Twitter របស់ មហាសេដ្ឋី​អាម៉េរិក អ៊ី​ឡុ​ន ម៉ាស ត្រូវបាន​ប្ដូរ​ទៅជា Chief Twit។

    ការកែប្រែ​ថ្មី​បំផុត​ខាងលើ​របស់ នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន Tesla ត្រូវបាន​ធ្វើឡើង​ក្រោយពី​មាន​ព័ត៌មាន​ថា លោក​នឹង​ទិញ Twitter នៅ​ថ្ងៃទី 28 តុលា។ ក្រៅពីនេះ លោក ម៉ាស ក៏បាន​បង្ហោះ​វីដេអូ​ខ្លី​មួយ​បង្ហាញ​អំពី​វត្តមាន​របស់លោក​នៅក្នុង​ទីស្នាក់ការ​កណ្ដាល​របស់ Twitter ផងដែរ ដែល​នេះ​បាន​ទាក់ទាញ​អ្នក​ចូល​មើល​យ៉ាងច្រើន។

    យោងតាម Business Insider ឥរិយាបថ​នេះ​អាចជា​សញ្ញា​បង្ហាញថា លោក ម៉ាស មាន​ផែនការ​ធ្វើជា CEO របស់ Twitter។ CNBC កាលពី​ពាក់កណ្ដាល​ខែឧសភា ក៏បាន​ព្យាករ​ដូចគ្នានេះ និង​ថា វា​នឹង​កើតឡើង​នៅពេល​ការទិញ​ដូរ Twitter តម្លៃ 44 ពាន់​លាន​ដុល្លារ បានសម្រេច​ជា​ស្ថាពរ។

    សារ​ព័ត៌មាន​ណែនាំ​ខ្លួន​នៅលើ​គណនី​បណ្ដាញ​សង្គម Twitter របស់ មហាសេដ្ឋី​អាម៉េរិក អ៊ី​ឡុ​ន ម៉ាស ត្រូវបាន​ប្ដូរ​ទៅជា Chief Twit

    មុន​នោះ Reuters បានឱ្យដឹងថា មហាសេដ្ឋី​អាម៉េរិក​ដើមកំណើត​អាហ្វ្រិក​ខាងត្បូង នឹង​ទិញ​បណ្ដាញ​សង្គម Twitter ទៅតាម​ពេលវេលា​ដែល​បានកំណត់។ យោងតាម​កិច្ចព្រមព្រៀង ការទិញ​ដូរ Twitter ក្នុងតម្លៃ 44 ពាន់​លាន​ដុល្លារ​អាម៉េរិក នេះ ត្រូវតែ​សម្រេច​ឱ្យបាន​នៅក្នុង​ថ្ងៃទី 28 តុលា។ មិន​ដូច្នេះ​ទេ ភាគី​ទាំងពីរ​នឹងត្រូវ​ឡើង​តុលាការ Delaware ដើម្បី​បន្ត​ការកាត់ក្ដី។

    កាលពី​ខែមេសា 2022 លោក ម៉ាស ប្រកាសថា សម្រេចបាន​កិច្ចព្រមព្រៀង​ទិញ Twitter។ ប៉ុន្តែ ខែកក្កដា 2022 លោក ម៉ាស បែរជា​ប្រកាស​ដកខ្លួន ដោយ​ចោទថា បណ្ដាញ​សង្គម​នេះ​បាន​រំលោភ​លើ​កិច្ចព្រមព្រៀង។ ខែកញ្ញា​កន្លងទៅ លោក ម៉ាស ក៏បាន​ប្ដូរ​ចិត្ត ដោយ​ថា លោក​នឹង​នៅតែ​ទិញ Twitter ក្នុងតម្លៃ​ដូច​មុន។

    ភាគហ៊ុន​របស់ Twitter បាន​ឡើងថ្លៃ 3% ក្នុង​ថ្ងៃទី 25 តុលា ឡើងដល់ 52.95 ដុល្លារ/ហ៊ុន ប៉ុន្តែ នៅតែ​ទាប​ជាង​បន្តិច​ធៀប​នឹង​តម្លៃ 54.2 ដុល្លារ/ហ៊ុន ដែល​ត្រូវបាន​លោក ម៉ាស ស្នើ​ទិញ​កាលពី​ខែឧសភា៕

  • ណា​តូ ប្រកាសថា មិន​អនុញ្ញាតឱ្យ​លោក ពូ​ទីន ឈ្នះ​សង្គ្រាម​នៅ អ៊ុយ​ក្រែ​ន

    ណា​តូ ប្រកាសថា មិន​អនុញ្ញាតឱ្យ​លោក ពូ​ទីន ឈ្នះ​សង្គ្រាម​នៅ អ៊ុយ​ក្រែ​ន

    អគ្គលេខាធិការ​នៃ​អង្គការ​ណា​តូ Stoltenberg ប្រកាសថា មិន​អនុញ្ញាតឱ្យ​លោក ពូ​ទីន ឈ្នះ​សង្គ្រាម​នៅ អ៊ុយ​ក្រែ​ន ហើយ​ថា នឹង​ជួយ​ដល់​កងកម្លាំង​របស់ ទីក្រុង​កៀវ រហូតដល់​អស់​ការចាំបាច់។

    «ជា​មូលដ្ឋាន មិនអាច​សន្និដ្ឋានបាន​ចំពោះ​សង្គ្រាម​នេះ។ ខ្ញុំ​មិន​មានការ​សន្និដ្ឋានថា សង្គ្រាម​នឹង​អូសបន្លាយ​ដល់ពេល​ណា គ្រាន់តែ​ចង់​អះអាងថា យើងខ្ញុំ​នឹង​ជួយ​ដល់ អ៊ុយ​ក្រែ​ន រហូតដល់​អស់​ការចាំបាច់។ យើង​មិនអាច​បណ្ដោយឱ្យ​លោក វ្ល៉ា​ឌី​មៀ ពូ​ទីន ឈ្នះ​សង្គ្រាម​នេះ» អគ្គលេខាធិការ​នៃ​អង្គការ​ណា​តូ Stoltenberg

    ឆ្លើយ​ក្នុង​កិច្ច​សម្ភាស​នៅឯ​កិច្ចប្រជុំ​ជាមួយ នាយករដ្ឋមន្ត្រី​រូ​ម៉ា​នី Nicolae Ciuca នៅ​ទីស្នាក់ការ​កណ្ដាល​របស់ ណា​តូ នៅ ព្រុ​ច​សែ​ល ប្រទេស​បែ​ហ្សិ​ក កាលពី​ថ្ងៃទី 26 តុលា។

    លោក Stoltenberg យល់ថា ការ​ឈ្នះ​សង្គ្រាម​របស់ រុស្ស៊ី «នឹង​ជា​គ្រោះមហន្តរាយ សោកនាដកម្ម​សម្រាប់ ជនជាតិ​អ៊ុយ​ក្រែ​ន ហើយក៏​ធ្វើឱ្យ​សម្ព័ន្ធមិត្ត​ណា​តូ ងាយ​រងគ្រោះ​ជាង​មុន»។

    សង្គ្រាម​នៅ អ៊ុយ​ក្រែ​ន មិនមែន​បានចាប់ផ្ដើម​ពី​ខែកុម្ភៈ 2022 ឡើយ ប៉ុន្តែ កើតឡើង​តាំងពី​ឆ្នាំ 2014 ពេលដែល​លោក ពូ​ទីន បាន​រឹប​អូ​ប ឧបទ្វីប​គ្រី​មៀ ហើយ រុស្ស៊ី ចាប់ផ្ដើម​គ្រប់គ្រង​តំបន់ Donbass នៅ​ភាគ​ខាងកើត​នៃ ទឹកដី​អ៊ុយ​ក្រែ​ន។ «អ្វីដែល​បានកើត​ឡើង​កាលពី​ខែកុម្ភៈ គឺជា​ភាព​តានតឹង​ដែល​បាន​កើនឡើង​ពេញលេញ  ជា​សង្គ្រាម​ទូទៅ» អគ្គលេខាធិការ​នៃ​អង្គការ​ណា​តូ Stoltenberg និយាយ​ដូច្នេះ។

    លោក Stoltenberg អះអាងថា កងទ័ព​រុស្ស៊ី កំពុង​បរាជ័យ​នៅ អ៊ុយ​ក្រែ​ន ក្នុង​គ្រា​ដែល​កងទ័ព​របស់ ទីក្រុង​កៀវ កំពុងមាន​ថាមពល​ខ្លាំងឡើង។

    យោងតាម​លោក Stoltenberg សង្គ្រាម​ស្ទើរតែ​ទាំងអស់ សុទ្ធតែ​ត្រូវបាន​បញ្ចប់​នៅឯ​តុ​ចរចា ហើយ​អ្វីដែល អ៊ុយ​ក្រែ​ន អាច​សម្រេចបាន​នៅលើ​តុ​ចរចា គឺ​អាស្រ័យ​ទាំងស្រុង​លើ​កម្លាំង​នៅឯ​សមរភូមិ។ ដូច្នេះ ណា​តូ គួរតែ​បង្កើន​កម្លាំង​របស់​ពួកគេ​នៅលើ​តុ​ចរចា តាមរយៈ​ការផ្ដល់​ជំនួយ​យោធា​ដល់ អ៊ុយ​ក្រែ​ន។

    ភាគី​ខាង​រុស្ស៊ី មិនទាន់មាន​ការអធិប្បាយ​អ្វី​នៅឡើយ ទាក់ទង​នឹង​ការលើកឡើង​របស់ អគ្គលេខាធិការ​នៃ​អង្គការ​ណា​តូ ខាងលើ៕

  • កាណាដា ច្រានចោល​សំណើ «ផ្ដាច់ទំនាក់ទំនង» ជាមួយ​របបរាជានិយម​អង់គ្លេស

    កាណាដា ច្រានចោល​សំណើ «ផ្ដាច់ទំនាក់ទំនង» ជាមួយ​របបរាជានិយម​អង់គ្លេស

    សភា​ជាន់​ទាប​កាណាដា បាន​ច្រានចោល​សំណើ​របស់ បក្ស Bloc Quebecois ក្រោយពី​បក្ស​នេះ​និយាយថា ដល់ពេល​ដែល​ត្រូវ​កាត់ផ្ដាច់​ទំនាក់ទំនង​ជាមួយនឹង​របបរាជានិយម​អង់គ្លេស។

    សំណើ​ផ្ដាច់ទំនាក់ទំនង​ជាមួយនឹង​របបរាជានិយម​អង់គ្លេស ដែល​លើកឡើង​ដោយ​បក្ស Bloc Quebecois  ត្រូវបាន​ច្រានចោល​នៅក្នុង​ការបោះឆ្នោត​សភា​ជាន់​ទាប​កាណាដា កាលពី​ថ្ងៃទី 26 តុលា ដោយ​ទទួលបាន​ការគាំទ្រ​ចំនួន 44 សំឡេង និង​ប្រឆាំង​ចំនួន 266 សំឡេង។

    ការបោះឆ្នោត​ខាងលើ​ត្រូវបាន​ធ្វើឡើង​បន្ទាប់ពី Yves-Francois Blanchet មេដឹកនាំ​បក្ស Bloc Quebecois កាលពី​ថ្ងៃទី 25 តុលា យល់ថា ស្វាមីភក្ដិ​ជាមួយនឹង​របបរាជានិយម​នៅ​បរទេស មិន​ត្រឹមតែ​ហួស​សម័យ​នោះទេ ប៉ុន្តែ​ថែមទាំង​ត្រូវ​ចំណាយ​ច្រើន​ទៀតផង។ លោក Yves-Francois Blanchet និយាយថា ការប្រគល់អំណាច​ថ្វាយ​មហាក្សត្រ Charles ទី​បី នៅ​លើក​នេះ​គឺជា​ឱកាស​ដើម្បីឱ្យ កាណាដា អាច​ផ្ដាច់ទំនាក់ទំនង​ជាមួយ​រាជានិយម​អង់គ្លេស។

    យោងតាម​លោក Yves-Francois Blanchet សមាជិក​បក្ស Bloc Quebecois ត្រូវបាន «បង្ខំ​ឱ្យ​ស្បថ​ថា​ស្មោះត្រង់​នឹង​របបរាជានិយម​អង់គ្លេស» ហើយ​មាន​អារម្មណ៍​ថា សម្បថ​របស់​ពួកគេ​គឺជា​រឿង «គ្មាន​ន័យ»។ លោក​សង្កត់ធ្ងន់ថា ក្រុមតំណាងរាស្ត្រ Bloc Quebecois ស្បថ​ដោយមាន​ភក្ដីភាព​ចំពោះតែ ប្រជាជន Quebec តែប៉ុណ្ណោះ។

    តំណាងរាស្ត្រ​ច្រើន​រូប​របស់ កាណាដា ចោទប្រកាន់ថា លោក Blanchet លើកឡើង​នូវ​បញ្ហា​ដែល​មិនទាន់​ទង ហើយ​កំពុង​រក​វិធី​ទាក់ទាញ​ចំណាប់អារម្មណ៍។ ពួកគេ​យល់ថា ប្រជាជន​កាណាដា កំពុង​បារម្ភ​អំពី​បញ្ហា​ដទៃ មានដូចជា សេដ្ឋកិច្ច អាកាសធាតុ និង​ការថែទាំ​សុខភាព។

    នៅ កាណាដា ការផ្ដាច់​ទំនាក់ទំនង​ជាមួយ​របបរាជានិយម​អង់គ្លេស ទាមទារ​ឱ្យមាន​ការធ្វើ​វិសោធនកម្ម​ច្បាប់រដ្ឋធម្មនុញ្ញ ដោយមាន​ការគាំទ្រ​ទាំងស្រុង​ពី​សភា​ខេត្ត​ទាំង 10 រួម​នឹង​សមាជិក​សភាជាតិ។

    ក្រោយពី មហាក្សត្រី​អង់គ្លេស Elizabeth ទី​ពីរ បាន​ចូល​ទិវង្គត​កាលពី​ថ្ងៃទី 08 កញ្ញា មហាក្សត្រ Charles ទី​បី ដែលជា​អ្នក​ស្នង​រាជសម្បត្តិ និង​ឡើង​គ្រង​រាជ​កាលពី​ថ្ងៃទី 10 កញ្ញា បាន​ក្លាយជា​មេដឹកនាំ​របស់ ប្រទេស​អង់គ្លេស កាណាដា អូស្ត្រាលី នូ​វែ​ល​សេ​ឡង់ និង​បណ្ដា​ប្រទេស​ផ្សេងទៀត​នៅក្នុង សមាគម​ប្រទេសជាតិ​ខំ​មិន​វែ​ល (commonwealth of nations)។

    ក្រៅពី កាណាដា ក៏មាន​ប្រទេស​មួយចំនួនទៀត ដូចជា អូស្ត្រាលី និង នូ​វែ​សេ​ឡង់ ជាដើម ធ្លាប់​និយាយ​ដល់​លទ្ធភាព​ក្លាយជា​សាធារណរដ្ឋ ប៉ុន្តែ​មិនបាន​ចាត់ទុកថា នេះ​គឺជា​គោលដៅ​បន្ទាន់៕

    បណ្ដា​ប្រទេស​ដែល​ចាត់​ទុក​ស្ដេច​អង់គ្លេស​ ជា​មេដឹកនាំ
    បណ្ដាប្រទេសនៅក្នុង សមាគមប្រទេសជាតិខំមិនវែល (commonwealth of nations)។
  • រុស្ស៊ី ធ្វើ​សមយុទ្ធ​នុយ​ក្លេ​អែរ​សងសឹក ៖ ពូ​ទីន តាមដាន​យ៉ាង​យកចិត្តទុកដាក់ (វីដេអូ)

    រុស្ស៊ី ធ្វើ​សមយុទ្ធ​នុយ​ក្លេ​អែរ​សងសឹក ៖ ពូ​ទីន តាមដាន​យ៉ាង​យកចិត្តទុកដាក់ (វីដេអូ)

    ប្រធានាធិបតី​រុស្ស៊ី ពូ​ទីន បាន​តាមដាន​សកម្មភាព​ធ្វើ​សមយុទ្ធ​របស់ កងទ័ព​រុស្ស៊ី ដែលមាន​ទិដ្ឋភាព​វាយប្រហារ​សងសឹក​ដោយ​អាវុធ​នុយ​ក្លេ​អែរ តាមរយៈ​ការបាញ់​មី​ស៊ី​ល​ប្លោង​ច្រើន​ប្រភេទ ក្នុងនោះ​មាន​ទាំង​មី​ស៊ី​ល​អន្តរទ្វីប​ផងដែរ។

    រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​រុស្ស៊ី Sergey Shoigu បានឱ្យដឹងថា គោលបំណង​នៃ​សមយុទ្ធ​នេះ​គឺ​ដើម្បី​ពិនិត្យ​អំពី​កម្រិត​នៃ​ការត្រៀមខ្លួន​របស់ «កងកម្លាំង​វាយប្រហារ​យុទ្ធសាស្ត្រ​របស់ រុស្ស៊ី» ក្នុងការ​ប្រើប្រាស់​អាវុធ​នុយ​ក្លេ​អែរ​ទ្រង់ទ្រាយ​ធំ ឆ្លើយតប​នឹង​ការវាយប្រហារ​នុយ​ក្លេ​អែរ​របស់​សត្រូវ។

    វិមាន​ក្រឹម​ឡាំង ឱ្យដឹងថា កងកម្លាំង​កំញើញ​នុយ​ក្លេ​អែរ​នៅលើ​គោក លើ​សមុទ្រ និង​លើ​អាកាស​បាន​ចូលរួម​សមយុទ្ធ​នេះ។

    ក្នុង​សមយុទ្ធ មី​ស៊ី​ល​ប្លោង​អន្តរទ្វីប Yars ត្រូវបាន​បាញ់​ចេញពី​ព្រលាន​យានអវកាស Plesetsk នៅ​តំបន់ Arkhangelsk គ្រា​ដែល​មី​ស៊ី​ល​ប្លោង Sineva ត្រូវបាន​បាញ់​ចេញពី​សមុទ្រ Barents និង​បាន​វាយ​ចំ​គោលដៅ​នៅលើ​ឧបទ្វីប Kamchatka នៅ​តំបន់​ចុង​បូព៌ា​របស់ ប្រទេស​រុស្ស៊ី។

    ហោះ​ទម្លាក់​គ្រាប់បែក​យុទ្ធសាស្ត្រ Tu-95 ច្រើន​គ្រឿង​របស់ រុស្ស៊ី ក៏បាន​ចូលរួម​ធ្វើ​សមយុទ្ធ​យោធា​នុយ​ក្លេ​អែរ​របស់​កងទ័ព​លើក​នេះ​ផងដែរ៕

  • មហា​សេដ្ឋិនី​ប្ដូរ​ភេទ​ថៃ ទិញ​ស្ថាប័ន​បវរកញ្ញា​ចក្រវាល (Miss Universe)

    មហា​សេដ្ឋិនី​ប្ដូរ​ភេទ​ថៃ ទិញ​ស្ថាប័ន​បវរកញ្ញា​ចក្រវាល (Miss Universe)

    ទូរទស្សន៍ JKN18 បាន​ផ្សាយ​ថា មហា​សេដ្ឋិនី​ប្ដូរ​ភេទ​របស់ ប្រទេស​ថៃ Anne Jakrajutatip ទិញ​ស្ថាប័ន​បវរកញ្ញា​ចក្រវាល ដែល​មុននេះ​គឺជា​កម្មសិទ្ធិ​របស់ អតីត​ប្រធានាធិបតី​អាម៉េរិក និង​ក្រុមហ៊ុន IMG។

    នា​ព្រឹក​ថ្ងៃទី 26 តុលា​នេះ Anne Jakrajutatip (CEO របស់​ក្រុមហ៊ុន​ផ្សព្វផ្សាយ JKN Global Media) បាន​ទិញ​ស្ថាប័ន​រៀបចំ​កម្មវិធី​ប្រលង​បវរកញ្ញា​ចក្រវាល Miss Universe និង​ក្លាយជា​ម្ចាស់​ភាគហ៊ុន​តែមួយគត់​របស់​ស្ថាប័ន​នេះ។

    មុននេះ​មិនយូរប៉ុន្មាន Anne Jakrajutatip បានបង្ហាញ​បំណង​ទិញ​ស្ថាប័ន​ខាងលើ និង​លើកកម្ពស់​គុណភាព​ឱ្យបាន​ល្អ​ជាង ធៀប​នឹង​ពេល​ស្ថិតនៅក្រោម​ការគ្រប់គ្រង​របស់​អតីត​ប្រធានាធិបតី ដូ​ណា​ល ត្រាំ និង​ក្រុមហ៊ុន IMG។ ដើមឡើយ Miss Universe គឺជា​កម្មសិទ្ធិ​របស់​ម​ហា​សេដ្ឋី ដូ​ណា​ល ត្រាំ ប៉ុន្តែ ត្រូវបាន​ក្រុមហ៊ុន IMG ទិញ​ចាប់ពី​ឆ្នាំ 2015។

    កាលពី​ខែកញ្ញា New York Post ឱ្យដឹងថា លោក Ari Emanuel ដែលជា CEO របស់ Endeavor (ម្ចាស់​ក្រុមហ៊ុន IMG) កំពុង​ជួប​បញ្ហា​ហិរញ្ញវត្ថុ ចង់​លក់​ស្ថាប័ន Miss Universe ក្នុងតម្លៃ 20 លាន​ដុល្លារ​អាម៉េរិក។

    មហាសេដ្ឋិនី Anne Jakrajutatip

    ក្រោយពី​ត្រូវបាន​លក់​ឱ្យ Anne Jakrajutatip ស្ថាប័ន​នេះ​ក៏ត្រូវ​បាន​ពន្យារ​ព្រឹត្តិការណ៍ Miss Universe ទៅ​ដើមឆ្នាំ 2023 ហើយ​ទីតាំង​ប្រារព្ធ​កម្មវិធី​នេះ​គឺ​ទីក្រុង New Orleans រដ្ឋ Louisiana សហរដ្ឋ​អាម៉េរិក។

    មហា​សេដ្ឋិនី Anne Jakrajutatip ឆ្នាំនេះ​មាន​អាយុ 40 គឺជា​ម្ដាយ​របស់​កូន 2 នាក់។ Anne Jakrajutatip កើត​ក្នុង​គ្រួសារ​ដើមកំណើត​ចិន នៅ រាជធានី​បាងកក ប្រទេស​ថៃ។ Anne Jakrajutatip បាន​ទៅ​សិក្សា​ផ្នែក​ទំនាក់ទំនង​អន្តរជាតិ​នៅ អូស្ត្រាលី ក្នុង​វ័យ 16 ឆ្នាំ។ ឆ្នាំ​អាយុ 21 លោក Anne Jakrajutatip បាន​ត្រលប់មក​ប្រទេស​ថៃ និង​ចាប់ផ្ដើម​ប្រើប្រាស់​សម្លៀកបំពាក់​នារី។ ឆ្នាំ​អាយុ 36 ឆ្នាំ មហា​សេដ្ឋិនី Anne Jakrajutatip ក៏បាន​សម្រេចចិត្ត​វះកាត់​ប្ដូរ​ភេទ៕

  • អង្គការ​មនុស្ស​ធម៌​ជ្រើស​រើស​មនុស្ស​ជាង 2,000 នាក់ ដើម្បី​ថត​រូប​អាក្រាត​កាយ

    អង្គការ​មនុស្ស​ធម៌​ជ្រើស​រើស​មនុស្ស​ជាង 2,000 នាក់ ដើម្បី​ថត​រូប​អាក្រាត​កាយ

    (អូស្ត្រាលី)-អង្គការ​មនុស្ស​ធម៌​​ផ្នែក​ជំងឺ​មហា​រីក​ស្បែក​មួយ​សង្ឃឹម​ថា នឹង​ទាក់​ទាញ​អ្នក​ស្ម័គ្រ​ចិត្ត​ប្រហែល 2,500 នាក់ ដើម្បី​មក​ថត​រូប​អាក្រាត​កាយ​សម្រាប់​គម្រោង​សុខភាព​សាធារណៈ​។

    Skin Check Champions ដែល​ជា​អង្គការ​មនុស្ស​ធម៌​គ្រប់​គ្រង​បន្ទប់​ពិគ្រោះ​ជំងឺ​ស្បែក​ដោយ​មិន​គិតថ្លៃ​នៅ អូស្ត្រាលី សហការ​ជាមួយ​កំពូល​ជាង​ថត​រូប​អាម៉េរិក Spencer Tunick ​អំពាវនាវ​រក​អ្នក​ស្ម័គ្រ​ចិត្ត​រាប់​ពាន់​នាក់​ ឱ្យ​មក​ចូល​រួម​បង្កើត​ស្នាដៃ​អាក្រាយ​កាយ​នៅ​លើ​ឆ្នេរ​សមុទ្រ​នៅ Sydney នា​ថ្ងៃ​ទី 26 វិច្ឆិកា​នេះ ដើម្បី​លើក​កម្ពស់​ការ​យល់​ដឹង​អំពី​ជំងឺ​មហា​រីក​ស្បែក​។

    Scott Maggs (ឆ្វេង) ស្ថាបនិក​របស់​ Skin Check Champions

    «យើង​ខ្ញុំ​កំពុង​ឆ្ពោះ​ទៅរក​មនុស្ស​យ៉ាង​តិច 2,000 នាក់​ មក​ចូលរួម​គម្រោង​ដើម្បី​តំណាង​ឱ្យ​ ជនជាតិ​អូស្ត្រាលី​ជាង 2,000 នាក់​ ដែល​បាន​ស្លាប់​ជា​រៀង​រាល់​​ឆ្នាំ​​ដោយ​សារ​ជំងឺ​មហារីក​ស្បែក​» Scott Maggs ស្ថាបនិក​របស់​ Skin Check Champions បាន​ឱ្យ​ដឹង​ដូច្នេះ​។

    ស្នាដៃ​របស់​ កំពូល​ជាង​ថត​រូប​អាម៉េរិក Spencer Tunick ថតនៅ អូស្ត្រាលី

    ពេល​វេលា​នៃ​ការ​ជួប​ជុំ​ថត​រូប​អាក្រាត​កាយ​របស់ Skin Check Champions ត្រូវ​បាន​ធ្វើឡើង​ដំណាល​គ្នា​នឹង​សប្ដាហ៍​ស្ដីពី​មហា​រីក​ស្បែក​អូស្ត្រាលី ហើយ​ Maggs ក៏​បាន​អំពាវនាវ​ឱ្យ​គ្រប់គ្នា​ទៅ​ពិនិត្យ​ស្បែក​។ Maggs បាន​បង្កើត​អង្គការ​​ Skin Check Champions កាល​ពី​ឆ្នាំ​ 2010 ក្រោយ​ពី​មិត្តរបស់​គាត់​គឺ​​ Wes Bonny បាន​ស្លាប់​ដោយ​សារ​ជំងឺ​មហា​រីក​ស្បែក​​ក្នុង​វ័យ​ 26 ឆ្នាំ​។

    ស្នាដៃ​របស់ កំពូល​ជាង​ថត​រូប​អាម៉េរិក Spencer Tunick

    អង្គការ​ Skin Check Champions ទទួល​បាន​ការ​គាំទ្រ​ច្រើន​ពី​មហា​ជន ក្នុង​នោះ​មានទាំង​មហា​សេដ្ឋី Richard Branson ផងដែរ​។

    កំពូល​ជាង​ថត​រូប​អាម៉េរិក Spencer Tunick

    អ្នកថត​រូប​ជំនាញ​ Tunick ធ្លាប់​បាន​បង្កើត​រូប​អាក្រាត​កាយ​ទ្រង់ទ្រាយ​ធំ​ចំនួន 100 លើក​នៅ​ទីសាធារណៈ​ នៅ​ពាស​ពេញ​ពិភពលោក​ ចាប់​ពី Munich ដល់ Mexico City ជា​ទី​ដែល​លោក​ធ្លាប់​បាន​ថត​រូប​មនុស្ស​អាក្រាត​​កាយ​ 18,000 នាក់​។ ខុស​ពី​វិចិត្រករ​ដទៃ​ដែល​ប្រើ​ថ្នាំ​ពណ៌ ជក់ ដែក​ខ្មៅ ផ្ទាំង​ក្រណាត់​ជា​ដើម​ដើម្បី​បង្កើត​​គំនូរ Tunick បែរ​ជា​យក​ពណ៌​ស្បែក​របស់មនុស្ស​មក​ច្នៃប្រឌិត​ទៅវិញ​ នេះ​គឺជា​សមត្ថភាព​ដ៏​អស្ចារ្យ​របស់​គាត់​៕​

  • បណ្ដា​ប្រទេស​ដែលមាន «កំពូល​សេដ្ឋី» ច្រើនជាងគេ​ក្នុង​ពិភពលោក

    បណ្ដា​ប្រទេស​ដែលមាន «កំពូល​សេដ្ឋី» ច្រើនជាងគេ​ក្នុង​ពិភពលោក

    «កំពូល​សេដ្ឋី​» គឺជា​ក្រុមមនុស្ស​ដែលមាន​ទ្រព្យសម្បត្តិ​តម្លៃ​ចាប់ពី 100 លាន​ដុល្លារ​អាម៉េរិក ឡើងទៅ ជា​ទំហំ​ទ្រព្យ​ដែល​អនុញ្ញាតឱ្យ​ពួកគេ​មិនបាច់​ពិចារណា​វែងឆ្ងាយ​នៅពេល​ចំណាយ។

    បច្ចុប្បន្ន ពិភពលោក​មាន «កំពូល​សេដ្ឋី​» ជាង 25,000 នាក់ នេះ​បើតាម​ការស្រាវជ្រាវ​រប​ស់​ក្រុមហ៊ុន​ប្រឹក្សា​អង់គ្លេស Henley & Partners។

    លោកស្រី Abby Maxman ប្រធាន​អង្គការ Oxfam សហរដ្ឋ​អាម៉េរិក បាន​និយាយថា «នេះ​គឺជា​ដំណាក់កាល​ផ្ទុះ​ការកើតមាន «កំពូល​សេដ្ឋី​» ច្រើន​មិន​ធ្លាប់មាន​ពីមុនមក»។

    ឈរលើ​កំពូល​តារាង​ស្ដីពី​បណ្ដា​ប្រទេស​ដែលមាន «កំពូល​សេដ្ឋី​» ច្រើនជាងគេ​ក្នុង​ពិភពលោក​គឺ សហរដ្ឋ​អាម៉េរិក ដោយមាន ពលរដ្ឋ 9,730 នាក់ មានទ្រព្យ​ដែលមាន​តម្លៃ​ចាប់ពី 100 លាន​ដុល្លារ​ឡើងទៅ។ ប្រទេស​ចិន និង ឥណ្ឌា ឈរ​លំដាប់​ទី 2 និង​ទី 3 ក្នុងនោះ ចិន មាន 2,021 នាក់ និង ឥណ្ឌា​មាន 1,132 នាក់។ ឈរ​លំដាប់​ទី 4 គឺជា អង់គ្លេស ដោយមាន «កំពូល​សេដ្ឋី» ចំនួន 968 នាក់ ខណៈដែល អាល្លឺម៉ង់ មាន 966 នាក់ ឈរ​លំដាប់​ទី 5។

    «កំពូល​សេដ្ឋី» ទាំងនោះ ភាគច្រើន​គឺជា​ស្ថាបនិក​ក្រុមហ៊ុន​បច្ចេកវិទ្យា និង​ក្រុមហ៊ុន​ពហុ​ជាតិ​សាសន៍ អ្នកជំនួញ​ក្នុង​វិស័យ​ហិរញ្ញវត្ថុ និង​អ្នក​ស្នង​មរតក។ ក្នុង​រយៈពេល 20 ឆ្នាំ​មកនេះ ចំនួន «កំពូល​សេដ្ឋី» បាន​កើនឡើង​ទ្វេដង។

    ក្រុម​អ្នកស្រាវជ្រាវ​ព្យាករ​ថា ចំនួន «កំពូល​សេដ្ឋី» នឹង​កើនឡើង​លឿន​នៅ ទ្វីបអាស៊ី និង អាហ្វ្រិក ក្នុង​ប៉ុន្មាន​ឆ្នាំ​ខាងមុខ ហើយ​អាច​យកឈ្នះ​លើ អាម៉េរិក និង អា​រ៉ុ​ប នៅ​ឆ្នាំ 2032៕

  • ទីផ្សារ​រថយន្ត​អគ្គិសនី​នៅ សហរដ្ឋ​អាម៉េរិក «ផ្ទុះ» ការពេញនិយម​ជាថ្មី

    ទីផ្សារ​រថយន្ត​អគ្គិសនី​នៅ សហរដ្ឋ​អាម៉េរិក «ផ្ទុះ» ការពេញនិយម​ជាថ្មី

    ក្រោយ​មួយរយៈ​ពេល​នៃ​ការយឺតយ៉ាវ​ក្នុងការ​ផ្លាស់ប្ដូរ ទីផ្សារ​រថយន្ត​អគ្គិសនី​នៅ សហរដ្ឋ​អាម៉េរិក នា​ប៉ុន្មាន​ត្រីមាស​ចុងក្រោយ​នេះ បានបង្ហាញ​សញ្ញា​វិជ្ជមាន​ឡើងវិញ។

    ពលរដ្ឋ​អាម៉េរិក បាន​ទិញ​រថយន្ត​អគ្គិសនី​ជាង 2 សែន​គ្រឿងក្នុង​ត្រីមាស​ទី​បី​ឆ្នាំនេះ។ ប្រការនេះ​បានបង្ហាញ​ថា ទីផ្សារ​រថយន្ត​អគ្គិសនី​នៅ សហរដ្ឋ​អាម៉េរិក កំពុង​ឈានចូល​ដល់​ដំណាក់កាល​ប្រកួតប្រជែង​ខ្លាំងក្លា។ ពិសេស Tesla លែង​នៅ​ជា​ឈ្មោះ​តែមួយ​គត់​ទៀតហើយ។

    ទំព័រ Marketwatch បានឱ្យដឹងថា រថយន្ត​អគ្គិសនី 2 សែន​គ្រឿង​ខាងលើ គឺ​មានន័យថា កើន 67% ធៀប​នឹង​ត្រីមាស​ទី​ 3 ​ឆ្នាំ 2021។ Tesla លែងមាន​កំណើន​ខ្ពស់​ខ្លាំង​ដូច​មុន​ទៀតហើយ ទាក់​ទង​នឹង​​បរិមាណ​រថយន្ត​ដែល​បាន​លក់​ចេញ ប៉ុន្តែ​នៅតែ​នាំមុខគេ​ក្នុង​ទីផ្សារ​អាម៉េរិក។ ក្នុងចំណោម​រថយន្ត​អគ្គិសនី​ដែល​ត្រូវបាន ពលរដ្ឋ​អាម៉េរិក ទិញ​នៅក្នុង​ត្រីមាស​ទី 3 ឆ្នាំនេះ មាន​រហូតដល់ 64% ជា​រថយន្ត Tesla ប៉ុន្តែ ថយចុះ​បន្តិច ធៀប​នឹង 70% កាលពី​ត្រីមាស​ទី 3 ឆ្នាំ​កន្លង។

    ដោយមាន​ល្បឿន​ដូច​បច្ចុប្បន្ន 3 ឆ្នាំ​ទៀត រថយន្ត​អគ្គិសនី Volkswagen របស់ អាល្លឺម៉ង់ នៅ សហរដ្ឋ​អាម៉េរិក អាច​កើន​ដល់​ប្រហែល 1.4 លាន​គ្រឿង នេះ​បើ​តាម ទំព័រ CNN។ បន្ទាប់មក​គឺ Renault-Nissan-Mitsubishi ហើយ Geely របស់ ចិន ក៏​អាច​យកឈ្នះ​លើ Tesla ស្ដីពី​បរិមាណ​រថយន្ត​លក់​ចេញ។

    Tesla នៅ​តែជា​អ្នក​នាំមុខ​គេ​នៅក្នុង​ទីផ្សារ​អាម៉េរិក

    ស្ថិតិ​មួយ​នាពេលថ្មីៗនេះ​បាន​បង្ហាញថា ចំនួន ពលរដ្ឋ​អាម៉េរិក ដែល​បាន​ទិញ​រថយន្ត​អគ្គិសនី ហើយ​វិល​ទៅរក​រថយន្ត​សាំង ឬ​ម៉ា​ស៊ូ​ត បាន​ថយចុះ 17% ក្នុង​មួយឆ្នាំ​មកនេះ។ តម្លៃ​សាំង​កើនឡើង និង​រថយន្ត​អគ្គិសនី​មាន​រូបរាងស្អាតៗ ក៏​ដូច​ជា​មាន​ជម្រើស​ច្រើន​ជាង​មុន គឺជា​កត្តា​ជំរុញ​សំខាន់​ដែលនាំឱ្យ​អតិថិជន​ពេញនិយម​រថយន្ត​អគ្គិសនី។

    ទំព័រ Business សរសេរថា ពាក់កណ្ដាល​ត្រីមាស​ទី 2 របស់​ឆ្នាំ 2021 និង​ឆ្នាំនេះ ចំនួន​គ្រួសារ​ដែល​បាន​ទិញ​រថយន្ត​អគ្គិសនីមួយ​គ្រឿង ហើយ​​ទិញ​រថយន្ត​អគ្គិសនី​មួយគ្រឿង​បន្ថែមទៀត បាន​កើន​ពី 48% ឡើងដល់ 65.3%។ នេះ​គឺជា​តួលេខ​ប្រកបដោយ​ក្ដីសង្ឃឹម​សម្រាប់​ក្រុមហ៊ុន​រថយន្ត​អគ្គិសនី​។

    ក្នុងចំណោម ពលរដ្ឋ​អាម៉េរិក 4 នាក់ គឺមាន​ម្នាក់​បញ្ជាក់ថា រថយន្ត​បន្ទាប់​របស់​ពួកគេ​គឺជា​រថយន្ត​អគ្គិសនី ដែល​នេះ​គឺជា​តួលេខ​ខ្ពស់​ឆ្ងាយ បើ​ធៀប​នឹង​អ្នក​ចាប់អារម្មណ៍ប្រមាណ​តែ​ 16% កាលពី 3 ឆ្នាំមុន នេះ​បើតាម Bloomberg៕

  • XPeng បង្ហាញ​កំណែ​រថយន្ត​ហោះ​អគ្គិសនី​ថ្មី ជិត​ដូច​ទៅនឹង​កំណែ​សម្រាប់​ផលិត

    XPeng បង្ហាញ​កំណែ​រថយន្ត​ហោះ​អគ្គិសនី​ថ្មី ជិត​ដូច​ទៅនឹង​កំណែ​សម្រាប់​ផលិត

    ក្រុមហ៊ុន​បច្ចេកវិទ្យា​ចិន XPeng បានប្រកាស​បង្ហាញ​កំណែ​ថ្មី​បំផុត​របស់​រថយន្ត​ហោះ​របស់ខ្លួន ដែល​ជិត​ដូច​ទៅនឹង​កំណែ​សម្រាប់​ផលិត​ផ្លូវការ នៅក្នុង​ព្រឹត្តិការណ៍​ទិវា​បច្ចេកវិទ្យា​ថ្មី​បំផុត​របស់​ពួកគេ។

    ក្នុង​ព្រឹត្តិការណ៍​ទិវា​បច្ចេកវិទ្យា 1024 ប្រចាំឆ្នាំ​លើក​ទី​បួន (XPeng 1024 Tech Day 2022) ដែល​ត្រូវបាន​ធ្វើឡើង​នៅ Guangzhou ប្រទេស​ចិន ក្រុមហ៊ុន XPeng បានប្រកាស​បង្ហាញ​កំណែ​ថ្មី​បំផុត​នៃ​ប្រភេទ​រថយន្ត​ហោះ ដែល​ហោះ​ឡើង និង​ចុះចត​ត្រង់ ប្រើ​អគ្គិសនី (eVToL) ដែល​អភិវឌ្ឍ​ដោយ​ក្រុមហ៊ុន​ផលិត​រថយន្ត​ហោះ​ធំជាងគេ​នៅ អាស៊ី XPeng Aeroht។

    មិន​ដូច​ទៅនឹង​រថយន្ត​ហោះ​ជំនា​ន់ទី 6 ដែល​ត្រូវបាន​ក្រុមហ៊ុន​នេះ​ប្រកាស​កាលពី​ឆ្នាំ​កន្លង XPeng លើក​នេះ​បានបង្ហាញ​នូវ​ផលិតផល​មួយ​ដែល​ជិត​ដូច​ទាំងស្រុង​ទៅនឹង​កំណែ​សម្រាប់​ផលិត និង​លក់​ក្នុង​ទីផ្សារ។ XPeng ឱ្យដឹងថា ការសាកល្បង​របស់រ​ថ​យន្តហោះ​ថ្មី​នេះ​បានសម្រេច​ជា​ស្ថាពរ​នូវ​ការហោះហើរ​ដំបូង។

    យោងតាម XPeng កំណែ​ថ្មី​បំផុត​របស់​រថយន្ត​ហោះ​នេះ​ត្រូវបាន​កែប្រែ​ពី​ស្លាប​កង្ហារ​ទទឹង​ពីរ​កាលពី​ឆ្នាំ​កន្លង មកជា​ស្លាប​កង្ហារ​ច្រើនជាង​មុន ហើយ​ភាពស្មុគស្មាញ​ក្នុង​រចនា​រូបរាង​ក៏​ត្រូវបាន​កាត់បន្ថយ​ដើម្បី​កែលំអ​កម្រិត​សុវត្ថិភាព និង​ភាពជឿជាក់​សម្រាប់​ការហោះហើរ។

    កាលពី​ខែកក្កដា ប្រធាន និង​ជានា​យក​ប្រតិបត្តិ​របស់ XPeng លោក He Xiaopeng បាន​ចែក​រំ​លែង​វីដេអូ​មួយ​លើ​បណ្ដាញ​សង្គម បង្ហាញថា អ្នកបើកបរ​អាច​បញ្ជា​រថយន្ត​ហោះ​នេះ​ដូច​ទៅនឹង​ពេល​ពួកគេ​កំពុង​បើកបរ​រថយន្ត។

    នៅក្នុង​ព្រឹត្តិការណ៍​ទិវា​បច្ចេកវិទ្យា 1024 ប្រចាំឆ្នាំ​លើក​ទី​បួន ក្រុមហ៊ុន XPeng ក៏បាន​បង្ហាញ​អំពី​បច្ចេកវិទ្យាថ្មីៗបំផុត​របស់ខ្លួន ក្នុងនោះ​មានដូចជា ប្រព័ន្ធ​បើកបរ​ស្វ័យប្រវត្ត​ជំនាន់​ថ្មី XNGP និង រ៉ូ​បូត​តាក់ស៊ី ជាដើម។ល។

    បណ្ដា​ផលិត​ផល​របស់ XPeng ដែល​ត្រូវ​បាន​បង្ហាញ​នៅ​ក្នុង​ព្រឹត្តិការណ៍​ទិវា​បច្ចេកវិទ្យា 1024 ប្រចាំឆ្នាំ​លើក​ទី​បួន (XPeng 1024 Tech Day 2022) ៖