យន្តហោះ​ដឹក​មនុស្ស​ជាង 170 នាក់ ឆាបឆេះ​ម៉ាស៊ីន​ពេល​ស្ថិត​លើ​កម្ពស់​ជាង 900 ម៉ែត្រ

(ឥណ្ឌូណេស៊ី)-យន្តហោះ​ដឹក​មនុស្ស​ចំនួន 175 នាក់ របស់​ក្រុមហ៊ុន​អាកាសចរណ៍ Lion Air ត្រូវ​វិល​ត្រលប់មក​ចុះចត​នៅ ហ្សា​ការ​តា វិញ ក្រោយពី​បាន​ហោះ​ឡើង ដោយសារតែ​ម៉ាស៊ីន​មួយគ្រឿង​របស់​វា​ឆាបឆេះ។

ជើងហោះហើរ JT330 របស់​ក្រុមហ៊ុន​អាកាសចរណ៍ Lion Air ដឹក​អ្នកដំណើរ 169 នាក់ និង​បុគ្គលិក 6 នាក់ បាន​ហោះ​ឡើង​ពី រដ្ឋធានី​ហ្សា​ការ​តា ប្រទេស​ឥណ្ឌូនេស៊ី នៅ​ម៉ោង 17 និង 13 នាទី ថ្ងៃទី 16 តុលា។ អ្នកបើកបរ​របស់​យ​ន្ត​ហោះ Boeing 737-800 បានដឹងថា ម៉ាស៊ីន​មួយគ្រឿង​របស់​យន្តហោះ​នេះ «ដំណើរ​ការមិន​ប្រក្រតី» នៅពេល​ហោះ​ឡើងដល់​កម្ពស់​ជាង 900 ម៉ែត្រ នេះ​បើតាម​ក្រុមហ៊ុន Lion Air របស់ ឥណ្ឌូណេស៊ី។

ប្រហែល​កន្លះ​ម៉ោង​ក្រោយមក យន្តហោះ​នេះ​ក៏បាន​ចុះចត​ដោយ​សុវត្ថិភាព និង​មិនមាន​អ្នករងរបួស។ ក្រុមហ៊ុន Lion Air មិនទាន់​ប្រកាស​ឱ្យដឹង​អំពី​មូលហេតុ​នៃ​ហេតុការណ៍​​ឆេះ​ម៉ាស៊ីន​នេះ​នៅឡើយ ខណៈដែល​ក្រុម​វិស្វករ​កំពុង​ត្រួតពិនិត្យ​យន្តហោះ។ ចំណែក​ក្រុមហ៊ុន Boeing វិញ បាន​បដិសេធ​ការស្នើសុំ​ការបកស្រាយ​អំពី​បញ្ហា​នេះ។

យន្តហោះ Boeing 737-800 របស់ក្រុមហ៊ុនអាកាសចរណ៍ឥណ្ឌូណេស៊ី Lion Air

ក្រុមហ៊ុន Lion Air ធ្លាប់​ជួប​គ្រោះថ្នាក់​អាកាសចរណ៍​ម្ដង​រួចហើយ​ចំពោះ​យន្តហោះ​ប្រភេទ 737 Max របស់ Boeing កាលពី​ឆ្នាំ 2018។ យន្តហោះ Boeing 737 Max កាលណោះ​បាន​ធ្លាក់​ទៅក្នុង​សមុទ្រ​ក្រោយពី​ហោះ​ឡើង​បាន 13 នាទី ពី​ព្រលានយន្តហោះ​នៅ ហ្សា​ការ​តា។ អ្នកដំណើរ រួម​នឹង​បុគ្គលិក​ទាំងអស់​នៅលើ​យន្តហោះ​នេះ បាន​បាត់​បង់ជីវិត៕

Advertisement