អង្គការ​មនុស្ស​ធម៌​ជ្រើស​រើស​មនុស្ស​ជាង 2,000 នាក់ ដើម្បី​ថត​រូប​អាក្រាត​កាយ

(អូស្ត្រាលី)-អង្គការ​មនុស្ស​ធម៌​​ផ្នែក​ជំងឺ​មហា​រីក​ស្បែក​មួយ​សង្ឃឹម​ថា នឹង​ទាក់​ទាញ​អ្នក​ស្ម័គ្រ​ចិត្ត​ប្រហែល 2,500 នាក់ ដើម្បី​មក​ថត​រូប​អាក្រាត​កាយ​សម្រាប់​គម្រោង​សុខភាព​សាធារណៈ​។

Skin Check Champions ដែល​ជា​អង្គការ​មនុស្ស​ធម៌​គ្រប់​គ្រង​បន្ទប់​ពិគ្រោះ​ជំងឺ​ស្បែក​ដោយ​មិន​គិតថ្លៃ​នៅ អូស្ត្រាលី សហការ​ជាមួយ​កំពូល​ជាង​ថត​រូប​អាម៉េរិក Spencer Tunick ​អំពាវនាវ​រក​អ្នក​ស្ម័គ្រ​ចិត្ត​រាប់​ពាន់​នាក់​ ឱ្យ​មក​ចូល​រួម​បង្កើត​ស្នាដៃ​អាក្រាយ​កាយ​នៅ​លើ​ឆ្នេរ​សមុទ្រ​នៅ Sydney នា​ថ្ងៃ​ទី 26 វិច្ឆិកា​នេះ ដើម្បី​លើក​កម្ពស់​ការ​យល់​ដឹង​អំពី​ជំងឺ​មហា​រីក​ស្បែក​។

Scott Maggs (ឆ្វេង) ស្ថាបនិក​របស់​ Skin Check Champions

«យើង​ខ្ញុំ​កំពុង​ឆ្ពោះ​ទៅរក​មនុស្ស​យ៉ាង​តិច 2,000 នាក់​ មក​ចូលរួម​គម្រោង​ដើម្បី​តំណាង​ឱ្យ​ ជនជាតិ​អូស្ត្រាលី​ជាង 2,000 នាក់​ ដែល​បាន​ស្លាប់​ជា​រៀង​រាល់​​ឆ្នាំ​​ដោយ​សារ​ជំងឺ​មហារីក​ស្បែក​» Scott Maggs ស្ថាបនិក​របស់​ Skin Check Champions បាន​ឱ្យ​ដឹង​ដូច្នេះ​។

ស្នាដៃ​របស់​ កំពូល​ជាង​ថត​រូប​អាម៉េរិក Spencer Tunick ថតនៅ អូស្ត្រាលី

ពេល​វេលា​នៃ​ការ​ជួប​ជុំ​ថត​រូប​អាក្រាត​កាយ​របស់ Skin Check Champions ត្រូវ​បាន​ធ្វើឡើង​ដំណាល​គ្នា​នឹង​សប្ដាហ៍​ស្ដីពី​មហា​រីក​ស្បែក​អូស្ត្រាលី ហើយ​ Maggs ក៏​បាន​អំពាវនាវ​ឱ្យ​គ្រប់គ្នា​ទៅ​ពិនិត្យ​ស្បែក​។ Maggs បាន​បង្កើត​អង្គការ​​ Skin Check Champions កាល​ពី​ឆ្នាំ​ 2010 ក្រោយ​ពី​មិត្តរបស់​គាត់​គឺ​​ Wes Bonny បាន​ស្លាប់​ដោយ​សារ​ជំងឺ​មហា​រីក​ស្បែក​​ក្នុង​វ័យ​ 26 ឆ្នាំ​។

ស្នាដៃ​របស់ កំពូល​ជាង​ថត​រូប​អាម៉េរិក Spencer Tunick

អង្គការ​ Skin Check Champions ទទួល​បាន​ការ​គាំទ្រ​ច្រើន​ពី​មហា​ជន ក្នុង​នោះ​មានទាំង​មហា​សេដ្ឋី Richard Branson ផងដែរ​។

កំពូល​ជាង​ថត​រូប​អាម៉េរិក Spencer Tunick

អ្នកថត​រូប​ជំនាញ​ Tunick ធ្លាប់​បាន​បង្កើត​រូប​អាក្រាត​កាយ​ទ្រង់ទ្រាយ​ធំ​ចំនួន 100 លើក​នៅ​ទីសាធារណៈ​ នៅ​ពាស​ពេញ​ពិភពលោក​ ចាប់​ពី Munich ដល់ Mexico City ជា​ទី​ដែល​លោក​ធ្លាប់​បាន​ថត​រូប​មនុស្ស​អាក្រាត​​កាយ​ 18,000 នាក់​។ ខុស​ពី​វិចិត្រករ​ដទៃ​ដែល​ប្រើ​ថ្នាំ​ពណ៌ ជក់ ដែក​ខ្មៅ ផ្ទាំង​ក្រណាត់​ជា​ដើម​ដើម្បី​បង្កើត​​គំនូរ Tunick បែរ​ជា​យក​ពណ៌​ស្បែក​របស់មនុស្ស​មក​ច្នៃប្រឌិត​ទៅវិញ​ នេះ​គឺជា​សមត្ថភាព​ដ៏​អស្ចារ្យ​របស់​គាត់​៕​

Advertisement