កាណាដា ច្រានចោល​សំណើ «ផ្ដាច់ទំនាក់ទំនង» ជាមួយ​របបរាជានិយម​អង់គ្លេស

Yves-Francois Blanchet មេដឹកនាំបក្ស Bloc Quebecois នៅ កាណាដា និង មហាក្សត្រអង់គ្លេស Charles ទីបី

សភា​ជាន់​ទាប​កាណាដា បាន​ច្រានចោល​សំណើ​របស់ បក្ស Bloc Quebecois ក្រោយពី​បក្ស​នេះ​និយាយថា ដល់ពេល​ដែល​ត្រូវ​កាត់ផ្ដាច់​ទំនាក់ទំនង​ជាមួយនឹង​របបរាជានិយម​អង់គ្លេស។

សំណើ​ផ្ដាច់ទំនាក់ទំនង​ជាមួយនឹង​របបរាជានិយម​អង់គ្លេស ដែល​លើកឡើង​ដោយ​បក្ស Bloc Quebecois  ត្រូវបាន​ច្រានចោល​នៅក្នុង​ការបោះឆ្នោត​សភា​ជាន់​ទាប​កាណាដា កាលពី​ថ្ងៃទី 26 តុលា ដោយ​ទទួលបាន​ការគាំទ្រ​ចំនួន 44 សំឡេង និង​ប្រឆាំង​ចំនួន 266 សំឡេង។

ការបោះឆ្នោត​ខាងលើ​ត្រូវបាន​ធ្វើឡើង​បន្ទាប់ពី Yves-Francois Blanchet មេដឹកនាំ​បក្ស Bloc Quebecois កាលពី​ថ្ងៃទី 25 តុលា យល់ថា ស្វាមីភក្ដិ​ជាមួយនឹង​របបរាជានិយម​នៅ​បរទេស មិន​ត្រឹមតែ​ហួស​សម័យ​នោះទេ ប៉ុន្តែ​ថែមទាំង​ត្រូវ​ចំណាយ​ច្រើន​ទៀតផង។ លោក Yves-Francois Blanchet និយាយថា ការប្រគល់អំណាច​ថ្វាយ​មហាក្សត្រ Charles ទី​បី នៅ​លើក​នេះ​គឺជា​ឱកាស​ដើម្បីឱ្យ កាណាដា អាច​ផ្ដាច់ទំនាក់ទំនង​ជាមួយ​រាជានិយម​អង់គ្លេស។

យោងតាម​លោក Yves-Francois Blanchet សមាជិក​បក្ស Bloc Quebecois ត្រូវបាន «បង្ខំ​ឱ្យ​ស្បថ​ថា​ស្មោះត្រង់​នឹង​របបរាជានិយម​អង់គ្លេស» ហើយ​មាន​អារម្មណ៍​ថា សម្បថ​របស់​ពួកគេ​គឺជា​រឿង «គ្មាន​ន័យ»។ លោក​សង្កត់ធ្ងន់ថា ក្រុមតំណាងរាស្ត្រ Bloc Quebecois ស្បថ​ដោយមាន​ភក្ដីភាព​ចំពោះតែ ប្រជាជន Quebec តែប៉ុណ្ណោះ។

តំណាងរាស្ត្រ​ច្រើន​រូប​របស់ កាណាដា ចោទប្រកាន់ថា លោក Blanchet លើកឡើង​នូវ​បញ្ហា​ដែល​មិនទាន់​ទង ហើយ​កំពុង​រក​វិធី​ទាក់ទាញ​ចំណាប់អារម្មណ៍។ ពួកគេ​យល់ថា ប្រជាជន​កាណាដា កំពុង​បារម្ភ​អំពី​បញ្ហា​ដទៃ មានដូចជា សេដ្ឋកិច្ច អាកាសធាតុ និង​ការថែទាំ​សុខភាព។

នៅ កាណាដា ការផ្ដាច់​ទំនាក់ទំនង​ជាមួយ​របបរាជានិយម​អង់គ្លេស ទាមទារ​ឱ្យមាន​ការធ្វើ​វិសោធនកម្ម​ច្បាប់រដ្ឋធម្មនុញ្ញ ដោយមាន​ការគាំទ្រ​ទាំងស្រុង​ពី​សភា​ខេត្ត​ទាំង 10 រួម​នឹង​សមាជិក​សភាជាតិ។

ក្រោយពី មហាក្សត្រី​អង់គ្លេស Elizabeth ទី​ពីរ បាន​ចូល​ទិវង្គត​កាលពី​ថ្ងៃទី 08 កញ្ញា មហាក្សត្រ Charles ទី​បី ដែលជា​អ្នក​ស្នង​រាជសម្បត្តិ និង​ឡើង​គ្រង​រាជ​កាលពី​ថ្ងៃទី 10 កញ្ញា បាន​ក្លាយជា​មេដឹកនាំ​របស់ ប្រទេស​អង់គ្លេស កាណាដា អូស្ត្រាលី នូ​វែ​ល​សេ​ឡង់ និង​បណ្ដា​ប្រទេស​ផ្សេងទៀត​នៅក្នុង សមាគម​ប្រទេសជាតិ​ខំ​មិន​វែ​ល (commonwealth of nations)។

ក្រៅពី កាណាដា ក៏មាន​ប្រទេស​មួយចំនួនទៀត ដូចជា អូស្ត្រាលី និង នូ​វែ​សេ​ឡង់ ជាដើម ធ្លាប់​និយាយ​ដល់​លទ្ធភាព​ក្លាយជា​សាធារណរដ្ឋ ប៉ុន្តែ​មិនបាន​ចាត់ទុកថា នេះ​គឺជា​គោលដៅ​បន្ទាន់៕

បណ្ដា​ប្រទេស​ដែល​ចាត់​ទុក​ស្ដេច​អង់គ្លេស​ ជា​មេដឹកនាំ
បណ្ដាប្រទេសនៅក្នុង សមាគមប្រទេសជាតិខំមិនវែល (commonwealth of nations)។
Advertisement