ណា​តូ ប្រកាសថា មិន​អនុញ្ញាតឱ្យ​លោក ពូ​ទីន ឈ្នះ​សង្គ្រាម​នៅ អ៊ុយ​ក្រែ​ន

ណា​តូ (NATO) ប្រកាសថា មិន​អនុញ្ញាតឱ្យ​លោក ពូ​ទីន ឈ្នះ​សង្គ្រាម​នៅ អ៊ុយ​ក្រែ​ន

អគ្គលេខាធិការ​នៃ​អង្គការ​ណា​តូ Stoltenberg ប្រកាសថា មិន​អនុញ្ញាតឱ្យ​លោក ពូ​ទីន ឈ្នះ​សង្គ្រាម​នៅ អ៊ុយ​ក្រែ​ន ហើយ​ថា នឹង​ជួយ​ដល់​កងកម្លាំង​របស់ ទីក្រុង​កៀវ រហូតដល់​អស់​ការចាំបាច់។

«ជា​មូលដ្ឋាន មិនអាច​សន្និដ្ឋានបាន​ចំពោះ​សង្គ្រាម​នេះ។ ខ្ញុំ​មិន​មានការ​សន្និដ្ឋានថា សង្គ្រាម​នឹង​អូសបន្លាយ​ដល់ពេល​ណា គ្រាន់តែ​ចង់​អះអាងថា យើងខ្ញុំ​នឹង​ជួយ​ដល់ អ៊ុយ​ក្រែ​ន រហូតដល់​អស់​ការចាំបាច់។ យើង​មិនអាច​បណ្ដោយឱ្យ​លោក វ្ល៉ា​ឌី​មៀ ពូ​ទីន ឈ្នះ​សង្គ្រាម​នេះ» អគ្គលេខាធិការ​នៃ​អង្គការ​ណា​តូ Stoltenberg

ឆ្លើយ​ក្នុង​កិច្ច​សម្ភាស​នៅឯ​កិច្ចប្រជុំ​ជាមួយ នាយករដ្ឋមន្ត្រី​រូ​ម៉ា​នី Nicolae Ciuca នៅ​ទីស្នាក់ការ​កណ្ដាល​របស់ ណា​តូ នៅ ព្រុ​ច​សែ​ល ប្រទេស​បែ​ហ្សិ​ក កាលពី​ថ្ងៃទី 26 តុលា។

លោក Stoltenberg យល់ថា ការ​ឈ្នះ​សង្គ្រាម​របស់ រុស្ស៊ី «នឹង​ជា​គ្រោះមហន្តរាយ សោកនាដកម្ម​សម្រាប់ ជនជាតិ​អ៊ុយ​ក្រែ​ន ហើយក៏​ធ្វើឱ្យ​សម្ព័ន្ធមិត្ត​ណា​តូ ងាយ​រងគ្រោះ​ជាង​មុន»។

សង្គ្រាម​នៅ អ៊ុយ​ក្រែ​ន មិនមែន​បានចាប់ផ្ដើម​ពី​ខែកុម្ភៈ 2022 ឡើយ ប៉ុន្តែ កើតឡើង​តាំងពី​ឆ្នាំ 2014 ពេលដែល​លោក ពូ​ទីន បាន​រឹប​អូ​ប ឧបទ្វីប​គ្រី​មៀ ហើយ រុស្ស៊ី ចាប់ផ្ដើម​គ្រប់គ្រង​តំបន់ Donbass នៅ​ភាគ​ខាងកើត​នៃ ទឹកដី​អ៊ុយ​ក្រែ​ន។ «អ្វីដែល​បានកើត​ឡើង​កាលពី​ខែកុម្ភៈ គឺជា​ភាព​តានតឹង​ដែល​បាន​កើនឡើង​ពេញលេញ  ជា​សង្គ្រាម​ទូទៅ» អគ្គលេខាធិការ​នៃ​អង្គការ​ណា​តូ Stoltenberg និយាយ​ដូច្នេះ។

លោក Stoltenberg អះអាងថា កងទ័ព​រុស្ស៊ី កំពុង​បរាជ័យ​នៅ អ៊ុយ​ក្រែ​ន ក្នុង​គ្រា​ដែល​កងទ័ព​របស់ ទីក្រុង​កៀវ កំពុងមាន​ថាមពល​ខ្លាំងឡើង។

យោងតាម​លោក Stoltenberg សង្គ្រាម​ស្ទើរតែ​ទាំងអស់ សុទ្ធតែ​ត្រូវបាន​បញ្ចប់​នៅឯ​តុ​ចរចា ហើយ​អ្វីដែល អ៊ុយ​ក្រែ​ន អាច​សម្រេចបាន​នៅលើ​តុ​ចរចា គឺ​អាស្រ័យ​ទាំងស្រុង​លើ​កម្លាំង​នៅឯ​សមរភូមិ។ ដូច្នេះ ណា​តូ គួរតែ​បង្កើន​កម្លាំង​របស់​ពួកគេ​នៅលើ​តុ​ចរចា តាមរយៈ​ការផ្ដល់​ជំនួយ​យោធា​ដល់ អ៊ុយ​ក្រែ​ន។

ភាគី​ខាង​រុស្ស៊ី មិនទាន់មាន​ការអធិប្បាយ​អ្វី​នៅឡើយ ទាក់ទង​នឹង​ការលើកឡើង​របស់ អគ្គលេខាធិការ​នៃ​អង្គការ​ណា​តូ ខាងលើ៕

Advertisement