Author: សឿន សំណាង

  • យន្តហោះ​ធំ​បំផុត​ក្នុង​ពិភពលោក ដឹក​យាន​ល្បឿន​លឿន​ជាង​សំឡេង 6 ដង (វីដេអូ)

    យន្តហោះ​ធំ​បំផុត​ក្នុង​ពិភពលោក ដឹក​យាន​ល្បឿន​លឿន​ជាង​សំឡេង 6 ដង (វីដេអូ)

    (សហរដ្ឋ​អា​ម៉​រិ​ក)-នេះ​គឺជា​លើកដំបូង​ហើយ​ដែល Stratolaunch សាកល្បង​ដឹក​យាន​គំរូ​ល្បឿន​លឿន​ជាង​សំឡេង Talon ដោយ​ប្រើប្រាស់​យន្តហោះ​ធំជាងគេ​បង្អស់​ក្នុង​ពិភពលោក កាលពី​ថ្ងៃទី 28 តុលា 2022។

    យន្តហោះ​ដឹកជញ្ជូន​ខ្នាត​យក្ស Roc ដែលមាន​ស្លាប​វែង​ជាង​ព្រលាន​បាល់ទាត់ បាន​នាំយក​យាន​គំរូ​សាកល្បង Talon-A (TA-0) ឡើង​ទៅលើ​ដែនអាកាស​របស់​សមុទ្រ​ខ្សាច់ Mojave ក្នុង​រដ្ឋ California។ ជើងហោះហើរ​នេះ​ត្រូវបាន​ធ្វើឡើង​ក្នុង​បំណង​បញ្ជាក់ថា Roc អាច​ដឹក​យាន​ល្បឿន​លឿន​ជាង​សំឡេង​ដែល​ត្រូវបាន​ផលិតឡើង​ដើម្បី​បង្ហោះ​ចេញពី​អាកាស។

    យន្តហោះ Roc របស់ Stratolaunch ហោះ​ឡើង​ពី​ព្រលានយន្តហោះ និង​អវកាស Mojave ដឹក​យាន​គំរូ​សាកល្បង Talon ប្រវែង 8.5 ម៉ែត្រ ភ្ជាប់​ទៅនឹង​សសរ​នៅ​កណ្ដាល​ស្លាប​ប្រវែង 117 ម៉ែត្រ។ ជើងហោះហើរ​នេះ​មាន​ថេរវេលា​ជាង 5 ម៉ោង និង​ហោះ​ក្នុង​រយៈកម្ពស់ 7,000 ម៉ែត្រ។ ក្រុមហ៊ុន Stratolaunch ឱ្យដឹងថា ជើងហោះហើរ​នេះ​បាន​ឆ្លើយតប​គ្រប់យ៉ាង​ទៅនឹង​គោលដៅ​ដែល​បានដាក់​ចេញ។

    ក្រុមហ៊ុន Stratolaunch ត្រូវបាន​បង្កើតឡើង​ដោយ​សហ​ស្ថាបនិក​របស់ Microsoft លោក Paul Allen ដើម្បី​បាញ់​បង្ហោះ​រ៉ុក្កែត​ពី​អាកាស​ទៅកាន់​បរិយាកាស​ផែនដី។ ក្រុមហ៊ុន​នេះ​កំពុង​ធ្វើតេស្ត​យាន Talon ដែល​អាច​ហោះ​បាន​ក្នុង​ល្បឿន Mach 6 (7.408 គីឡូម៉ែត្រ/ម៉ោង)។ ជើងហោះហើរ​របស់ TA-0 កាលពី​ថ្ងៃទី 28 តុលា គឺជា​ការហោះហើរ​សាកល្បង​លើក​ទី 8 របស់​យន្តហោះ Roc។

    ក្រុមហ៊ុន Stratolaunch គ្រោង​នឹងធ្វើ​ការហោះហើរ​សាកល្បង​នូវ​យាន​ល្បឿន​លឿន​ជាង​សំឡេង​ពេញលេញ​ដំបូង​គឺ Talon-A TA-1 ក្នុង​ឆ្នាំ 2023 បើសិន​ការសាកល្បង​ទម្លាក់​ក្នុង​ខែធ្នូ​ខាងមុខ​ទទួលបាន​ជោគជ័យ។ ក្រុមហ៊ុន​នេះ​ក៏​កំពុងតែ​អភិវឌ្ឍ​កំណែ TA-2 និង TA-3 ដែល​អាច​ប្រើប្រាស់​ឡើងវិញ​ទាំងស្រុង​ផងដែរ។

    យោងតាម Space ក្រុមហ៊ុន Stratolaunch មាន​ផែនការ​ផ្ដល់​សេវាកម្ម​ហោះហើរ​ដោយ​ប្រើ​យាន​ដែលមាន​ល្បឿន​លឿន​ជាង​សំឡេង​សម្រាប់​រដ្ឋាភិបាល និង​អតិថិជន​ក្នុង​វិស័យ​ពាណិជ្ជកម្ម​ចាប់ពី​ឆ្នាំ 2023៕

  • ទស្សនា​​វីដេអូស្ដីពី «រថភ្លើង​វែង​ជាងគេ​បង្អស់​ក្នុង​ពិភពលោក» «លូនដូច​ពស់​» នៅក្នុងរូង និង​លើ​ភ្នំ

    ទស្សនា​​វីដេអូស្ដីពី «រថភ្លើង​វែង​ជាងគេ​បង្អស់​ក្នុង​ពិភពលោក» «លូនដូច​ពស់​» នៅក្នុងរូង និង​លើ​ភ្នំ

    ប្រទេស​ស្វ៊ី​ស បាន​ប្រារព្ធ​ខួប 175 ឆ្នាំ​នៃ​វិស័យ​ផ្លូវដែក​ដោយ​ការបញ្ចេញ​រថយន្ត​ដឹក​អ្នកដំណើរ​បំបែក​កំណត់ត្រា Guinness ពិភពលោក ដោយមាន​ប្រវែង​ជិត 2 គីឡូម៉ែត្រ។

    ក្រុមហ៊ុន​គ្រប់គ្រង​ផ្លូវដែក Rhaetian (RhB) របស់ ប្រទេស​ស្វ៊ី​ស កាលពី​ថ្ងៃទី 29 តុលា បាន​បំបែក​កំណត់ត្រា​ពិភពលោក ស្ដីពី​រថភ្លើង​ដឹក​អ្នកដំណើរ​វែង​ជាងគេ​បង្អស់​ក្នុង​ពិភពលោក នៅពេល​រថភ្លើង​មួយ​ខ្សែ​ប្រវែង 1.91 គីឡូម៉ែត្រ បានបញ្ចប់​ដំណើរ​រយៈ​ចម្ងាយ 25 គីឡូម៉ែត្រ​នៅលើ​ជួរ​ភ្នំ Alps ដោយ​ចេញដំណើរ​ពី Preda ទៅកាន់ Filisur ឆ្លងកាត់​ស្ពាន​គោក និង​ផ្លូវ​ក្រោម​ដី​ជាច្រើន​កន្លែង​នៅលើ​ភ្នំ។

    ខ្សែ​រថភ្លើង​ដែលមាន​ទូ​ដឹក​ភ្ញៀវ​ចំនួន 100 នេះ មាន​បុគ្គលិក​បើកបរ​ចំនួន 7 នាក់ និង​វិស្វករ​ចំនួន 21 នាក់។ វា​អាចធ្វើ​ដំណើរ​ក្នុង​ល្បឿន 35 គីឡូម៉ែត្រ/ម៉ោង។

    RhB បានឱ្យដឹងថា ជើង​រថភ្លើង​នេះ​ត្រូវបាន​ទទួលស្គាល់​ដោយ​ស្ថាប័ន​ឯតទគ្គ​កម្ម​ពិភពលោក Guinness ហើយ​ព្រឹត្តិការណ៍​នេះ​ក៏​ជាការ​រម្លឹក​ខួប​អនុស្សាវរីយ៍ 175 ឆ្នាំ​នៃ​វិស័យ​ផ្លូវដែក​របស់ ប្រទេស​ស្វ៊ី​ស ផងដែរ។

  • ស្ថានទូត​កម្ពុជា​នៅ​កូរ៉េខាងត្បូង ថា ក្នុង​ហេតុការណ៍​ប្រជ្រៀត​គ្នា​ស្លាប់​ជាង 150 នាក់​នៅ អ៊ី​ថេ​វ៉ុ​ន មិនមាន​ពលរដ្ឋ​ខ្មែរ​ទេ

    ស្ថានទូត​កម្ពុជា​នៅ​កូរ៉េខាងត្បូង ថា ក្នុង​ហេតុការណ៍​ប្រជ្រៀត​គ្នា​ស្លាប់​ជាង 150 នាក់​នៅ អ៊ី​ថេ​វ៉ុ​ន មិនមាន​ពលរដ្ឋ​ខ្មែរ​ទេ

    ស្ថានទូត​កម្ពុជា​ប្រចាំ​កូរ៉េខាងត្បូង បានឱ្យដឹងថា គិត​ត្រឹម​ម៉ោង 9:15 នាទី​យប់ ថ្ងៃទី 30 ខែតុលា ឆ្នាំ 2022 ស្ថានទូត​បានទទួល​ព័ត៌មាន​ពី​អាជ្ញា​ធរមាន​សមត្ថកិច្ច​មក​ថា មាន​ជនបរទេស​ចំនួន 25 នាក់ ដែល​បានទទួល​មរណភាព​ក្នុង​ឧប្បត្តិហេតុ​នៅ​តំបន់ អ៊ី​ថេ​វ៉ុ​ន នៅ​យប់​ថ្ងៃទី 29 រំលង​ចូល​អា​ធ្រា​ត​ថ្ងៃទី 30 ខែតុលា​នេះ ហើយ​ក្នុងចំណោម​ជនបរទេស​ដែល​អាជ្ញាធរ​បាន​រកឃើញ​អត្តសញ្ញាណ គឺ​មិនមាន​ជនជាតិខ្មែរ​ទេ។

    លោកស្រី ជ្រឹង បុ​ទុមរ​ង្សី ឯកអគ្គរាជទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព​កម្ពុជា​ប្រចាំ​សាធារណរដ្ឋ​កូរ៉េ បាន​បង្ហោះ​សារ​ឱ្យដឹងថា នឹង​បន្ត​តាមដាន​ព័ត៌មាន​ខាងលើ​បន្តទៀត​ដោយ​យកចិត្តទុកដាក់។

    យោងតាម​ព័ត៌មាន​ថ្មី​បំផុត នាយករដ្ឋមន្ត្រី​កូរ៉េខាងត្បូង បានឱ្យដឹងថា តួលេខ​អ្នកស្លាប់​ក្នុង​ហេតុការណ៍​ប្រជ្រៀត​គ្នា​នៅ តំបន់ អ៊ី​ថេ​វ៉ុ​ន បាន​កើន​ឡើងដល់ 154 នាក់ ក្នុងនោះ​មាន​អ្នករងរបួស 133 នាក់ ហើយ​ក្នុងចំណោម​នោះ​ក៏មាន 37 នាក់​រងរបួស​ធ្ងន់ធ្ង​រ។ ក្រសួងការបរទេស​កូរ៉េខាងត្បូង បញ្ជាក់ថា ក្នុងចំណោម​ជនរងគ្រោះ​ដែល​បាន​ស្លាប់ មាន 26 នាក់​ជា​ជនបរទេស មកពី 15 ប្រទេស។

  • កម្ពុជា រកឃើញអ្នកឆ្លង​វីរុស​កូវីដ-19 ករណី​ថ្មី ចំនួន 03 នាក់ ក្នុងអំឡុង​ 24 ម៉ោង​កន្លង

    កម្ពុជា រកឃើញអ្នកឆ្លង​វីរុស​កូវីដ-19 ករណី​ថ្មី ចំនួន 03 នាក់ ក្នុងអំឡុង​ 24 ម៉ោង​កន្លង

    កម្ពុជា បាន​រកឃើញអ្នកឆ្លងកូវីដ-19 ករណី​ថ្មី ចំនួន 03 នាក់ ក្នុង​អំឡុង​ 24 ម៉ោង​ នៃ​ថ្ងៃទី 30 ខែ​តុលា​ ឆ្នាំ​ 2022។

    ក្នុង​អំឡុង​ពេល​ដដែល ​ក៏​មាន​​​អ្នក​ជំងឺ​កូវីដ-19 ចំនួន 03 នាក់បានជាសះស្បើយ និង​​​​ មិនមានករណី​ស្លាប់​ថ្មី​ ដោយ​សារ​ជំងឺ​នេះ​នៅឡើយ។

    គិតត្រឹមព្រឹក ថ្ងៃទី 31 ខែតុលា ឆ្នាំ 2022 កម្ពុជា មាន​អ្នក​ឆ្លងកូវីដ-១៩ សរុប ៖ 137,991 នាក់, អ្នកជាសះស្បើយសរុប​ ៖ 134,926 នាក់ និង​​អ្នកស្លាប់​សរុប​ ៖ 3,056 នាក់។

  • ទិដ្ឋភាព​នៃ​ហេតុការណ៍​បាក់​ស្ពាន​យោល​នៅប្រទេស​ឥណ្ឌា ដែល​បានសម្លាប់​មនុស្ស​ជាង​រយ​នាក់

    ទិដ្ឋភាព​នៃ​ហេតុការណ៍​បាក់​ស្ពាន​យោល​នៅប្រទេស​ឥណ្ឌា ដែល​បានសម្លាប់​មនុស្ស​ជាង​រយ​នាក់

    ក្រុមមន្ត្រី​ឥណ្ឌា បាន​បង្កើត​ក្រុម​ស្រាវជ្រាវ​រក​មូលហេតុ​នៃ​ករណី​បាក់​ស្ពាន​យោល​ដែល​បាន​បណ្ដាលឱ្យ​មនុស្ស​យ៉ាងតិច 132 បាត់បង់ជីវិត​​កាលពី​ថ្ងៃទី 30 តុលា 2022។

    ស្ពាន​យោល​នៅ​ទីរួមស្រុក Morbi ក្នុង​រដ្ឋ Gujarat បាន​បាក់​នៅវេលា​ម៉ោង 18 និង 42 នាទី ថ្ងៃទី 30 តុលា ត្រូវ​នឹង​ម៉ោង 20 និង 12 នាទី​នៅ កម្ពុជា។ ក្រុមមន្ត្រី​ឥណ្ឌា ឱ្យដឹងថា មាន​មនុស្ស​ជិត 500 នាក់ ក្នុងនោះ​មាន​ទាំង​កុមារ និង​ស្ត្រី កំពុង​ប្រមូល​ផ្ដុំគ្នា​នៅលើ​ស្ពាន និង​ជុំវិញ​ស្ពាន ដើម្បី​ប្រារព្ធ​ពិធីបុណ្យ​ពន្លឺ Diwali របស់​សាសនា​ហិណ្ឌូ នៅពេល​ហេតុការណ៍​បាក់​ស្ពាន​កើតឡើង។ ជនរងគ្រោះ​ជាច្រើន​នាក់​បាន​ធ្លាក់​ចូលក្នុង​ទឹកទន្លេ Machchhu ដែល​នៅក្រោម​ស្ពាន​យោល​នេះ។

    ក្រុមមន្ត្រី​បាន​បញ្ជូន​ក្រុម​សង្គ្រោះ ក្នុងនោះ​មាន​ទាំង​កប៉ាល់ អ្នក​មុជទឹក​ជាដើម​ទៅកាន់​កន្លែងកើតហេតុ​ដើម្បី​ស្វែងរក​ជនរងគ្រោះ​ដែល​បាន​បាត់​ខ្លួន។ ក្រុម​ទាហាន​របស់ ឥណ្ឌា ក៏​ត្រូវបាន​បញ្ជូនទៅ​ចូលរួម​បេសកកម្ម​ជួយសង្គ្រោះ​នេះ។

    អាជ្ញាធរ​ក្នុង​តំបន់​បាន​រៀប​ផែនការ​ទប់​ប្រភពទឹក​ដែល​ហូរ​ចូល​ទន្លេ Machchhu ពី​ទំនប់​មួយ​នៅក្បែរនោះ និង​ប្រើប្រាស់​ម៉ាស៊ីន​បូម​រំលស់​ទឹក​ក្នុង​ទន្លេ​ដើម្បី​បង្កើនល្បឿន​បេសកកម្ម​សង្គ្រោះ។

    មកដល់​បច្ចុប្បន្ន តួលេខ​ជនរងគ្រោះ​ដែល​បាន​ស្លាប់​ក្នុង​ហេតុការណ៍​បាក់​ស្ពាន​នេះ​បាន​កើន​ឡើងដល់ 132 នាក់​ហើយ នេះ​បើតាម​សារព័ត៌មាន Times of India។

    ក្រុម​អ្នកជួយ​សង្គ្រោះ
    ស្ពាន​យោល​ដែល​បាន​បាក់
    គ្រឿង​ចក្រ​ដែល​ចូល​រួម​បេសក​កម្ម​ជួយ​សង្គ្រោះ
    គ្រឿង​ចក្រ​ដែល​ចូល​រួម​បេសក​កម្ម​ជួយ​សង្គ្រោះ
    ក្រុម​អ្នកជួយ​សង្គ្រោះកំពុង​ប្រមូល​សាកសព​
    សាកសព​របស់​ជន​រង​គ្រោះ
    ញាតិ​របស់​ជន​រងគ្រោះ​ក្នុងករណី​បាក់​ស្ពាន
  • សុនក​រ៉ូ​បូត បង្ហាញ​ក្បាច់​រាំ​ត្រាប់​តាម​បទ​ចម្រៀង​​ល្បី​របស់ K-pop (វីដេអូ)

    សុនក​រ៉ូ​បូត បង្ហាញ​ក្បាច់​រាំ​ត្រាប់​តាម​បទ​ចម្រៀង​​ល្បី​របស់ K-pop (វីដេអូ)

    សុនក​រ៉ូ​បូត Spot ជាច្រើន​គ្រឿង​របស់​ក្រុមហ៊ុន Boston Dynamics បន្ត​ធ្វើឱ្យ​ទស្សនិកជន​មានការ​ភ្ញាក់ផ្អើល​ខ្លាំង​នៅពេល​ពួកវា​រាំ​ជា​ក្រុម​ទៅតាម​បទ​ចម្រៀង​ល្បីឈ្មោះ​របស់ BTS បាន​យ៉ាង​ល្អ។

    ត្រូវបាន​បង្ហាញ​ជា​លើកដំបូង​កាលពី​ឆ្នាំ 2016 រ៉ូ​បូត Spot របស់ Boston Dynamics គឺជា​សុនក​យន្ត​ស្វ័យប្រវត្ត​ទំនើប​ដែលមាន​សមត្ថភាព​ហក់លោត រាំរែក ឡើង​ទួល ដើរ​ឆ្លងកាត់​ឧបសគ្គ ចាប់​កាន់​វត្ថុ និង​អាចធ្វើ​សកម្មភាព​ធម្មតា​ប្រចាំថ្ងៃ​ដូចជា បើកទ្វារ និង​កាន់​ទំនិញ​ជាដើម។ ដោយ​បច្ចេកវិទ្យា​រីកចម្រើន​ខ្លាំង​ក្នុង​រយៈពេល​ច្រើន​ឆ្នាំ​កន្លង ការសម្ដែង​បង្ហាញ​របស់ Spot ក៏​កាន់តែ​គួរឱ្យ​ចាប់អារម្មណ៍។

    នៅក្នុង​វីដេអូ​ថ្មី​បំផុត​ដែល​ត្រូវបាន​ចែករំលែក​ដោយ​ក្រុមហ៊ុន Boston Dynamics គេ​ឃើញ​សុនក​រ៉ូ​បូត Spot ចំនួន 7 គ្រឿង សម្ដែង​បង្ហាញ​ក្បាច់​រាំ​អម​ជាមួយនឹង​បទ​ចម្រៀង Permission to Dance ដែលជា​បទ​ល្បី​ខ្លាំង​របស់​ក្រុម​ចម្រៀង​កូរ៉េខាងត្បូង BTS ដែលមាន​សមាជិក 7 នាក់​ដូចគ្នានេះដែរ។ វីដេអូ​នេះ​ថែមទាំង​មានការ​ចូលរួម​របស់ Atlas ដែលជា​រ៉ូ​បូត​រូបរាង​ជាម​នុស្ស កម្ពស់ 1.8 ម៉ែត្រ របស់ Boston Dynamics។

    ក្រុមហ៊ុន Boston Dynamics ដែលមាន​ទីស្នាក់ការ​ក​ណ្ដា​ល​នៅ សហរដ្ឋ​អាម៉េរិក ត្រូវបាន​ក្រុមហ៊ុន​ផលិត​រថយន្ត Hyundai Motor របស់ កូរ៉េខាងត្បូង ទិញ​ភាគហ៊ុន​ភាគច្រើន​ក្នុងតម្លៃ 1.1 ពាន់​លាន​ដុល្លារ​កាលពី​ឆ្នាំ​កន្លង។

    វីដេអូ​នេះ​ថែមទាំង​មានការ​ចូលរួម​របស់ Atlas ផងដែរ

    វីដេអូ​ថ្មី​នេះ​ត្រូវបាន​បង្កើតឡើង​ដោយមាន​កិច្ចសហការ​រវាង Hyundai Motor និង BTS សម្រាប់​ការប្រគំ​តន្ត្រី «Yet to Come» របស់​ពួកគេ​នៅ Busan នា​ខែតុលា 2022 ជា​ព្រឹត្តិការ​មួយ​ដែល​ធ្វើឡើង​ដើម្បី​គាំទ្រ​កិច្ចប្រឹងប្រែង​របស់ កូរ៉េខាងត្បូង នៅក្នុង​ការប្រកួតប្រជែង​ដណ្ដើម​សិទ្ធិ​ប្រារព្ធ​ព្រឹត្តិការណ៍​ពិព័រណ៍​បច្ចេកវិទ្យា​ពិភពលោក World Expo នៅ​ឆ្នាំ 2030។

    នេះ​មិនមែនជា​លើកដំបូង​ទេ​ដែល​រ៉ូ​បូត Spot «cover» ក្បាច់​រាំ​របស់ BTS។ កាលពី​ខែមិថុនា 2021 ដើម្បី​ជាការ​សាទរ​ដល់​ការទិញ Boston Dynamics របស់ Hyundai ក្រុមហ៊ុន​នេះ​ក៏បាន​ចាប់ដៃ​ជាមួយ​ក្រុម​ចម្រៀង BTS ដើម្បី​ធ្វើ​វីដេអូ​មួយ​ដែល​សម្ដែង​ក្បាច់​រាំ​អម​ជាមួយនឹង​ចម្រៀង IONIQ: I’m On It ផងដែរ៕

    https://www.youtube.com/watch?v=yEW-9SbXahI

  • អឺរ៉ុប កំពុង​បារម្ភ​អំពី​អំពើ​លួច​ឧសសម្រាប់​ការ​ដុត​កម្ដៅ​នៅ​ក្នុង​រដូវ​រងា​ខាងមុខ

    អឺរ៉ុប កំពុង​បារម្ភ​អំពី​អំពើ​លួច​ឧសសម្រាប់​ការ​ដុត​កម្ដៅ​នៅ​ក្នុង​រដូវ​រងា​ខាងមុខ

    រដ្ឋបាល​ព្រៃឈើ​រដ្ឋ North Rhine-Westphalia របស់ ប្រទេស​អាល្លឺម៉ង់ កំពុង​សាកល្បង​បំពាក់​ឧបករណ៍ GPS នៅក្នុង​កំណាត់ឈើ​ដើម្បី​ទប់ស្កាត់​បញ្ហា​លួច​ឧស​ដែល​កំពុង​ផ្ទុះ​ការបារម្ភ​នៅមុន​រដូវរងា​ឆ្នាំនេះ។

    ជី​ស៊ី​ណូ (Chisinau) ដែលជា​រដ្ឋធានី​របស់ ម៉ុ​ល​ដាវី (Moldavia ឬ​ផ្លូវការ​ហៅថា Moldova) លោក Tudor Popescu កំពុង​រក្សាទុក​គំនរ​ឧស​ដ៏​ធំ​មួយ​នៅក្នុង​ឃ្លាំង​ដើម្បី​អាច​កម្ដៅ​ផ្ទះ​របស់គាត់​នៅក្នុង​រដូវរងា​ខាងមុខ។

    ក្នុង​រដូវរងាមុនៗ លោក Popescu ធ្លាប់ប្រើ​ប្រាស់​ឧស្ម័ន​ដើម្បី​កម្ដៅ​ផ្ទះ​នៅពេល​ព្រឹក និង​ដុត​ឧស​នៅ​ពេលយប់។ ក៏ប៉ុន្តែ ម៉ុ​ល​ដូ​វ៉ា ដែលជា​ប្រទេស​នៅ អឺរ៉ុប​ខាងកើត កំពុង​ប្រឈមមុខ​នឹង​បញ្ហា​ខ្វះ​ឧស្ម័ន​បន្ទាប់ពី​ក្រុមហ៊ុន Gazprom របស់ រុស្ស៊ី បាន​កាត់បន្ថយ​ប្រភព​ផ្គត់ផ្គង់​ប្រមាណ 1/3។

    «ខ្ញុំ​នឹងមិន​ប្រើប្រាស់​ឧស្ម័ន​ទៀតឡើយ ពេលនេះ​ពឹងផ្អែក​ទាំងស្រុង​ទៅលើ​ឧស» លោក Popescu និយាយ​នៅ​ពេល​​កំពុង​ចាត់​ចែក​ឧស​ដែល​បាន​ពុះ​រួច។ «ប៉ុន្តែ ឧស​ដែលមាន​បច្ចុប្បន្ន​គឺ​មិន​គ្រប់គ្រាន់»។

    លោក Tudor Popescu កំពុងពុះឧស និងរក្សាទុកគំនរឧសដ៏ធំមួយនៅក្នុងឃ្លាំង

    ក្រោយ​រយៈ​ច្រើន​ខែ​ដែល​បាន «ដុតដៃដុតជើង» ក្នុង​ការរក​ទិញ​ឧស្ម័ន​រាវ (LNG) នៅ​ទូទាំង​ពិភពលោក បរិមាណ​​ឧស្ម័ន​រួម​នៅ អឺរ៉ុប បាន​កើន​ដល់ 93.6% ក្នុងនោះ អាល្លឺម៉ង់ បំពេញ​ឧស្ម័ន​ក្នុង​ឃ្លាំង​បាន 97.5%។ តម្លៃ​ឧស្ម័ន​ក៏​ថយចុះ​ច្រើន ដោយ​បច្ចុប្បន្ន​មិន​ស្មើនឹង 1/3 នៃ​តម្លៃ​ខ្ពស់បំផុត​នៅ​រដូវក្ដៅ ប៉ុន្តែ ក្រុមអ្នកវិភាគ​និយាយថា ហានិភ័យ​នៅតែមាន​នៅខាងមុខ ព្រោះ​ស្ថានភាព​អាស្រ័យ​លើ​អាកាសធាតុ។ បើសិន​រដូវរងា​ឆ្នាំនេះ​ចុះ​ត្រជាក់​ខ្លាំង​ជាងឆ្នាំមុនៗ ហានិភ័យ​ខ្វះ​ឧស្ម័ន​ប្រើប្រាស់​នៅតែ​កើតមាន។

    ដោយសារតែ​ការបារម្ភ​ដូចខាងលើ​នេះហើយ បាន​នាំឱ្យ​មនុស្ស​មួយចំនួន​នៅ អឺរ៉ុប ពិសេស​គឺ​បណ្ដា​ប្រទេស​ក្រីក្រ ត្រូវ​ងាក​ទៅរក​វិធី​កម្ដៅ​ផ្សេងទៀត​ដូចជា ការប្រើប្រាស់​ឧស​ជាដើម នៅពេល​រដូវរងា​ជិត​មកដល់។

    តម្រូវការ​កើនឡើង​ខ្ពស់ ធ្វើឱ្យ​ប្រភព​ផ្គត់ផ្គង់​ឧស​ធ្លាក់​ទៅក្នុង​បញ្ហា​កង្វះខាត ហើយ​តម្លៃ​ក៏​កើនឡើង​ខ្ពស់ បណ្ដាលឱ្យមាន​ការបារ​ម្ភ​អំពី​អំពើ​លួច​ឧស និង​ការកាប់​ឈើ​ខុសច្បាប់ មិន​ថា​នៅ​ប្រទេស​អ្នកមាន ឬ​ប្រទេស​ក្រីក្រ។

    ព្រៃ​ឈើ​នៅ អឺរ៉ុប កំពុង​ស្ថិត​ក្នុង​ការ​គំរាម​កំហែង​ពី​សកម្ម​ភាព​លួច​កាប់​សម្រាប់​ដុត​កម្ដៅ​ក្នុង​រដូវ​រងា

    ក្រុមមន្ត្រី​គ្រប់គ្រង​ព្រៃឈើ​នៅ​ប្រទេសមួយ​ចំនួន​នៅ អឺរ៉ុប ក្នុងនោះ​មាន អាល្លឺម៉ង់ ផងដែរ បានចាប់ផ្ដើម​បង្កើន​ការប្រើប្រាស់​បច្ចេកវិទ្យា ក្នុងនោះ​មានការ​បំពាក់ GPS លើ​កំណាត់ឈើ​ជាដើម ដើម្បី​តាមដាន​សកម្មភាព​ក្នុង​តំបន់​ព្រៃ ក្នុង​បំណង​ការពារ​ព្រៃឈើ​នៅ​ចំពោះមុខ​ការព្រួយបារម្ភ​អំពី​ផលប៉ះពាល់​ដល់​បរិស្ថាន និង​ការកាប់បំផ្លាញ​ព្រៃឈើ​ដែល​មិនអាច​គ្រប់គ្រង​បាន៕

     

  • បាក់​ស្ពាន​យោល​នៅ ឥណ្ឌា! មនុស្ស​យ៉ាងតិច 120 នាក់​បាត់​បង់ជីវិត

    បាក់​ស្ពាន​យោល​នៅ ឥណ្ឌា! មនុស្ស​យ៉ាងតិច 120 នាក់​បាត់​បង់ជីវិត

    ស្ពាន​យោល​មួយ​នៅក្នុង​រដ្ឋ Gugarat របស់ ឥណ្ឌា កាលពី​ម្សិលមិញ​បាន​បាក់​ធ្លាក់ចូល​ទៅក្នុង​ទឹក នៅពេល​មាន​មនុស្ស​រាប់រយ​នាក់​កំពុង​ឆ្លងកាត់ បណ្ដាលឱ្យមាន​មនុស្ស​យ៉ាងតិច 120 នាក់​ត្រូវ​បាត់បង់​ជីវិត។

    យោងតាម​ទូរទស្សន៍​ក្នុងស្រុក Zee News ស្ពាន​យោល​នៅក្នុង​ទីរួមស្រុក Morbi រដ្ឋ Gujarat បាន​បាក់​កាលពី​ព្រលប់​ថ្ងៃទី 30 តុលា នៅពេល​មាន​មនុស្ស​ប្រហែល 150 នាក់​កំពុង​ឆ្លងកាត់ នេះ​បើតាម Harsh Sanghavi ដែល​ជាម​មន្ត្រី​របស់​រដ្ឋ Gujarat។ ជនរងគ្រោះ​ជាច្រើន​ត្រូវ​ធ្លាក់ចូល​ទៅក្នុង​ទឹក​ទន្លេ Machchu ដែល​នៅ​ខាងក្រោម​ស្ពាន​នេះ។

    ចំណែក​សារព័ត៌មាន The Telegraph បានឱ្យដឹងថា មាន​មនុស្ស​ប្រហែល 400 នាក់​កំពុង​ស្ថិតនៅលើ​ស្ពាន​នៅពេល​មាន​ហេតុការណ៍​នេះ។

    Amit Jhala អ្នកគ្រប់គ្រង​ជាន់ខ្ពស់​របស់​មន្ទីរពេទ្យ​រដ្ឋ​មួយ​ដែល​ព្យាបាល​ជនរងគ្រោះ​ក្នុងករណី​បាក់​ស្ពាន​នេះ​បានឱ្យដឹងថា មនុស្ស​ជាច្រើន​ត្រូវបាន​សង្គ្រោះ និង​ជាច្រើន​នាក់​បាន​បាត់​ខ្លួន»។ «យើង​កំពុង​ប្រឹងប្រែង​ជួយសង្គ្រោះ» Rahul Tripathi មន្ត្រីនគរបាល​នៅ​កន្លែងកើតហេតុ​និយាយ​ដូច្នេះ។

    គ្រោះថ្នាក់​បាក់​ស្ពាន​នេះ​អាច​បណ្ដាលមកពី​មនុស្ស​ច្រើន​លើស​ចំណុះ​ប្រ​មូល​ផ្ដុំ​គ្នា​នៅលើ​ស្ពាន។ យោងតាម​សាក្សី​នៅ​កន្លែងកើតហេតុ នៅពេល​ស្ពាន​បាក់ មនុស្សម្នា​ដួល​គរ​លើ​គ្នា​គួរឱ្យ​រន្ធត់។

    ស្ពាន​យោល​ប្រវែង 230 ម៉ែត្រ​ត្រូវបាន​សាងសង់​តាំងពី​សតវត្សរ៍​ទី 19 នៅពេល ឥណ្ឌា ស្ថិតក្រោម​អាណានិគម​អង់គ្លេស។ វា​ត្រូវបាន​បិទ​រយៈពេល 6 ខែ​ដើម្បី​ជួសជុល និង​ទើបតែ​ត្រូវបាន​ដាក់ឱ្យ​ប្រើប្រាស់​ឡើងវិញ​កាលពី​សប្ដាហ៍​កន្លង។

    នាយករដ្ឋមន្ត្រី Narendra Modi ដែល​កំពុងស្ថិត​នៅឯ​ស្រុកកំណើត Gujarat បានឱ្យដឹងថា លោក​បាន​ណែនាំ​ឱ្យ​អភិបាលរដ្ឋ​នេះ បញ្ជូន​កម្លាំង​សង្គ្រោះបន្ទាន់​ដើម្បី​ជួយ​ដល់​ជនរងគ្រោះ៕

     

  • ក្រុមហ៊ុន ហ្វាន់ ហ៊្វូដ សម្ពោធជាផ្លូវការភោជនីយដ្ឋានចំនួន៣ក្នុងពេលតែមួយ នៅផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល

    ក្រុមហ៊ុន ហ្វាន់ ហ៊្វូដ សម្ពោធជាផ្លូវការភោជនីយដ្ឋានចំនួន៣ក្នុងពេលតែមួយ នៅផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល

    ក្រុមហ៊ុន ហ្វាន់ ហ៊្វូដ ឯ.ក គឺជាក្រុមហ៊ុនមួយដែលមានចក្ខុវិស័យ “ក្លាយខ្លួនជាក្រុមហ៊ុនមានភាពនាំ មុខគេនៅក្នុងវិស័យម្ហូបអាហារនៅប្រទេសកម្ពុជា រួមជាមួយនឹងការផ្តល់ជូននូវម្ហូបអាហារប្លែកៗ ក៏ដូចជាសេវាកម្មដ៏ល្អឥតខ្ចោះ”។

    នៅថ្ងៃទី ២៩ ខែតុលា ឆ្នាំ ២០២២ នេះ ក្រុមហ៊ុនហ្វាន់ ហ៊្វូដ សម្ពោធជាផ្លូវការភោជនីយដ្ឋាន ចំនួន៣ នៅក្នុងផ្សារទំនើ បជីបម៉ុង ២៧១ មេហ្គាម៉ល រួមមានភោជនីយដ្ឋាន ហ៊ីកូ តេ ប៉ាន់យ៉ាគិ (Hiko Teppanyaki) ជាភោជនីយដ្ឋានប៊ូហ្វេទំនើបបែបជប៉ុន នៅជាន់ទី១ ភោជនីយដ្ឋាន ហ្វាន់ក្រែប ស៊ីហ្វូដ (Fun Crab Seafood) ជាភោជនីយដ្ឋានគ្រឿងសមុទ្រ នៅជាន់ទី៣ និង ភោជនីយដ្ឋាន ប៊ឺហ្គឺរ ឃ្យូប៊ី (QB – Quick Bites) នៅជាន់ទី៣។

    ភោជនីយដ្ឋាន Hiko Teppanyaki ជាភោជនីយដ្ឋានបែបជប៉ុន ដែលអតិថិជន អាចបរិភោគអាហារស្រស់ៗ ដែលចម្អិនដោយផ្ទាល់ពីចុងភៅ Teppanyaki ដែលមានបទពិសោធន៍ និងជំនាញច្បាស់លាស់ជាច្រើនឆ្នាំ។ អតិថិជន អាចជ្រើសរើសមុខម្ហូបពិសេសៗដល់ទៅជាង៩០មុខ ដូចជា សាច់គោអូស្រ្តាលី អាមេរិក ជប៉ុន សាច់ចៀម បង្កងកាណាដា ក្តាមថ្ម ក្តាមអាឡាស្កា និងបន្លែស្រស់ៗ។

    ភោជនីយដ្ឋាន ហ្វាន់ក្រែប ស៊ីហ្វូត គឺជាភោជនីយដ្ឋានដែល ផ្តល់ជូនអតិថិជននូវគ្រឿងសមុទ្រស្រស់ៗ ដូចជាក្តាមថ្ម ក្តាមសេះ ត្រីឆ្ពុង ត្រីតុកកែ បង្កង មឹក អយស្ទ័រជាដើម។ គ្រឿងសមុទ្រភាគច្រើន នាំមកពីខេត្តជាប់សមុទ្រ ដូចជាខេត្តកោះកុង កំពត និងខេត្តព្រះសីហនុ។ ចំណុចដែលពិសេសនោះគឺរាល់គ្រឿងសមុទ្រដែលមាននៅទី ភោជនីយដ្ឋាន ហ្វាន់ក្រែប ស៊ីហ្វូត ត្រូវតែត្រឹមត្រូវតាមស្តង់ដាទម្ងន់ដែលបានកំណត់ និងត្រូវតែជាគុណភាពលេខ១។

    តាមប្រសាសន៍របស់លោក ងន ដេវីដសំបូរ ប្រធានក្រុមប្រឹក្សាភិបាល របស់ក្រុមហ៊ុន​ហ្វាន់ហ៊្វូដ “ភោជនីយដ្ឋាន QB-Quick Bites ជាភោជនីយដ្ឋានប៊ឺហ្គឺរដែលក្រុមហ៊ុន ហ្វាន់ ហ៊្វូដ ទើបតែបង្កើតថ្មី  ដែលអតិថិជនអាចទទួលបានប៊ឺហ្គឺរ រសជាតិថ្មី ដែលប៊ឺហ្គឺរធ្វើពីសាច់គោអូស្ត្រាលីសុទ្ធ១០០%។ នៅ QB អតិថិជន អាចជ្រើសរើសប៊ឺហ្គឺរជាច្រើនរសជាតិ ដូចជា ប៊ឺហ្គឺសាច់ជ្រូកបង្គា ប៊ឺហ្គឺរសាច់ក្តាម ប៊ឺហ្គឺសាច់ទា ប៊ឺហ្គឺរសាច់មាន់។ មិនតែប៉ុណ្ណោះភោជនីយដ្ឋានក៏ផ្តល់ជូនមាន់បំព ងជាច្រើនរសជាតិ។”

    បន្ទាប់ពីការសម្ពោធ៣ សាខាបន្ថែមនេះ ក្រុមហ៊ុន ហ្វាន់ ហ៊្វូដ មានសាខាភោជនីយដ្ឋានទាំងអស់ចំនួន ១១ កន្លែងនៅរាជធានីភ្នំពេញ។ ក្នុងនោះ ភោជនីយដ្ឋាន Hiko Teppanyaki មានបួនសាខា ក្នុងនោះមាន នៅផ្សារទំនើប ជីប ម៉ុង ណូរ៉ូម៉ល នៅ SCG Design Village នៅប៉េងហួតបឹងស្នោ យូរ៉ូផាក និង នៅផ្សារទំនើប ជីប ម៉ុង ២៧១ ហ្គាម៉ល។ ភោជនីយដ្ឋាន ហ្វាន់ក្រែប ស៊ីហ្វូត មាន៣ សាខា ក្នុងនោះមាននៅក្រោយផ្សារទួលគោក នៅផ្សារទំនើប អ៊ីអនសែនសុខ និងនៅផ្សារទំនើបជីប ម៉ុង ២៧១ មេហ្គាម៉ល។ QB មាន២សាខា នៅក្នុងសាកលវិទ្យាល័យអន្តរជាតិភ្នំពេញ (PPIU)និងនៅផ្សារទំនើបជីប ម៉ុង ២៧១ ហ្គាម៉ល។ ភោជនីយដ្ឋា The Cut Steakhouse មានមួយទីតាំងនៅផ្សារ Khalandale Mall។

    លោក ងន ដេវីដសំបូរ បានបញ្ជាក់បន្ថែមថា ក្រុមហ៊ុន ហ្វាន់ ហ៊្វូដ ក៏នៅមានភោជនីយដ្ឋានចំនួន៤ទៀតដែលគ្រោងនឹងបើកក្នុងពេលឆាប់ៗនេះ ហើយនិងភោជនីយដ្ឋានជាច្រើនទៀតក្នុងឆ្នាំ២០២៣។ លើសពីនេះទៅទៀត ក្រុមហ៊ុនក៏កំពុងសិក្សា ទៅលើការបង្កើតម៉ាកផ្សេងៗទៀត ដើម្បីផ្តល់ជូនមុខម្ហូបថ្មីដែលប្រកបដោយគុណភាព ប្រណីតភាព និងអនាម័យខ្ពស់ បង្កើតនូវបទពិសោធន៍ថ្មីៗក្នុងភោជនីយដ្ឋាន ជូនប្រជាជនកម្ពុជា។

    ក្រុមហ៊ុនក៏មានផ្តល់ជូននូវសេវាកម្មរៀបចំម្ហូបអាហារដល់ទីតាំងរបស់អតិថិជន (Catering Service) ដែលមានម្ហូបច្រើនជម្រើស ដូចជា ម្ហូបខ្មែរ អឺរ៉ុប ជប៉ុន ជាពិសេសគឺម្ហូបជប៉ុនដែលចម្អិនដោយ ចុងភៅផ្ទាល់​ ហៅថា “Teppanyaki at Home”។ ក្រុមហ៊ុន ហ្វាន់ ហ៊្វូដ មានបទពិសោធន៍ ផ្តល់សេវា Catering Service សម្រាប់កម្មវិធីតូចធំ ដែលអាចទទួលភ្ញៀវបានរហូតដល់ ជាង៦០០០ នាក់។

    ទំនាក់ទំនង

    ទីតាំង ១៖ Hiko Teppanyaki ស្ថិតនៅជាន់ទី១ នៃផ្សារទំនើបជីបម៉ុង២៧១ មេហ្គាម៉ល លេខទូរសព្ទ៖ 085 333 298

    ទីតាំង ២៖ QB-Quick Bites ស្ថិតនៅជាន់ទី៣ នៃផ្សារទំនើបជីបម៉ុង២៧១ មេហ្គាម៉ល លេខទូរសព្ទ៖ 085 333 284

    ទីតាំង ៣៖ Fun Crab seafood ស្ថិតនៅជាន់ទី៣ នៃផ្សារទំនើបជីបម៉ុង២៧១ មេហ្គាម៉ល លេខទូរសព្ទ៖ 085 333 295

  • កន្លែង​កើត​ហេតុ​នៃ​ករណី​ប្រជៀត​​ជាន់​គ្នាស្លាប់​ជាង​ 150 នាក់​​​នៅ កូរ៉េខាងត្បូង

    កន្លែង​កើត​ហេតុ​នៃ​ករណី​ប្រជៀត​​ជាន់​គ្នាស្លាប់​ជាង​ 150 នាក់​​​នៅ កូរ៉េខាងត្បូង

    មនុស្ស​រាប់​ពាន់​នាក់​ប្រជ្រៀត​គ្នា​ឆ្លង​កាត់​​ផ្លូវ​​មួយ​នៅ​ទីប្រជុំជន Itaewon ក្នុង​ រដ្ឋធានី​សេអ៊ូល ដើម្បី​ចូល​រួម​ពិធី​បុណ្យ​ Halloween បណ្ដាល​ឱ្យ​កើត​មាន​ហេតុការណ៍​ជាន់​គ្នា​ស្លាប់​យ៉ាង​តិច​ 151 នាក់​។

    ហេតុការណ៍ប្រជ្រៀត​​ជាន់​គ្នា​​ខាងលើ​​កើត​ឡើង​កាល​ពី​យប់​ថ្ងៃទី 29 តុលា​ នៅ​ពេល​មនុស្ស​ម្នា​ប្រជ្រៀត​គ្នា​ដើរ​ឆ្លង​កាត់​ផ្លូវ​តូច​ និង​ជ្រាលមួយ​​នៅ​ក្បែរ​សណ្ឋាគារ​ Hamilton។ អាជ្ញាធរ​មិន​ទាន់​ប្រកាស​ជា​ផ្លូវ​ការ​អំពីមូលហេតុ​ដែល​នាំ​ឱ្យ​មនុស្ស​ម្នាប្រជ្រៀត​ ​រុញ​ច្រាន​គ្នា​ និង​ជាន់​គ្នា​នេះ​នៅឡើយ​។

    ពិធីបុណ្យ​ Halloween ខាងលើ​ត្រូវ​បាន​គេ​គណនា​ឃើញ​ថា មាន​មនុស្ស​ប្រហែល​ 100,000 នាក់​ចូល​រួម​ ដែល​នេះ​ក្លាយ​ជា​ព្រឹត្តិការណ៍​ធំ​ជាង​គេ​បំផុត​នៅ​ កូរ៉េខាងត្បូង​ ក្នុង​រយៈ​ពេល​ច្រើន​ឆ្នាំ​មក​នេះ​។

    អង្គភាព​ប្រតិកម្ម​រហ័ស​របស់​ កូរ៉េខាងត្បូង​ បាន​ទទួលការ​ហៅ​ទូរស័ព្ទ​ 81 លើក​ពី​គ្រប់​កន្លែង​ក្នុង​តំបន់ Itaewon ដែល​ប្រាប់​ថា ពួកគេ​ពិបាក​ដកដង្ហើម​។ នៅ​កន្លែងកើត​ហេតុ​ កម្លាំង​សង្គ្រោះ​​ធ្វើ​ចលនា​បេះ​ដូង​ និង​សួតដើម្បី​ជួយ​ដល់​​មនុស្ស​យ៉ាង​តិច​ 50 នាក់​ដែល​កំពុង​គាំង​បេះដូង​។

    មន្ត្រី​របស់​អង្គភាព​ពន្លត់​អគ្គិភ័យ​កូរ៉េខាងត្បូង ឱ្យ​ដឹង​ថា បុគ្គលិក​ជាង 400 នាក់ និង​យាន​យន្ត​សង្គ្រោះ​បន្ទាន់​ 140 គ្រឿង ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​កន្លែង​កើត​ហេតុ​។

    ទីភ្នាក់ងារសារព័ត៌មាន Yonhap ចេញផ្សាយ​ថា ជនរង​គ្រោះ​ភាគ​ច្រើន​គឺជា​​ស្ត្រី​ដែល​មាន​វ័យ​លើពី​​ម្ភៃ​ឆ្នាំ​។

    អាជ្ញាធរ​សេអ៊ូល កំពុង​រៀប​ផែនការ​ស្រាវជ្រាវ​រក​មូលហេតុ​ដែល​នាំ​ឱ្យ​កើត​មាន​ហេតុការណ៍​ដ៏​សោក​សៅ​នេះ​។

    កូរ៉េខាង​ត្បូង​ ធ្លាប់​កើត​មាន​ហេតុ​ការណ៍រត់​ជាន់​គ្នា​​ជា​ច្រើន​លើ​មក​ហើយ ក្នុង​នោះ ករណី​កាល​ពី​ឆ្នាំ​ 2005 នៅ​ទីក្រុង Sangju បាន​សម្លាប់​មនុស្ស​ 11 នាក់​ និង 60 នាក់​រងរបួស​។ 4 ឆ្នាំ​ក្រោយ​មក ករណី​រត់​ជាន់​គ្នាមួយ​​នៅ Changyeong ក៏បាន​សម្លាប់​មនុស្ស​ 4 នាក់ និង​របួស​ជាង 60 នាក់​។