ស្ថានទូត​កម្ពុជា​នៅ​កូរ៉េខាងត្បូង ថា ក្នុង​ហេតុការណ៍​ប្រជ្រៀត​គ្នា​ស្លាប់​ជាង 150 នាក់​នៅ អ៊ី​ថេ​វ៉ុ​ន មិនមាន​ពលរដ្ឋ​ខ្មែរ​ទេ

លោកស្រី ជ្រឹង បុទុមរង្សី ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ

ស្ថានទូត​កម្ពុជា​ប្រចាំ​កូរ៉េខាងត្បូង បានឱ្យដឹងថា គិត​ត្រឹម​ម៉ោង 9:15 នាទី​យប់ ថ្ងៃទី 30 ខែតុលា ឆ្នាំ 2022 ស្ថានទូត​បានទទួល​ព័ត៌មាន​ពី​អាជ្ញា​ធរមាន​សមត្ថកិច្ច​មក​ថា មាន​ជនបរទេស​ចំនួន 25 នាក់ ដែល​បានទទួល​មរណភាព​ក្នុង​ឧប្បត្តិហេតុ​នៅ​តំបន់ អ៊ី​ថេ​វ៉ុ​ន នៅ​យប់​ថ្ងៃទី 29 រំលង​ចូល​អា​ធ្រា​ត​ថ្ងៃទី 30 ខែតុលា​នេះ ហើយ​ក្នុងចំណោម​ជនបរទេស​ដែល​អាជ្ញាធរ​បាន​រកឃើញ​អត្តសញ្ញាណ គឺ​មិនមាន​ជនជាតិខ្មែរ​ទេ។

លោកស្រី ជ្រឹង បុ​ទុមរ​ង្សី ឯកអគ្គរាជទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព​កម្ពុជា​ប្រចាំ​សាធារណរដ្ឋ​កូរ៉េ បាន​បង្ហោះ​សារ​ឱ្យដឹងថា នឹង​បន្ត​តាមដាន​ព័ត៌មាន​ខាងលើ​បន្តទៀត​ដោយ​យកចិត្តទុកដាក់។

យោងតាម​ព័ត៌មាន​ថ្មី​បំផុត នាយករដ្ឋមន្ត្រី​កូរ៉េខាងត្បូង បានឱ្យដឹងថា តួលេខ​អ្នកស្លាប់​ក្នុង​ហេតុការណ៍​ប្រជ្រៀត​គ្នា​នៅ តំបន់ អ៊ី​ថេ​វ៉ុ​ន បាន​កើន​ឡើងដល់ 154 នាក់ ក្នុងនោះ​មាន​អ្នករងរបួស 133 នាក់ ហើយ​ក្នុងចំណោម​នោះ​ក៏មាន 37 នាក់​រងរបួស​ធ្ងន់ធ្ង​រ។ ក្រសួងការបរទេស​កូរ៉េខាងត្បូង បញ្ជាក់ថា ក្នុងចំណោម​ជនរងគ្រោះ​ដែល​បាន​ស្លាប់ មាន 26 នាក់​ជា​ជនបរទេស មកពី 15 ប្រទេស។

Advertisement