កន្លែង​កើត​ហេតុ​នៃ​ករណី​ប្រជៀត​​ជាន់​គ្នាស្លាប់​ជាង​ 150 នាក់​​​នៅ កូរ៉េខាងត្បូង

មនុស្ស​រាប់​ពាន់​នាក់​ប្រជ្រៀត​គ្នា​ឆ្លង​កាត់​​ផ្លូវ​​មួយ​នៅ​ទីប្រជុំជន Itaewon ក្នុង​ រដ្ឋធានី​សេអ៊ូល ដើម្បី​ចូល​រួម​ពិធី​បុណ្យ​ Halloween បណ្ដាល​ឱ្យ​កើត​មាន​ហេតុការណ៍​ជាន់​គ្នា​ស្លាប់​យ៉ាង​តិច​ 151 នាក់​។

ហេតុការណ៍ប្រជ្រៀត​​ជាន់​គ្នា​​ខាងលើ​​កើត​ឡើង​កាល​ពី​យប់​ថ្ងៃទី 29 តុលា​ នៅ​ពេល​មនុស្ស​ម្នា​ប្រជ្រៀត​គ្នា​ដើរ​ឆ្លង​កាត់​ផ្លូវ​តូច​ និង​ជ្រាលមួយ​​នៅ​ក្បែរ​សណ្ឋាគារ​ Hamilton។ អាជ្ញាធរ​មិន​ទាន់​ប្រកាស​ជា​ផ្លូវ​ការ​អំពីមូលហេតុ​ដែល​នាំ​ឱ្យ​មនុស្ស​ម្នាប្រជ្រៀត​ ​រុញ​ច្រាន​គ្នា​ និង​ជាន់​គ្នា​នេះ​នៅឡើយ​។

ពិធីបុណ្យ​ Halloween ខាងលើ​ត្រូវ​បាន​គេ​គណនា​ឃើញ​ថា មាន​មនុស្ស​ប្រហែល​ 100,000 នាក់​ចូល​រួម​ ដែល​នេះ​ក្លាយ​ជា​ព្រឹត្តិការណ៍​ធំ​ជាង​គេ​បំផុត​នៅ​ កូរ៉េខាងត្បូង​ ក្នុង​រយៈ​ពេល​ច្រើន​ឆ្នាំ​មក​នេះ​។

អង្គភាព​ប្រតិកម្ម​រហ័ស​របស់​ កូរ៉េខាងត្បូង​ បាន​ទទួលការ​ហៅ​ទូរស័ព្ទ​ 81 លើក​ពី​គ្រប់​កន្លែង​ក្នុង​តំបន់ Itaewon ដែល​ប្រាប់​ថា ពួកគេ​ពិបាក​ដកដង្ហើម​។ នៅ​កន្លែងកើត​ហេតុ​ កម្លាំង​សង្គ្រោះ​​ធ្វើ​ចលនា​បេះ​ដូង​ និង​សួតដើម្បី​ជួយ​ដល់​​មនុស្ស​យ៉ាង​តិច​ 50 នាក់​ដែល​កំពុង​គាំង​បេះដូង​។

មន្ត្រី​របស់​អង្គភាព​ពន្លត់​អគ្គិភ័យ​កូរ៉េខាងត្បូង ឱ្យ​ដឹង​ថា បុគ្គលិក​ជាង 400 នាក់ និង​យាន​យន្ត​សង្គ្រោះ​បន្ទាន់​ 140 គ្រឿង ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​កន្លែង​កើត​ហេតុ​។

ទីភ្នាក់ងារសារព័ត៌មាន Yonhap ចេញផ្សាយ​ថា ជនរង​គ្រោះ​ភាគ​ច្រើន​គឺជា​​ស្ត្រី​ដែល​មាន​វ័យ​លើពី​​ម្ភៃ​ឆ្នាំ​។

អាជ្ញាធរ​សេអ៊ូល កំពុង​រៀប​ផែនការ​ស្រាវជ្រាវ​រក​មូលហេតុ​ដែល​នាំ​ឱ្យ​កើត​មាន​ហេតុការណ៍​ដ៏​សោក​សៅ​នេះ​។

កូរ៉េខាង​ត្បូង​ ធ្លាប់​កើត​មាន​ហេតុ​ការណ៍រត់​ជាន់​គ្នា​​ជា​ច្រើន​លើ​មក​ហើយ ក្នុង​នោះ ករណី​កាល​ពី​ឆ្នាំ​ 2005 នៅ​ទីក្រុង Sangju បាន​សម្លាប់​មនុស្ស​ 11 នាក់​ និង 60 នាក់​រងរបួស​។ 4 ឆ្នាំ​ក្រោយ​មក ករណី​រត់​ជាន់​គ្នាមួយ​​នៅ Changyeong ក៏បាន​សម្លាប់​មនុស្ស​ 4 នាក់ និង​របួស​ជាង 60 នាក់​។

Advertisement