បាក់​ស្ពាន​យោល​នៅ ឥណ្ឌា! មនុស្ស​យ៉ាងតិច 120 នាក់​បាត់​បង់ជីវិត

ស្ពាន​យោល​មួយ​នៅក្នុង​រដ្ឋ Gugarat របស់ ឥណ្ឌា កាលពី​ម្សិលមិញ​បាន​បាក់​ធ្លាក់ចូល​ទៅក្នុង​ទឹក នៅពេល​មាន​មនុស្ស​រាប់រយ​នាក់​កំពុង​ឆ្លងកាត់ បណ្ដាលឱ្យមាន​មនុស្ស​យ៉ាងតិច 120 នាក់​ត្រូវ​បាត់បង់​ជីវិត។

យោងតាម​ទូរទស្សន៍​ក្នុងស្រុក Zee News ស្ពាន​យោល​នៅក្នុង​ទីរួមស្រុក Morbi រដ្ឋ Gujarat បាន​បាក់​កាលពី​ព្រលប់​ថ្ងៃទី 30 តុលា នៅពេល​មាន​មនុស្ស​ប្រហែល 150 នាក់​កំពុង​ឆ្លងកាត់ នេះ​បើតាម Harsh Sanghavi ដែល​ជាម​មន្ត្រី​របស់​រដ្ឋ Gujarat។ ជនរងគ្រោះ​ជាច្រើន​ត្រូវ​ធ្លាក់ចូល​ទៅក្នុង​ទឹក​ទន្លេ Machchu ដែល​នៅ​ខាងក្រោម​ស្ពាន​នេះ។

ចំណែក​សារព័ត៌មាន The Telegraph បានឱ្យដឹងថា មាន​មនុស្ស​ប្រហែល 400 នាក់​កំពុង​ស្ថិតនៅលើ​ស្ពាន​នៅពេល​មាន​ហេតុការណ៍​នេះ។

Amit Jhala អ្នកគ្រប់គ្រង​ជាន់ខ្ពស់​របស់​មន្ទីរពេទ្យ​រដ្ឋ​មួយ​ដែល​ព្យាបាល​ជនរងគ្រោះ​ក្នុងករណី​បាក់​ស្ពាន​នេះ​បានឱ្យដឹងថា មនុស្ស​ជាច្រើន​ត្រូវបាន​សង្គ្រោះ និង​ជាច្រើន​នាក់​បាន​បាត់​ខ្លួន»។ «យើង​កំពុង​ប្រឹងប្រែង​ជួយសង្គ្រោះ» Rahul Tripathi មន្ត្រីនគរបាល​នៅ​កន្លែងកើតហេតុ​និយាយ​ដូច្នេះ។

គ្រោះថ្នាក់​បាក់​ស្ពាន​នេះ​អាច​បណ្ដាលមកពី​មនុស្ស​ច្រើន​លើស​ចំណុះ​ប្រ​មូល​ផ្ដុំ​គ្នា​នៅលើ​ស្ពាន។ យោងតាម​សាក្សី​នៅ​កន្លែងកើតហេតុ នៅពេល​ស្ពាន​បាក់ មនុស្សម្នា​ដួល​គរ​លើ​គ្នា​គួរឱ្យ​រន្ធត់។

ស្ពាន​យោល​ប្រវែង 230 ម៉ែត្រ​ត្រូវបាន​សាងសង់​តាំងពី​សតវត្សរ៍​ទី 19 នៅពេល ឥណ្ឌា ស្ថិតក្រោម​អាណានិគម​អង់គ្លេស។ វា​ត្រូវបាន​បិទ​រយៈពេល 6 ខែ​ដើម្បី​ជួសជុល និង​ទើបតែ​ត្រូវបាន​ដាក់ឱ្យ​ប្រើប្រាស់​ឡើងវិញ​កាលពី​សប្ដាហ៍​កន្លង។

នាយករដ្ឋមន្ត្រី Narendra Modi ដែល​កំពុងស្ថិត​នៅឯ​ស្រុកកំណើត Gujarat បានឱ្យដឹងថា លោក​បាន​ណែនាំ​ឱ្យ​អភិបាលរដ្ឋ​នេះ បញ្ជូន​កម្លាំង​សង្គ្រោះបន្ទាន់​ដើម្បី​ជួយ​ដល់​ជនរងគ្រោះ៕

 

Advertisement