អឺរ៉ុប កំពុង​បារម្ភ​អំពី​អំពើ​លួច​ឧសសម្រាប់​ការ​ដុត​កម្ដៅ​នៅ​ក្នុង​រដូវ​រងា​ខាងមុខ

រដ្ឋបាល​ព្រៃឈើ​រដ្ឋ North Rhine-Westphalia របស់ ប្រទេស​អាល្លឺម៉ង់ កំពុង​សាកល្បង​បំពាក់​ឧបករណ៍ GPS នៅក្នុង​កំណាត់ឈើ​ដើម្បី​ទប់ស្កាត់​បញ្ហា​លួច​ឧស​ដែល​កំពុង​ផ្ទុះ​ការបារម្ភ​នៅមុន​រដូវរងា​ឆ្នាំនេះ។

ជី​ស៊ី​ណូ (Chisinau) ដែលជា​រដ្ឋធានី​របស់ ម៉ុ​ល​ដាវី (Moldavia ឬ​ផ្លូវការ​ហៅថា Moldova) លោក Tudor Popescu កំពុង​រក្សាទុក​គំនរ​ឧស​ដ៏​ធំ​មួយ​នៅក្នុង​ឃ្លាំង​ដើម្បី​អាច​កម្ដៅ​ផ្ទះ​របស់គាត់​នៅក្នុង​រដូវរងា​ខាងមុខ។

ក្នុង​រដូវរងាមុនៗ លោក Popescu ធ្លាប់ប្រើ​ប្រាស់​ឧស្ម័ន​ដើម្បី​កម្ដៅ​ផ្ទះ​នៅពេល​ព្រឹក និង​ដុត​ឧស​នៅ​ពេលយប់។ ក៏ប៉ុន្តែ ម៉ុ​ល​ដូ​វ៉ា ដែលជា​ប្រទេស​នៅ អឺរ៉ុប​ខាងកើត កំពុង​ប្រឈមមុខ​នឹង​បញ្ហា​ខ្វះ​ឧស្ម័ន​បន្ទាប់ពី​ក្រុមហ៊ុន Gazprom របស់ រុស្ស៊ី បាន​កាត់បន្ថយ​ប្រភព​ផ្គត់ផ្គង់​ប្រមាណ 1/3។

«ខ្ញុំ​នឹងមិន​ប្រើប្រាស់​ឧស្ម័ន​ទៀតឡើយ ពេលនេះ​ពឹងផ្អែក​ទាំងស្រុង​ទៅលើ​ឧស» លោក Popescu និយាយ​នៅ​ពេល​​កំពុង​ចាត់​ចែក​ឧស​ដែល​បាន​ពុះ​រួច។ «ប៉ុន្តែ ឧស​ដែលមាន​បច្ចុប្បន្ន​គឺ​មិន​គ្រប់គ្រាន់»។

លោក Tudor Popescu កំពុងពុះឧស និងរក្សាទុកគំនរឧសដ៏ធំមួយនៅក្នុងឃ្លាំង

ក្រោយ​រយៈ​ច្រើន​ខែ​ដែល​បាន «ដុតដៃដុតជើង» ក្នុង​ការរក​ទិញ​ឧស្ម័ន​រាវ (LNG) នៅ​ទូទាំង​ពិភពលោក បរិមាណ​​ឧស្ម័ន​រួម​នៅ អឺរ៉ុប បាន​កើន​ដល់ 93.6% ក្នុងនោះ អាល្លឺម៉ង់ បំពេញ​ឧស្ម័ន​ក្នុង​ឃ្លាំង​បាន 97.5%។ តម្លៃ​ឧស្ម័ន​ក៏​ថយចុះ​ច្រើន ដោយ​បច្ចុប្បន្ន​មិន​ស្មើនឹង 1/3 នៃ​តម្លៃ​ខ្ពស់បំផុត​នៅ​រដូវក្ដៅ ប៉ុន្តែ ក្រុមអ្នកវិភាគ​និយាយថា ហានិភ័យ​នៅតែមាន​នៅខាងមុខ ព្រោះ​ស្ថានភាព​អាស្រ័យ​លើ​អាកាសធាតុ។ បើសិន​រដូវរងា​ឆ្នាំនេះ​ចុះ​ត្រជាក់​ខ្លាំង​ជាងឆ្នាំមុនៗ ហានិភ័យ​ខ្វះ​ឧស្ម័ន​ប្រើប្រាស់​នៅតែ​កើតមាន។

ដោយសារតែ​ការបារម្ភ​ដូចខាងលើ​នេះហើយ បាន​នាំឱ្យ​មនុស្ស​មួយចំនួន​នៅ អឺរ៉ុប ពិសេស​គឺ​បណ្ដា​ប្រទេស​ក្រីក្រ ត្រូវ​ងាក​ទៅរក​វិធី​កម្ដៅ​ផ្សេងទៀត​ដូចជា ការប្រើប្រាស់​ឧស​ជាដើម នៅពេល​រដូវរងា​ជិត​មកដល់។

តម្រូវការ​កើនឡើង​ខ្ពស់ ធ្វើឱ្យ​ប្រភព​ផ្គត់ផ្គង់​ឧស​ធ្លាក់​ទៅក្នុង​បញ្ហា​កង្វះខាត ហើយ​តម្លៃ​ក៏​កើនឡើង​ខ្ពស់ បណ្ដាលឱ្យមាន​ការបារ​ម្ភ​អំពី​អំពើ​លួច​ឧស និង​ការកាប់​ឈើ​ខុសច្បាប់ មិន​ថា​នៅ​ប្រទេស​អ្នកមាន ឬ​ប្រទេស​ក្រីក្រ។

ព្រៃ​ឈើ​នៅ អឺរ៉ុប កំពុង​ស្ថិត​ក្នុង​ការ​គំរាម​កំហែង​ពី​សកម្ម​ភាព​លួច​កាប់​សម្រាប់​ដុត​កម្ដៅ​ក្នុង​រដូវ​រងា

ក្រុមមន្ត្រី​គ្រប់គ្រង​ព្រៃឈើ​នៅ​ប្រទេសមួយ​ចំនួន​នៅ អឺរ៉ុប ក្នុងនោះ​មាន អាល្លឺម៉ង់ ផងដែរ បានចាប់ផ្ដើម​បង្កើន​ការប្រើប្រាស់​បច្ចេកវិទ្យា ក្នុងនោះ​មានការ​បំពាក់ GPS លើ​កំណាត់ឈើ​ជាដើម ដើម្បី​តាមដាន​សកម្មភាព​ក្នុង​តំបន់​ព្រៃ ក្នុង​បំណង​ការពារ​ព្រៃឈើ​នៅ​ចំពោះមុខ​ការព្រួយបារម្ភ​អំពី​ផលប៉ះពាល់​ដល់​បរិស្ថាន និង​ការកាប់បំផ្លាញ​ព្រៃឈើ​ដែល​មិនអាច​គ្រប់គ្រង​បាន៕

 

Advertisement