ទាក់ទងនឹងកំណើនសេដ្ឋកិច្ចរបស់កម្ពុជាក្នុងឆ្នាំ 2020 កន្លងទៅ ធនាគារជាតិនៃកម្ពុជាបានចេញរបាយការណ៍ប្រចាំឆ្នាំរបស់ខ្លួន ឱ្យដឹងថា ក្នុងចំណោមវិស័យដែលរងផលប៉ះពាល់ពីវិបត្តិសុខភាព Covid-19 គឺមានវិស័យចំនួន 3 ដែលរងឥទ្ធិពលខ្លាំងជាងគេ ដោយសារវិស័យទាំងនេះមានការពឹងផ្អែកច្រើនទៅលើតម្រូវការក្រៅប្រទេស។
លទ្ធផលនៃកំណើតសេដ្ឋកិច្ចកម្ពុជាទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរពីឥទ្ធិពលនៃការឆ្លងរាលដាលរបស់វីរុស Covid-19 ពិសេសគឺបណ្ដាវិស័យដែលទាក់ទងនឹងតម្រូវការក្រៅប្រទេស មានដូចជា វិស័យទេសចរណ៍ វិស័យកម្មន្តសាល (Manufacturing) និងវិស័យសំណង់។
វិស័យទេសចរណ៍
ទេសចរណ៍គឺជាវិស័យមួយដែលបាន និងកំពុងទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរជាងគេបង្អស់នៅកម្ពុជា ព្រោះតែ Covid-19 ដោយកំណើនរបស់វិស័យនេះ បានធ្លាក់ចុះ 9.7%។ អត្រាធ្លាក់ចុះនៃភ្ញៀវទេសចរណ៍បរទេសគឺប្រមាណជា 80% ធៀបនឹងកំណើន 6.6% កាលពីឆ្នាំមុន។
វិស័យកម្មន្តសាល
ចំណែកកំណើននៅក្នុងវិស័យកម្មន្តសាលវិញ បានធ្លាក់ចុះគួរឱ្យកត់សម្គាល់ ដោយសារតម្រូវការខាងក្រៅត្រូវថយចុះ។ តួលេខពីរបាយការណ៍នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ របស់កម្ពុជា បានឱ្យដឹងថា រោងចក្រចំនួន 95 បានបិទទ្វារ ធ្វើឱ្យប៉ះពាល់ដល់កម្លាំងពលកម្មជាង 5 ម៉ឺននាក់។ ផលិតផលសម្រេចក្នុងវិស័យនេះ បានធ្លាក់ចុះ 27%។ ប៉ុន្តែ វិស័យនេះនៅមានសង្ឃឹមច្រើនដោយសាររោងចក្រថ្មី ដែលភាគច្រើនជារោងចក្រកែច្នៃលោហធាតិចំនួន 209 ត្រូវបានបង្កើតឡើង។
វិស័យសំណង់
តាមរយៈរបាយការណ៍ប្រចាំឆ្នាំ 2020 របស់ធនាគារជាតិកម្ពុជា កំណើននៃវិស័យសំណង់បានធ្លាក់ចុះ 3% ដោយសារតែសកម្មភាពវិនិយោគក្នុងស្រុក និងលំហូរទុនពីបរទេសក្នុងវិស័យនេះ ត្រូវបានកាត់បន្ថយ។ កំណើននៃចំនួនគម្រោង តម្លៃ និងផ្ទៃក្រឡានៃគម្រោងសំណង់ក៏បានធ្លាក់ចុះ 0.5%, 25% និង 17% តាមលំដាប់លំដោយ។
វិស័យកសិកម្ម
វិស័យកសិក្មទទួលបានកំណើនជិត 1% ធៀបនឹងឆ្នាំមុន ដោយសារតែកម្លាំងពលកម្មក្នុងវិស័យផ្សេងៗដែលរងផលប៉ះពាល់ពី Covid-19 បានងាកចូលមកវិស័យនេះ រួមនឹងការធ្វើពិពិធកម្មទៅកាន់វិស័យកសិ-ឧស្សាហកម្មរបស់រាជរដ្ឋាភិបាល៕