Skip to content

ព្រឹត្តិការណ៍ «ស្នាមញញឹមនៃកម្ពុជា» លើកទី២ នៅលើទឹកដីអង្គរអច្ឆរិយៈ ទទួលបានការសាទរ និងការគាំទ្រជាខ្លាំង

នេះបានចំជាព្រឹត្តិការណ៍ “ស្នាមញញឹមនៃកម្ពុជា”  មែន ក្រឡេកទៅជ្រុងណាក៏ឃើញតែស្នាមញញឹមដែរ ទាំងភ្ញៀវជាតិ និងភ្ញៀវអន្តរជាតិគឺពេញដោយស្នាមញញឹម និងភាពសប្បាយរីករាយជាមួយគ្រប់សកម្មភាពនៅក្នុងព្រឹត្តិការណ៍ “ស្នាមញញឹមនៃកម្ពុជា” លើកទី២នេះ ដែលរៀបចំឡើងរយៈពេល២ថ្ងៃ នៅលើទឹកដីអង្គរ នាខេត្តសៀមរាប គឺពីថ្ងៃទី២៩ដល់ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ ដោយមានការតាំងបង្ហាញម្ហូបអាហារបែបខ្មែរបុរាណ មានស្ដង់ពិព័រណ៍ជាច្រើន ការសម្ដែងសិល្បៈចម្រុះបែប ហើយនៅព្រឹកថ្ងៃទី២៩ ខែ​តុលា គឺជា​​ពិធីបើកព្រឹត្តិការណ៍ “ស្នាមញញឹមនៃកម្ពុជា” លើកទី២ ជាផ្លូវការណ៍​នៅមុខប្រាសាទអង្គរវត្ត​ ដោយមានការសម្តែង​សិល្បៈ​ អមជាមួយ​​ការតាំងពិព័រណ៍សិល្បៈ​វប្បធម៌​​ចម្រុះ​ជាច្រើន។ ចំណែក​នៅពេលថ្ងៃរសៀល ក៏មានរៀបចំនូវព្រឹត្តិការណ៍ដ៏អស្ចារ្យនៃ​ការដង្ហែក្បួនព្រះមហាក្សត្រខ្មែរនាសម័យអង្គរ និងការសម្តែងរបាំបុរាណខ្មែរ​ជាច្រើន​ទម្រង់ ដោយក្នុង​នោះ​មានសិល្បករ-សិល្បការិនីល្បីៗ​ប្រមាណ៥០០​នាក់​បានស្ម័គ្រចិត្តចូលរួម​សម្តែងនៅក្នុងព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះផងដែរ។ ដោយឡែក​នៅថ្ងៃទី៣០ ខែតុលា ព្រឹត្តិការណ៍ “ស្នាមញញឹមនៃកម្ពុជា” ក៏​បាន​រៀប​ចំ​កម្មវិធីពិព័រណ៍​ភ្លក្ស​ម្ហូប​អាហារ ​​នំចំណី ផ្លែឈើ និង​ភេសជ្ជៈ​បែប​ខ្មែរ​ ការ​ប្រគំ​​តន្ត្រី​ខា្នតតូច ការសម្តែង​​របាំ ​ព្រមទាំងសិល្បៈ​ផ្សេង​ៗ​​ជា​ច្រើន​ទម្រង់ទៀត ហើយភ្ញៀវដែលបានចូលរួមនៅក្នុងព្រឹត្តិការណ៍នេះត្រូវបានលើកទឹកចិត្តឱ្យស្លៀកសម្លៀកបំពាក់បែបប្រពៃណីខ្មែរផងដែរ ដែលញ៉ាំងឱ្យព្រឹត្តិការណ៍នេះទាំងមូលកាន់តែអស្ចារ្យ និង​សប្បាយ​រីករាយក្រៃលែង ទាំង​​ភ្ញៀវ​ទេសចរជាតិ និង​​ភ្ញៀវ​ទេសចរ​អន្តរជាតិ ផ្ទៃមុខគឺពេញដោយស្នាមញញឹម និងសំណើចក្អាកក្អាចពេញរយៈពេល២ថ្ងៃនៃកម្មវិធី។

ដោយសារតែមានការគាំទ្រខ្លាំងចំពោះព្រឹត្តិការណ៍ “ស្នាមញញឹមនៃកម្ពុជា” លើកទី១ ដែលរៀបចំឡើងដោយសមាគមសិល្បករខ្មែរ កាលពីថ្ងៃទី១២ ដល់ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤ ក្រោមការជួយជ្រោមជ្រែង​របស់លោកជំទាវបណ្ឌិត ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងមានការគាំទ្រយ៉ាង​ខ្លាំងពីគ្រប់មជ្ឈដ្ឋាន​ទាំង​ភ្ញៀវ​ជាតិ និងអន្តរជាតិ ទើបញ៉ាំង​ឱ្យ​មានព្រឹត្តិការណ៍ “ស្នាមញញឹមនៃកម្ពុជា” លើកទី២នេះឡើង។​

នៅក្នុងឱកាសនោះដែរ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធានសមាគមសិល្បករខ្មែរ បានថ្លែងឡើងថា ​​“ព្រឹត្តិការណ៍ ស្នាមញញឹមនៃកម្ពុជា លើកទី២នេះ ត្រូវបានរៀបចំឡើង​ធំជាងមុន និងអស្ចារ្យជាងមុន តាមរយៈការចង្អុល​បង្ហាញដោយ​ផ្ទាល់ពីក្រសួងវប្បធម៌ និង​វិចិត្រ​សិល្បៈ និងសហការរៀប​ចំ​ដោយ​​​​រដ្ឋបាលខេត្តសៀមរាប ហើយក៏​មាន​ការសហការ​ឧបត្ថម្ភ​គាំទ្រពីក្រសួងទេសចរណ៍ សហភាពសហព័ន្ធយុវជនកម្ពុជា និងអាជ្ញាធរអប្សរា ព្រមទាំងស្ថាប័នឯកជនមួយចំនួនទៀតផងដែរ។ ​ ព្រឹត្តិការណ៍ ស្នាមញញឹមនៃកម្ពុជា លើកទី២នេះ រៀបចំ​ឡើងក្នុងគោលបំណងធំៗចំនួន២ គឺទី១ ដើម្បីអបអរសាទរខួប២០ឆ្នាំនៃការគ្រងព្រះបរមសិរីរាជសម្បត្តិរបស់ព្រះករុណាជាអម្ចាស់​ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងគោលបំណងទី២ គឺ​រួមគ្នាជំរុញការផ្សព្វផ្សាយពីសិល្បៈ វប្បធម៌ អរិយធម៌​ដ៏ល្អផូរផង់របស់ខ្មែរ និង​បង្ហាញពី​សក្តានុពល​វិស័យទេសចរណ៍នៅកម្ពុជាទៅកាន់ភ្ញៀវទេសចរជាតិ និងភ្ញៀវទេសចរអន្តរជាតិ ជាពិសេសទៅកាន់ពិភពលោកទាំងមូល និងដើម្បីចូលរួមចំណែកដល់ការខិតខំប្រឹងប្រែង​របស់រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧នេះ”។

ជួបគ្នាឆ្នាំក្រោយ ក្នុងព្រឹត្តិការណ៍ “ស្នាមញញឹមនៃកម្ពុជា” លើកទី៣ សូមចូលរួមទាំងអស់គ្នា!

Leave a Reply

Your email address will not be published. Required fields are marked *