ថ្ងៃច័ន្ទ ទី7 ខែវិច្ឆិកា ឆ្នាំ2020 សហព័ន្ធបាល់ទាត់អាស៊ាន (AFF) បានប្រកាសថា ពានរង្វាន់បាល់ទាត់ជម្រើសជាតិធំបំផុត របស់អាស៊ាន (AFF Suzuki Cup) នឹងត្រូវលើកទៅធ្វើ នៅថ្ងៃទី5 ខែធ្នូ ឆ្នាំ2021 រហូតដល់ថ្ងៃទី1 ខែមករា ឆ្នាំ2022 វិញ ដើម្បីឱ្យការប្រកួត មានភាពទាក់ទាញកាន់តែខ្លាំង។
លោកឧត្តមសេនីយ៍ឯក ខៀវ សាម៉េត ប្រធាន AFF បានថ្លែងថា សុខភាព និងសុវត្ថិភាពរបស់មនុស្សគ្រប់គ្នា ជាអាទិភាពទី1 និងដូចដែលយើងបានដឹងហើយថា វ៉ាក់សាំងកូវីដ-19 បានទទួលជោគជ័យហើយ ដូច្នោះ ការលើកទៅចុងឆ្នាំ2021 គឺជាពេលវេលាដ៏ល្អបំផុត ដែលយើងអាចនឹងទទួលបានទស្សនិកជនពេញកីឡដ្ឋាន ហើយប្រទេសនីមួយៗនឹងអាចធ្វើជាម្ចាស់ផ្ទះរៀងៗខ្លួនបានទៀតផង។ ដែលទាំងនេះហើយ គឺជាទស្សនៈ និងបេះដូងនៃវិស័យបាល់ទាត់ នៃប្រជាជាតិអាស៊ាន។
កាលបរិច្ឆេទថ្មី នឹងចាប់ផ្តើមនៅថ្ងៃទី5 ខែធ្នូ ឆ្នាំ2021 ដល់ថ្ងៃទី1 ខែមករា ឆ្នាំ2022 នឹងផ្តល់នូវឱកាសដ៏ល្អបំផុតសម្រាប់ព្រឹត្តិការណ៍ ដែលត្រូវបានរៀបចំឡើងជាទ្រង់ទ្រាយពេញលេញ ជាមួយនឹងការប្រកួតក្នុងផ្ទះ និងក្រៅផ្ទះទាំងវគ្គជម្រុះតាមពូល និងជាមួយកីឡដ្ឋាន ដែលពោរពេញទៅដោយអ្នកគាំទ្រ សម្រាប់លើកទឹកចិត្ត និងអបអរក្រុមរបស់ពួកគេ៕