តារាចម្រៀងស្រីមានទឹកដមសំឡេងពីរោះប្រចាំផលិតកម្មសាស្ត្រាហ្វៀមគឺអ្នកនាង ឈូរ ស្រីរ័ត្ន ជាម្ចាស់បទល្បីៗជាច្រើនសម្រាប់ប្រកបភាពយន្ដតូចធំដូចជាបទ បុរស , ទឹកភ្នែកកក , មួយលានបែកមួយលានជួប ជាដើម។ តារាចម្រៀងស្រីរូបនេះ ត្រូវបានមហាជាច្រើនគាំទ្រ និងទទួលស្គាល់ចាប់តាំងពីអ្នកនាងចូលប្រលងនៅក្នុងកម្មវិធីលំដាប់ពិភពលោក Cambodian Idol។
ស្រីរ័ត្ន បានឃ្លាតឆ្ងាយពីអារម្មណ៍របស់ប្រិយមិត្តអ្នកស្ដាប់ចម្រៀងនាងអស់រយៈពេលយូរមកហើយ ទើបធ្វើឱ្យអ្នកគាំទ្រនឹករឭកដល់អ្នកនាង។ ជួបជាមួយអ្នកសារព័ត៌មានឡារ៉ែន ស្រីរ័ត្នបានរៀបរាប់ប្រាប់ថា ការងារសិល្បៈរបស់អ្នកនាងសព្វថ្ងៃរៀងរយាលបន្ដិចហើយ ដោយសារតែអ្នកនាងពុំសូវមានពេលគ្រប់គ្រាន់សម្រាប់ការថតសំឡេងបទចម្រៀងថ្មីឱ្យផលិតកម្ម។ « ខាងផលិតកម្ម សាស្ត្រាហ្វៀម នៅតែបន្ដទាក់ទងមកប្អូនឱ្យទៅថតសំឡេងរហូតបង! តែប្អូនពុំសូវមានពេលវេលាគ្រប់គ្រាន់ឱ្យផលិតកម្ម ទើបសម្រេចចិត្តផ្អាកមួយរយៈសិនទៅបង! ណាមួយបេប៊ីនៅតូចពេក ទើបមិនហ៊ានបណ្ដោយឱ្យគេមើលថែជំនួស» នេះបើតាមសម្ដី ស្រីរ័ត្ន។
តារាចម្រៀងស្រី ឈូរ ស្រីរ័ត្ន បានប្រាប់ដោយមិនលាក់បាំងថា អ្នកនាងមានគ្រួសារមក 5ឆ្នាំហើយ ព្រមទាំងមានកូនប្រុសបងអាយុ1ខួប និងកូនស្រីទើបតែមានអាយុ3ខែប៉ុណ្ណោះ។ ដោយសារតែជាប់រវល់មើលថែទាំកូនទាំងពីរនេះហើយ ទើបធ្វើឱ្យអ្នកនាងផ្អាកចេញបទចម្រៀងសិន។ ក៏ប៉ុន្ដែអ្នកនាងបានអះអាងថា អ្នកនាងមិនបានចោលការងារសិល្បៈទាំងស្រុងនោះទេ។ រហូតដល់មានពេលវេលាគ្រប់គ្រាន់វិញ អ្នកនាងនឹងងាកមកបន្ដចូលសិល្បៈដូចដើម។
សូមជម្រាបផងដែរថា សំឡេងរបស់តារាចម្រៀងស្រី ឈូរ ស្រីរ័ត្ន នៅតែដក់ជាប់ក្នុងបេះដូងអ្នកស្ដាប់ ជាពិសេសគឺបទ «មួយលានបែក មួយលានជួប» នៅក្នុងផលិតកម្មសាស្ត្រាហ្វៀម បានអង្រួនចិត្តអ្នកគាំទ្រ ជាមួយនិងមនោសញ្ចេតនានៅក្នុងបទចម្រៀង ដែលបទនេះបង្ហោះនៅថ្ងៃដំបូង មានអ្នកចូលទស្សនាដល់ទៅជាង 1លាននាក់ទៅហើយ។ យ៉ាងណាវិញ អ្នកគាំទ្រនៅតែទន្ទឹងចាំបទចម្រៀងថ្មីរបស់អ្នកនាងនាពេលឆាប់ៗខាងមុខនេះ៕