ការគេងលក់គឺការសម្រាកដែលល្អបំផុត ព្រោះក្នុងអំឡុងពេលដែលកូនគេងលក់នោះ ខួរក្បាលនឹងមានការអភិវឌ្ឍលើផ្នែកផ្សេងៗយ៉ាងពេញទំហឹង ដូច្នេះការបានគេងលក់ឆ្អែតពេញលេញរបស់កូនតូចពិតជាមានភាពសំខាន់ខ្លាំងណាស់ តែការគេងលក់របស់ទារកក្នុងវ័យនេះនឹងមានវិវឌ្ឍនាការខួរក្បាលខុសផ្លែកពីគ្នា ដូច្នេះអ្នកម្តាយត្រូវឧស្សាហ៍សង្កេតមើល និងយល់ដឹងឱ្យបានច្បាស់។
ទារកទើបនឹងកើត ៈ
ជាអំឡុងពេលដែលមើលទៅដូចជាងាយស្រួលចិញ្ចឹមមើលថែណាស់ ព្រោះពេលភ្ញាក់ឡើងមកក៏យំទារបៅទឹកដោះ យំរករឿងពេលបន្ទោបង់ រួចហើយមានលេងបន្តិចបន្តួច ចុងក្រោយក៏គេងលក់ទៅវិញ។ ក្នុងអំឡុងពេលនេះអាចសង្កេតបានថា គេគេងលក់ខ្លាំងបំផុត ទើបអ្នកម្តាយគួររៀបចំឱ្យនៅក្នុងបន្ទប់ស្ងាត់ៗ ដើម្បីកុំឱ្យរំខានការគេងលក់របស់កូនតូច។ មានការងារស្រាវជ្រាវវិភាគពីបរទេសមួយបានរកឃើញថា រលកខួរក្បាលរបស់ទារកក្នុងអំឡុងពេលភ្ញាក់ពីគេង និងពេលគេងលក់មានលក្ខណៈស្រដៀងគ្នាខ្លាំងណាស់ ខួរក្បាលរបស់ទារកនឹងស្វាហាប់ និងត្រៀមជាស្រេចក្នុងការរៀនយល់ដឹងគ្រប់ពេលវេលាទោះជាក្នុងពេលគេងលក់ក៏ដោយ។
ចង់បើកបទភ្លេងបំពេរ ឬបទភ្លេងក្លាសស៊ិកកំដរតិចៗ ឬជជែកគ្នាក្នុងបន្ទប់ក៏អាចធ្វើបានដែរ ព្រោះទារកដែលកំពុងគេងលក់នោះអាចរៀនយល់ដឹងរឿងផ្សេងៗជុំវិញខ្លួនបាន។
ទារកវ័យ 2 – 5 ខែ
ក្នុងអំឡុងពេលនេះចង់ឱ្យអ្នកម្តាយសាកល្បងសង្កេតមើលការគេងរបស់កូនតូច គេច្រើនតែធ្វើអាកប្បកិរិយាកម្រើកបបូរមាត់សុំមឹមទឹកដោះ ជ្រួញចិញ្ចើម ឬញញឹម រឿងទាំងអស់នេះគឺជាវិវឌ្ឍនាការខាងសាច់ដុំផ្ទៃមុខ សូម្បីតែពេលគេងលក់ពេលថ្ងៃ ក៏ទារកត្រៀមជាស្រេចក្នុងការរៀនយល់ដឹងពីអ្វីៗជុំវិញខ្លួនជានិច្ចដែរ។ ក្នុងអំឡុងពេលកន្លះម៉ោង ទារកក្នុងវ័យនេះអាចកម្រើករាងកាយបានសរុបជារយះពេលជាមធ្យម 10,5 នាទី នៅពេលយប់ទារកនឹងធ្វើចលនាបានដល់ទៅ 24,4 នាទី។
ទារកវ័យ 6 ខែ
តាមរយៈការវាស់រលកខួរក្បាលរបស់ទារកក្នុងវ័យនេះ គេបានរកឃើញថា រលកខួរក្បាលរបស់ទារកដែលកំពុងយកសប្តិ មានខ្សែដូចរលកខួរក្បាលរបស់មនុស្សធំខណៈពេលយល់សប្តិដែរ តែយើងមិនដឹងទេថា ការយល់សប្តិរបស់ទារកក្នុងវ័យនេះជាយ៉ាងណានោះទេ ព្រោះខួរក្បាលនៅត្រូវវិវឌ្ឍតទៅទៀតជារឿយៗ និងទារកខ្លួនឯងនៅមិនទាន់ចេះនិយាយផង ទំរាំតែក្មេងនឹងចាំការយល់សប្តិ និងរៀបរាប់ជារឿងជារ៉ាវបាននោះ អយុរបស់គេក៏ជិត 10 ឆ្នាំឯណោះ។
ដោយសារតែខួរក្បាលរបស់ក្មេងមានការវិវឌ្ឍន៍ជាប់ជានិច្ច ទាំងពេលគេងលក់ និងពេលភ្ញាក់ ដូច្នេះការជំរុញឱ្យខួរក្បាលវិវឌ្ឍយ៉ាងពេញទំហឹងនោះ ធ្វើឱ្យក្មេងមានភាពត្រៀមជាស្រេចក្នុងការរៀនយល់ដឹងបានច្រើនដើម្បីការធំធាត់ឡើងយ៉ាងពេញសក្តានុពល៕