កម្ពុជាចំណាយប្រាក់ចន្លោះ 2,000ដុល្លារ ទៅ 2,500ដុល្លារ សម្រាប់ព្យាបាលអ្នកមានវីរុសកូវីដ-19 ម្នាក់

រដ្ឋលេខាធិការក្រសួងសុខាភិបាល បានឱ្យដឹងថា ការព្យាបាលអ្នកមានផ្ទុកវីរុសកូវីដ-19 ម្នាក់ត្រូវការចំណាយទឹកប្រាក់ចន្លោះពី 2,000ដុល្លារ ទៅ 2,500ដុល្លារអាមេរិក នេះបើតាមការថ្លែងក្នុងសន្និសីទសារព័ត៌មានស្តីពីបច្ចុប្បន្នភាពវីរុសកូវីដ-19 នៅថ្ងៃទី20 ខែមេសា ឆ្នាំ2020។

លោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានថ្លែងឱ្យដឹងថា៖«ថវិកាដែលនឹងចំណាយពាក់ព័ន្ធនឹងរឿងនេះគឺ ជាង 1ពាន់ដុល្លារ សម្រាប់ចំណាយទៅលើការធ្វើតេស្តរកមេរោគ។ ដោយឡែកជាង 1ពាន់ដុល្លារទៀត ចំណាយទៅលើថ្លៃថ្នាំ អាហារហូបចុក ថែទាំ និងការស្នាក់នៅជាដើម»។

លោកជំទាវបានបន្ថែមថា ការចំណាយនេះអាស្រ័យទៅលើរយៈពេលនៃការព្យាបាល ពោលបើការព្យាបាលចំណាយពេលយូរ ការចំណាយក៏ច្រើនឡើងដែរ ហើយបើការព្យាបាលមានរយៈពេលខ្លី ការចំណាយក៏តិចទៅតាមហ្នឹងដែរ ហើយតម្លៃនេះ ក៏ប្រែប្រួលទៅតាមការព្យាបាលរវាងមន្ទីរពេទ្យរដ្ឋ និងឯកជនផងដែរ។ ការចំណាយនេះ មិនទាន់បូករួមការឧបត្ថម្ភដល់គ្រូពេទ្យអ្នកព្យាបាល 1ថ្ងៃម្នាក់ 20ម៉ឺន​រៀល(50ដុល្លារ)ថែមពីលើប្រាក់បៀវត្សរ៍នៅឡើយផង។

មិនទាន់មានការបញ្ជាក់ពីការចំណាយសរុបក្នុងប្រតិបត្តិការប្រយុទ្ធប្រឆាំងវីរុសកូវីដ-19 ក៏ដូចជាព្យាបាលអ្នកជំងឺនៅឡើយនោះទេ។ ប៉ុន្តែលោកស្រីរដ្ឋលេខាធិការ បានឱ្យដឹងថា ក្រសួងបានចំណាយថវិកាប្រមាណ 4.5លានដុល្លារអាមេរិក ជាថវិការបស់រដ្ឋ និងថវិកាសប្បុរសជន 5លានដុល្លារទៀត ដើម្បីទិញសម្ភារនានា សម្រាប់ក្រុមគ្រូពេទ្យប្រើប្រាស់។

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ធ្លាប់បានបញ្ជាក់ថា ការព្យាបាលអ្នកជំងឺកូវីដ-19 ទាំងជនបរទេស និងពលរដ្ឋខ្មែរ មិនត្រូវបានគិតថ្លៃពីអ្នកជំងឺនោះទេ។ ការសម្រេចនេះ បានបង្ហាញពីការទទួលខុសត្រូវខ្ពស់ និងទឹកចិត្តសប្បុរសធម៌ដ៏ជ្រាលជ្រៅរបស់រាជរដ្ឋាភិបាលកម្ពុជាទៅលើអ្នកជំងឺ ខណៈបណ្តាប្រទេសជាច្រើនទៀត សុទ្ធតែបានយកថ្លៃព្យាបាលពីជនបរទេស។

អ្នកមានវីរុសCovid-19 ជាជនជាតិខ្មែរ និង​ជនបរទេស ដែលនៅក្នុងកម្ពុជា អាច​ចាត់ទុកថា ជាអ្នកមានសំណាងធំណាស់ ដោយសារតែ​ពួកគេ​មិន​តម្រូវ​ឱ្យ​បង់ប្រាក់​ឡើយ  ព្រោះ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា តាមរយៈ​ក្រសួងសុខាភិបាល ​បានបង្ហាញ​ពី​ការទទួល​បន្ទុក និង​មាន​ភាពទទួល​ខុសត្រូវ​យ៉ាងខ្ពស់ ដោយបាន​ចំណាយ​ថវិកា​ទាំងស្រុង​ ទៅលើ​ថ្លៃ​ព្យាបាល​​អ្នកមានវីរុសCovid-19 ចម្រុះ​ជាតិ​សាសន៍​ទាំងនោះ។

អ្នកជំងឺ​ដែល​ផ្ទុកវីរុសកូវីដ-19  ដែល​សម្រាក​ព្យាបាល​នៅក្នុង​ប្រទេស​កម្ពុជា ភាគច្រើន ​គឺជា​ជនជាតិ​បរទេស ហើយ​មានការ​ប្រែប្រួល​ទៅតាម​អាការ និង​ការធ្វើ​តេស្ត​នៅក្នុង​រង្វង់10 ទៅ11ដង។

លោកជំទាវបានលើកឧទាហរណ៍ថា ដូចជា ជនជាតិ​បារាំង 2នាក់​ប្ដី​ប្រពន្ធ រួម​ជាមួយនឹង​កូនតូច​អាយុ 4ខែ ដែល​សម្រាក​នៅ​មន្ទីរពេទ្យ​កុមារ​ជាតិ គឺ​ពួកគាត់​ឈ្លោះ​គ្នា ពេល​ពិនិត្យឃើញ​ឪពុក​វិជ្ជមាន ម្តាយ​អវិជ្ជមាន ពេល​ម្ដាយ​វិជ្ជមាន ឪពុក​អវិជ្ជមាន​ម្ដង អ៊ីចឹ​ង​មានន័យថា វា​មានការ​ប្រែប្រួល​អាស្រ័យទៅលើ​កត្តា​នៃ​ការរស់នៅ​ប្រចាំថ្ងៃ​ផងដែរ។

លោកជំទាវ​បាន​បញ្ជាក់ថា៖«ក្រោយ​ពេល​យើង​ធ្វើតេស្ត​ម្ដង​ឃើញ​មាន​វិជ្ជមាន គឺ​តម្រូវឱ្យ​គាត់​សម្រាក​នៅ​ពេទ្យពី 5-7ថ្ងៃ បាន​យើង​កុងត្រូល (គ្រប់គ្រង​ជំងឺ)គាត់។ អ៊ីចឹ​ង​ពេលដែល​កុងត្រូល​អវិជ្ជមាន​លើក​ទី1 ក្រោយ​រយៈពេល 48ម៉ោង យើង​ធ្វើ​កុងត្រូល​លើក​ទី2»។

ជាមួយនឹង​ការទទួល​បន្ទុកការចំណាយ​ទាំងស្រុង ទៅលើ​ការព្យាបាល​អ្នកជំងឺ Covid-19 របស់​រដ្ឋាភិបាល​កម្ពុ​ជា គឺជា​ទង្វើ​មនុស្សធម៌​ដ៏​ថ្លៃថ្លា ដែលបច្ចុប្បន្ននេះ រដ្ឋាភិបាល​បាន​ត្រៀម​ថវិកាបម្រុង​ជាច្រើន​លាន​ដុល្លារ សម្រាប់​ចំណាយ​រួចជាស្រេច បន្ថែម​ពីលើ​ការចូលរួម​បរិច្ចាគ​ថវិកា និង​ធនធាន​ផ្ទាល់ខ្លួន​របស់​មន្ត្រីរាជកា​រ និង​បណ្តា​សប្បុរសជន​នានា​នៅ​ទូទាំងប្រទេស។

ដោយឡែកនៅបណ្តាប្រទេសមួយចំនួន ដូចជាប្រទេសសិង្ហបុរី​ ត្រូវ​បាន​ប្រកាស​ នៅលើ​​គេហទំព័ររបស់ក្រសួងសុខាភិបាល ឱ្យ​ដឹង​ថា៖«ចាប់​ពី​​ខែ​មីនា ​ការព្យាបាលការឆ្លងមេរោគ ផ្លូវដង្ហើមធ្ងន់ធ្ងរនៅក្នុងមន្ទីរពេទ្យរដ្ឋរបស់ប្រទេសសិង្ហបុរី ត្រូវបានអនុវត្តលើជនបរទេស ដែលជាធម្មតាមានតម្លៃចន្លោះពី 4,300 ទៅ 4,800ដុល្លារអាមេរិក»។

ចំណែក នៅឯសហរដ្ឋអាមេរិកវិញ​ សម្រាប់តម្លៃការព្យាបាល ការឆ្លងមេរោគផ្លូវដង្ហើមធ្ងន់ធ្ងរនៅក្នុងមន្ទីរពេទ្យរដ្ឋ ចំពោះប្រជាជនអាមេរិកទូទៅ គឺមានតម្លៃចន្លោះពីជាង 40,000 ទៅ 70,000ដុល្លារអាមេរិក។

សូមបញ្ជាក់ថា មកដល់ត្រឹមថ្ងៃទី22 ខែមេសា ឆ្នាំ2020 កម្ពុជារកឃើញអ្នកឆ្លងវីរុសកូវីដ-19 ចំនួន 122នាក់ ពលរដ្ឋខ្មែរ 51នាក់ ជនបរទេស71នាក់។ មកដល់បច្ចុប្បន្នព្យាបាលជា 110នាក់ ហើយកំពុងព្យាបាល 12នាក់៕

Advertisement