ប្រទេសអារ៉ាប់រួម គ្រោងទិញយានអវកាសរុស្ស៊ី Soyuz មួយគ្រឿង ដើម្បីបញ្ជូនអ្នកអវកាសរបស់ខ្លួនទៅកាន់គន្លងផែនដី។ ការបាញ់បង្ហោះនេះ នឹងធ្វើឡើងក្នុងរយៈពេល 2ឆ្នាំខាងមុខ។ នេះបើតាមការបញ្ជាក់របស់លោក Sergey Krikalev នាយកផ្នែកអវកាសដែលគ្រប់គ្រងដោយមនុស្ស នៃសាជីវកម្មអវកាសរុស្ស៊ី ROSCOSMOS ដែលបានថ្លែងទៅកាន់ Sputnik News ក្នុងកិច្ចសម្ភាសន៍មួយដែលត្រូវបានចុះផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយកាលពីថ្ងៃទី11 ខែមេសា ឆ្នាំ2019 ។
លោកបញ្ជាក់យ៉ាងដូច្នេះថា៖ «ពួកគេ (អារ៉ាប់រួម) ពិចារណាទិញយានអវកាស Soyuz ពីយើង ដែលក្នុងយាននេះ មាន 2កៅអី។ ដោយសារតែយោងតាមច្បាប់រុស្ស៊ី មេបញ្ជាការយាន Soyuz ត្រូវតែមានជនជាតិរុស្ស៊ីម្នាក់»។
លោក Sergey Krikalev បន្ថែមថា ប្រសិនបើអារ៉ាប់រួមចុះកុងត្រាជាមួយ ROSCOSMOS នោះ យានអវកាស Soyuz នឹងត្រូវផលិតឡើងថែម 1គ្រឿងទៀត ហើយវាមិនមែនជាផ្នែកនៃកម្មវិធីអវកាសរបស់រុស្ស៊ី ក្នុងការបញ្ជូនអវកាសយានិករុស្ស៊ីទៅកាន់ស្ថានីយអវកាសអន្តរជាតិនោះទេ។
បើតាមលោក Vladimir Ustimenko អ្នកនាំពាក្យ ROSCOSMOS បានលើកឡើងកាលពីខែមុន(កុម្ភៈ)ថា អ្នកអវកាសអារ៉ាប់រួមទី1 អាចធ្វើដំណើរទៅកាន់ស្ថានីយអវកាសអន្តរជាតិនៅលើយាន Soyuz បាននៅចុងខែកញ្ញា ឆ្នាំឈ2020 ខាងមុខ។
កាលពីខែកញ្ញា ឆ្នាំ2018 បេក្ខជនអវកាសអារ៉ាប់រួម ២រូប គឺលោក Hazza Mansouri និងលោក Sultan Niyadi បានចាប់ផ្តើមហ្វឹកហាត់នៅមជ្ឈមណ្ឌលបណ្តុះបណ្តាលអ្នកអវកាសរុស្ស៊ី Yuri Gagarin ក្នុងក្រុងមូស្គូ ដើម្បីត្រៀមធ្វើដំណើរជាប្រវត្តិសាស្រ្តទៅកាន់ស្ថានីយអវកាសអន្តរជាតិ៕