គេមើលឃើញតារាសិល្បៈជាច្រើនដួងបានបង្ហាញវត្តមានចូលរួមអបអរអាពាហ៍ពិពាហ៍កូនស្រីតារាសម្ដែង ជេត បូរី នៅរាត្រីថ្ងៃទីទី២២ វិច្ឆិកា ឆ្នាំ២០១៩ក្នុងបុរីជាគេហដ្ឋានផ្ទាល់ខ្លួន នៅជិតអតីតថ្លឹងជញ្ជីងទី២ ផ្លូវ២០០៤ យ៉ាងអធឹកអធម។ កូនស្រីលោក ជេត បូរី បានផ្សំផ្គុំជាបុរសជនជាតិអាមេរិក ដែលបម្រើការងារជាគ្រូភាសាបរទេស ក្នុងស្រុកនៅសាលាអន្តរជាតិធំមួយ។ ជាមួយគ្នានោះដែរ តារាសម្ដែងវ័យចំណាស់រូបនេះ ក៏បានបង្ហាញអារម្មណ៍សប្បាយចិត្តយ៉ាងខ្លាំង ខណៈឃើញកូនស្រីទទួលបានពរជ័យពីញាតិមិត្តដែលបានចូលរួមក្នុងកម្មវិធី។
លោក ជេត បុរី បានប្រាប់អ្នកសារព័ត៌មានឡារ៉ែនថា លោកមានកូនតែមួយប៉ុណ្ណោះ ដោយលោកបានដើរតួ ជាឳពុកផងជាម្ដាយផង តាំងពីកូនស្រីនៅវ័យកុមារភាព។ លោកថាកូនស្រីរបស់ខ្លួន មានវ័យ២៦ឆ្នាំ ហើយជានិស្សិតផ្នែកពេទ្យ។ លោកថាកូនប្រសាររបស់លោក គឺជាជនជាតិអាមេរិក ដែលមកបម្រើការជាគ្រូនៅសាលាអន្តរជាតិមួយយូរឆ្នាំមកហើយ ទើបអ្នកទាំងពីរក្រោយពេលរៀបការ គឺមិនមានគម្រោងទៅនៅអាមេរិកនោះឡើយ។ យ៉ាងណាមិញ បើទោះជាលោក គឺជាអ្នកជំនួញផ្នែកអចលនទ្រព្យផង និងជាអ្នកចូលគ្រឿងសំណង់ផង ដែលមានមុខរបរពេញដៃផងក៏ដោយ ក៏កូនស្រីទោលរបស់ខ្លួន នឹងរស់នៅបែក ហើយមិនលូកលាន់ ជាមួយមុខជំនួញរបស់លោក ដោយសារតែនាងមិនមានចំណូលចិត្ត។ ក្នុងនោះលោកក៏ប្រកាសជំហរ មិនចោលការសម្ដែងផងដែរ ក្នុងពេលទីផ្សាររបស់លោក កំពុងឈានឡើងនាពេលនេះ៕