ក្រុមហ៊ុនទូរគមនាគមន៍វៀតណាម Viettel បានសម្រេចការតភ្ជាប់នូវហេដ្ឋារចនាសម្ព័ន្ធនៃប្រព័ន្ធទំនាក់ទំនងអង់តែន 5G ចំនួន 10ទីតាំង និងចាប់ផ្ដើមការសាកល្បងប្រើប្រាស់ដំបូងនៅទីក្រុងហូជីមិញ កាលពីថ្ងៃទី9 ខែសីហាកន្លងទៅនេះ។ ល្បឿននៃការសាកល្បងប្រើប្រាស់ 5G លើកដំបូងនេះមានចន្លោះពី 1000Mbps ទៅ 1300Mbps។ ក្រុមហ៊ុនខាងលើនិយាយថា ខ្លួននឹងបន្តកែសម្រួលបន្ថែមទៀត ដើម្បីទទួលបានល្បឿនដ៏ល្អបំផុតមួយ។
គួរដឹងថា ការសាកល្បងនេះ គឺជាលើកដំបូងហើយនៅទីក្រុងហូជីមិញ ប៉ុន្តែកាលពីខែឧសភា ឆ្នាំ2019 ក្រុមហ៊ុន Viettel បានដំឡើង និងសាកល្បងប្រើសេវា 5G ជាលើកដំបូងនៅវៀតណាមតាមរយៈការហៅចេញទូរស័ព្ទ។ ការសាកល្បងនេះ ធ្វើឱ្យវៀតណាមស្ថិតក្នុងចំណោមប្រទេសធំៗដែលបានសម្រេចជោគជ័យលើការសាកល្បង 5G ដូចជាអាមេរិក និងកូរ៉េខាងត្បូងជាដើម។
ចំណែកនៅកូរ៉េខាងត្បូងកញ្ចប់អ៊ីនធឺណិត 5G ថោកបំផុតរបស់ក្រុមហ៊ុន SK Telecom គឺមានតម្លៃ 49ដុល្លារ/1ខែ ដោយអាចប្រើប្រាស់បានទំហំ 8GB ហើយតម្លៃថ្លៃបំផុតគឺ 110ដុល្លារ/1ខែ សម្រាប់ទំហំ 300GB៕