ប្រព័ន្ធការងារ និងបណ្តុះបណ្តាលវិជ្ជា-ជីវៈនៅកម្ពុជានាពេលបច្ចុប្បន្ននេះ ចាប់ផ្តើមមានសម្ទុះវិជ្ជមានគួរឱ្យគាត់សម្គាល់បន្ទាប់ពីបានសហការជាមួយដៃគូអភិវឌ្ឍន៍ជាច្រើន ដំណាលគ្នាដែលក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈក៏អនុវត្តនូវគោលនយោបាយសំខាន់ៗដើម្បីអភិវឌ្ឍឱ្យកាន់តែប្រសើរ។
ពាក់ព័ន្ធនឹងវិស័យការងារ កម្ពុជាបានចូលជាសមាជិករបស់អង្គការអន្តរជាតិខាងការងារ (ILO)អស់រយៈពេលជាង 50ឆ្នាំមកហើយ ដោយក្នុងនោះយើងទទួលបានផលប្រយោជន៍ជាច្រើនលើការអភិវឌ្ឍការងារ។ទោះជាយ៉ាងនេះក្តីក៏កម្ពុជានៅតែត្រូវការការជួយជ្រោមជ្រែងទាំងបច្ចេកទេស និងថវិកាជាច្រើនបន្ថែមទៀតពីដៃគូអភិវឌ្ឍសំខាន់ៗ។
នៅក្នុងសន្និសីទអន្តរជាតិខាងការងារ នាពេលថ្មីៗនេះ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឯកឧត្តម អុិត សំហេង បានស្នើដល់ដៃគូអភិវឌ្ឍន៍នានា ពិសេសអង្គការអន្តរជាតិខាងការងារ (ILO)ឱ្យបន្តជួយអភិវឌ្ឍដើម្បីឆ្លើយតបនឹងរបត់បដិវត្តន៍ឧស្សាហកម្មទី4 (Industry Revolution 4.0)។ ក្នុងនោះឯកឧត្តមបានលើកឡើងថា ស្របពេលដែលប្រភេទការងារមួយចំនួនបាន និងកំពុងមានការផ្លាស់ប្តូរនៅក្នុងដំណើរការវិវឌ្ឍផ្នែកបច្ចេកវិទ្យា និងបដិវត្តន៍ឧស្សាហកម្ម4.0 កម្ពុជាជឿជាក់ថាគ្រប់ភាគីពាក់ព័ន្ធនឹងចូលរួមជាមួយកម្ពុជា ដើម្បីដាក់ចេញជាវិធានការ និងដំណោះស្រាយចំពោះបញ្ហាប្រឈមនានាដែលកើតឡើងក្នុងទីផ្សារកម្ពុជា និងការងារនាពេលអនាគត។|
ឯកឧត្តម អុិត សំហេង មានប្រសាសន៍ថា៖ “ដើម្បីសម្រេចគោលដៅប្រកបដោយចីរភាព ជាពិសេសគោលដៅទី8 ដែលនិយាយពីការងារសមរម្យ នៅក្នុងបដិវត្តន៍ឧស្សាហកម្មទី4 ប្រទេសជាសមាជិក ILO ចាំបាច់ត្រូវធានាឱ្យបានថា កម្មករនិយោជិត និងយុវជនទទួលបានចំណេះដឹងទូទៅ និងបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈប្រកបដោយគុណភាព និងឱកាសទទួលបានការសិក្សាពេញមួយជីវិតដើម្បីទទួលបានជំនាញមួយដែលអាចឆ្លើយតបជាមួយតម្រូវការជាក់ស្តែងនៃទីផ្សារការងារ”។
ឯកឧត្តមរដ្ឋមន្ត្រីបានសង្កត់ធ្ងន់ផងដែរថា ក្នុងន័យនេះប្រទេសជាសមាជិកអង្គការអន្តរជាតិខាងការងារគប្បីបផ្តោតលើការបណ្តុះបណ្តាលជំនាញ សមត្ថភាពដល់កម្លាំងពលកម្ម ដើម្បីបង្កើនផលិតភាព និងបង្រួមគម្លាតនៃជំនាញឱ្យបានកាន់តែច្រើន។ ក្រៅពីនេះយើងក៏ត្រូវពង្រឹងសេវានៃការផ្តល់ព័ត៌មានពីទីផ្សារការងារ និងសេវាស្វែងរកការងារឱ្យកាន់តែមានភាពទូលំទូលាយ ស្របពេលដែលយើងបង្កើនគុណភាពអប់រំ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីចាប់យកអត្ថប្រយោជន៍ជាច្រើនសម្រាប់ប្រជាជន។ ចំណុចចម្បងមួយផ្សេងទៀតគឺ យើងចាំបាច់កាត់បន្ថយផលប៉ះពាល់អវិជ្ជមាននៃការប្រែប្រួលពិភពការងារ និងដើម្បីឆ្លើយតបនឹងតម្រូវការជំនាញ។ កម្ពុជាសង្ឃឹមថាអង្គការអន្តរជាតិខាងការងារនៅតែបន្តមានតួនាទីសំខាន់ និងជាស្ថាប័នត្រីភាគីមួយដែលចូលរួមចំណែកយ៉ាងសំខាន់ក្នុងការប្រែក្លាយបញ្ហាប្រឈមនៅក្នុងបដិវដ្តឧស្សាកម្ម ទៅជាឱកាសសម្រាប់ប្រជាជនគ្រប់រូប។
ជាចំណុចវិជ្ជមានអង្គការអន្តរជាតិខាងការងារបានបន្តគម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជាដែលហៅកាត់ថា ILO-BFC ដើម្បីពង្រឹងលក្ខខណ្ឌការងារ ផលិតភាព ការបញ្ជាទិញ និងទាក់ទាញអ្នកវិនិយោគបន្ថែមមកកម្ពុជា។
លោក Dan Rees នាយកគម្រោងការងារល្អប្រសើរជាសកលនៃអង្គការអន្តរជាតិខាងការងារ ILOបានលើកឡើងថា អង្គការ ILO នឹងបន្តកិច្ចសហការជាមួយកម្ពុជាបន្តទៀត ដើម្បីបង្ហាញសាធារណជនឱ្យបានដឹងពីភាពវិជ្ជមាននៃកិច្ចសហការប្រកបដោយនិរន្តរភាព។ លោកក៏បានវាយតម្លៃជាវិជ្ជមានផងដែរចំពោះការខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការពង្រឹងសុខដុមនីយកម្មក្នុងទំនាក់ទំនងវិជ្ជាជីវៈ។
គួរបញ្ជាក់ថា ថ្មីៗនេះកម្ពុជាក៏កំពុងយកចិត្តទុកដាក់ខ្លាំងផងដែរលើការបណ្តុះបណ្តាលវិជ្ជាជិវៈ ជាពិសេសពាក់ព័ន្ធនឹងបច្ចេកវិទ្យា ព្រោះយើងកំពុងត្រូវការធនធានជាច្រើនដើម្បីបំពេញតម្រូវការការងារសម្រាប់ក្រុមហ៊ុនក្នុងស្រុក និងក្រុមហ៊ុនបរទេស។ ម្យ៉ាងវិញទៀត ការរៀបចំជំរុញការបណ្តុះបណ្តាលនេះ ក៏ដើម្បីធ្វើការប្រកួតប្រជែងជាមួយបណ្តាប្រទេសក្នុងតំបន់ដើម្បីជំរុញកំណើនសេដ្ឋកិច្ចឱ្យកាន់តែប្រសើរ និងដើម្បីសម្រេចគោលដៅអភិវឌ្ឍន៍ឱ្យក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ 2030៕