Dominic Calvert-Lewin បានក្លាយជាវីរបុរសរបស់ក្រុមបាល់ទាត់ជម្រើសជាតិអង់គ្លេស អាយុក្រោម2០ឆ្នាំ ខណៈដែលក្រុមមានរហស្សនាមថា Young Lions មួយនេះ បានឈ្នះពាន Under-20 World Cup ក្រោយពីបានយកឈ្នះលើក្រុមជម្រើសជាតិវ៉េណេស៊ុយអេឡា ក្នុងលទ្ធផល 1-០ ក្នុងទីក្រុង Suwon ប្រទេសកូរ៉េខាងត្បូង កាលពីថ្ងៃអាទិត្យ។
គ្រាប់បាល់ស៊ុតបញ្ចូលទីនៅនាទីទី35របស់ខ្សែប្រយុទ្ធនៃក្លិប Everton រូបនេះ បានជួយឲ្យអង់គ្លេសឈ្នះពានពិភពលោកជាលើកទី1 បើគិតចាប់តាំងពីឆ្នាំ1966 មក ប៉ុន្តែក្រុមរបស់លោក Paul Simpson ក៏ត្រូវតែដឹងគុណអ្នកចាំទី Freddie Woodman ផងដែរ ក្រោយពីរូបគេបានសង្គ្រោះបាល់ប៉េណាល់ទី1គ្រាប់ក្នុងតង់ទី2។ ប្រធានក្រុមជម្រើសជាតិអង់គ្លេស Lewis Cook ដែលលេងឲ្យក្លិប Bournemouth របស់ក្របខ័ណ្ឌ Premier League នោះ បានទទួលពាន World Cup ពីលោក Gianni Infantino ដែលជាប្រធានរបស់ FIFA នៅមុនពេលលើកពាននោះទៅលើក្បាលរបស់គេ ដើម្បីបង្កើតឲ្យមានការអបអរយ៉ាងខ្លាំងក្លាពីសំណាក់ក្រុមជម្រើសជាតិអង់គ្លេសអាយុក្រោម2០ឆ្នាំនេះ។ ក្រោយពីបានជួយឲ្យអង់គ្លេសលើកពាន World Cup ជាលើកទី1ក្នុងរយៈពេល51ឆ្នាំ Calvert-Lewin វ័យ2០ឆ្នាំ បានឲ្យដឹងថា៖ «ខ្ញុំមិនអាចរៀបរាប់ពីអារម្មណ៍ដែលខ្ញុំមាននៅពេលនេះបានឡើយ។ ខ្ញុំពិតជារំភើបណាស់ ប៉ុន្តែ និយាយឲ្យត្រង់ទៅ ពាក្យពេចន៍មិនអាចរៀបរាប់បានឡើយ»។ លោក Simpson គ្រូបង្វឹកនៃក្រុមជម្រើសជាតិអង់គ្លេស បានឲ្យដឹងថា៖ «យើងពិតជាត្រូវតែខិតខំព្យាយាមក្នុងតង់ទី2 ក្រុមជម្រើសជាតិវ៉េណេស៊ុយអេឡា បានដាក់សម្ពាធមកលើយើងយ៉ាងខ្លាំង ប៉ុន្តែកីឡាករយើងបានការពារយ៉ាងល្អ។ នៅពេលបញ្ចប់ការប្រកួត ក្រោយពីអាជ្ញាកណ្តាលបានផ្តុំកញ្ចែ យើងបានដឹងថា យើងជាម្ចាស់ជើងឯកពិភពលោក។
ក្នុងការប្រកួតមួយគូមុននៅថ្ងៃដដែលនោះ ក្រុមបាល់ទាត់ជម្រើសជាតិអ៊ីតាលី បានផ្តួលក្រុមជម្រើសជាតិអ៊ុយរូហ្គាយ ដោយការស៊ុតបាល់ប៉េណាល់ទីកាត់សេចក្តី ដើម្បីទទួលបានចំណាត់ថ្នាក់លេខ3ប្រចាំព្រឹត្តិការណ៍ U20 World Cup នេះផងដែរ៕
ប្រភពពី៖ The Sun