ការស៊ុតបាល់ផ្លាតចូលទី 2គ្រាប់របស់ខ្សែបម្រើ XherdanShaqiri បានជួយឱ្យក្រុម Liverpool យកឈ្នះលើក្រុម Manchester United ក្នុងការប្រកួតក្របខ័ណ្ឌ Premier League ជាលើកទី1ក្នុងចំណោមការជួបគ្នា9លើក ខណៈដែលក្រុមរបស់លោក Jurgen Klopp បានវិលទៅឈរលើកំពូលតារាងវិញ តាមរយៈការដណ្តើមបានជ័យជម្នះ 3-1 នាកីឡដ្ឋាន Anfield កាលពីថ្ងៃអាទិត្យ។
លោក Jose Mourinho អ្នកចាត់ការទូទៅរបស់ក្រុម Man United បានអះអាងនៅមុនពេលការប្រកួតថា កំពុងនាំមុខលើតារាងលីកមួយនេះ ជួបសំណាងរបស់ពួកគេនៅរដូវកាលនេះ ប៉ុន្តែ បើទោះបីមានសំណាងទៅលើគ្រាប់បាល់ 2គ្រាប់របស់កីឡាករបម្រុង Shaqiri នៅរយៈពេល 17នាទីចុងក្រោយក៏ដោយ ប៉ុន្តែក្រុមភ្ញៀវពិតជាមិនស័ក្តិសមទទួលបានលទ្ធផលក្រៅទឹកដីគឺការរងបរាជ័យជាលើកទី5 នៅរដូវកាលនេះឡើយ។
Liverpool បានឡើងឈរពីលើក្រុម Manchester City ដើម្បីវិលទៅកាន់កំពូលតារាងវិញ ដោយនាំមុខ 1ពិន្ទុ ប៉ុន្តែនាំមុខដល់ទៅ 19ពិន្ទុលើក្រុម Man United ដែលនៅតែស្ថិតក្នុងចំណាត់ថ្នាក់លេខ6 និងដេញតាមពីក្រោយក្រុមស្ថិតក្នុងចំណាត់ថ្នាក់លេខ4 ចំនួន 11ពិន្ទុ។
លោក Mourinho បានឱ្យដឹងថា៖ «កីឡាករបានប្រឹងអស់ពីសមត្ថភាព ហើយនៅពេលដែលពួកគេផ្តល់រាល់នូវអ្វីៗទាំងអស់ ខ្ញុំមិនដែលខកចិត្តជាមួយនឹងពួកគេឡើយ។ ខ្ញុំមានអារម្មណ៍ល្អចំពោះពួកគេ ពួកគេលេងជាមួយនឹងគុណភាពរបស់គេ ដូចគូប្រកួតរបស់យើងដែលលេងក្នុងគុណភាពរបស់ពួកគេដែរ។ គ្រូបង្វឹករូបនេះបានបន្ថែមទៀតថា៖ «ប៉ុន្តែ ក្រុម Liverpool មានល្បឿនលឿន មានភាពរឹងមាំ និងខ្លាំងផ្នែករាងកាយ។ ពួកគេគ្រប់គ្រងការលេងយ៉ាងល្អក្នុងពេលមានបាល់ និងគ្មានបាល់»៕
ប្រភពពី៖ Channel News Asia