កុមារ​ដែល​ចូលចិត្ត​អាន​នៅផ្ទះ​​នឹង​លូតលាស់​បញ្ញា​ច្រើនជាង​ក្មេង​ធម្មតា

តាម​ការស្រាវជ្រាវ​នៅ​សហរដ្ឋអាមេរិក និង​នៅ​ប្រទេស​រីកចម្រើន​ផ្សេងទៀត​លើ​ពិភពលោក​បាន​រកឃើញ​ថា កុមារ​ដែល​ធំ​ឡើង​ជាមួយនឹង​ទម្លាប់​អាន​សៀវភៅ​នៅ​ក្នុងផ្ទះ​យ៉ាងហោចណាស់​បាន 80ក្បាល​មុនពេល​ដល់​វ័យ​ចូលរៀន និង​ក្នុង​វ័យ​កំពុង​រៀន ច្រើន​មាន​សមត្ថ​ភាពខ្លាំង​ក្នុងការ​ស្វែងយល់​ពី​អក្សរ និង​លេខ​នៅពេល​ពួកគេ​ធំ​ពេញវ័យ។

ការរៀបចំ​កូន​បណ្ណាល័យ​មួយ​នៅក្នុង​ផ្ទះ​អាច​ជំរុញ​ឱ្យ​កុមារ​យល់ដឹង​ពី​ទម្លាប់ងាយៗក្នុងការ​រស់នៅ​បានល្អ និង​មាន​ជំនាញ​ផ្នែក​គណិតវិទ្យា​បាន​យ៉ាងងាយ ហើយ​ល្អ​ជាង​ក្មេង​ដែល​ផ្តោត​ខ្លាំង​តែ​លើ​ការប្រើប្រាស់​ពេលវេលា​ជាមួយ​ឧបករណ៍​អេឡិចត្រូនិក ឬ​ជីវិត​ស្រមើស្រមៃ (virtual life)។ ការចាប់ផ្តើម​កសាង​ចំណេះដឹង​ក្នុង​គ្រួសារ ជាការ​ចាប់ផ្តើម​ប្រកបដោយ​ថាមពល​ខ្លាំងក្លា ដែលអាចជំរុញ​កុមារ​ឱ្យ​ក្លាយជា​មនុស្សខ្លាំង​ស្រាប់​មុនពេល​ចូល​សាលា ជាហេតុ​ធ្វើឱ្យ​ពួកគេ​មាន​ថាមពលផ្នែក​គំនិតខ្ពស់ជាង​កុមារ​ដទៃ​នៅក្នុង​ថ្នាក់រៀន។

ចំនួន​ខាងលើ​នោះ​មិន​ច្រើនពេក​ទេ​សម្រាប់ក្មេងៗក្នុង​ការអាន តាម​ការស្រាវជ្រាវ​បង្ហាញថា នៅ​សហរដ្ឋអាមេរិក នៅផ្ទះនីមួយៗមាន​សៀវភៅ​ជា​មធ្យម 114ក្បាល។ ចំនួន 114ក្បាល​នេះ​ជា​ចំនួន​ល្អ​មួយ​សម្រាប់​គ្រួសារ​ដែល​អាច​ល្មម​សមរម្យ​ក្នុងការ​បង្កើត​ទម្លាប់​នៃ​ការអាន​ដល់កូនតូចៗដើម្បី​ត្រៀមខ្លួន​ក្លាយជា​មនុស្ស​ខ្លាំងនាពេល​អនាគត។ ការសិក្សា​ដដែល​បាន​បង្ហា ញថា តាម​ការស្រាវជ្រាវ​លើ​មនុស្ស​វ័យ​ជំទង់​ចំនួន 160,000នាក់ ចន្លោះ​ពី​ឆ្នាំ2011 ដល់​ឆ្នាំ2015 បាន​រកឃើញថា មនុស្ស​ដែល​ធ្លាប់បាន​អាន​សៀវភៅ​ចន្លោះ​ពី 80ក្បាល ឬ​ច្រើនជាង​នេះ​នៅផ្ទះ ច្រើន​មាន​កម្រិត​ចំណេះដឹង​អក្ខរកម្ម លេខ និង​បច្ចេកវិទ្យា​ព័ត៌មានវិទ្យា (ICT) ខ្ពស់។

ទន្ទឹមនឹងនេះ​តាម​ការស្រាវជ្រាវ​របស់​បណ្ឌិត Joanna Sikora នៃ​សាកលវិទ្យាល័យ​ជាតិ​អូស្ត្រាលី (ANU) បានឱ្យដឹងថា មនុស្ស​ដែលមាន​សមត្ថភាព​ខ្ពស់​ផ្នែក​អក្ខរកម្ម លេខ និង​បច្ចេកវិទ្យា​ព័ត៌មាន ភាគច្រើន​មាន​សៀវភៅ​ចន្លោះ​ពី 80 ទៅ350ក្បាល​នៅផ្ទះ។ ចំនួន​នេះ​មិនមែនជា​ចំនួន​ច្រើនពេក​ទេ​សម្រាប់​ប្រជាជននៅ​អឺរ៉ុប ឬ​នៅ​អាមេរិក ព្រោះ​ជាធម្មតា​គ្រួសារ​នៅ​ប្រទេស​ន័​រ​វែ​ស​ចំនួន14% និង​ប្រទេស​ស៊ុយអែត13% មាន​សៀវភៅ​ច្រើនជាង 500ក្បាល​នៅក្នុង​ផ្ទះ ចំណែក​ប្រទេស​ដែលមាន​សៀវភៅ​ប្រហែល 80ក្បាល ឬ​ច្រើនជាង​នេះ មានដូចជា​ប្រទេស​ស៊ី​លី ក្រិច អុីតាលី សិង្ហ​បុរី និង​តួ​ក​គី។

មូល​ហេតុដែល​បណ្ណាល័យ​នៅផ្ទះ​អាចជួយក្មេងៗបាន
ការស្រាវជ្រាវ​បាន​ណែនាំ​ថា ការបង្កើត​បណ្ណាល័យ​នៅផ្ទះ​គឺ​ហាក់បីដូចជា​បង្កើត​កន្លែង​កម្សាន្ត​ដ៏​ល្អ​មួយ​សម្រាប់​ក្មេង​តូច​ប្រសិនបើ​យើង​អាច​នាំ​គេ​ឱ្យ​កម្សាន្ត​បែប​វិជ្ជមាន។ ការណែនាំក្មេងៗឱ្យ​អាន​សៀវភៅ​ដែល​គេ​ចូលចិត្ត អាចធ្វើ​ឱ្យគេ​ធំ​ឡើង​ជាមួយនឹង​បរិស្ថាន​ចំណេះដឹង និង​ចូលចិត្ត​រៀនសូត្រ​តាំងពី​គេ​នៅ​ក្មេង។ វា​ជាការ​វិនិយោគ​សម្រាប់​អនាគត​ដ៏​វែងឆ្ងាយ​របស់​ក្មេង ព្រោះ​ប្រសិនបើ​យើង​មិន​ចាប់ផ្តើម​បណ្តុះ​ទម្លាប់​អប់រំ​ដល់​គេ​តាំងពីក្មេង​ទេ កូនតូចៗអាច​នឹង​ងាយ​ត្រូវ​អូសទាញ​ចូលទៅក្នុង​បរិស្ថាន​មិនល្អ​ពេល​គេ​ធំ​ឡើង។

ចំណុច​សំខាន់​មួយទៀត គឺ​នៅពេល​ក្មេង​រីកលូតលាស់​ធំ​បន្តិច​ឡើង ពួកគេ​នឹង​ឧស្សាហ៍​អាន​ដោយ​មិនចាំបាច់​ជំរុញ ដែល​ធ្វើឱ្យ​ពួកគេ​អាច​អភិវឌ្ឍ​ជំនាញ​ដទៃទៀត​ដែលជា​តម្រូវការ​របស់​សង្គម ដូចជា​ជំនាញ​ទំនាក់ទំនង ជំនាញ​ក្នុងការ​គិតពិចារណា និង​ការអប់រំ​ផ្លូវចិត្ត​ឱ្យ​កាន់តែ​ប្រសើរ និង​មិនចាំបាច់​បង្ខំ។

ចំណាយ​លើ​តម្លៃ​សៀវភៅ 80ក្បាល​ដើម្បី​ឱ្យមានក្មេង​សមត្ថ​ភាពខ្លាំង គឺជា​ការចំណាយ​អស់​តិចជាង​ការចំណាយ​ផ្សេងទៀត​ក្នុងការ​អភិវឌ្ឍ​ក្មេង។

ដូច​បានបង្ហាញ​ឱ្យដឹង​ហើយ​ថា សាកលវិទ្យាល័យ​ខាងលើ​បាន​បញ្ចេញ​របាយការណ៍​ថា និស្សិត ឬ​សិស្ស​ដែល​រស់នៅក្នុង​បរិស្ថាន​ដែល​សម្បូរ​សៀវភៅ និង​ការ​មាន​បណ្ណាល័យ​នៅក្នុង​ផ្ទះ នឹងមាន​កម្រិតយល់ដឹង​ខ្ពស់​ជា​មនុស្ស​ធម្មតា។ ហេតុនេះ​ការបង្កើត​បណ្ណាល័យ​តូច​មួយ​នៅក្នុង​ផ្ទះ​ជាការ​វិនិយោគ​ល្អបំផុត​លើ​អនាគត​របស់​កុមារ។ តម្លៃ​សៀវភៅ​ខ្លះ​ថ្វីដ្បិតតែ​ថ្លៃ​បន្តិច​មែន តែ​វា​ក៏​នៅតែ​ធូរ​ថ្លៃ​ជាងការចំណាយផ្សេងៗទៀត​ដើម្បី​ណែនាំ​ក្មេង​ឱ្យ​ស្គា​ល់ពី​ប្រភព​ចំណេះដឹង និង​បណ្តុះ​ទម្លាប់​ល្អ​ដល់​ពួកគេ​ដែរ។ ហេតុនេះ អាណាព្យាបាល​គួរ​សាកល្បង​បង្កើត​ទម្លាប់​នៃ​ការអាន និង​ចំណាយ​ពេលវេលា ក៏ដូចជា​ថវិកា​ដើម្បី​ធ្វើយ៉ាងណា​ឱ្យ​ផ្ទះ​របស់ខ្លួន​ក្លាយជា​កូន​បណ្ណាល័យ​តូចមួយ​ប្រកបដោយ​ចំណេះដឹង ជា​កន្លែង​កម្សាន្ត​វិជ្ជមាន​ និង​ជា​កន្លែង​បណ្តុះ​ទម្លាប់​ល្អ​ដល់​កុមារ​មុន​ពួកគេ​ក្លាយជា​មនុស្ស​ម្នាក់​ដែល​ត្រូវ​ប្រឡូក​ក្នុង​ការរស់នៅ​ជាក់ស្តែង​ក្នុងសង្គម​នៅពេល​អនាគត៕

Advertisement