ស្រាយ​ចម្ងល់… ហេតុ​អី្វ​បាន​គេង​លក់​ហើយ​ហៀរ​ទឹកមាត់ និង​ត្រូវ​កែ​បញ្ហា​នេះ​យ៉ាងណា?

មិន​ថា​លោកអ្នក​អាយុ​ប៉ុន្មាន? ប្រុស ឬ​ស្រី? មាន​អាជីព​អ្វី? និង​មាន​បែបបទ​ជីវិត​បែបណា​នោះទេ? តែ ឡា​រ៉ែ​ន ជឿថា ត្រូវតែ​ធ្លាប់​គេង​លក់​ហើយ​ហៀរ​ទឹកមាត់​កក្លាក់ រហូត​ទទឹក​ដៃ​អាវ សើម​ខ្នើយកើយ​មក​ខ្លះ​ហើយ​ជាមិនខាន។ តើ​ហេតុ​អី​បានជា​អ្នក​ហៀរ​ទឹកមាត់​ពេល​គេង​លក់ ទាំង​ពេល​គេង​ក៏​បិទមាត់​ជិតឈឹង​ល្អ​ហើយ​នោះ តែ​ហេតុ​អី​ក៏​នៅតែ​ហៀរ​ចេញមក​បាន​ទៀត? តើ​ត្រូវ​កែ​បញ្ហា​នេះ​យ៉ាងណា? ទំព័រ​សុខភាព ឡា​រ៉ែ​ន មាន​ចម្លើយ​មក​ជម្រាបជូន។

ហេតុ​អី​បាន​អ្នក​គេង​លក់​ហើយ​ហៀរ​ទឹកមាត់?

ជា​ប្រក្រតី រាងកាយ​របស់​មនុស្ស​យើង​នឹង​ផលិត​ទឹកមាត់​ចេញមក​គ្រប់ពេលវេលា​ស្រាប់​ទៅហើយ ក្នុង​សភាវ​ប្រក្រតី​ក្រពេញទឹកមាត់​នឹង​ផលិត​ទឹកមាត់​ចេញមក​ប្រមាណ1-2លីត្រ​ក្នុងមួយថ្ងៃ។ នៅពេលដែល​អ្នក​កំពុង​ភ្ញាក់ (មិនបាន​គេង) ទឹកមាត់​នឹង​ផលិត​ចេញមក​ច្រើនជាង​ពេល​អ្នក​គេង​លក់ ឯ​ពេល​គេង​លក់​វិញ រាងកាយ​របស់​អ្នកនឹង​ផលិត​ទឹកមាត់​ចេញមក​តិច​បំផុតស្ទើរតែ​សូន្យ​តែម្ដង។ តែ​ទោះជា​យ៉ាងនេះ​មែន​នៅពេល​ភ្ញាក់ អ្នក​អាច​គ្រប់គ្រង​រាងកាយ គ្រប់គ្រង​បរិមាណ​ទឹកមាត់​ក្នុង​មាត់​របស់​អ្នក​បាន​ដោយ​ការ​លេប តែ​នៅពេល​អ្នក​គេង​លក់ រាងកាយ​ចូល​ឆ្ពោះទៅរក​សភាវ​សម្រាក សាច់ដុំ​ទូទាំង​រាងកាយ និង​លើ​ផ្ទៃមុខ​ក៏​សម្រាក​ដែរ ធ្វើឱ្យ​មាត់​របស់​អ្នក​ហា​ឡើង​ដោយសារ​គ្មាន​សាច់ដុំ​បញ្ជា​ឱ្យ​បិទ ទើប​ទឹកមាត់​ដែល​ប្រមូល​សន្សំនៅក្នុង​មាត់​នោះ​ហូរ​ចេញមកក្រៅ​មាត់ ព្រោះ​អ្នក​មិនបាន​លេប​ចូល​ពោះ​ដូច​ពេល​ភ្ញាក់​ហ្នឹងឯង។

គេង​លក់​ហៀរ​ទឹកមាត់ ជា​អា​ការដែល​ខុស​ប្រក្រតី​ឬទេ?

ការពិតទៅ ការ​គេង​លក់​ហើយ​ទឹកមាត់​ហៀរ​មិនមែនជា​អាការ​ដែល​ខុស​ប្រក្រតី​នោះទេ។ វា​ច្រើនតែ​កើតឡើង​នៅពេលដែល​អ្នក​គេង​លក់​ខ្លាំង លក់​ស្កប់ មិន​កម្រើកខ្លួន អាច​សង្កេត​បានតាមរយៈ​ថ្ងៃ​ណា​ដែល​អ្នក​ហត់នឿយ​ខ្លាំង ឬ​នៅលើ​អ្នក​ដែល​ចូលចិត្ត​គេង​ផ្អៀង ក៏​នឹងមាន​សញ្ញា​ក្នុងការ​គេង​ហៀរ​ទឹកមាត់​ច្រើនជាង​អ្នកដទៃ​ដែរ។ តែ​ក្រៅពីនេះ នៅ​អាចមាន​មូលហេតុ​ផ្សេងទៀតរួមជាមួយ​ដែរ ដូចជា អ្នកជំងឺ​គ្រុនផ្ដាសាយ​ដែលមាន​អាការ​តឹង​ច្រមុះ ហើយ​គេង​ហាមាត់ ឬ​នៅលើ​អ្នកជំងឺ​ដែលមាន​បញ្ហា​ពាក់ព័ន្ធ​នឹង​ប្រព័ន្ធ​ប្រសាទ ឬ​សាច់ដុំ​គ្មាន​កម្លាំង ក៏​អាចមាន​បញ្ហា​គេងលក់​ហៀរ​ទឹកមាត់​បាន​ដូចគ្នា​ដែរ។

វិធី​កាត់បន្ថយ​អាកា​រហៀរ​ទឹកមាត់​ពេល​គេង​លក់​ដោយសារតែ​អាកា​រគេង​លក់​ហើយ​ហៀរ​ទឹកមាត់​ជា​រឿង​ប្រក្រតី​តាម​ធម្មជាតិ​នោះ ទើប​គ្មាន​វិធី​ណា​បំបាត់​អាការ​នេះ​ជាពិសេស​នោះទេ តែ​អ្នក​អាច​កាត់បន្ថយ​ឱកាស​ដែល​ទឹកមាត់​នឹង​ហូរហៀរ​ចេញមក​បាន​ដោយ​ការ​គេង​ផ្ងារ ឬ​គេង​ដាក់​ក្បាល​ឱ្យ​ខ្ពស់​ឡើង​បន្តិច ដើម្បីឱ្យ​មាត់​របស់​អ្នក​បិទ​ជិត​ខណៈ​គេង​លក់៕

Advertisement