ក្រុម Manchester City មិនទាន់អាចចាត់ទុកខ្លួនឯងថា មានកម្រិតស្មើទៅនឹងក្រុម Barcelona ឬក្រុម Real Madrid បានឡើយ។ នេះបើយោងទៅតាមការបញ្ជាក់របស់លោក Pep Guardiola ដែលជាអ្នកចាត់ការទូទៅ បើទោះបីកំពុងតែជួបរដូវកាលដ៏អស្ចារ្យមួយ ដែលបានធ្វើឱ្យក្រុមរបស់លោកស្ថិតក្នុងចំណោមក្រុមមានក្តីសង្ឃឹមច្រើនក្នុងការឈ្នះពានក្របខ័ណ្ឌ Champions League ក៏ដោយ។
ក្រុមកំពុងមានពិន្ទុនាំមុខដាច់លើតារាងនៃក្របខ័ណ្ឌ Premier League មួយនេះ នឹងកក់កៅអីរបស់ពួកគេ ក្នុងវគ្គ 8ក្រុមចុងក្រោយ នៃក្របខ័ណ្ឌ Champions League ជាលើកទី2 ក្នុងប្រវត្តិសាស្ត្ររបស់ពួកគេ ប្រសិនបើពួកគេមិនរងបរាជ័យក្នុងលទ្ធផលដ៏ធំមួយក្នុងការប្រកួតវគ្គ 16ក្រុមចុងក្រោយ ជើងទី2 នៅពេលពួកគេធ្វើជាម្ចាស់ផ្ទះទទួលក្រុម Basel នៅរាត្រីនេះទេនោះ ក្រោយពីបានយកឈ្នះ 4-0 កាលពីជើងទី។
លោក Guardiola មើលឃើញថា ក្រុម Man City មានក្តីសង្ឃឹមច្រើនក្នុងការឈ្នះពាន Champions League ជាងអតីតក្លិបរបស់លោកគឺ Barcelona និង Bayern Munich ក៏ដូចជាម្ចាស់ការពារតំណែងជើងឯក Real Madrid ទៅទៀត ប្រសិនបើផ្អែកទៅលើទម្រង់លេងដ៏ល្អរបស់ពួកគេនៅរដូវកាលនេះ។ លោក Guardiola បានឱ្យយដឹងកាលពីថ្ងៃអង្គារថា៖ «នៅពេលដែលខ្ញុំកំពុងតែនិយាយថា យើងមានក្តីសង្ឃឹមច្រើនក្នុងការឈ្នះពាន Champions League វាជាកិត្តិយសមួយ។ ប្រសិនបើអ្នកលេងមិនល្អនៅឯក្រុម Manchester City ទេនោះ មនុស្សជាច្រើន នឹងមិននិយាយបែបនោះឡើយ ពីព្រោះយើងគ្មានកេរិ៍្តដំណែល»។
ប៉ុន្តែ ទោះបីជាយ៉ាងណា លោក Guardiola ដែលបានឈ្នះពានក្របខ័ណ្ឌ Champions League ក្នុងការដឹកនាំរយៈពេល 4ឆ្នាំរបស់លោកនៅឯក្លិប Barcelona ជឿជាក់ថា បទពិសោធរបស់ក្លិបយក្សអេស្ប៉ាញទាំង2ក្នុងក្របខ័ណ្ឌកំពូលរបស់អឺរ៉ុប ធ្វើឲ្យពួកគេមានប្រៀបជាង Man City។ ការប្រកួតនេះនឹងចាប់ផ្តើមនៅម៉ោង 2:45ទៀបភ្លឺ៕
ប្រភពពី៖ ESPN