ក្រុម Manchester United, Basel, Juventus និង Roma សុទ្ធសឹងបានកក់កៅអីទៅវគ្គ16ក្រុមចុងក្រោយនៃក្របខ័ណ្ឌ Champions League ពីការប្រកួតជុំចុងក្រោយនៃពូលរបស់ពួកគេរៀងៗខ្លួនឯងកាលពីថ្ងៃអង្គារ ខណៈដែលក្រុម Bayern Munich បានបំពេញការសងសឹកយ៉ាងឆ្ងាញ់ដៃលើក្រុម Paris Saint-Germain។
Man United បានយកឈ្នះលើក្រុម CSKA Moscow ក្នុងលទ្ធផល 2-1 នាកីឡដ្ឋាន Old Trafford ដើម្បីបំពេញការឈរលេខ1ក្នុងពូល A ដោយមាន15ពិន្ទុពីការប្រកួត6លើក ខណៈដែលក្រុម Basel ក៏បានកក់កៅអីទៅវគ្គបន្តផងដែរ ក្រោយពីបានផ្តួល Benfica 2-0 ដើម្បីបញ្ចប់ដោយការឈរលេខ2 ក្នុងពូល។
ស្របពេលជាមួយគ្នានេះដែរ ក្រុមម្ចាស់ជើងឯករបស់អ៊ីតាលី Juventus បានឈានទៅវគ្គបន្ត ពីការប្រកួតក្នុងពូល D ក្រោយពីបានកត់ត្រាជ័យជម្នះ 2-0 ពេលប្រកួតជាមួយនឹងក្រុម Olympiakos ក្នុងប្រទេសក្រិក ហើយក្រុម Roma ក៏បានឈានទៅវគ្គបន្តពីការប្រកួតក្នុងពូល C ផងដែរ ក្រោយពីបានកត់ត្រាជ័យជម្នះ 1-0 លើទឹកដីខ្លួនឯង ពេលជួបក្រុម Qarabag។ លទ្ធផលនេះបានធ្វើឲ្យក្រុម Chelsea ធ្លាក់ទៅឈរលេខ2ក្នុងពូល ក្រោយពីត្រឹមតែអាចបញ្ចប់ក្នុងលទ្ធផលស្មើ 1-1 ជាមួយនឹងក្រុម Atletico Madrid ដែលបានធ្លាក់ចេញពីយុទ្ធនាការ។
ចំណែកក្នុងការប្រកួតមួយទៀត ខ្សែបម្រើ Corentin Tolisso បានស៊ុតបាល់បញ្ចូលទី2គ្រាប់ ខណៈដែលក្រុម Bayern Munich បានបំពេញការសងសឹកចំពោះការបរាជ័យកាលពីខែកញ្ញា នៅកីឡដ្ឋាន Paris Saint-Germain តាមរយៈការកត់ត្រាជ័យជម្នះ 3–1 ក្នុងទីក្រុង Munich កាលពីថ្ងៃអង្គារ ប៉ុន្តែ ក្រុមយក្សរបស់បារាំងនៅតែបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ1នៃពូល B ដដែល។
លទ្ធផលនេះ មានន័យថា ក្រុមយក្សបារាំង PSG នឹងបញ្ចប់ក្នុងនាមជាក្រុមឈរលេខ1ក្នុងពូល ដោយសារតែមានគ្រាប់បាល់បញ្ចូលទីច្រើនជាង ក៏ដូចជាការមានកំណត់ត្រានៃការជួបគ្នារវាងក្រុមទាំងពីរល្អជាង ស្របពេលដែលក្រុម Bayern ក៏បានរក្សាមោទនភាពរបស់ខ្លួនដែរ ខណៈដែលពួកគេបានតាមស្មើ15ពិន្ទុជាមួយនឹងក្រុម PSG៕
ប្រភពពី៖ Sky Sports