រដូវកាលសំបុត្រអញ្ជើញអាពាហ៍ពិពាហ៍សម្រុកចូលមកដល់ផ្ទះ និងការិយាល័យបានមកដល់ហើយ ទាំងអ្នកធ្វើការ អ្នករកស៊ី និងរួមទាំងសិស្ស-និស្សិតផងនោះ សុទ្ធតែត្រូវត្រៀមវិធីការពារខ្លួនដើម្បីកុំឱ្យជួបវិបត្តិហិរញ្ញវត្ថុដែលបណ្តាលមកពីការចែករំលែកចំណូលប្រចាំថ្ងៃដើម្បីចូលរួមពីធីមង្គលការទាំងនោះ។
ពាក់ព័ន្ធនឹងបញ្ហានេះ លោក លី សុភារិទ្ធ បុគ្គលិកជាន់ខ្ពស់ក្នុងក្រុមហ៊ុនឯកជនមួយបានលើកឡើងថា ជាការពិតណាស់សម្រាប់អ្នកធ្វើការ ឬអ្នករកស៊ីក៏ដោយ មិនអាចគេចផុតពីការមានទំនាក់ទំនងបានទេ ហើយពិធីមង្គលការជាពិធីមួយដែលត្រូវតែចូលរួម ព្រោះដើម្បីបង្ហាញពីការរាប់អាន និងការផ្តល់កិត្តិយសដល់ក្រុមគ្រួសារសាច់ញាតិ ឬមិត្តភ័ក្តិដែលជាម្ចាស់ដើមការ។ អ្នកដែលមមាញឹកក្នុងការចូលរួមពិធីមង្គលការ ភាគច្រើនជាមនុស្សដែលមានទំនាក់ទំនងល្អ ហើយវាក៏ជាសញ្ញាណល្អមួយដែរ តែអ្នកទាំងនោះក៏អាចប្រឈមនឹងបញ្ហាសំខាន់មួយដែរ នោះគឺវិបត្តិហិរញ្ញវត្ថុផ្ទាល់ខ្លួន។
លោក លី សុភារិទ្ធ បាននិយាយថា៖ «នៅខែដែលមានកម្មវិធីការច្រើន អ្នកណាក៏ដូចជាអ្នកណាដែរតែងតែជួបនឹងបញ្ហារឿងលុយកាក់ខ្លះមិនខាន តែក៏មិនមែនមានន័យថា វាធ្វើឱ្យយើងលំបាកខ្លាំង ហើយគ្មានវិធីដោះស្រាយនោះដែរ»។
លោក សុភារិទ្ធ បានលើកឡើងថា ជាបទពិសោធរបស់លោកនៅខែដែលត្រូវចំណាយច្រើនលើការចូលរួមពិធីមង្គលការ លោកតែងតែកាត់បន្ថយការចំណាយទាំងឡាយណាដែលមិនសូវចាំបាច់។ ជាធម្មតាអ្នកធ្វើការតែងតែឧស្សាហ៍ជួបជុំគ្នាយ៉ាងហោចណាស់មួយខែម្តង ហេតុនេះនៅខែណាដែលមានពិធីការច្រើន យើងអាចបង្វែរការជួបជុំក្រៅផ្លូវការដែលត្រូវចំណាយលុយច្រើននោះ ទៅជួបជុំគ្នានៅក្នុងពីធីមង្គលការវិញម្ដង។ លោកភារិទ្ធ បានបន្ថែមទៀតថា ក្រៅពីនេះ យើងក៏អាចកាត់បន្ថយការចំណាយតាមរយៈការកែច្នៃដំណើរកម្សាន្តនានាតាមវិធីឆ្លាតវៃមួយចំនួន ដូចជាការដើរលេងដោយខ្ចប់អាហារទៅតាម នៅរមណីយដ្ឋានជិតៗជំនួសឱ្យការដើរលេងឆ្ងាយៗ ឬបង្កើតកម្មវិធីជួបជុំគ្រួសារបែបសប្បាយៗតែចំណាយលុយតិច និងបង្កើតភាពកក់ក្តៅ ជំនួសឱ្យការទិញសម្ភារថ្លៃៗ ឬដើរហាងទំនើប។
ស្រដៀងគ្នានេះដែរ លោក ហម សុភី ដែលជាម្ចាស់អាជីវម្មខ្នាតតូចមួយបានលើកឡើងថា សម្រាប់លោកជាអ្នករកស៊ី លោកត្រូវបំពេញកាតព្វកិច្ចជាចាំបាច់ក្នុងការចូលរួមពីធីមង្គលការរបស់អតិថិជន ឬដៃគូអាជីវកម្ម។ ពេលខ្លះការចូលរួមពីធីការ អាចប៉ះពាល់ដល់ចំណូលច្រើនផងដែរប្រសិនបើយើងមិនបានប្រយ័ត្ន ហេតុនេះវិធីសាស្ត្រដើម្បីដោះស្រាយគឺ ធ្វើយ៉ាងណាកាត់បន្ថយការជួបជុំនានាក្រៅផ្លូវការ និងកាត់បន្ថយការទិញសម្ភារថ្មីៗដែលមិនចាំបាច់មួយចំនួន។ លោកថា ជាធម្មតាទេ ការរស់នៅក្នុងសម័យនេះគឺត្រូវការសម្ភារនិយមខ្លះ និងពេលដែលចូលរួមពិធីនានានេះហើយជាឱកាសដែលយើងត្រូវបង្ហាញរបស់ទាំងអស់នោះ តែពេលខ្លះបើគិតបកមកវិញ បើយើងកាត់បន្ថយការទិញទូរស័ព្ទទំនើបៗដែលមិនសូវចាំបាច់ ឬការផ្លាស់ប្តូររបស់ដែលអាចប្រើបានមួយចំនួនអាចធ្វើឱ្យយើងសល់លុយច្រើន ហើយមិនសូវមានបញ្ហាលុយកាក់នោះទេ៕