(សហរដ្ឋអាម៉េរិក)- យន្តហោះអគ្គិសនី Dragon ដែលមានស្លាបកង្ហារចំនួន 8 និងល្បឿន 101 គីឡូម៉ែត្រ/ម៉ោង ត្រូវបានលក់ក្នុងតម្លៃ 99 ពាន់ដុល្លារអាម៉េរិក។
ក្រុមហ៊ុនផលិតឧទ្ធម្ភាគចក្រអាម៉េរិក RotorX បានចូលប្រលូកក្នុងការប្រកួតលើវិស័យយន្តហោះអគ្គិសនី (eVTOL) ផ្ទាល់ខ្លួន ដែលអាចហោះឡើង និងចុះចតដោយត្រង់ ជាមួយនឹងម៉ូដែលយន្តហោះដែលមានស្លាប់កង្ហារច្រើន ឈ្មោះ Dragon នេះបើតាម New Atlas ចុះផ្សាយកាលពីថ្ងៃទី 08 ធ្នូ។
យន្តហោះ Dragon អាចដឹកទម្ងន់បាន 113 គីឡូក្រាម អាចត្រូវបានបញ្ជាដោយចង្កូត អាចហោះបណ្ដែតខ្លួនដោយស្វ័យប្រវត្ត និងចុះចតដោយស្វ័យប្រវត្ត។ យន្តហោះនេះបំពាក់ម៉ូទ័រអគ្គិសនី 16 kW សម្រាប់កង្ហារនីមួយ។ ដើម្បីធានាសុវត្ថិភាព ក្រុមហ៊ុន RotorX ក៏បានបំពាក់ឆត្រយោងមួយផងដែរ។ អ្នកបើកបរមិនបាច់មានបណ្ណបើកបរឡើយ។
ដូចទៅនឹង Jetson One របស់ ក្រុមហ៊ុនស៊ុយអែត យន្តហោះ Dragon អាចហោះក្នុងមួយជើងបានរយៈពេលប្រហែល 20 នាទី និងមានល្បឿន 101 គីឡូម៉ែត្រ/ម៉ោង។ អ្នកទិញយន្តហោះ Dragon នឹងទទួលបានឧបករណ៍សម្រាប់ដំឡើង ឬរុះរើដោយខ្លួនឯង។ ប៉ុន្តែ ក៏អាចទៅកាន់ទីស្នាក់ការ Advanced Tactics នៅ California ដើម្បីដំឡើងយន្តហោះ និងទទួលការបណ្ដុះបណ្ដាលផងដែរ។
RotorX នឹងចាប់ផ្ដើមប្រគល់ទំនិញដល់អតិថិជននៅខែសីហា 2023។ ខណៈដែលតម្លៃរបស់ Jetson One គឺ 92,000 ដុល្លារអាម៉េរិក តម្លៃលក់តាមការគ្រោងទុនរបស់ Dragon គឺ 99,000 ដុល្លារ។ ប៉ុន្តែ RotorX កំពុងទទួលការបញ្ជាទិញជាមុនដោយតម្លៃកក់ 19,500 ដុល្លារ និងតម្លៃលក់ដំបូងត្រឹមតែ 85,000 ដុល្លារប៉ុណ្ណោះ៕