គេហទំព័ររបស់ផ្សារមូលបត្រ New York (NYSE) បានឱ្យដឹងថា ភាគហ៊ុនរបស់ក្រុមហ៊ុន Twitter Inc នឹងត្រូវបានផ្អាកការជួញដូរបណ្ដោះអាសន្ននៅក្នុងថ្ងៃទី 28 តុលា 2022។
ការផ្អាកខាងលើនេះគឺត្រូវនឹងថ្ងៃចុងក្រោយនៃការកំណត់របស់តុលាការដែលបានតម្រូវឱ្យមហាសេដ្ឋី អ៊ីឡុន ម៉ាស (Elon Musk) បង្ហើយកិច្ចការទិញបណ្ដាញសង្គម Twitter ទៅតាមការសន្យា។
លោក ម៉ាស បានទៅធ្វើទស្សនកិច្ចទីស្នាក់ការកណ្ដាលរបស់ Twitter នៅទីក្រុង San Francisco សហរដ្ឋអាម៉េរិក កាលពីថ្ងៃទី 26 តុលា និងបានធ្វើបច្ចុប្បន្នភាពព័ត៌មានផ្ទាល់ខ្លួនរបស់លោកនៅលើបណ្ដាញសង្គមនេះទៅជា Chief Twit (ប្រធានក្រុមហ៊ុន Twitter) ផងដែរ។
Wall Street Journal បានផ្សាយថា ធនាគារនានាបានចាប់ផ្ដើមផ្ទេរប្រាក់ 13 ពាន់លានដុល្លារដើម្បីឱ្យលោក ម៉ាស ទិញ Twitter។ នេះគឺជាសញ្ញាថ្មីបំផុតដែលបង្ហាញថា ការទិញដូរដែលមានតម្លៃ 44 ពាន់លានដុល្លារនេះអាចសម្រេចបានជាស្ថាពរនៅចុងសប្ដាហ៍នេះ ក្រោយការប្រែប្រួលអស់ច្រើនខែ។