ក្រុមហ៊ុន ខាំ-ផែន ថ្នាំ​ពណ៌​ជាតិ ចូលរួម​យ៉ាងសកម្ម​ក្នុងការ​បរិច្ចាគ​ថវិកា​ជួយ​មន្ទីរពេទ្យ​កុមារ​អង្គរ និង​អង្គការ PSE

ស្ថិតនៅក្នុង​គោលបំណង​ចូលរួមចំណែក​ជួយ​ដល់​ការងារ​សង្គមជាតិ​កម្ពុ​ជា ក៏ដូចជា​ការជួល​សម្រាល​ដល់​ភាពលំបាក​របស់​ពលរ​ដ្ឋ​ទូទៅ​នោះ ជា​រៀងរាល់ឆ្នាំ ក្រុមហ៊ុន ខាំ-ផែន ថ្នាំ​ពណ៌​ជាតិ (CAMBODIAN CHEMICAL SUPPLY CO., LTD) តែង​បាន​បង្កើត​កម្មវិធី​បរិ​ច្ចាគ​ថវិកា​មូល​និ​ធី​ដែល​បង្កើតឡើង​ដោយ​ក្រុមហ៊ុន​ផ្ទាល់​ជូន​ដល់​មន្ទីរពេទ្យ អង្គការ​ក្នុងស្រុក ក៏ដូចជា​សហគមន៍​នានា​ជា​ហូរហែ។

ជាក់ស្ដែង កាលពី​ថ្ងៃទី12 ខែកញ្ញា ឆ្នាំ2017 កន្លងទៅនេះ ក្រុមហ៊ុន បាន​នាំយក​ថវិកា​ចំនួន 12,017 ដុល្លារ ផ្តល់ជូន​ដល់​មន្ទីរពេទ្យ​កុមារ​អង្គរ ដែលមាន​ទីតាំងនៅ​ក្រុង​សៀមរាប ដើម្បី​ជួយ​សម្រាល​បន្ទុក និង​ទ្រទ្រង់​ដល់​មន្ទីរពេទ្យ​ក្នុងការ​ពិនិត្យ ព្យាបាល​ជំងឺ​ដល់​កុមារ​កម្ពុជា ដែល​មិនមាន​លទ្ធភាព ។ បន្ថែម​ពីនេះ នៅ​ថ្ងៃទី15 ខែ​ឆ្នាំ​ដដែល ក្រុមហ៊ុន រួមជាមួយ​បុគ្គលិក និង​ថ្នាក់ដឹកនាំ បាន​បន្ត​នាំយក​ថវិកា​មូល​នី​ធិ​ចំនួន 22,017 ដុល្លារ ទៅ​ឧបត្ថម្ភ​ដល់​អង្គការ​ដើម្បី​ភាព​ញញឹម​នៃ​កុមារ ដែលមាន​ទីតាំង​ស្ថិតនៅ​ឃុំ​ទី12 ភូមិ​ទ្រា សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។

លោក សោម សម្បត្តិ នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន ខាំ-ផែន បាន​លើកឡើងថា សម្រាប់​ថវិកា​ខាងលើនេះ ថ្វី​ត្បិត​មាន​ចំនួន​តិចតួច មិនអាច​ទ្រទ្រង់​នូវ​បន្ទុក​នៃ​ការចំណាយ​របស់​មន្ទីរ​ពេទ្យ​កុមារ​អង្គរ ក៏ដូចជា​ការចំណាយ​យ៉ាង​សន្ធឹកសន្ធាប់​របស់​អង្គការ​ដើម្បី​ភាព​ញញឹម​នៃ​កុមា ប៉ុន្តែ​វា​ជាការ​ឆ្លុះ​បង្ហាញឱ្យឃើញ​ពី​ទឹកចិត្ត​របស់​ថ្នាក់ដឹកនាំ បុគ្គលិក ក៏ដូចជា​អតិថិជន​ទាំងអស់​របស់​ក្រុមហ៊ុន ខាំ-ផែន ថ្នាំ​ពណ៌​ជាតិ ក្នុងការ​លះបង់​ធនធាន​ផ្ទាល់ខ្លួន ដើម្បី​ចូលរួមចំណែក​ក្នុង​ការងារ​សង្គមជាតិ ហើយក៏​ចង់​ធ្វើឱ្យ​សកម្មភាព​មួយ​នេះ​ក្លាយទៅជា​គំរូ និង​វប្បធម៌​មួយ​សម្រាប់​សហគ្រាស​អាជីវ​កម្មដ​ទៀត​នៅក្នុង​ប្រទេស​កម្ពុជា​ផងដែរ។

លោក សោម សម្បត្តិ បាន​បញ្ជាក់ថា ៖ « ដោយសារ​កាលពី​ឆ្នាំមុន មាន​មន្ត្រី​ផ្នែក​ទំនាក់ទំនង​របស់​មន្ទី​រ​ពេទ្យ​កុមារ​អង្គរ បានធ្វើ​ទស្សនកិច្ច​នៅ​ក្រុមហ៊ុន​ ខាំ-ផែន ហើយ​បានបង្ហាញ​ឱ្យ​ក្រុមហ៊ុន​បាន​យល់ច្បាស់​ពីស​កម្មភាពល្អៗជាច្រើន​ដែល​មន្ទីរពេទ្យ​នេះ​បានធ្វើ ដូចជា ការជួយ​ព្យាបាល​ដោយ​មិន​គិត​កម្រៃ​ដល់​កុមារ​ក្រីក្រ​រាប់រយ​ពាន់​នាក់​ក្នុងមួយឆ្នាំៗ ការផ្តល់សេវា​ថែទាំ​សុខភាព​តាម​ភូមិ និង​បណ្តុះបណ្តាល​លើ​ការថែទាំ​សុខភាព​ដល់​ប្រជាពលរដ្ឋ ។ល។ បើ​ពុំមាន​វត្តមាន​របស់​ម​ន្ទីរ​ពេទ្យ​នេះ​ទេ មិនដឹងថា​វាសនា​របស់​ក្មេង​ក្នុង​គ្រួសារ​ដែល​ពុំមាន​លទ្ធភាព​នាំ​កូន​ទៅ​ព្យាបាល​នៅតាម​មន្ទីរពេទ្យ​ឯកជន​រាប់ម៉ឺន​នាក់​នោះ នឹងត្រូវ​ជួបប្រទះ​ផល​លំបាក​យ៉ាងណា​នោះទេ។

ដោយហេតុនេះ ទើប​ឆ្នាំនេះ ក្រុមហ៊ុន ខាំ-ផែន និង​អតិថិជន​ទាំងអស់​របស់​ក្រុមហ៊ុន សម្រេចចិត្តថា​ត្រូវតែ​យក​ថវិកា​មួយចំនួនធំ មក​បរិច្ចាក​ជួយ​ដល់​មន្ទីរពេទ្យ​កុមារ​អង្គរ​នេះ ហើយនឹង​នៅ​បន្ត​ជួយ​ទៅ​ឆ្នាំខាងមុខៗទៀត»។ ដោយឡែក សម្រាប់​ការផ្តល់ជូន​ថវិកា​មូល​នី​ធិ​ដល់​អង្គការ​ដើម្បី​ភាព​ញញឹម​នៃ​កុមារ (PSE) ក៏​ជា​ចូលរួមចំណែក​ក្នុងការ​ចែករំលែក​នូវ​ទុក្ខលំបាក និង​គាំទ្រ​ដល់​សកម្មភាព ប្រតិបត្តិការ​របស់​អង្គការ​មួយ​នេះដែរ។ លោក សោម សម្បត្តិ បានបញ្ជាក់​ទៀតថា ៖ «ខ្ញុំ​បាន​ស្គាល់ និង​ចូលរួម​ជួយឧបត្ថម្ភ​ដល់​អង្គការ PSE នេះ តាំងពី​ខ្ញុំ​នៅ​ធ្វើការ​អោយគេ​ម្លេះ រហូតដល់​ខ្ញុំ​ចាប់ផ្តើម​អាជីវកម្ម​ខ្លួនឯង ក៏​នៅតែ​បន្ត​ជួយ ដោយ​ខ្ញុំ​យល់ថា អង្គការ​នេះ​ជា​កន្លែង​ដ៏​ល្អ​បំផុត​មួយ​ដែល​បាន​កសាង​មនុស្ស​ល្អ និង​មាន​សមត្ថភាព​សម្រាប់​ស​ង្គ​ម​ជាតិ។

ការចូលរួម​របស់​យើង​រួមមាន ៖ ការឧបត្ថម្ភ​ជា​ថវិកា​ក្នុង​កម្មវិធី​នានា ដែល​អង្គការ​នេះ​រៀបចំឡើង​ដូចជា កម្ម​វី​ធី​តាំង​ពិ​ពណ៌​ម្ហូបអាហារ​សប្បុរសធម៌​រាល់​ឆ្នាំ កម្មវិធី Gala Dinner, កម្មវិធី Rice to School, ។ល។ លើសពីនេះ យើង​ក៏បាន​ឧបត្ថម្ភ​ជា​ថវិកា​ដល់​ក្រុម​សិល្បៈ​ផ្នែក​របាំ​ត្រុដិ​នៃ​អង្គការ​នេះ​ជា​រៀងរាល់ឆ្នាំ ការបរិច្ចាគ​ថ្នាំ​ពណ៌​សម្រាប់​លាប​អគារសិក្សា។ ក្រៅពី​ថវិកា យើង​ក៏បាន​ចូលរួម​យ៉ាងសកម្ម​ក្នុង​សកម្មភាព​សិក្សា​របស់​សិស្ស តាមរយៈ​ការចូលរួម​ធ្វើជា​វាគ្មិន​ចែករំលែក​ចំណេះដឹង​និង​បទពិសោធន៍​ដល់​សិស្ស ការចូលរួម​ប្រជុំ​គណៈកម្មការ​នាយ​ករប​ស់​សាលា​សំណង់ និង​សាលា​ពាណិជ្ជកម្ម និង​ទទួល​ទស្ស​កិច្ច​សិក្សា និង​កម្មសិក្សា​សម្រាប់​សិស្ស​និស្សិត​ពី​អង្គការ​នេះ​ផងដែរ។

ក្នុង​រយៈកាល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ ក្រុមហ៊ុន​យើង​បានរៀបចំ​កម្មវិធី​ជប់លៀង​ថ្លែងអំណរគុណ​ដល់ អតិថិជន របស់​យើង​នៅ​គ្រប់​ខេត្ត​ក្រុង​ទូទាំងប្រទេស​ជា​រៀងរាល់ឆ្នាំ ហើយ​នៅក្នុង​កម្មវិធីនីមួយៗ មាន​អតិថិជន​មួយចំនួន​ចង់​ចូលរួម​ជា​ថវិកា​មក​ក្រុមហ៊ុន​សម្រាប់​ជួយ​ទូទាត់​ចំណាយ តែ​ក្រុមហ៊ុន​មិនមាន​បំណង​ទទួល​ពី​ពួកគាត់​ទេ ដូច្នេះ​យើង​ក៏បាន​គិតដល់​ការ​បង្កើតជា​មូលនិធិ​រួមគ្នា​រវាង​ក្រុមហ៊ុន​ជា មួយ​អតិថិជន​របស់​យើង ដើម្បី​បរិច្ចាគ​ជូន​ដល់​អង្គការ PSE ទុក​ប្រើ​ជា​ប្រយោជន៍​ដល់​កុមារ​ក្នុង​មណ្ឌល។ ជាក់ស្តែង​កាលពី​ឆ្នាំ 2015 យើង​បាន​បរិច្ចាក​ជូន​អង្គការ PSE ជាង 8,000 ដុល្លារ ឆ្នាំ 2016 ចំនួន 18,000 ដុល្លារ ហើយ​ឆ្នាំនេះ យើង​បាន​ឧបត្ថម្ភ​ថវិកា​ចំនួន 22,017 ដុល្លារ​ថែមទៀត» ។

គួរ​រំលឹក​ផងដែរ​ថា ក្រុមហ៊ុន ខេ​ម​បូ​ឌា​ន ខេ​មី​ខ​ល សឹ​ប​ផ្លា​យ (ខាំ-ផែន) ជា​ក្រុមហ៊ុន​ផលិត​ថ្នាំ​ពណ៌​របស់​ខ្មែរ ដែល​បាន​ផ្តើមចេញពី​សិប្បកម្ម​ដ៏​តូច​មួយ​នៅក្នុង​ឆ្នាំ 2004 ហើយ​បច្ចុប្បន្ន​បាន​ក្លាយជា​រោងចក្រ​ផលិត​ថ្នាំ​ពណ៌​របស់​ខ្មែរ​ធំជាងគេ​ក្នុងប្រទេស​កម្ពុជា ខណៈដែល​មានការ​គាំទ្រ​ពី​សំណាក់​ប្រជាជន​ខ្មែរ​នៅ​ទូទាំងប្រទេស។ ក្រៅពី​ការធ្វើ​អាជីវកម្ម​ដើម្បី​ប្រាក់ចំណេញ ក្រុមហ៊ុន​ក៏បាន​ចូលរួមចំណែក​យ៉ាងសកម្ម​ក្នុង​សកម្មភាព​សង្គម​រួមមាន​ដូចជា ៖ រាល់​សារធាតុ​គីមី ដែល​អាច​ប៉ះពាល់​ដល់​សុខភាព​មនុស្ស និង​បរិស្ថាន គឺ​ក្រុមហ៊ុន​មិន​នាំចូល​មកប្រើប្រាស់​ជាដាច់ខាត។ ក្រុមហ៊ុន​បាន​ប្តេជ្ញា​ជួល​បុគ្គលិក​ជា​ជនជាតិខ្មែរ 100% ដើម្បី​ចូលរួមចំណែក​ក្នុង​ការកសាង និង​អភិវឌ្ឍ​ធនធានមនុស្ស​ក្នុងប្រទេស​កម្ពុជា និង​ព្យាយាម​ចូលរួម​ជួយ​ជ្រោមជ្រែង​រាល់​សកម្មភាព​ដែលនាំឱ្យ​មានការ​រីកចម្រើន​លើ​វិស័យ​អប់រំ ទេសចរណ៍ និង​សហគ្រាស​ខ្នាតតូច និង​មធ្យម​នៅក្នុង​ប្រទេស​កម្ពុជា​តាម​រយៈ​ការជួយឧបត្ថម្ភ​ដល់​អង្គការ និង​សមាគមន៍​នានា ៕

Advertisement