ស្រីលង្កា ដាក់​ប្រទេស​ក្នុងស្ថានភាព​ប្រកាសអាសន្ន 

ប្រធានាធិបតី Rajapaksa សម្រេចចិត្ត​ដាក់​ប្រទេស​ស្រីលង្កា ក្នុងស្ថានភាព​ប្រកាសអាសន្ន អនុញ្ញាតឱ្យ​ដាក់ពង្រាយ​កងទ័ព​ដើម្បី​ជួយ​ដល់​កម្លាំង​ប៉ូលិស​ក្នុង​ការរក្សា​សណ្ដាប់ធ្នាប់។

ការសម្រេចចិត្ត​ខាងលើ​ត្រូវបាន​ធ្វើឡើង​កាលពី​ថ្ងៃទី ៦ ឧសភា ដើម្បី​ធានា​សន្តិសុខ​សណ្ដាប់ធ្នាប់​សាធារណៈ បន្ទាប់ពី​ហាង​នានា​ត្រូវបាន​បិទ និង​ចរាចរណ៍​ត្រូវ​រាំងស្ទះ​ដោយសារ​បាតុកម្ម។ អ្នកនាំពាក្យ​ម្នាក់​របស់​ប្រធានាធិបតី Rajapaksa ឱ្យដឹងថា ស្ថានការណ៍​ប្រកាសអាសន្ន​នេះ​នឹង​ត្រូវបាន​អនុវត្ត​ចាប់ពី​ពាក់​កណ្ដាលយប់។

នេះ​គឺជា​លើក​ទី​ពីរ​ហើយ​ដែល ស្រីលង្កា បានដាក់​ប្រទេស​ក្នុង​ស្ថានការណ៍​ប្រកាសអាសន្ន ក្នុងអំឡុង ៥ សប្ដាហ៍​មកនេះ ក្នុងនោះ លើកទីមួយ​ត្រូវបាន​ប្រកាស​កាលពី​ថ្ងៃទី ១ មេសា និង​បញ្ចប់​នៅ​ថ្ងៃទី ១៤ មេសា ក្រោយពី​ហ្វូង​បាតុករ​រក​វិធី​សម្រុកចូល​ផ្ទះ​របស់ ប្រធានាធិបតី។

បទបញ្ជា​ខាងលើ​អនុញ្ញាតឱ្យ​កងកម្លាំង​សន្តិសុខ​ចាប់ និង​ឃាត់ខ្លួន​ជនសង្ស័យ​ក្នុង​រយៈពេល​យូរ ដោយ​មិន​ត្រូវបាន​ត្រួតពិនិត្យ​ដោយ​ស្ថាប័ន​យុត្តិធម៌ និង​អនុញ្ញាតឱ្យ​ដាក់ពង្រាយ​កងទ័ព សម្រាប់​ជួយ​ដល់​កម្លាំង​ប៉ូលិស ដើម្បី​រក្សា​សន្តិសុខ និង​សណ្ដាប់ធ្នាប់​សាធារណៈ។

ប៉ូលិស​ស្រីលង្កា កាលពី​ថ្ងៃទី ៦ ឧសភា បាន​ប្រើប្រាស់​គ្រាប់​បែកផ្សែង​បង្ហូរទឹកភ្នែក និង​ឡាន​បាញ់​ទឹក ដើម្បី​បំបែកហ្វូង​បាតុករ​ដែល​ព្យាយាម​ចូលទៅក្នុង​វិមាន​សភា ដើម្បី​ស្នើឱ្យ​លោក Rajapaksa ចុះ​ចេញពី​តំណែង។ មនុស្ស​រាប់ពាន់នាក់ ប្រមូលផ្ដុំ​គ្នា​នៅ​ខាងក្រៅ​ការិយាល័យ​របស់​ប្រធានាធិបតី ខណៈដែល​បាតុករ​ច្រើន​ក្រុម​ផ្សេងទៀត រក​វិធី​សម្រុកចូល​ផ្ទះ​របស់​ក្រុមមន្ត្រីសំខាន់។

ក្នុង​ថ្ងៃ​ដដែល កម្មករ កម្មការិនី រាប់ពាន់នាក់​នៅ ស្រីលង្កា បានធ្វើ​កូដកម្ម នាំឱ្យ​សេវាកម្ម​តាមផ្លូវ​ដែក និង​រថយន្តក្រុង​សាធារណៈ​ត្រូវ​រាំងស្ទះ។ សេវាកម្ម​រថយន្តក្រុង​ឯកជន​ដែលមាន ២/៣ នៃ​សេវា​រថយន្តក្រុង​សរុប​នៅ​ប្រទេស​នេះ​ក៏​មិន​ដំណើរការ។

ក្រុមបាតុករ​បាន​ទម្លាក់កំហុស​លើ ប្រធានាធិបតី Rajapaksa និង​ក្រុមមន្ត្រី​របស់លោក ទាក់ទិន​នឹង​កំហុសឆ្គង​ក្នុងការ​គ្រប់គ្រង​សេដ្ឋកិច្ច បង្កឱ្យមាន​បញ្ហា​ដាច់​ភ្លើង ខ្វះ​ស្បៀងអាហារ ឥន្ធនៈ និង​ថ្នាំពេទ្យ​យ៉ាងធ្ងន់ធ្ងរ ក្នុង​រយៈពេល​ច្រើន​ខែ។

ប្រធានាធិបតី​របស់ ស្រីលង្កា ប្រកាសថា លោក​នឹងមិន​ចុះ​ចេញពី​តំណែង​ឡើយ បើ​ទោះ​បាតុកម្ម​ចេះតែ​ធំ​ឡើង​ពីមួយថ្ងៃ​ទៅមួយថ្ងៃ។

ស្រីលង្កា កាលពី​ថ្ងៃទី ១២ មេសា ២០២២ បានប្រកាស​ក្ស័យធន និង​មិនមាន​លទ្ធភាព​សងបំណុល​បរទេស​ចំនួន ៥១ ពាន់​លាន​ដុល្លារ​អាម៉េរិក ព្រមទាំង​បានស្នើ​ឱ្យ មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ (IMF) ផ្ដល់ជំនួយ​ផងដែរ៕

លោក Mahinda Rajapaksa

 

Advertisement