សម្ដេច​តេ​ជោ អបអរសាទរ​ខួប 30 ឆ្នាំ នៃ​កិច្ចព្រមព្រៀង​សន្តិភាព ទីក្រុង​ប៉ារីស

សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បាន​សម្ដែង​ការអបអរសាទរ ខួប 30 ឆ្នាំ​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស 23 តុលា 1991 – 23 តុលា 2021។

ការសម្ដែង​ការអបអរសាទរ​នេះ ត្រូវបាន​ធ្វើឡើង​នៅ​ព្រឹក​ថ្ងៃទី 23 ខែតុលា ឆ្នាំ 2021 តាមរយៈ​ទំព័រ Facebook ផ្លូវការ​របស់ សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី។ ថ្ងៃទី 23 ខែតុលា ឆ្នាំ 2021 នេះ គឺជា​ខួប 30 ឆ្នាំ នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស 23 តុលា ឆ្នាំ 1991។

កាលពី 30 ឆ្នាំមុន ពោលគឺ​នៅ​ថ្ងៃទី 23 ខែតុលា ឆ្នាំ 1991 ភាគី​ទាំង 4 របស់ កម្ពុជា រួមមាន ចលនា​តស៊ូ​ហ្វ៊ុនស៊ិនប៉ិច ដែល​តំណាង​ដោយ​សម្តេចព្រះ នរោត្តម សីហនុ និង​សម្តេចក្រុមព្រះ នរោត្តម រណ​ប្ញ​ទ្ឋិ, សម្តេច​តេ​ជោ ហ៊ុន សែន តំណាងឱ្យ​រដ្ឋាភិបាល​ក​ម្ពុ​ជា, រណសិរ្ស​ជាតិ​រំដោះ​ប្រជាពលរដ្ឋ​ខ្មែរ ដែល​តំណាង​ដោយ សម្ដេច​បវរ​សេដ្ឋា​ធិបតី សឺ​ន សាន និង ក្រុម​ចលនា​កម្ពុជា​ប្រជាធិបតេយ្យ (ប៉ុលពត) តំណាង​ដោយ លោក ខៀវ សំផន បាន​ឈានទៅ​ចុះហត្ថលេខា លើ​កិច្ចព្រមព្រៀង​សន្តិភាព នៅ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង ដោយមាន​វត្តមាន​សាក្សី​មកពី 18 ប្រទេស រួមទាំង​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ (UN) ផងដែរ ដើម្បី​បញ្ចប់​សង្គ្រាមស៊ីវិល​នៅ កម្ពុជា។

(ពីឆ្វេងទៅស្ដាំ) លោក ខៀវ សំផន, សម្ដេចបវរសេដ្ឋាធិបតី សឺន សាន, សម្តេចព្រះ នរោត្តម សីហនុ, លោក រ៉ូឡិនឌូម៉ា (Roland Dumas) រដ្ឋមន្ត្រីក្រសួងការបរទេសបារាំង, និង សម្ដេច ហ៊ុន សែន

កិច្ចព្រមព្រៀង​នាទី​ក្រុងប៉ារីស 23 តុលា ត្រូវបាន​ផ្ដួចផ្ដើម​ដោយ​ជំនួប​ដំបូង​រវាង អតីតព្រះមហាក្សត្រ​ខ្មែរ សម្តេចព្រះ នរោត្តម សីហនុ ជាមួយនឹង សម្តេច ហ៊ុន សែន នៅ​ប្រទេស​បារាំង ដែល​ការចរចា​នេះ​ត្រូវបាន​ហៅថា «ជំនួប​ចរចា សីហនុ-ហ៊ុន សែន នៅ FERE-EN-TARDENOIS ថ្ងៃទី 02-04 ខែធ្នូ ឆ្នាំ1987)។

ការចរចា​ដំបូង​ខាងលើ បាន​បើកផ្លូវ​ឱ្យមាន​ការចរចា​ជា​បន្តបន្ទាប់ រហូតដល់​មាន​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស 23 តុលា ឆ្នាំ 1991 ដែលជា​ការត្រួសត្រាយ​ផ្លូវ នាំទៅរក​សន្តិភាព​ពេញលេញ​នៅ កម្ពុជា៕

Advertisement