កម្ពុជា ចាប់ផ្ដើម​រឹតបន្តឹង​លើ​ការគ្រប់គ្រង​ក្រុម​ឧ​កញ៉ា

រាជរដ្ឋាភិបាល កម្ពុជា បានចេញ​សេចក្តីសម្រេច ស្តីពី​ការបង្កើត​ក្រុមការងារ​អន្តរក្រសួង ដើម្បី​សិក្សា រៀបចំ​លិខិតបទដ្ឋាន​គតិយុត្ត សម្រាប់​ការគ្រប់គ្រង​ក្រុម​ឧកញ៉ា ឱ្យមាន​ប្រសិទ្ធភាព​ជាង​បច្ចុប្បន្ន។

ក្រុមការងារ​អន្តរក្រសួង​នេះ មាន​សមាសភាព​ចំនួន 12រូប ដែលមាន ឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​ជា​ប្រធាន និង​មាន​អនុប្រធាន និង​សមាជិក 11រូប​ផ្សេងទៀត មកពី​បណ្តា​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធផ្សេង។ នេះ​បើតាម​សេចក្ដីសម្រេច​របស់ សម្ដេច​តេ​ជោ ហ៊ុន សែន ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា។

ក្រុមការងារ​ខាងលើនេះ មាន​ភារកិច្ច សិក្សា​ស្រាវជ្រាវ ផ្តួចផ្តើម​ក្នុងការ​បង្កើត​លិខិតបទដ្ឋាន​គតិយុត្ត​សម្រាប់​បម្រើ​ដល់​ការផ្តល់​គោរមងារ​ឧកញ៉ា និង​ការដកហូត​គោរមងារ​ឧកញ៉ា។ ក្រុមការងារ​អន្តរក្រសួង​នេះ ក៏ត្រូវ​សិក្សា​អំពី​សិទ្ធិ និង​កាតព្វកិច្ច​របស់​ឧកញ៉ា ក្នុងការ​ចូលរួម​កិច្ចការ​សង្គម ធ្វើការ​ពិគ្រោះ​យោបល់ ជាមួយ​បណ្តា​ក្រសួង ស្ថាប័ន អាជ្ញាធរ រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ និង​វិស័យ​ឯកជន​ពាក់ព័ន្ធ ដើម្បី​ប្រមូល​ព័ត៌មាន​បម្រើឱ្យ​ការរៀបចំ។

ក្រុម​ការ​ងារ​ថ្មី​នេះ​ ក៏​នឹង​ត្រូវ​ធ្វើ​របាយការណ៍​អំពី​វឌ្ឍនភាព នៃ​ការងារ​ជូន សម្តេច​ក្រឡាហោម ស ខេង ឧបនាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ដើម្បី​ពិនិត្យ សម្រេច និង​ផ្តល់យោបល់​ដឹកនាំ រួម​នឹង​ការ​​រៀបចំ​ឯកសារ​ពាក់ព័ន្ធ ជូន​រាជរដ្ឋាភិបាល ដើម្បី​ពិនិត្យ សម្រេច និង បំពេញភារកិច្ចផ្សេងៗទៀត តាម​ការចាំបាច់។

អនុប្រធាន និង​សមាជិក​ក្រុមការងារ​អន្តរក្រសួង​នេះ ត្រូវ​ចូលរួម​ប្រជុំ​តាម ការកោះអញ្ជើញ និង​ទទួល​ភារកិច្ច​តាម​ការចាត់ចែង របស់​ប្រធាន​ក្រុមការងារ។ ក្រុមការងារ​នេះ មាន​សិទ្ធិ ប្រើប្រាស់​មន្ត្រីក្រោមឱវាទ​របស់ខ្លួន ដើម្បី​ជួយ​ការងារ​តាម​តម្រូវការ​ចាំបាច់ និង​អាច​ប្រើប្រាស់​ត្រា របស់​ក្រសួងមហាផ្ទៃ ដើម្បី​ចាត់ចែង​ការងារ​របស់ខ្លួន។ នេះ​បើតាម​សេចក្តីសម្រេច​របស់ ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា៕

ប្រភព៖ ក្រសួង​ព័ត៌មាន
ដកស្រង់​៖ បុត្រា

Advertisement