Tag: UN

  • រ៉ុក្កែត​ប្រើប្រាស់​ឥន្ធនៈ​មេតាន​ដំបូង​គេ​លើ​ពិភពលោក ត្រូវបាន​បាញ់​បង្ហោះ​ដោយ​ជោគជ័យ

    រ៉ុក្កែត​ប្រើប្រាស់​ឥន្ធនៈ​មេតាន​ដំបូង​គេ​លើ​ពិភពលោក ត្រូវបាន​បាញ់​បង្ហោះ​ដោយ​ជោគជ័យ

    រ៉ុក្កែត Zhuque-2 របស់​ក្រុមហ៊ុន​ចិន Landspace បាន​ហោះ​ឡើង​ពី​មជ្ឈមណ្ឌល​បាញ់​បង្ហោះ​ផ្កាយរណប Jiuquan នៅ​សមុទ្រ​ខ្សាច់ Gobi កាលពី​ព្រឹក​ថ្ងៃទី 12 កក្កដា 2023។

    អង្គភាព​អវកាស​អាម៉េរិក​បានបញ្ជាក់​អំពី​សេចក្ដីប្រកាស​របស់​ចិន ស្ដីពី​ការបាញ់​បង្ហោះ​រ៉ុក្កែត​ឥន្ធនៈ​មេតាន Zhuque-2 ឡើងដល់​គន្លង​គោចរ។ នេះ​គឺជា​ជោគជ័យ​របស់ Zhuque-2 ដោយសារ​កាលពី​ថ្ងៃទី 14 ធ្នូ 2022 រ៉ុក្កែត​នេះ​បានទទួល​បរាជ័យ និង​ធ្វើឱ្យ​បាត់បង់​ផ្កាយរណប 14 គ្រឿង។

    មេតាន​ត្រូវបាន​គេ​សរសើរ​ថា​ជា​ឥន្ធនៈ​ដែល​បំ​ភាយ​ឧស្ម័ន​ពុល​កម្រិត​ទាប បើ​ធៀប​នឹង​ឥន្ធនៈ​ដែល​រ៉ុក្កែតផ្សេងៗកំពុង​ប្រើប្រាស់។

    ក្រុមហ៊ុន​អាម៉េរិក​ជាច្រើន​ក៏​កំពុងតែ​អភិវឌ្ឍ​រ៉ុក្កែត​មេតាន ក្នុងនោះ​ក៏មាន SpaceX, Blue Origin, Rocket Lab, United Launch និង Relativity Space ជាដើម។

    ប្រទេស​ចិន និង​ក្រុមហ៊ុន​អវកាស​ឯកជន​របស់​ប្រទេស​នេះ កំពុង​ទទួលបាន​ជោគជ័យ​ជា​បន្តបន្ទាប់​នៅក្នុង​ការបាញ់​បង្ហោះ​នានា និង​បាន​បំពេញបេសកកម្ម​ឡើងទៅ​កាន់​គន្លង​គោចរ​ចំនួន 54 លើក នៅក្នុង​ឆ្នាំ 2022 ហើយ​ឆ្នាំនេះ ពួកគេ​គ្រោង​នឹង​សម្រេច​ឱ្យបាន​ជាង 60 លើក។

    ដោយឡែក ក្រុមហ៊ុន​អាម៉េរិក SpaceX គឺជា​ទីភ្នាក់ងារ​អវកាស​ដែល​មមាញឹក​នឹង​ការងារ​ជាងគេ​របស់​សហរដ្ឋ​អាម៉េរិក ដោយបាន​បាញ់​បង្ហោះ​រ៉ុក្កែត​ទៅកាន់​អវកាស​ចំនួន 61 លើក កាលពី​ឆ្នាំ 2022៕

  • ភាពយន្ត​រឿង​អាម៉េរិក​មួយ​ត្រូវបាន​វៀតណាម​ហាម​ចាក់​នៅ​រោងកុន​ព្រោះតែ​ពាក់ព័ន្ធ​នឹង​ចិន

    ភាពយន្ត​រឿង​អាម៉េរិក​មួយ​ត្រូវបាន​វៀតណាម​ហាម​ចាក់​នៅ​រោងកុន​ព្រោះតែ​ពាក់ព័ន្ធ​នឹង​ចិន

    ​ភាពយន្ត​អាម៉េរិក រឿង «Barbie» ​ត្រូវបាន​អាជ្ញាធរ​វៀតណាម​ហាម​ចាក់​បញ្ចាំង​នៅ​រោងកុន​ក្នុងប្រទេស​នេះ ដោយសារ​តែមាន​រូបភាព​ដែល​វៀតណាម​មិន​ទទួលស្គាល់​នៅ​សមុទ្រ​ចិន​ខាងត្បូង។

    កាលពី​ថ្ងៃទី 03 កក្កដា 2023 អាជ្ញាធរ​វៀតណាម​បានឱ្យដឹងថា សមត្ថកិច្ច​បាន​ហាម​ការចាក់​បញ្ចាំងភាពយន្ត​ទាំងឡាយណា​ដែលមាន​រូបភាព​ផែនទី​ផ្លូវ 9 ខ្សែ (Nine-dash line) ដែល​ប្រទេស​ចិន​បាន​ដាក់ចេញ​សម្រាប់​សមុទ្រ​ចិន​ខាងត្បូង ដែល​វៀតណាម​កំពុង​តវ៉ា។

    មុន​នោះ ភាពយន្ត​ខាងលើ​គ្រោង​នឹង​ចាក់​បញ្ចាំង​ក្នុងប្រទេស​វៀតណាម​ចាប់ពី​ថ្ងៃទី 21 កក្កដា។ ទាក់ទង​នឹង​បញ្ហា​នេះ ខាង​រោងកុន​នៅ​វៀតណាម និង​ខាង​ផលិតកម្ម​របស់ Barbie ហាក់​មិនមាន​ប្រតិកម្ម​អ្វី​នៅឡើយ។

    ភាពយន្ត​នេះ​ត្រូវបាន​ចំណាយ​ប្រាក់​ក្នុង​ការផលិត​អស់​ចំនួន 100 លាន​ដុល្លារ​អាម៉េរិក។ Barbie (សម្ដែង​ដោយ Margot Robbie) និយាយ​អំពី​ភព Barbieland។ ថ្ងៃមួយ គ្រប់យ៉ាង​បាន​ប្រែប្រួល​នៅពេល​នាង​ត្រូវបាន​កម្ចាត់​ចេញពី Barbieland។ នាង​ក៏​ជ្រើសរើស​ផ្លូវ​ទៅកាន់​ភព​របស់​មនុស្ស​ដើម្បី​ស្វែងរក​សុភមង្គល​ថ្មី ដែល​រួម​ដំណើរ​ជាមួយ Ken (សម្ដែង​ដោយ Ryan Gosling)។

    ផែន​ទី​ផ្លូវ 9 ខ្សែ (Nine-dash line) នៅ​សមុទ្រ​ចិន​ខាង​ត្បូង

    គិត​មកដល់ពេលនេះ វៀតណាម​បាន​ហាម​ការចាក់​បញ្ចាំងភាពយន្ត​ជាច្រើន​ដែលមាន​ផ្ទុក​រូបភាព​ផែនទី​ខាងលើ ក្នុងនោះ​មានដូចជា ភាពយន្ត​រឿង Uncharted, Abominable, Pine Gap, Put your head on my shoulder និង Madam Secretary ជាដើម៕

  • យាន​ជំនិះ​ដំណើរការ​ដោយ​អ៊ីដ្រូសែន បរបាន​ជិត 2,500 គីឡូម៉ែត្រ​ដោយ​មិន​បន្ថែម​ឥន្ធនៈ

    យាន​ជំនិះ​ដំណើរការ​ដោយ​អ៊ីដ្រូសែន បរបាន​ជិត 2,500 គីឡូម៉ែត្រ​ដោយ​មិន​បន្ថែម​ឥន្ធនៈ

    (ហូ​ឡង់) – យានជំនិះ​អ៊ីដ្រូសែន Eco-Runner XIII របស់​សាកលវិទ្យាល័យ TU Delft បរបាន​ចម្ងាយ 2,488 គីឡូម៉ែត្រ ស៊ី​ឥន្ធនៈ​អស់មិន​ដល់​មួយ​លីត្រ។

    ក្រុមនិស្សិត​មកពី​សាក​ល​វិទ្យាល័យ TU Delft បង្ហាញ​យានជំនិះ​គំរូ​ថ្មី​បំផុត​ដែលមាន​ឈ្មោះថា Eco-Runner XIII ដែល​អភិវឌ្ឍ​ពី​​យាន​គំរូ​ខ្នាតតូច​ដែល​ដំណើរការ​ដោយ​​អ៊ីដ្រូសែន Eco-Runner កាលពី​ខែឧសភា 2023។ យានជំនិះ​នេះ​បាន​បំបែក​កំណត់ត្រា​ពិភពលោក Guinness ស្ដីពី​ចម្ងាយ​ផ្លូវ ​មួយខែ​ប៉ុណ្ណោះ​បន្ទាប់​ពី​កំណត់​ត្រា​ចាស់​បាន​បង្កើត​ឡើង​។

    Eco-Runner ត្រូវបាន​រចនា​ឡើង​ដើម្បី​សន្សំសំចៃ​ឥន្ធនៈ​ឱ្យ​បាន​ខ្ពស់ជាង 100 ដង ធៀប​នឹង​រថយន្ត​ប្រើប្រាស់​ប្រេងសាំង។ នេះ​បើ​យោងតាម New Atlas ចុះផ្សាយ​កាលពី​ថ្ងៃទី 03 កក្កដា 2023។

    ការ​បំបែក​កំណត់ត្រា​ខាងលើ​ត្រូវបាន​ធ្វើឡើង​នៅ​ប្រទេស​អាល្លឺម៉ង់​កាលពី​ថ្ងៃទី 22 មិថុនា 2023។ ថ្ងៃ​បន្ទាប់ ចាប់ពី​ម៉ោង 04 ទៀត​ភ្លឺ យាន Eco-Runner XIII ចាប់ផ្ដើម​បរ​ជុំវិញ​ទីតាំង​ធ្វើតេស្ត ក្នុង​ល្បឿន 45 គីឡូម៉ែត្រ/ម៉ោង លឿន​ជាង​ជិត​ទ្វេដង បើ​ធៀប​នឹង​យាន Eco-Runner។

    កំណត់ត្រា​មុន​នោះ​គឺ​ល្បឿន 2,056 គីឡូម៉ែត្រ/ម៉ោង ​ត្រូវបាន​បំបែក​កាលពី​ថ្ងៃទី 25 មិថុនា ប៉ុន្តែ​នៅសល់​ឥន្ធនៈ។ ដូច្នេះ Eco-Runner XIII ក៏​បន្ត​រត់។ យាន​នេះ​បាន​ឈប់​នៅ​ម៉ោង 08 និង 26 នាទី ថ្ងៃទី 26 មិថុនា (ម៉ោង​ក្នុង​តំបន់) ដោយ​រត់​បាន​ចម្ងាយ 2,488.48 គីឡូម៉ែត្រ ប្រើប្រាស់​អ៊ីដ្រូសែន​អស់ 950 ក្រាម ហើយ​ក៏​បង្កើតបាន​កំណត់ត្រា​ថ្មី៕

  • សាកសព​កប៉ាល់ Titanic នឹង​ទៅជា​យ៉ាង បើសិន​បូមទឹក​អស់​ពី​​ជុំវិញ?

    សាកសព​កប៉ាល់ Titanic នឹង​ទៅជា​យ៉ាង បើសិន​បូមទឹក​អស់​ពី​​ជុំវិញ?

    ថ្មីៗនេះ គម្រោង​មួយ​បាន​ប្រើប្រាស់​បច្ចេកវិទ្យា​ស្កេ​ន 3D ដ៏​ទំនើប ដើម្បី​បង្ហាញ​ឡើងវិញ​នូវ​រូបភាព​សាកសព​កប៉ាល់​ដែល​បាន​លិច​កាលពី​ប្រហែល 111 ឆ្នាំមុន​ យ៉ាង​លំអិត​បំផុត។

    បច្ចេកវិទ្យា​ខាងលើ មិន​ត្រឹមតែ​បង្ហាញ​រូបភាព​ដ៏​ស្រស់ស្អាត និង​ភាព​អស្ចារ្យ​របស់​កប៉ាល់​មួយ​កាលពី​អតីតកាល ប៉ុន្តែ​ក៏​ជួយ​ឱ្យ​អ្នកស្រាវជ្រាវ​ដឹង​អំពី​អាថ៌កំបាំង​ស្ដីពី​គ្រោះថ្នាក់​កាលពី​ឆ្នាំ 1912 ផងដែរ។

    គម្រោង​ខាងលើនេះ​ត្រូវបាន​អនុវត្ត​កាលពី​រដូវក្ដៅ​ឆ្នាំ 2022 ដោយ​ក្រុមហ៊ុន​បង្កើត​ផែនទី​បាតសមុទ្រ Magellan Ltd. និង​ផលិតកម្ម​ភាពយន្ត​ឯកសារ Atlantic Production។ ពួកគេ​ប្រើប្រាស់​កាមេរ៉ា​បញ្ជា​ពី​ចម្ងាយ​ដើម្បី​ស្វែងយល់​ពី​គំនរ​បាក់បែក​របស់​សាកសព​កប៉ាល់ Titanic ក្នុង​ជម្រៅ​ប្រហែល 4,000 ម៉ែត្រ នៅ​បាត​មហាសមុទ្រ​អា​ត្ល​ង់​ទិ​ក ដែលមាន​ចម្ងាយ​ប្រហែល 450 គីឡូម៉ែត្រ​ពី​ឆ្នេរសមុទ្រ Newfoundland និង Labrador របស់​ប្រទេស​កាណាដា។

    ក្រោយ​ការថត​នៅ​បាតសមុទ្រ​ជាង 200 ម៉ោង ពួកគេ​ក៏​ប្រមូលបាន​រូបភាព​ចំនួន 700,000 រូប និង​បាន​កាត់ត​​ចូលគ្នា​ដើម្បី​បង្កើតបានជា​រូបភាព 3D ដ៏​លំអិត​ដំបូង​ស្ដីពី​សាកសព​កប៉ាល់ Titanic។

    Titanic នៅតែ​ជា​និមិត្តរូប​របស់​មហា​គ្រោះថ្នាក់​នៅលើ​សមុទ្រ​របស់​មនុស្សជាតិ។ ដោយសារ​មាន​បច្ចេកវិទ្យា​ស្កេ​ន 3D យើង​អាច​មើលឃើញ​សាកសព​កប៉ាល់​នេះ​បាន​យ៉ាងច្បាស់ និងប្រកប​ដោយ​ភាព​​រស់​រវើក​ជាងពេលណាៗទាំងអស់៕

     

  • យន្តហោះ Virgin Galactic ដឹក​ភ្ញៀវ​ឡើងទៅ​អវកាស​បាន​ជោគជ័យ

    យន្តហោះ Virgin Galactic ដឹក​ភ្ញៀវ​ឡើងទៅ​អវកាស​បាន​ជោគជ័យ

    (សហរដ្ឋ​អាម៉េរិក) – ក្រុមហ៊ុន Virgin Galactic បានទទួល​ជោគជ័យ​នូវ​ភារកិច្ច​ពាណិជ្ជកម្ម​ដំបូង​កាលពី​ថ្ងៃទី 29 មិថុនា 2023 ដែល​នាំ​មនុស្ស​ឡើងទៅ​កាន់​ទី​អវកាស​ក្បែរ​គន្លង​តារាវិថី និង​ត្រលប់​មកកាន់​ផែនដី។

    ជើងហោះហើរ​ថ្មី​នេះ​បាន​ចាក​ចេញពី​មជ្ឈមណ្ឌល​អវកាស Spaceport America ក្នុង​រដ្ឋ​ New Mexico នៅវេលា​ម៉ោង 21 និង 30 នាទី ថ្ងៃទី 29 មិថុនា (ពេលវេលា​នៅ​កម្ពុជា) និង​ហោះ​ឡើង​ដល់ទី​អវកាស​ក្បែរ​គន្លង​តារាវិថី ក្រោយ​ការ​ធ្វើដំណើរ​បាន 58 នាទី។ ក្រោយ​ការ​អណ្ដែត​នៅលើ​កម្ពស់ 85.1 គីឡូម៉ែត្រ ដែល​ស្ថិត​ក្នុង​ស្ថាន​ភាព​គ្មាន​ទំនាញ​ផែនដី​ យន្តហោះ​អវកាស VSS Unity ​ក៏បាន​ត្រលប់មក​ចុះចត​នៅ SpacePort America នា​​ម៉ោង 22 និង 42 នាទី ​ក្នុង​ថ្ងៃ​ដដែល។

    ក្រុមហ៊ុន Virgin Galactic ត្រូវបាន​បង្កើតឡើង​ដោយ​មហាសេដ្ឋី​ជនជាតិ​អង់គ្លេស Richard Branson កាលពី​ឆ្នាំ 2014។

    Angelo Landolfi, Walter Villadei និង Pantaleone Carlucci កាន់ទង់ជាតិអ៊ីតាលី ខណៈ Colin Bennett សម្លឹងមើល អំឡុងពេលហោះហើររបស់ពួកគេនៅក្នុងយន្តហោះរ៉ុក្កែត VSS Unity របស់ Virgin Galactic

    Virgin Galactic កំពុង​អភិវឌ្ឍ​ក្រុម​យន្តហោះ​អវកាស និង​យន្តហោះ​ដឹកជញ្ជូន។ យានអវកាស​ថ្នាក់ Delta ថ្មី​របស់​ពួក​គេ​ ​អាច​ហោះ​មួយ​ជើង​ក្នុង​មួយ​សប្ដាហ៍។ ក្រោយពី Delta ចាប់ផ្ដើម​ដំណើរការ​នៅ​ឆ្នាំ 2026 Virgin Galactic អាច​នាំ​ភ្ញៀវ​ឡើងទៅ​កាន់​ទី​អវកាស​ជា​រៀងរាល់ថ្ងៃ ពី​ទីតាំង​ជាច្រើន​នៅលើ​ពិភពលោក៕

  • ក្រុមហ៊ុន​ថ្មី​មួយ​របស់​វៀតនាម គ្រោង​នឹង​ផលិត​រថយន្ត​អគ្គិសនី​ខ្នាតតូច ប្រជែង​នឹង VinFast, Wuling

    ក្រុមហ៊ុន​ថ្មី​មួយ​របស់​វៀតនាម គ្រោង​នឹង​ផលិត​រថយន្ត​អគ្គិសនី​ខ្នាតតូច ប្រជែង​នឹង VinFast, Wuling

    ម៉ូ​ដែល​រថយន្ត​អគ្គិសនី​ដំបូង​របស់​ក្រុមហ៊ុន​វៀតណាម Thai Binh Hung Thinh (Thai Hung) នឹង​បង្ហាញ​វត្តមាន​ក្នុង​ទីផ្សារ​នៅ​ឆ្នាំក្រោយ។

    កាលពី​ថ្ងៃទី 28 មិថុនា 2023 ក្រុមហ៊ុន Thai Hung របស់​វៀតណាម និង​ក្រុមហ៊ុន Roding Mobility របស់​អាល្លឺម៉ង់ បាន​ចុះ​កិច្ចព្រមព្រៀង​ស្រាវជ្រាវ អភិវឌ្ឍ និង​ផលិត​ម៉ូតូ​អគ្គិសនី រថយន្ត​អគ្គិសនី​ខ្នាតតូច​នៅ​ប្រទេស​វៀតណាម។

    យោងតាម​កិច្ចព្រមព្រៀង​ខាងលើ Roding នឹង​ទទួលខុសត្រូវ​ក្នុង​ផ្នែក​ព្រឹក្សា​យោបល់​លើ​បញ្ហា​បច្ចេកទេស គ្រប់គ្រង​ដំណាក់កាល​ស្រាវជ្រាវ និង​អភិវឌ្ឍ​ផលិតផល រហូតដល់​ផលិត​បានជា​ស្ថាពរ។ ក្រោយមក បច្ចេកវិទ្យា​ទាំងមូល​របស់​ពួកគេ​នឹងត្រូវ​ផ្ទេរ​ទៅឱ្យ​ក្រុមហ៊ុន​វៀតណាម Thai Hung។

    ក្រុមហ៊ុន​វៀតណាម​នឹង​ទទួល​បច្ចេកវិទ្យា​ពី Roding ដើម្បី​ផលិត​ម៉ូតូ​អគ្គិសនី និង​រថយន្ត​អគ្គិសនី​ខ្នាតតូច​នៅ​វៀតណាម ដើម្បី​លក់​ក្នុងស្រុក។

    រោងចក្រ​របស់​ពួកគេ​នឹង​អាច​ផលិត​ម៉ូតូ​អគ្គិសនី និង​រថយន្ត​អគ្គិសនី​សរុប​បាន 15,000 គ្រឿង/ឆ្នាំ ក្នុងនោះ​រថយន្ត​អគ្គិសនី​នឹងមាន​ប្រហែល 5,000 គ្រឿង/ឆ្នាំ។ តាម​គម្រោង រោងចក្រ​ខាងលើ​នឹង​ដំណើរការ​ចាប់ពី​ត្រីមាស​ទី​បួន ឆ្នាំ 2023។ ផលិតផល​ដំបូង​របស់​ក្រុមហ៊ុន​ខាងលើ​នឹង​បង្ហាញខ្លួន​នៅ​ឆ្នាំ 2024។

    ដូច្នេះ Thai Hung នឹង​ក្លាយជា​ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិសនី​ទី​បី​ដែលមាន​រោងចក្រ​ដំឡើង​នៅ​វៀតណាម បន្ទាប់ពី VinFast របស់​មហាសេដ្ឋី​វៀតណាម និង Wuling របស់​ចិន៕

  • Concept កំពូល​នាវា​ទេសចរណ៍​​ប្រើ​ប្រាស់​អ៊ីដ្រូសែន​ និង​មាន​ទីលាន​ចុះ​ចត​​ឧទ្ធម្ភាគចក្រ​ចំនួន​ពីរ

    Concept កំពូល​នាវា​ទេសចរណ៍​​ប្រើ​ប្រាស់​អ៊ីដ្រូសែន​ និង​មាន​ទីលាន​ចុះ​ចត​​ឧទ្ធម្ភាគចក្រ​ចំនួន​ពីរ

    អ្នក​រចនា​នាវា​ទេសចរណ៍​ជនជាតិ​អ៊ីតាលី​ Marco Ferrari បាន​បង្ហើប​ឱ្យ​ដឹង​អំពី concept កំពូល​នាវា​ទេសចរណ៍​ដែល​ដំណើរ​ការ​ដោយ​អ៊ីដ្រូសែន​ ឈ្មោះ Project Neptune ដែល​អាច​ជួយ​ដោះ​ស្រាយ​បញ្ហា​បំភាយ​ឧស្ម័ន​ពុល​។

    ដោយ​មាន​បណ្ដោយ​ប្រវែង​ 137.3 ម៉ែត្រ និង​ទម្ងន់​ប្រហែល 5,000 តោន​ Project Neptune គឺជា​នាវាទេសចរណ៍​ខ្នាត​ធំ។ នេះ​បើ​តាម​ Interesting Engineering ចុះ​ផ្សាយ​កាល​ពី​ថ្ងៃទី 26 មិថុនា​ 2023​។

    ផ្នែក​ខាង​ក្រៅ​របស់​នាវា​នេះ​ធ្វើ​ពី​អាលុយមីញ៉ូម​។ នាវា​នេះ​ក៏​មាន​អាង​ហែល​ទឹល​មួយ​នៅ​ផ្នែក​កន្ទុយ និង​នៅ​ជាន់​លើ​ផងដែរ​។ ជាង​នេះ​ វា​ក៏​មាន​​កន្លែង​ចុះចត​​ចំនួន​ពីរ​សម្រាប់​ឧទ្ធម្ភាគ​ចក្រ​ទៀត​ផង​។

    Project Neptune មាន​បន្ទប់​ចំនួន​បួន​ដែល​មាន​យ៉​រៀង​ៗ​ខ្លួន​នៅ​ជាន់​ទាប​ៗ និង​បន្ទប់​ប្រភេទ​ប្រណិត​ចំនួន​ 6 ដែល​អាច​ដាក់​មនុស្ស​សរុប​ 22 នាក់​។ ក្រុម​នាវិក​លើ​នាវា​នេះ​នឹង​មាន​​ 50 នាក់ ក្នុង​នោះ​មាន​ទាំង​វេជ្ជបណ្ឌិត​ និង​ជំនួយ​ការពេទ្យ​​ម្នាក់​ផងដែរ​។ ក្រៅ​ពី​នេះ នាវា Project Neptune ក៏​មាន​មធ្យោបាយធ្វើ​ដំណើរ​អម​ មាន​ដូច​ជា ម៉ូតូ​ទឹក ទូក​កាយ៉ាក និង​ឧបករណ៍​មុជ​ទឹក​។ល។

    អ្វីដែល​គួរ​ឱ្យ​ចាប់​អារម្មណ៍​ជាងនេះ​គឺ​ថា នាវា​ទេសចរណ៍ Project Neptune នឹង​ដំណើរ​ការ​ដោយ​ថាមពល​អ៊ីដ្រូសែន មិន​បំភាយ​ឧស្ម័ន​ពុល​៕

  • យន្តហោះ​អវកាស VSS Unity ដឹក​អតិថិជនទៅ​កាន់​អវកាស​​ជា​លើកដំបូង

    យន្តហោះ​អវកាស VSS Unity ដឹក​អតិថិជនទៅ​កាន់​អវកាស​​ជា​លើកដំបូង

    ក្រុមហ៊ុន Virgin Galactic កាលពី​ថ្ងៃទី 26 មិថុនា បានប្រកាសថា ជើងហោះហើរ​ទៅកាន់​ទី​អវកាស​បែប​ពាណិជ្ជកម្ម​ដំបូង​ដែល​ដឹក​ភ្ញៀវ 4 នាក់ នឹងត្រូវ​បានធ្វើ​ឡើង​យ៉ាង​ឆាប់​ត្រឹម​ថ្ងៃទី 29 មិថុនា​ខាងមុខ។

    ជើងហោះហើរ​ខាងលើនេះ​នឹង​ចាប់ផ្ដើម​នៅវេលា​ម៉ោង 22 (ម៉ោង​នៅ​កម្ពុជា) ថ្ងៃទី 29 មិថុនា នៅឯ​មជ្ឈមណ្ឌល​អវកាស​ក្នុង​រដ្ឋ New Mexico សហរដ្ឋ​អាម៉េរិក។ យន្តហោះ​ដឹកជញ្ជូន VMS Eve នឹង​នាំយក​យន្តហោះ​អវកាស VSS Unity ឡើងទៅ​កាន់​កម្ពស់​ប្រហែល 15,000 ម៉ែត្រ។

    បន្ទាប់មក VMS Eve នឹង​ទម្លាក់ VSS Unity ដើម្បីឱ្យ​យន្តហោះ​អវកាស​នេះ​បញ្ឆេះ​ម៉ាស៊ីន​រ៉ុក្កែត បន្ត​ហោះ​ឡើងទៅ​កាន់​ទី​អវកាស​ក្បែរ​គន្លង​តារាវិថី។ ភ្ញៀវ 4 នាក់​ក្នុង​យន្តហោះ​អវកាស VSS Unity នឹងមាន​ពេល​តែ​ប៉ុន្មាន​នាទី​ប៉ុណ្ណោះ​ដើម្បី​បណ្ដែត​ខ្លួន​ក្នុងស្ថានភាព​គ្មាន​ទម្ងន់ គយគន់​ខ្សែកោង​របស់​ផែនដី មុនពេល​ត្រលប់​មកវិញ។

    ភ្ញៀវ​ដែល​នឹងធ្វើ​ដំណើរ​លើ VSS Unity រួមមាន Pantaleone Carlucci ជា​វិស្វករ​របស់​ប្រទេស​អ៊ីតាលី, Colin Bennett អ្នកដឹកនាំ​ភ្ញៀវ​នៅ Virgin Galactic, Valter Villadei មន្ត្រី​ទ័ពអាកាស​អ៊ីតាលី និង Angelo Landolfi អ្នកវិទ្យាសាស្ត្ររ​បស់ទ័ព​អាកាស​អ៊ីតាលី។

    ជើងហោះហើរ​នេះ​នឹង​អូស​បន្លាយពេល 90 នាទី ក្នុងនោះ VSS Unity នឹង​ក្លាយជា​បន្ទប់ពិសោធន៍​ផ្នែក​វិទ្យាសាស្ត្រ​នៅក្បែរ​គន្លង​តារាវិថី។

    យន្តហោះ​ដឹកជញ្ជូន VMS Eve នាំយក​យន្តហោះ​អវកាស VSS Unity ទៅ​កាន់​កម្ពស់ 15,000 ម៉ែត្រ

    VSS Unity អាច​ដឹក​មនុ​ស្សបាន 6 នាក់។ វា​បាន​ហោះហើរ​ទៅកាន់​តំបន់​អវកាស​ក្បែរ​គន្លង​តារាវិថី​ចំនួន 5 លើក​មកហើយ ក្នុងនោះ​ជើងចុង​ក្រោយបង្អស់​ត្រូវ​បានធ្វើ​ឡើង​កាលពី​ថ្ងៃទី 25 ឧសភា 2023។

    ​សំបុត្រ​សម្រាប់​ជិះ​ក្នុង​យន្ត​ហោះ​អវកាស VSS Unity មានតម្លៃ​រហូតដល់ 450,000 ដុល្លារ​អាម៉េរិក/ម្នាក់។ VSS Unity របស់ Virgin Galactic កំពុង​ប្រកួតប្រជែង​ជាមួយនឹង New Shepard របស់ Blue Origin។

  • យន្តហោះ​ល្បឿន​លឿន​ជាង​សំឡេង 7 ដង អាច​ហោះហើរ​ចាប់ពី​ឆ្នាំក្រោយ

    យន្តហោះ​ល្បឿន​លឿន​ជាង​សំឡេង 7 ដង អាច​ហោះហើរ​ចាប់ពី​ឆ្នាំក្រោយ

    យន្តហោះ​ល្បឿន​លឿន​ជាង​សំឡេង​ដែល​ត្រូវបាន​អភិវឌ្ឍ​ដោយ​ក្រុមហ៊ុន Hypersonix Launch Systems កំពុង​ឆ្ពោះ​ទៅជិត​ដល់​ដំណាក់កាល​ហោះហើរ​សាកល្បង​ដោយ​ស្វ័យប្រវត្ត ទៅតាម​កម្មវិធី​របស់​ស្ថាប័ន​គំនិត​ផ្ដួចផ្ដើម​ការពារជាតិ​អាម៉េរិក (DIU)។

    យន្តហោះ​សាកល្បង​ល្បឿន​លឿន Dart AE កំពុង​ត្រូវបាន​អភិវឌ្ឍ​ដោយ​ក្រុមហ៊ុន​អូស្ត្រាលី Hypersonix Launch Systems បន្ទាប់ពី​បាន​សហការ​ជាមួយ DIU។ នេះ​គឺជា​យន្តហោះ​គំរូ​សម្រាប់​បង្ហាញ​បច្ចេកវិទ្យា។ Dart AE ដែលមាន​ប្រវែង 3 ម៉ែត្រ និង​ទម្ងន់ 300 គីឡូក្រាម អាច​ហោះ​ក្នុង​ល្បឿន Mach 7 (8,643 គីឡូម៉ែត្រ/ម៉ោង)។

    យោង​តាមទំព័រ Space ដែល​បាន​ចុះផ្សាយ​កាលពី​ថ្ងៃទី 11 មិថុនា 2023 យន្តហោះ​ Dart AE អាច​ហោះ​បាន​ចម្ងាយ 1,000 គីឡូម៉ែត្រ​ បន្ទាប់ពី​បាន​ចាក់​ឥន្ធនៈ​មួយ​ពេញ។

    រូប​ភាព​ពង្រីក​ស្ដី​ពី​នេប៊ូឡា Orion ជា​ទី​ដែល​មាន​ផ្ទុក​សញ្ញា​នៃ​ជីវិត​ដែល​ជិត​កកើត

    DART AE ប្រើប្រាស់​ម៉ាស៊ីន​ប្រតិកម្ម​ប្រភេទ​ត្រង់​ជំនា​ន់ទី​ប្រាំ Spartan របស់ Hypersonix និង​អាច​ត្រូវបាន​បាញ់​បង្ហោះ​ឡើងទៅ​លើ​អាកាស​ដោយ​រ៉ុក្កែត​គ្មាន​មនុស្ស​បើក។

    Dart AE ស្ថិតក្នុង​កម្មវិធី​អភិវឌ្ឍ​បច្ចេកវិទ្យា​ល្បឿន​លឿន​ជាង​សំឡេង​របស់​សហរដ្ឋ​អាម៉េរិក។ យន្តហោះ​នេះ អាច​ត្រៀមខ្លួន​រួចរាល់​សម្រាប់​ការហោះហើរ​សាកល្បង​លើកដំបូង​នៅ​ដើម​រដូវក្ដៅ​ឆ្នាំ 2024៕

  • ជនភៀស​ខ្លួន​​​មី​យ៉ាន់​ម៉ា​រាប់ពាន់នាក់​ឆ្លងដែន​ចូល​ទឹកដី​ថៃ

    ជនភៀស​ខ្លួន​​​មី​យ៉ាន់​ម៉ា​រាប់ពាន់នាក់​ឆ្លងដែន​ចូល​ទឹកដី​ថៃ

    ក្រុមមន្ត្រី​ថៃ​ឱ្យដឹងថា ជនជាតិ​មី​យ៉ាន់​ម៉ា​រាប់ពាន់នាក់​កំពុង​ជ្រកកោន​នៅក្នុង​បណ្ដា​ស្រុក​ជាប់​ព្រំដែន​នៃ​ខេត្ត Mae Hong Son ភាគ​ខាងជើង​ប្រទេស​ថៃ ដើម្បី​គេច​ពី​សង្គ្រាម​ស៊ីវិល​នៅ​មីយ៉ាន់ម៉ា។

    ការប្រយុទ្ធ​គ្នា​ដ៏​ខ្លាំងក្លា​រវាង​បណ្ដា​ក្រុម​ប្រដាប់អាវុធ និង​រដ្ឋាភិបាលយោធា​មី​យ៉ាន់​ម៉ា កើតឡើង​នៅតាម​បណ្ដោយ​​ព្រំដែន​ថៃ-មី​យ៉ាន់​ម៉ា ដែល​នៅជាប់​នឹង​ស្រុក Mae Sariang និង​ស្រុក Khun Yuam នៃ​​ខេត្ត Mae Hong Son របស់​ប្រទេស​ថៃ។ ចំនួន​ជនភៀសខ្លួន​មី​យ៉ាន់​ម៉ា​ដែល​មក​ជ្រកកោន​នៅ​តំបន់​ខាងលើ​បាន​ឡើងដល់​ជិត 5,000 នាក់។

    រដ្ឋអំណាច​ក្នុង​ខេត្ត​ Mae Hong Son ​​កំពុង​សហការ​ជាមួយ​កាកបាទក្រហម​ថៃ និង​ប្រជាជន​ក្នុង​តំបន់ ធ្វើ​ការ​​រៃអង្គាស​អាហារ ទឹក និង​របស់​ប្រើប្រាស់​ចាំបាច់​ ដើម្បី​ផ្ដល់ឱ្យ​ជនភៀសខ្លួន​មី​យ៉ាន់​ម៉ា​ជា​រៀងរាល់​សប្ដាហ៍ រហូតដល់​ការប្រយុទ្ធ​គ្នា​បានបញ្ចប់។

    ចំណែក​មជ្ឈមណ្ឌល​គ្រប់គ្រង​ព្រំដែន​ថៃ-មី​យ៉ាន់​ម៉ាវិញ ក៏​បានរៀបចំ​បណ្ដាញ​លូ និង​ការងារ​ពាក់ព័ន្ធ​នឹង​អនាម័យ ក៏ដូចជា​សន្តិសុខ​នៅតាម​ជំរំ​ជនភៀសខ្លួន និង​នៅតាម​បន្ទាត់​ព្រំដែនសំខាន់ៗរបស់​ប្រទេស​ទាំងពីរ។

    ច្រកព្រំដែនថៃ-មីយ៉ាន់ម៉ាជាប់នឹងខេត្ត Mae Hong Son របស់ប្រទេសថៃ
    ក្រុម​ទាហាន​ជន​ជាតិ​ការ៉ែននៅ​ប្រទេស​មីយ៉ាន់ម៉ា