Tag: Hawaii

  • ចំនួន​មនុស្ស​ស្លាប់​ក្នុង​ហេតុការណ៍​ឆេះ​ព្រៃ​នៅ​ Hawaii អាច​កើន​ដល់​ 200 នាក់

    ចំនួន​មនុស្ស​ស្លាប់​ក្នុង​ហេតុការណ៍​ឆេះ​ព្រៃ​នៅ​ Hawaii អាច​កើន​ដល់​ 200 នាក់

    អភិបាល​រដ្ឋហាវ៉ៃ (Hawaii) របស់​​សហរដ្ឋ​អាម៉េរិក ​ឱ្យ​ដឹង​ថា តួលេខ​អ្នក​ស្លាប់​ក្នុង​ករណី​ឆេះ​ព្រៃ​នៅ​លើ​កោះ Maui រដ្ឋ​ហាវ៉ៃ បាន​កើត​ដល់ 99 នាក់ ហើយ​អាច​កើន​ឡើង​ទ្វេដង​ទៀត​ក្នុង​រង្វង់ 10 ថ្ងៃ​ខាងមុខ​។

    «កម្លាំងសង្គ្រោះ​ទើបតែ​ស្វែង​រក​នៅ​ក្នុង​តំបន់​តូច​មួយ​នៅ​ក្បែរ​ឆ្នេរ​សមុទ្រ Lahaina ក្នុង​នោះ​មាន​សាកសព​ពី 10 ទៅ 20 នាក់​ត្រូវ​បាន​រក​ឃើញ​ជា​រៀង​រាល់​ថ្ងៃ​។ ចំនួន​មនុស្ស​ស្លាប់​ត្រូវ​បាន​បញ្ជាក់​ថា 99 នាក់​។ តួលេខ​នេះ​​នឹង​កើន​ឡើង​ច្រើន​ អាច​ទ្វេដង​ក្នុង​រង្វង់​ 10 ថ្ងៃ​ទៀត​» អភិបាល​រដ្ឋហាវៃ លោក Josh Green កាលពី​ថ្ងៃទី 14​ សីហា ឱ្យ​ដឹង​ដូច្នេះ​។

    កាល​ពី​ថ្ងៃទី 08 សីហា ភ្លើង​ព្រៃ​ចំនួន​ 3 ករណី បាន​កើត​ឡើង​ និង​ឆាប​ឆេះ​ពេញ​ទីរួម​ស្រុក​ទេសចរណ៍​ Lahaina និង​តំបន់​មួយ​ចំនួន​ផ្សេង​ទៀត​ ធ្វើ​ឱ្យ​​គ្រប់​យ៉ាង​នៅ​ទី​នេះ​ស្ថិត​ក្នុង​អណ្ដាត​ភ្លើង​។ ដោយ​សារ​តែ​រុក្ខជាតិ​​ស្ងួត​ក្រាស់ បូក​រួម​នឹង​ខ្យល់​ខ្លាំង នាំ​ឱ្យ​អណ្ដាត​ភ្លើង​ធ្វើ​ដំណើរ​យ៉ាង​លឿន​ ធ្វើ​ឱ្យ​ប្រជាជន​ជា​ច្រើន​រត់​គេច​មិន​ទាន់​ពេល​។

    គិត​មក​ដល់​ថ្ងៃ​នេះ អ្នក​​ដែល​កំពុង​បាត់​ខ្លួន​មាន​ចំនួនប្រហែល 1,300 នាក់​ ស្រប​ពេល​ដែល​ប្រជា​​ជន​រង​គ្រោះ​​ជា​ច្រើន​បាន​ទាក់​ទង​មក​កាន់​សមត្ថកិច្ច​។

  • ​ផ្ទាំងឆត្រ​ខ្នាត​យក្ស​​បាំង​ផែនដី​​ពី​ព្រះ​អាទិត្យ​ដើម្បី​​​ទប់​ទល់នឹង​ការឡើង​កម្ដៅ​ជា​សកល

    ​ផ្ទាំងឆត្រ​ខ្នាត​យក្ស​​បាំង​ផែនដី​​ពី​ព្រះ​អាទិត្យ​ដើម្បី​​​ទប់​ទល់នឹង​ការឡើង​កម្ដៅ​ជា​សកល

    អ្នកស្រាវជ្រាវ​អាម៉េរិក​មួយរូប​ស្នើឱ្យ​មានការ​ប្រើប្រាស់​ផ្ទាំងឆត្រ​​ខ្នាត​យក្ស​ដែល​ភ្ជាប់​ជាមួយនឹង​អាចម៍ផ្កាយ​ដើម្បី​កាត់បន្ថយ​កម្ដៅ​ពី​ព្រះអាទិត្យ​​ជះ​មកលើ​ផែនដី ដែល​អាច​ជួយ​ទប់​ទល់នឹង​បញ្ហា​ឡើងក​ម្ដៅ​នៅ​ទូទាំង​សកលលោក។

    ផែនដី​កំពុងតែ​ឡើង​កម្ដៅ​យ៉ាង​ឆាប់រហ័ស ហើយ​អ្នកវិទ្យាសាស្ត្រ​ក៏​កំពុងតែ​អភិវឌ្ឍ​ដំណោះស្រាយ​ដើម្បី​បន្ធូរបន្ថយ​ផលប៉ះពាល់​នៃ​ការប្រែប្រួល​អាកាសធាតុ។ Istvan Szapudi ដែលជា​អ្នកស្រាវជ្រាវ​នៅ​វិទ្យាស្ថាន​តារាសាស្ត្រ​នៃ​សាកលវិទ្យាល័យ Hawaii បានលើកឡើង​នូវ​ដំណោះស្រាយ​ថ្មី​សម្រាប់​បញ្ហា​ខាងលើ នោះ​គឺ​ផ្ទាំង​ឆត្រខ្នាត​យក្ស​​​​បាំងពន្លឺ​​ព្រះអាទិត្យ​ ដែល​ភ្ជាប់​ទៅនឹង​អាចម៍ផ្កាយ។

    បច្ចុប្បន្ន ការស្រាវជ្រាវ​រក​បច្ចេក​ទេស​សម្រាប់​ប្រើប្រាស់​ដំណោះស្រាយ​របស់ Istvan Szapudi អាច​ចាប់ផ្ដើម​បាន​ និង​អាចមាន​ប្រសិទ្ធភាព​ក្នុង​រង្វង់តែ​ប៉ុន្មាន​​​ទសវត្សរ៍​ខាង​មុខ​។ Szapudi បាន​បរិយាយ​អំពី​ដំណោះស្រាយ​របស់ខ្លួន​នៅលើ​ទស្សនាវដ្ដី Proceedings of the National Academy of Sciences, Phys.org កាលពី​ថ្ងៃទី 31 កក្កដា 2023។

    គំនិត​ស្ដីពី​ឆត្រ​បាំង​ព្រះអាទិត្យ​ កន្លងមក​ក៏​ធ្លាប់​ត្រូវបាន​លើកឡើង ប៉ុន្តែ​គេ​ត្រូវការ​ផ្ទាំង​ឆត្រ​ដ៏​ធ្ងន់ និង​ធំ​មហិមា​ដើម្បី​អាច​ទប់​ទល់នឹង​កម្លាំង​ទំនាញ ក៏ដូចជា​ទប់ទល់​នឹង​កម្លាំង​ខ្យល់បក់​​បំ​ប៉ើង​ពី​ព្រះអាទិត្យ។

    ដំណោះស្រាយ​របស់ Szapudi គឺ ការ​ប្រើ​ប្រាស់​​វត្ថុ​មាន​ទម្ងន់​ផ្ទុយ​ដែល​ត្រូវ​ចងភ្ជាប់ទៅ​នឹង​ផ្ទាំង​ឆត្រ​ ជួយ​ឱ្យ​ទម្ងន់​របស់​ផ្ទាំង​ឆត្រ និង​វត្ថុ​ផ្ទុយ ថយចុះ​ប្រហែល 3.5 លាន​តោន ទាប​ជាង​មួយរយ​ដង​បើ​ធៀប​នឹង​ការ​គណនា​អំពី​ផ្ទាំង​ច​ត្រ​មិនមាន​វត្ថុ​សម្រាប់​តោង។ គំនិត​របស់ Szapudi គឺ​ការប្រើប្រាស់​អាចម៍ផ្កាយ​ដែលមនុស្ស​ «ចាប់បាន» ធ្វើជា​វត្ថុ​មាន​ទម្ងន់​ផ្ទុយ ចៀសវាង​ការដែល​ត្រូវ​បាញ់​បង្ហោះ​ច្រើនលើក​ពី​ផែនដី។

    រចនាសម្ព័ន្ធ​ដូចខាងលើ​នឹង​អាច​ត្រូវបាន​ធ្វើឡើង​យ៉ាង​រហ័ស និង​មាន​តម្លៃ​ទាប​ជាង បើ​ធៀប​នឹង​ការផលិត និង​ដំឡើង​ផ្ទាំង​ឆត្រ​ដទៃ។

    Szapudi ចាប់ផ្ដើម​ជាមួយនឹង​គោលដៅ​កាត់បន្ថយ​វិទ្យុសកម្ម​ព្រះអាទិត្យ​ឱ្យបាន 1.7%។ នេះ​គឺជា​អត្រា​ចាំបាច់​ដើម្បី​ទប់ស្កាត់​ការឡើង​កម្ដៅ​ផែនដី​ខ្ពស់​​ដល់​ថ្នាក់​បង្កើតបានជា​គ្រោះមហន្តរាយ៕

  • ភព​ខ្នាត​យក្ស​មួយ​ទើបតែ​លេចមុខ​ឡើង​ ក្រោយ​ការ​រីក​មាឌ​របស់​ផ្កាយ​មេ

    ភព​ខ្នាត​យក្ស​មួយ​ទើបតែ​លេចមុខ​ឡើង​ ក្រោយ​ការ​រីក​មាឌ​របស់​ផ្កាយ​មេ

    ភព​ខ្នាត​ធំ​មួយ​ដែល​ត្រូវបាន​ដាក់ឈ្មោះថា Halla ទើបតែ​បានបង្ហាញ​ខ្លួន​ដោយ​គោចរ​ជុំវិញ Bakedu ដែល​ជា​វត្ថុ​អវកាស​​ទើបតែ​លេច​ឡើងជា​ផ្កាយ​យក្ស​ក្រហម ហើយ​គួរ​ណាស់​តែ​បាន​លេប​ត្របាក់​ភព​នេះ​រួចហើយ​។

    Halla ដែលជា​ភព​ខ្នាត​យក្ស​ដូច​ទៅនឹង​ភព​ព្រហស្បតិ៍ ត្រូវបាន​រកឃើញ​នៅពេល​ក្រុម​អ្នកវិទ្យាសាស្ត្រ​ពិនិត្យមើល​ដំណាក់កាល Bakedu រីក​មាឌ និង​ក្លាយជា​ផ្កាយ​ខ្នាត​យក្ស​ពណ៌​ក្រហម។

    ផ្កាយ​នានា​នៅក្នុង​ចក្រវាល​ដែល​ដូច​ព្រះអាទិត្យ​របស់​មនុស្ស នៅពេល​អស់​ថាមពល​នឹង​ប៉ោង​ឡើង រីក​មាឌ​ជា​លើកចុងក្រោយ ក្លាយជា​ផ្កាយ​យក្ស​ក្រហម ដោយ​ធំ​ជាង​មុន 1.5 ដង។ ក្រោយមក វា​នឹងត្រូវ​ដួលរលំ ក្លាយជា​កូន​ផ្កាយ​ពណ៌​ស។

    ក្នុងអំឡុងពេល​រីក​មាឌ​ជា​លើកចុងក្រោយ ផ្កាយ​ទាំងនេះ​អាច​លេប​ត្របាក់​យក​បណ្ដា​ភព​ដែល​នៅក្បែរ​វា។ ព្រះអាទិត្យ​របស់​មនុស្ស​ក៏ត្រូវ​បាន​ព្យាករ​ថា នឹង​លេប​យក​ភព​ចំនួន​បី​ដែល​នៅក្បែរ រួមមាន ភព​ពុធ ភព​សុក្រ និង​ផែនដី នៅ​ពេល​វា​រីក​មាឌ​។

    ក៏ប៉ុន្តែ នៅ​ជុំវិញ​ផ្កាយ Bakedu ក្រុម​អ្នកវិទ្យាសាស្ត្រ​របស់​វិទ្យាស្ថាន​តារាសាស្ត្រ​នៃ​សាកលវិទ្យាល័យ Hawaii (សហរដ្ឋ​អាម៉េរិក) បាន​ប្រទះឃើញ Halla បង្ហាញខ្លួន​បន្ទាប់ពី​ហេតុការណ៍​រីក​មាឌ​ដល់​កម្រិត​កំពូល​​របស់​ផ្កាយ​ក្រហម Bakedu។ ភព Halla «នៅមាន​ជីវិត»​ និង​ស្ថិត​នៅ​ក្នុង​លំហ​ដែល​មុន​នោះ​ផ្កាយ Bakedu បាន​គ្របដណ្ដប់​ទាំងស្រុង។

    ការសង្កេត​ថ្មី​បំផុត​បាន​បញ្ជាក់ថា ភព​ខាងលើ​នៅតែ​គោចរ​លើ​គន្លង​​ប្រកបដោយ​ស្ថិរភាព​ក្នុង​រយៈពេល​ជាង​មួយ​ទសវត្សរ៍ និង​នៅតែមាន «ជីវិត» ជាមួយនឹង​ផ្កាយ​មេ​ដែល​កំពុង​ព្យាយាម​លេប​យក​វា។

    អ្នកវិទ្យាសាស្ត្រ​មិនទាន់​យល់ច្បាស់​ថា ហេតុអ្វី​បានជា Halla នៅមាន​ជីវិត។ មានការ​សន្និដ្ឋានថា Halla ប្រហែលជា​ធ្លាប់​គោចរ​ក្នុង​គន្លង​តារាវិថី​ឆ្ងាយ នៅ​មុនពេល​ហេតុការណ៍​រីក​មាឌ​របស់ Bakedu។ ប៉ុន្តែ លទ្ធភាព​នេះ​ហាក់​មាន​តិចតួច។

    លទ្ធភាព​ទី​ពីរ​គឺថា Halla បានកកើតឡើង​ពី​ការ​ប៉ះគ្នា​រវាង​ផ្កាយ​ពីរ​ដួង។ ដូច្នេះ Halla អាចជា «ខ្មោចឆៅ» របស់​ផ្កាយ​មួយ​ដួង​ក្នុងចំណោម​ពីរ​ដែល​បាន​ងាប់ ពោលគឺ​មិនមែន Bakedu។

    លទ្ធភាព​ទី​បី គឺថា Halla ពិតជា​នៅមាន​ជីវិត​ក្រោយ​ហេតុការណ៍​ផ្កាយ Bakedu ​រីក​មាឌ។ ប្រការនេះ​អាច​នាំមក​នូវ​ក្ដីសង្ឃឹម​ខ្លះ​សម្រាប់​អនាគត​របស់​ផែនដី៕

  • អាចម៍​ផ្កាយ​ដែល​គោចរ​​អម​នឹង​​ផែនដី​តាំង​ពី​ឆ្នាំ​ 100 មុន​គ្រិស្តសករាជ

    អាចម៍​ផ្កាយ​ដែល​គោចរ​​អម​នឹង​​ផែនដី​តាំង​ពី​ឆ្នាំ​ 100 មុន​គ្រិស្តសករាជ

    ក្រុម​អ្នកវិទ្យាសាស្ត្រ​​ប្រទះ​ឃើញអាចម៍​ផ្កាយ 2023 FW13 ដែល​មាន​អង្កត់​ផ្ចិត​ប្រហែល 15 ម៉ែត្រ បាន​ក្លាយ​ជា​ «អ្នក​ជិតខាង» របស់​ផែនដី​តាំង​ពី​រាប់​ពាន់​ឆ្នាំ​មុន​រហូត​ដល់​ដល់​បច្ចុប្បន្ន​។

    អាចម៍​ផ្កាយ 2023 FW13 ស្ថិត​ក្នុង​ប្រភេទ «​quasi-moon» ឬ «quasi-satellite» (ស្ដង់ដា​ព្រះចន្ទ ឬ​ ស្ដង់ដា​ផ្កាយ​រណប​) ដែល​មាន​ន័យ​ថា វា​គោចរ​ជុំវិញ​ព្រះអាទិត្យ​ទៅ​តាម​ពេល​វេលា​ដូច​ទៅ​នឹង​ផែនដី​ ប៉ុន្តែ​ទទួល​រង​ឥទ្ធិពល​តិច​តួច​បំផុត​ពី​កម្លាំង​ទំនាញ​របស់​ផែនដី​។ នេះ​បើ​តាម Live Science ចុះ​ផ្សាយ​កាល​ពី​ថ្ងៃទី 31 ឧសភា 2023​។

    យោង​តាម​ណាសា អង្កត់ផ្ចិត​របស់ 2023 FW13 ត្រូវ​បាន​អ្នក​វិទ្យា​សាស្ត្រ​គណនា​ឃើញ​ថា​ ប្រហែល 15 ម៉ែត្រ​។ នៅ​ក្នុង​គន្លង​តារាវិថី​ជុំវិញ​ព្រះអាទិត្យ អាចម៍​ផ្កាយ 2023 FW13 ក៏​វិល​ជុំវិញ​ផែនដី​ ក្នុង​គម្លាត​ប្រហែល 14 លាន​គីឡូម៉ែត្រ​។ ចំណែក​ព្រះចន្ទ​របស់​មនុស្ស​ដែល​មាន​អង្កត់ផ្ចិត​ 3,474 គីឡូម៉ែត្រ មាន​គន្លាត​ពីផែនដី​ជិត​បំផុត​ត្រឹម​ 364,000 គីឡូម៉ែត្រ​។

    ស្ថានីយ​សង្កេត​តារា Pan-STARRS ដែល​មាន​ទីតាំង​នៅ​លើ​កំពូល​ភ្នំ​ភ្លើង Haleakala ក្នុង​​រដ្ឋ Hawaii បាន​ប្រទះ​ឃើញ​ 2023 FW13 កាល​ពី​ខែ​មីនា ឆ្នាំ​ 2023​។ វត្តមាន​របស់​អាចម៍​ផ្កាយ​នេះ ក្រោយ​មក​ក៏​ត្រូវ​បាន​បញ្ជាក់​ដោយ​តេឡេស្កុប​កាណាដា-បារាំង-​ហាវាយ និង​តេឡេស្កុប​ចំនួនពីរ​ទៀត​នៅ Arizona។ ថ្ងៃ​ទី 01 មេសា 2023 មជ្ឈមណ្ឌល​​អាចម៍​ផ្កាយ​​នៃ​សហព័ន្ធ​តារា​សាស្ត្រ​អន្តរជាតិ (IAU) បាន​បញ្ចូល​ 2023 FW13 ​ទៅ​ក្នុង​បញ្ជី​ជា​ផ្លូ​វការ​។

    ការ​គណនា​មួយ​ចំនួន​បង្ហាញ​ថា 2023 FW13 បាន​ធ្វើ​ជា​ «អ្នក​ជិតខាង» របស់​ផែនដី​យ៉ាង​ហោច​ក៏​ចាប់​ពី​ឆ្នាំ 100 មុន​គ្រិស្តសករាជ​។ Adrien Coffinet ​តារាវិទូ​ដំបូង​គេ​ដែល​បាន​ចាត់​ 2023​ FW13 ទៅ​ក្នុង​ប្រភេទ​ស្ដង់ដា​ព្រះចន្ទ អះអាង​ថា អាចម៍​ផ្កាយ​នេះ​​នឹង​បន្ត​ផ្លាស់​ទី​ទៅ​តាម​គន្លង​គោចរ​បច្ចុប្បន្ន​រហូត​ដល់​ប្រហែល​ឆ្នាំ 3700​។

    «ដំណឹង​ល្អ​គឺ​ថា គន្លង​គោចរ​បែប​នេះ​នឹង​មិន​នាំ​ឱ្យ​មាន​ហេតុ​ការណ៍​ប៉ះ​ទង្គិច​ជាមួយ​ផែនដី​នោះទេ​» Alan Harris តារាវិទូ​នៅ​វិទ្យាស្ថាន​អវកាស​វិទ្យា​ឱ្យ​ដឹង​ដូច្នេះ​។

    2023 FW13 មិន​មែន​ជា​អាចម៍​ផ្កាយ​ប្រភេទ​ស្តង់ដា​ព្រះចន្ទ​តែ​មួយ​គត់​របស់​ផែនដី​នោះ​ឡើយ​។ អាចម៍​ផ្កាយ Kamo’oalewa ដែល​ត្រូវ​បាន​រកឃើញ​កាលពី​ឆ្នាំ 2016 ក៏​ត្រូវ​បានចាត់​ចូល​ក្នុង​ប្រភេទ​នេះ​។ Kamo’oalewa គោចរ​ក្បែរ​ផែនដី​នៅក្នុង​គន្លង​ជុំវិញ​ព្រះ​អាទិត្យ​។ ការ​សិក្សា​ស្រាវជ្រាវ​កាល​ពី​ឆ្នាំ 2021 បង្ហាញ​ថា Kamo’oalewa អាច​ជា​បំណែក​មួយ​របស់​ព្រះចន្ទ​កាល​ពីអតីត​កាល​។

    យោង​តាម​ទិន្នន័យ​ខាងលើ យើង​អាច​ចាត់ទុកបាន​​ថា បច្ចុប្បន្ន​ ផែនដី​របស់​មនុស្ស​មាន​ព្រះចន្ទ​រហូត​ដល់​បី​ដួង​ទៅ​ហើយ​៕

  • ភព​សៅរ៍​ដណ្ដើមបាន​​​​តំណែង «ស្ដេច​​គ្រប់​គ្រង​ព្រះ​ចន្ទ» នៅ​ក្នុង​ប្រព័ន្ធ​ព្រះ​អាទិត្យ

    ភព​សៅរ៍​ដណ្ដើមបាន​​​​តំណែង «ស្ដេច​​គ្រប់​គ្រង​ព្រះ​ចន្ទ» នៅ​ក្នុង​ប្រព័ន្ធ​ព្រះ​អាទិត្យ

    ដោយមាន​ព្រះ​ចន្ទ​ចំនួន 62 ដួង ត្រូវបាន​រកឃើញ ភព​សៅរ៍​ (Saturn) បាន​យកឈ្នះ​លើ​ភព​ព្រហស្បតិ៍​ជា​ថ្មី​ និង​​ក្លាយជា​ភព​ដែលមាន​ព្រះ​ចន្ទ​ច្រើនជាងគេ​នៅក្នុង​ប្រព័ន្ធ​ព្រះអាទិត្យ។

    នៅមុន​ពេល​នៃ​ការរកឃើញ​ថ្មី ភព​សៅរ៍​មាន​ព្រះ​ចន្ទ​ចំនួន 83 ដួង ដែល​ត្រូវបាន​ទទួលស្គាល់​ដោយ​សហព័ន្ធ​តារាសាស្ត្រ​អន្តរជាតិ (IAU)។ បច្ចុប្បន្ន តួលេខ​នេះ​បាន​កើន​ឡើងដល់ 145 ដួង នេះ​បើតាម Space ចុះផ្សាយ​កាលពី​ថ្ងៃទី 12 ឧសភា 2023។ ប្រការនេះ​បាន​នាំឱ្យ​ភព​សៅរ៍​ក្លាយជា​ភព​ដំបូង​គេ​ដែលមាន​ព្រះ​ចន្ទ​ជាង 100 ដួង។

    ព្រះ​ចន្ទ​ថ្មី​ទាំងនេះ​របស់​ភព​សៅរ៍ ត្រូវបាន​រកឃើញ​ដោយ​ក្រុម​អ្នកវិទ្យាសាស្ត្រ​ដែល​ដឹកនាំ​ដោយ​បណ្ឌិត Edward Ashton មកពី​វិទ្យាស្ថាន​តារា-​រូបវិទ្យា​ Academia Sinica ដោយ​ប្រើប្រាស់​ទិន្នន័យ​ពី​តេ​ឡេ​ស្កុប​របស់​កាណាដា-បារាំង-ហា​វ៉ៃ (CFHT) នៅលើ​កោះ Hawaii ដែល​ប្រមូល​បាន​តាំង​ពី​ឆ្នាំ 2019 ដល់ 2021។ ទិន្ន័យ​នេះ​ជួយ​ឱ្យ​ពួកគេ​រកឃើញ​ព្រះ​ចន្ទ​ថ្មី​​​ៗ​​មាន​អង្កត់ផ្ចិត​ចាប់ពី 2.5 គីឡូម៉ែត្រ ដែល​វិល​ជុំវិញ​ភព​សៅរ៍។

    កាលពី​ខែកុម្ភៈ 2023 ភព​ព្រហស្បតិ៍​បាន​យកឈ្នះ​លើ​ភព​សៅរ៍​ស្ដីពី​ភព​ដែលមាន​ព្រះ​ចន្ទ​ច្រើនជាងគេ នៅពេល​ព្រះ​ចន្ទ​ថ្មី​ចំនួន 12 របស់​ភព​នេះ​ត្រូវបាន​ទទួលស្គាល់ ជួយ​ឱ្យ​ចំនួន​ព្រះ​ចន្ទ​របស់​ភព​ព្រហស្បតិ៍​កើន​ដល់ 92 ដួង។ ក៏ប៉ុន្តែ បច្ចុប្បន្ន តំណែង​ «ស្ដេច​គ្រប់គ្រង​ព្រះ​ចន្ទ» នេះ បាន​ធ្លាក់​មកលើ​ដៃ​ភព​សៅរ៍​ជាថ្មី ដោយ​វា​មាន​ព្រះ​ច​ន្ទ 145 ដួង បើទោះជា​អនាគត តួលេខ​នេះ​អាច​នឹង​ប្រែប្រួល៕

  • ភ្នំភ្លើង Hawaii «ពាក់មួក​ព្រឹល» ពេល​មើល​ពីលើ​មេឃ

    ភ្នំភ្លើង Hawaii «ពាក់មួក​ព្រឹល» ពេល​មើល​ពីលើ​មេឃ

    រូបភាព​យ៉ាងច្បាស់​ដែល​ត្រូវបាន​ថត​ដោយ​ផ្កាយរណប​កាលពី​ថ្ងៃទី 6 កុម្ភៈ បង្ហាញឱ្យឃើញ​នូវ​ទិដ្ឋភាព​ព្រឹល​សក្បុស​កំពុង​គ្របដណ្ដប់​លើ​កំពូល​ភ្នំភ្លើង​ចំនួន​ពីរ​នៅលើ​កោះធំ​ជាងគេ​របស់ Hawaii នៃ​សហរដ្ឋអាមេរិក។

    រូបភាព​ដែល​ថត​ដោយ​កាមេរ៉ា Operational Land Imager (OLI) នៅលើ​ផ្កាយរណប Landsat-8 បានបង្ហាញ​យ៉ាងច្បាស់​នូវ​ទិដ្ឋភាព​ព្រឹល​លើ​កំពូលភ្នំ Mauna Kea និង Mauna Loa និង​មាន​ទិដ្ឋភាព​ថ្មភ្នំ​ភ្លើង​ព័ទ្ធជុំវិញ។ OLI គឺជា​គម្រោង​សហការ​រវាង​ទីភ្នាក់ងារ​អវកាស​អាមេរិក NASA និង​នាយកដ្ឋាន​ស្រាវជ្រាវ​ដីធ្លី​អាមេរិក។ រូបថត​នេះ​ត្រូវបាន​ចែករំលែក​ដោយ​ស្ថានីយ​សង្កេត​ផែនដី​របស់ NASA។

    ព្រឹល​ត្រូវបាន​គេ​សម្គាល់​ឃើញថា មិនសូវ​កើតមាន​នៅ​តំបន់​ត្រូ​ពិ​ក​ដូចជា Hawaii នេះ​ទេ ប៉ុន្តែ ជាក់ស្ដែង ព្រឹល​បាន​ធ្លាក់​នៅទីនេះ​យ៉ាង​ក្រាស់។ កំពូលភ្នំ​ភ្លើង Mauna Kea កំពុងតែ​អសកម្ម ខណៈដែល​កំពូល​ភ្នំភ្លើង Mauna Loa ​កំពុង​​ធ្វើ​​សកម្ម​ភាព​​ខ្លាំង​ក្លា និង​ទៀងទាត់​នៅលើ​កម្ពស់​ជាង 4,200 ម៉ែត្រ ធៀប​នឹង​ផ្ទៃ​ទឹកសមុទ្រ។ ភ្នំ Mauna Kea ខ្ពស់ជាង 38 ម៉ែត្រ ធៀប​នឹង Mauna Loa និង​តែងតែ​ត្រូវ​គ្របដណ្ដប់​ដោយ​ព្រឹលស្ដើងៗយ៉ាងតិច​មួយដង​ក្នុង​មួយឆ្នាំ។

    ឆ្នាំនេះ ដោយសារ​តែមាន​ព្យុះ​ខ្លាំង ទើប​កំពូលភ្នំ​ទាំងនេះ​មាន​ព្រឹល​ដល់​ទៅ 3 ដង​ក្នុង​រយៈពេល 3 សប្ដាហ៍​កន្លងទៅនេះ ដោយ​ចាប់ផ្ដើម​ពីថ្ងៃ​ទី 18 មករា។ ដោយឡែក ភ្នំភ្លើង​អសកម្ម Haleakala ដែលមាន​កម្ពស់ 3,000 ម៉ែត្រ និង​ស្ថិតនៅលើ​កោះ Maui ក៏មាន​ព្រឹល​ធ្លាក់​យ៉ាង​ក្រាស់​កាលពី​ថ្ងៃទី 3 ខែកុម្ភៈ​ផងដែរ។

    ព្រឹល​ធ្លាក់​នៅលើ​កោះ Hawaii ក៏​មានន័យថា រដ្ឋ​ទាំងអស់​របស់​សហរដ្ឋ​អាមេរិក លើកលែងតែ Florida សុទ្ធ​តែមាន​ព្រឹល​ធ្លាក់​នៅក្នុង​រដូវរងា​ឆ្នាំ 2021 នេះ​បើតាម​គេហទំព័រ Weather Channel។ មូលហេតុ​នៃ​បាតុភូត​នេះ​គឺ​ដោយសារ​ការប្ដូរ​ទិស​របស់​ខ្យល់​ដែល​កើតឡើង​ដោយសារ​ព្យុះ Kona។

    ការស្រាវជ្រាវ​កាលពី​ឆ្នាំ 2017 របស់​មជ្ឈមណ្ឌល​ស្រាវជ្រាវ​ប៉ាស៊ីហ្វិក​អន្តរជាតិ (IPRC) នៃ​សាកលវិទ្យាល័យ Hawaii នៅ Manoa តាមរយៈ​ទិន្នន័យ​ពី​ផ្កាយរណប និង​គំរូ​នៅលើ​កុំព្យូទ័រ បាន​ព្យាករ​ថា ព្រឹល​ធ្លាក់​នៅលើ​ភ្នំភ្លើង​នឹងត្រូវ​ថយចុះ​បន្តិចម្ដងៗនៅ​ចុង​សតវត្សរ៍​ទី 21 ដោយសារតែ​ការឡើង​កម្ដៅ​ផែនដី ក្រោម​ឥទ្ធិពល​នៃ​ការប្រែប្រួល​អាកាស​ធាតុ៕

    ប្រភព៖ Live Science