ភព​សៅរ៍​ដណ្ដើមបាន​​​​តំណែង «ស្ដេច​​គ្រប់​គ្រង​ព្រះ​ចន្ទ» នៅ​ក្នុង​ប្រព័ន្ធ​ព្រះ​អាទិត្យ

ដោយមាន​ព្រះ​ចន្ទ​ចំនួន 62 ដួង ត្រូវបាន​រកឃើញ ភព​សៅរ៍​ (Saturn) បាន​យកឈ្នះ​លើ​ភព​ព្រហស្បតិ៍​ជា​ថ្មី​ និង​​ក្លាយជា​ភព​ដែលមាន​ព្រះ​ចន្ទ​ច្រើនជាងគេ​នៅក្នុង​ប្រព័ន្ធ​ព្រះអាទិត្យ។

នៅមុន​ពេល​នៃ​ការរកឃើញ​ថ្មី ភព​សៅរ៍​មាន​ព្រះ​ចន្ទ​ចំនួន 83 ដួង ដែល​ត្រូវបាន​ទទួលស្គាល់​ដោយ​សហព័ន្ធ​តារាសាស្ត្រ​អន្តរជាតិ (IAU)។ បច្ចុប្បន្ន តួលេខ​នេះ​បាន​កើន​ឡើងដល់ 145 ដួង នេះ​បើតាម Space ចុះផ្សាយ​កាលពី​ថ្ងៃទី 12 ឧសភា 2023។ ប្រការនេះ​បាន​នាំឱ្យ​ភព​សៅរ៍​ក្លាយជា​ភព​ដំបូង​គេ​ដែលមាន​ព្រះ​ចន្ទ​ជាង 100 ដួង។

ព្រះ​ចន្ទ​ថ្មី​ទាំងនេះ​របស់​ភព​សៅរ៍ ត្រូវបាន​រកឃើញ​ដោយ​ក្រុម​អ្នកវិទ្យាសាស្ត្រ​ដែល​ដឹកនាំ​ដោយ​បណ្ឌិត Edward Ashton មកពី​វិទ្យាស្ថាន​តារា-​រូបវិទ្យា​ Academia Sinica ដោយ​ប្រើប្រាស់​ទិន្នន័យ​ពី​តេ​ឡេ​ស្កុប​របស់​កាណាដា-បារាំង-ហា​វ៉ៃ (CFHT) នៅលើ​កោះ Hawaii ដែល​ប្រមូល​បាន​តាំង​ពី​ឆ្នាំ 2019 ដល់ 2021។ ទិន្ន័យ​នេះ​ជួយ​ឱ្យ​ពួកគេ​រកឃើញ​ព្រះ​ចន្ទ​ថ្មី​​​ៗ​​មាន​អង្កត់ផ្ចិត​ចាប់ពី 2.5 គីឡូម៉ែត្រ ដែល​វិល​ជុំវិញ​ភព​សៅរ៍។

កាលពី​ខែកុម្ភៈ 2023 ភព​ព្រហស្បតិ៍​បាន​យកឈ្នះ​លើ​ភព​សៅរ៍​ស្ដីពី​ភព​ដែលមាន​ព្រះ​ចន្ទ​ច្រើនជាងគេ នៅពេល​ព្រះ​ចន្ទ​ថ្មី​ចំនួន 12 របស់​ភព​នេះ​ត្រូវបាន​ទទួលស្គាល់ ជួយ​ឱ្យ​ចំនួន​ព្រះ​ចន្ទ​របស់​ភព​ព្រហស្បតិ៍​កើន​ដល់ 92 ដួង។ ក៏ប៉ុន្តែ បច្ចុប្បន្ន តំណែង​ «ស្ដេច​គ្រប់គ្រង​ព្រះ​ចន្ទ» នេះ បាន​ធ្លាក់​មកលើ​ដៃ​ភព​សៅរ៍​ជាថ្មី ដោយ​វា​មាន​ព្រះ​ច​ន្ទ 145 ដួង បើទោះជា​អនាគត តួលេខ​នេះ​អាច​នឹង​ប្រែប្រួល៕

Advertisement