ភព​ខ្នាត​យក្ស​មួយ​ទើបតែ​លេចមុខ​ឡើង​ ក្រោយ​ការ​រីក​មាឌ​របស់​ផ្កាយ​មេ

ភព​ខ្នាត​ធំ​មួយ​ដែល​ត្រូវបាន​ដាក់ឈ្មោះថា Halla ទើបតែ​បានបង្ហាញ​ខ្លួន​ដោយ​គោចរ​ជុំវិញ Bakedu ដែល​ជា​វត្ថុ​អវកាស​​ទើបតែ​លេច​ឡើងជា​ផ្កាយ​យក្ស​ក្រហម ហើយ​គួរ​ណាស់​តែ​បាន​លេប​ត្របាក់​ភព​នេះ​រួចហើយ​។

Halla ដែលជា​ភព​ខ្នាត​យក្ស​ដូច​ទៅនឹង​ភព​ព្រហស្បតិ៍ ត្រូវបាន​រកឃើញ​នៅពេល​ក្រុម​អ្នកវិទ្យាសាស្ត្រ​ពិនិត្យមើល​ដំណាក់កាល Bakedu រីក​មាឌ និង​ក្លាយជា​ផ្កាយ​ខ្នាត​យក្ស​ពណ៌​ក្រហម។

ផ្កាយ​នានា​នៅក្នុង​ចក្រវាល​ដែល​ដូច​ព្រះអាទិត្យ​របស់​មនុស្ស នៅពេល​អស់​ថាមពល​នឹង​ប៉ោង​ឡើង រីក​មាឌ​ជា​លើកចុងក្រោយ ក្លាយជា​ផ្កាយ​យក្ស​ក្រហម ដោយ​ធំ​ជាង​មុន 1.5 ដង។ ក្រោយមក វា​នឹងត្រូវ​ដួលរលំ ក្លាយជា​កូន​ផ្កាយ​ពណ៌​ស។

ក្នុងអំឡុងពេល​រីក​មាឌ​ជា​លើកចុងក្រោយ ផ្កាយ​ទាំងនេះ​អាច​លេប​ត្របាក់​យក​បណ្ដា​ភព​ដែល​នៅក្បែរ​វា។ ព្រះអាទិត្យ​របស់​មនុស្ស​ក៏ត្រូវ​បាន​ព្យាករ​ថា នឹង​លេប​យក​ភព​ចំនួន​បី​ដែល​នៅក្បែរ រួមមាន ភព​ពុធ ភព​សុក្រ និង​ផែនដី នៅ​ពេល​វា​រីក​មាឌ​។

ក៏ប៉ុន្តែ នៅ​ជុំវិញ​ផ្កាយ Bakedu ក្រុម​អ្នកវិទ្យាសាស្ត្រ​របស់​វិទ្យាស្ថាន​តារាសាស្ត្រ​នៃ​សាកលវិទ្យាល័យ Hawaii (សហរដ្ឋ​អាម៉េរិក) បាន​ប្រទះឃើញ Halla បង្ហាញខ្លួន​បន្ទាប់ពី​ហេតុការណ៍​រីក​មាឌ​ដល់​កម្រិត​កំពូល​​របស់​ផ្កាយ​ក្រហម Bakedu។ ភព Halla «នៅមាន​ជីវិត»​ និង​ស្ថិត​នៅ​ក្នុង​លំហ​ដែល​មុន​នោះ​ផ្កាយ Bakedu បាន​គ្របដណ្ដប់​ទាំងស្រុង។

ការសង្កេត​ថ្មី​បំផុត​បាន​បញ្ជាក់ថា ភព​ខាងលើ​នៅតែ​គោចរ​លើ​គន្លង​​ប្រកបដោយ​ស្ថិរភាព​ក្នុង​រយៈពេល​ជាង​មួយ​ទសវត្សរ៍ និង​នៅតែមាន «ជីវិត» ជាមួយនឹង​ផ្កាយ​មេ​ដែល​កំពុង​ព្យាយាម​លេប​យក​វា។

អ្នកវិទ្យាសាស្ត្រ​មិនទាន់​យល់ច្បាស់​ថា ហេតុអ្វី​បានជា Halla នៅមាន​ជីវិត។ មានការ​សន្និដ្ឋានថា Halla ប្រហែលជា​ធ្លាប់​គោចរ​ក្នុង​គន្លង​តារាវិថី​ឆ្ងាយ នៅ​មុនពេល​ហេតុការណ៍​រីក​មាឌ​របស់ Bakedu។ ប៉ុន្តែ លទ្ធភាព​នេះ​ហាក់​មាន​តិចតួច។

លទ្ធភាព​ទី​ពីរ​គឺថា Halla បានកកើតឡើង​ពី​ការ​ប៉ះគ្នា​រវាង​ផ្កាយ​ពីរ​ដួង។ ដូច្នេះ Halla អាចជា «ខ្មោចឆៅ» របស់​ផ្កាយ​មួយ​ដួង​ក្នុងចំណោម​ពីរ​ដែល​បាន​ងាប់ ពោលគឺ​មិនមែន Bakedu។

លទ្ធភាព​ទី​បី គឺថា Halla ពិតជា​នៅមាន​ជីវិត​ក្រោយ​ហេតុការណ៍​ផ្កាយ Bakedu ​រីក​មាឌ។ ប្រការនេះ​អាច​នាំមក​នូវ​ក្ដីសង្ឃឹម​ខ្លះ​សម្រាប់​អនាគត​របស់​ផែនដី៕

Advertisement