ប្រទេសអារ៉ាប៊ីសាអូឌីត បានត្រៀមខ្លួនរួចហើយដើម្បីបញ្ចេញទឹកប្រាក់ក្នុងរដូវទិញដូរកីឡាករនារដូវក្ដៅ នៅក្នុងការប្រឹងប្រែងនាំយកកំពូលតារាបាល់ទាត់នានារបស់ពិភពលោក និងលើកពានរង្វាន់ Pro League របស់ខ្លួនឡើងទៅកាន់ផែនទីពិភពបាល់ ក្នុងគ្រាដែលប្រទេសនេះកំពុងខិតខំសម្រាប់ការទទួលធ្វើជាម្ចាស់ផ្ទះ World Cup 2030។
ថ្វីបើរដូវកាលដោះដូរកីឡាករឆ្នាំ 2023 មិនទាន់មកដល់ ប៉ុន្តែមួយក្នុងចំណោមប្រធានបទដែលត្រូវបានគេលើកឡើងញឹកញាប់ជាងគេក្នុងមួយរយៈពេលខ្លីចុងក្រោយនេះ គឺពានរង្វាន់ Saudi Pro League។
ប្រទេសអារ៉ាប៊ីសាអូឌីត មិនធ្លាប់ជាទីសំចតសំខាន់របស់កីឡាករបាល់ទាត់ពិភពលោក ប៉ុន្តែអារ៉ាប៊ីសាអូឌីតកំពុងតែប្ដេជ្ញាចិត្តកែប្រែប្រការនេះ។ ព្រឹត្តិការណ៍ប្រកួតបាល់ទាត់ដណ្ដើមពានរង្វាន់ Saudi Pro League កំពុងតែដើរតួនាទីជាអ្នកទាក់ទាញកីឡាករល្បីៗរបស់ពិភពលោក ក្នុងនោះ ពានរង្វាន់នេះក៏ធ្លាប់ទាក់ទាញបាន Cristiano Ronaldo ដែលចូលរួមប្រកួតតាំងពីខែធ្នូ 2022 ហើយថ្មីៗនេះ Karim Benzema ក៏បានសម្រេចចិត្តមកចូលរួម បន្ទាប់ពីចាកចេញពី Real Madrid។
អារ៉ាប៊ីសាអូឌីត កំពុងតែធ្វើសកម្មភាពសម្រាប់ការរៀបចំ World Cup 2023 ក្នុងនោះ ប្រទេសនេះក៏បានត្រៀមរួចរាល់សម្រាប់ការចំណាយប្រាក់ដ៏ច្រើនដើម្បីអាចក្លាយជាប្រទេសបាល់ទាត់។ Ronaldo កំពុងទទួលបាន 177 លានផោន/ឆ្នាំ ពីក្លឹបបាល់ទាត់ Al-Nassr ហើយនេះគឺជាប្រាក់បៀវត្សរ៍ដែលកំពុងទាក់ទាញចំណាប់អារម្មណ៍របស់កីឡាករល្បីៗរបស់ពិភពលោក ក្នុងនោះមានទាំង Lionel Messi ព្រោះថា M10 បច្ចុប្បន្នគឺជាទូតទេសចរណ៍របស់អារ៉ាប៊ីសាអូឌីតស្រាប់ ខណៈទំនាក់ទំនងរវាងកីឡាកររូបនេះជាមួយនឹងក្លឹប PSG ក៏ជិតដាច់ជាផ្លូវការហើយដែរ។ ពេលនេះ Messi អាចយកតម្រាប់តាម Ronaldo។
ក៏ប៉ុន្តែ Messi មិនមែនជាកីឡាករតែម្នាក់គត់ដែលកំពុងពិចារណាលើការមកទាត់ឱ្យបណ្ដាក្លឹបនៅអារ៉ាប៊ីសាអូឌីត។ ប្រភពព័ត៌មាននៅប្រទេសបារាំងឱ្យដឹងថា ក្លឹប Al-Hilal ក៏បានលើកសំណើជាកិច្ចព្រមព្រៀងជាមួយនឹង Sergio Busquets, Jordi Alba និង Marco Verratti នៅក្នុងការប្រឹងប្រែងដើម្បីបញ្ចុះបញ្ចូល Messi ឱ្យមកចូលរួមគម្រោងរបស់ក្លឹបនេះ។
បន្ទាប់ពីដណ្ដើមបានពានរង្វាន់ជើងឯក English Premier League និងជ័យជម្នះក្នុងវគ្គផ្ដាច់ព្រ័ត្រនៅ FA Cup 2023 ក្លឹប Manchester City កំពុងស្ថិតនៅចំពោះមុខឱកាសធំដែលអាចនាំទៅរកការលើកពានទាំងបីក្នុងប្រវត្តិសាស្ត្រនារដូវកាលនេះ។ ការប្រកួតផ្ដាច់ព្រ័ត្រជាមួយនឹង Inter Milan នៅពានរង្វាន់ Champions League នាថ្ងៃទី 11 មិថុនាខាងមុខ នឹងជារនាំងចុងក្រោយដែលកូនសិស្ស និងគ្រូបង្វឹក Pep Guardiola របស់ Man City ត្រូវឆ្លងឱ្យផុត ដើម្បីក្លាយជាម្ចាស់ជើងឯកបីពាន់រង្វាន់ក្នុងមួយរដូវកាល។
ថ្មីៗនេះ អង្គការ Brand Finance បានប្រកាសបញ្ជីឈ្មោះស្ដីពីបណ្ដាក្លឹបបាល់ទាត់ដែលមានតម្លៃខ្ពស់ជាងគេលើពិភពលោក ក្នុងនោះ Man City ស្ថិតនៅលើកំពូលតារាងចំណាត់ថ្នាក់ ដោយសារប្រាក់ចំណូលកើន នាំឱ្យតម្លៃយីហោក៏កើនបន្ថែម 13% ជួយឱ្យតម្លៃសរុបរបស់ក្លឹបនេះលោតឡើងដល់ 1.51 ពាន់លានអឺរ៉ូក្នុងឆ្នាំ 2023។
ចំណែកក្លឹបដែលមានតម្លៃខ្ពស់ជាងគេលំដាប់ទីពីរលើពិភពលោក បានទៅលើ Real Madrid ព្រោះតែតម្លៃយីហោបានធ្លាក់អស់ 4% មកនៅត្រឹម 1.46 ពាន់លានអឺរ៉ូ។
បណ្ដាក្លឹបរបស់អេស្ប៉ាញ បន្តរីកចម្រើនខ្លាំងក្នុងឆ្នាំនេះ ក្នុងនោះ Barcelona ជាប់លេខបី, Atletico Madrid លេខ 12, Sevilla លេខ 25, Real Betis លេខ 34, Villareal លេខ 36 និង Real Sociedad លេខ 37។
Man United ជាប់លេខបួន ដោយមានតម្លៃ 1.4 ពាន់លានអឺរ៉ូ និងនៅពីលើ Liverpool ដែលមានតម្លៃ 1.4 ពាន់លានអឺរ៉ូដូច ប៉ុន្តែ Man United កើន 9% ខណៈ Liverpool កើនតែ 7%។ Arsenal ជាប់ចំណាត់ថ្នាក់លេខដប់ ខណៈ PSG ក៏មានឈ្មោះក្នុង Top 50៕
ក្រុមហ៊ុន Fiat បង្កើតបានរថយន្តអគ្គិសនីដ៏ស្រស់ស្អាតផ្ទាល់ខ្លួននៅក្នុង series 500។ ក្រុមហ៊ុននេះបានបង្ហាញរថយន្តអគ្គិសនី Topolino ដែលជាកំណែថ្មីរបស់រថយន្តអគ្គិសនីខ្នាតតូច Citroen Ami ក្នុងនោះ ក្បាលរថយន្តត្រូវរចនាឡើងវិញ ខណៈដែលដំបូលធ្វើពីក្រណាត់ អាចបើកបិទបាន។
រថយន្តអគ្គិសនី Fiat Topolino ប្រើប្រាស់ប្រព័ន្ធផ្គត់ផ្គង់កម្លាំងរបស់រថយន្តអគ្គិសនី Citroen Ami (Citroen និង Fiat សុទ្ធតែស្ថិតក្រោមការគ្រប់គ្រងរបស់ Stellantis) និងមានរូបរាងដូចគ្នាស្ទើរតែទាំងស្រុង ក្រៅតែពីភាពខុសគ្នាដែលបាននិយាយខាងលើ។ Fiat Topolino ប្រើប្រាស់ថ្ម 5.5 គីឡូវ៉ាត់ម៉ោង អាចធ្វើដំណើរបាន 76 គីឡូម៉ែត្រ និងល្បឿនអតិបរមា 45 គីឡូម៉ែត្រ/ម៉ោង។ ដូចទៅនឹង Citroen Ami ម្ចាស់រថយន្តអាចបញ្ជា Fiat Topolino នៅក្នុងក្រុងដោយមិនបាច់មានប័ណ្ណបើកបរ។