Tag: ប្រទេសចិន

  • មហាសេដ្ឋី​ចិន Jack Ma បង្ហាញ​ខ្លួន​​ជា​គ្រូបង្រៀន​លើកដំបូង​នៅ​ប្រទេស​ជប៉ុន

    មហាសេដ្ឋី​ចិន Jack Ma បង្ហាញ​ខ្លួន​​ជា​គ្រូបង្រៀន​លើកដំបូង​នៅ​ប្រទេស​ជប៉ុន

    មហាសេដ្ឋី​បច្ចេកវិទ្យា Jack Ma បង្ហាញខ្លួន​ក្នុងតួនាទី​ជា​សាស្ត្រាចារ្យ​បរទេស​របស់​សាកលវិទ្យាល័យ​តូ​ក្យូ ប្រទេស​ជប៉ុន កាល​ពី​ពេល​ថ្មី​ៗ​នេះ​។

    ការចែករំលែក​ចំណេះដឹង​របស់​មហាសេដ្ឋី​ចិន Jack Ma បានចាប់ផ្ដើម​ពីថ្ងៃ​ទី 12 មិថុនា 2023 ប៉ុន្តែ ទើបតែ​ត្រូវ​បានប្រកាស​ក្រោយ​ការបង្រៀន​បាន​ជិត​មួយ​សប្ដាហ៍។ យោងតាម SCMP ស្ថាបនិក​វ័យ 58 ឆ្នាំ​របស់ Alibaba គឺជា​វាគ្មិន​មួយរូប​ដែល​លេចធ្លោ​ជាងគេ​នៅក្នុង​សិក្ខាសាលា​ពិសេស​ស្ដីពី «នវានុវត្តន៍ និង​សហគ្រិនភាព» ដែល​ត្រូវបាន​រៀបចំឡើង​នៅឯ​សាកលវិទ្យាល័យ​តូ​ក្យូ។

    នេះ​ក៏​ជា​សិក្ខា​សាលាដំបូង​ដែល​លោក Ma ចូលរួម​ក្នុងនាម​ជា​សាស្ត្រាចារ្យ​បរទេស នៅក្នុង​ស្ថាប័ន​អប់រំ​ដែលមាន​អាយុ 146 ឆ្នាំ​នៅ​ប្រទេស​ជប៉ុន។ អ្នក​ដែល​បាន​ចូលរួម​ក្នុង​សិក្ខាសាលា​ខាងលើ​រួមមាន និស្សិត​មកពី​តំបន់​នានា​របស់​ប្រទេស​ជប៉ុន ចិន ឥណ្ឌា និង​ម៉ាឡេស៊ី។

    ពិធី​ចែករំលែក​ចំណេះដឹង និង​បទពិសោធន៍​នេះ ផ្ដោតទៅលើ​ទស្សនៈ​នៃ​ការគ្រប់គ្រង និង​របៀប​ដែល​យុវវ័យ​ជំនាន់​ថ្មី​អាច​សម្រេចបាន​នៅពេល​អនាគត។ យោងតាម​គេហទំព័រ​របស់​សាកលវិទ្យាល័យ​តូ​ក្យូ នេះ​គឺជា​ប្រធានបទ​ដែល​យោងទៅលើ «បទពិសោធន៍​សម្បូរបែប ចំណេះដឹង​នាំមុខគេ​ទាក់ទង​នឹង​ស្មារតី​​ជំនួញ និង​ភាព​​ច្នៃប្រឌិត» របស់លោក Jack Ma។

    ប៉ុន្មាន​ថ្ងៃ​ក្រោយពីចូល​រួម​​សិក្ខាសាលា​នៅ​ប្រទេស​ជប៉ុន លោក Ma ក៏បាន​បន្ត​បង្ហាញ​វត្ត​មាននៅ​ប្រទេស​ចិន​ក្នុង​កម្មវិធី​មួយ​ដែល​រៀបចំ​ដោយ​ក្រុមហ៊ុន Alibaba។ នៅទីនេះ លោក Ma ស្លៀកពាក់​យ៉ាង​សាមញ្ញ។

    លោក Jack Ma ធ្លាប់ជា​គ្រូបង្រៀន​ភាសា​អង់គ្លេស មុនពេល​បង្កើត​ក្រុមហ៊ុន Alibaba។ គិត​មកដល់ពេលនេះ លោក Ma កំពុង​ធ្វើជា​សាស្ត្រាចារ្យ​នៅ​សាកលវិទ្យាល័យ​យ៉ាងតិច​បួន​ដែល​ស្ថិតនៅ​ខាងក្រៅ​ចិនដីគោក ក្នុងនោះ​ក៏មាន​សាកលវិទ្យាល័យ​ហុងកុង សាកលវិទ្យាល័យ​នៅ​អាហ្វ្រិក និង​សាកលវិទ្យាល័យ​នៅ​ប្រទេស​​អ៊ីស្រាអែល​ផងដែរ។

    ក្នុង​ព្រឹត្តិការណ៍​មួយ​កាលពី​ថ្ងៃទី 15 មិថុនា លោក Michael Evans ដែលជា​ប្រធាន​ក្រុមហ៊ុន Alibaba បាន​ថ្លែងថា លោក Jack Ma នៅតែ​ជា​ភាគ​ហ៊ុ​និក​ធំជាងគេ​របស់​ក្រុមហ៊ុន Alibaba។

    ការបង្ហាញ​វត្តមាន​របស់លោក Jack Ma នេះ គឺ​ចំ​ពេលដែល​ទីក្រុង​ប៉េកាំង​កំពុង​រក​វិធី​ស្ដារ​សេដ្ឋកិច្ចជាតិ និង​ទំនុកចិត្ត​របស់​អ្នកវិនិយោគ ក្រោយពី​បាន​រឹតបន្តឹង​វិស័យ​បច្ចេកវិទ្យា​អស់​ជាច្រើន​ឆ្នាំ៕

  • ចិន​បង្កើត​ម៉ាស៊ីន​រថភ្លើង​ដំណើរការ​ដោយ​អ៊ីដ្រូសែន «ខ្លាំង​បំផុត​លើ​ពិភពលោក»

    ចិន​បង្កើត​ម៉ាស៊ីន​រថភ្លើង​ដំណើរការ​ដោយ​អ៊ីដ្រូសែន «ខ្លាំង​បំផុត​លើ​ពិភពលោក»

    ក្បាលម៉ាស៊ីន​អ៊ីដ្រូសែន​ដំបូង​របស់​ប្រទេស​ចិន Ningdong ដែល​កែច្នៃ​ពី​ម៉ាស៊ីន​ចំហេះ​ក្នុង បាន​ចាក​ចេញពី​រោងចក្រ Datong ជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់ CRRC កាលពី​ថ្ងៃទី 15 មិថុនា 2023។

    សារព័ត៌មាន SCMP បាន​រាយការណ៍​ថា Ningdong ត្រូវបាន​បង្ហាញថា​ជា​ក្បាលម៉ាស៊ីន​ដែល​ដំណើរការ​ដោយ​អ៊ីដ្រូសែន​កម្លាំង​ខ្លាំង​បំផុត​លើ​ពិភពលោក ដែលមាន​សក្ដានុពល​ធំធេង​ក្នុង​ការជំនួស​ម៉ាស៊ីន​​រថភ្លើង​ទាំងអស់​ដែល​ដំណើរការ​ដោយ​ប្រេងសាំង​នៅ​ប្រទេស​ចិន​។ វា​អាច​ផ្ទុក​អ៊ីដ្រូសែន​ចំនួន 270 គីឡូក្រាម និង​បើកបរ​បន្តបន្ទាប់​រយៈ​ពេល 190 ម៉ោង។

    «អ៊ីដ្រូសែន​គឺជា​ថាមពល​ស្អាត អាច​កកើត​ឡើងវិញ។ ការចំណាយ​លើ​ការប្រើប្រាស់​ក្បាលម៉ាស៊ីន​រថភ្លើង​ដំណើរការ​ដោយ​អ៊ីដ្រូសែន គឺ​ប្រហាក់ប្រហែល​នឹង ½ នៃ​ការចំណាយ​លើ​ម៉ាស៊ីន​ចំហេះ​ក្នុង» Liang Zhenzhong អគ្គនាយករង​របស់ CRRC Datong បញ្ជាក់​ដូច្នេះ។

    ម៉ាស៊ីន​អ៊ីដ្រូសែន​ដំណើរការ​នៅពេល​ឧស្ម័ន​អ៊ីដ្រូសែន​ប្រតិកម្ម​ជាមួយនឹង​អុកស៊ីសែន​នៅក្នុង​ថ្ម​ផ្ទុក​ថាមពល បង្កើតបានជា​អគ្គិសនី និង​ចំហាយ​ទឹក។ អនុផល​របស់​ប្រតិកម្ម​នេះ​មិន​ប៉ះពាល់​ដល់​បរិស្ថាន ដោយសារ​​បំ​ភាយ​តែ​កម្ដៅ និង​ទឹក។

    រថភ្លើង​អ៊ីដ្រូសែន​ដឹក​អ្នកដំណើរ​ដំបូង​គេ​លើ​ពិភពលោក​បានធ្វើ​សកម្មភាព​ពាណិជ្ជកម្ម​តាំងពី​ឆ្នាំ 2018 និង​ធ្វើដំណើរ​បាន​ជាង 220,000 គីឡូម៉ែត្រ នៅ 8 ប្រទេស​ក្នុង​ដំ​តន់​អឺរ៉ុប គិត​ត្រឹម​ខែមករា 2023។ នេះ​បើ​យោងតាម​ក្រុម​ផលិត​រថភ្លើង​បារាំង Alstom។

  • មហា​សេដ្ឋី​ចិន Jack Ma «នៅ​មាន​ជីវិត​ និង​មានសេចក្ដី​សុខ​ធម្មតា»

    មហា​សេដ្ឋី​ចិន Jack Ma «នៅ​មាន​ជីវិត​ និង​មានសេចក្ដី​សុខ​ធម្មតា»

    ប្រធាន​បច្ចុប្បន្ន​របស់​​ក្រុម​ហ៊ុន​ Alibaba បាន​បង្ហើប​ឱ្យ​ដឹង​ថា ស្ថាបនិក​ លោក Jack Ma មិន​មាន​បញ្ហា​អ្វី​ទេ និង​កំពុង​ចំណាយ​ពេល​វេលា​ច្រើនជាង​មុន​​នៅ​ប្រទេស​ចិន​។

    «ជា​ដំបូង លោក Jack នៅ​មាន​ជីវិត​។ គាត់​គ្មាន​បញ្ហា​អ្វី​ទេ​ និង​មាន​សេចក្ដី​សុខ​» ប្រធាន​ក្រុម​ហ៊ុន​ Alibaba លោក Michael Evans និយាយ​នៅ​ក្នុង​កិច្ច​ប្រជុំ​ Viva Tech នៅ​ប៉ារីស កាល​ពី​ថ្ងៃទី 15 មីថុនា​ដូច្នេះ​។ លោក Evans ក៏​បាន​ឱ្យ​ដឹង​ថា លោក Jack Ma «កំពុង​បង្រៀន​នៅ​សាកល​វិទ្យាល័យ​មួយ​នៅ​ទីក្រុង​តូក្យូ ប្រទេស​ជប៉ុន និង​ចំណាយ​ពេល​វេលា​នៅ​ប្រទេស​ចិន​ច្រើន​ជាង​មុន​»។

    ដំណឹង​ខាងលើ​ត្រូវ​បាន​លើក​ឡើង​បន្ទាប់​ពី​មាន​អ្នក​សួរ​អំពី​ស្ថានភាព​​​ស្ថាបនិក​របស់ Alibaba​។ យោង​តាម​ CNBC ប្រការ​នេះ​បង្ហាញ​ថា សុខ​ទុក្ខ​របស់​មហា​សេដ្ឋី​ចិន​ Jack Ma នៅ​តែ​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ ក្រោយ​ពី​ក្រុម​ហ៊ុន​របស់​លោក​មាន​បញ្ហាខ្លះ​​ជាមួយ​ទីក្រុង​ប៉េកាំង​ ដោយ​សារ​ច្បាប់​រឹត​បន្តឹង​លើ​​ក្រុម​ហ៊ុន​បច្ចេក​វិទ្យា​ នា​ពេល​កន្លង​។

    លោក Evans ថ្លែង​ថា លោក Jack Ma នៅ​តែ​ជា​ភាគហ៊ុនិក​ធំជាង​គេ​របស់​ក្រុម​ហ៊ុន Alibaba។ ការ​បង្ហាញ​វត្តមាន​របស់​លោក Jack Ma នេះ​ គឺចំ​ពេល​ដែល​ទីក្រុង​ប៉េកាំង​កំពុង​រក​វិធី​ស្ដារ​សេដ្ឋកិច្ច​ជាតិ​ និង​ទំនុក​ចិត្ត​របស់​អ្នក​វិនិយោគ​ ក្រោយ​ពីបាន​​រឹត​បន្តឹង​វិស័យ​បច្ចេក​វិទ្យា​អស់ជា​ច្រើន​ឆ្នាំ​៕

  • Messi រក​គ្រាប់​បាល់​បាន​លឿន​បំផុត​ក្នុង​អាជីព​ ពេល​ប៉ះ​អូស្ត្រាលី​នៅ​ប្រទេស​ចិន

    Messi រក​គ្រាប់​បាល់​បាន​លឿន​បំផុត​ក្នុង​អាជីព​ ពេល​ប៉ះ​អូស្ត្រាលី​នៅ​ប្រទេស​ចិន

    (ប្រទេស​ចិន) – កំពូល​តារាបាល់ទាត់ Lionel Mess បានបង្ហាញ​កំពូល​ថ្វី​ជើង​របស់ខ្លួន​នៅ​វិនាទី​ទី 79 ដែល​បាន​ជួយ​ឱ្យ​ក្រុម​ជម្រើសជាតិ​អា​ហ្ស​ង់​ទីន​ឈ្នះ​អូស្ត្រាលី 2-0 នៅក្នុង​ការប្រកួត​មិត្តភាព​នៅ​ទីក្រុង​ប៉េកាំង​ប្រទេស​ចិន កាលពី​ព្រលប់​ម្សិលមិញ។

    គ្រាប់​បាល់​ឈ្នះ​របស់ Messi កើតឡើង​បន្ទាប់ពី​ខ្សែបម្រើ Enzo Fernadez ដណ្ដើមបាន​បាល់​ពី​កីឡាករ​អូស្ត្រាលី រួច​បញ្ជូនទៅឱ្យ​ប្រធាន​ក្រុម។ Messi ទទួលបាន​បាល់​នៅត្រង់​ខ្សែ​កណ្ដាល អូស​បាល់​បញ្ច្រាសទិសរ​ត់រប​ស់​គូប្រជែង នាំឱ្យ​កីឡាករ​អូស្ត្រាលី​ម្នាក់​ដួល រួច​ទាត់​ប្លោង​សំដៅ​ជ្រុង​ម្ខាង ផុតពី​ដៃ​អ្នកចាំទី Matthew Ryan។ គ្រាប់​បាល់​នេះ​ពេញ​ដោយ​ស្ទីល​របស់ Messi ព្រោះ​កីឡាករ​នេះ​ធ្លាប់​រកបាន​គ្រាប់​បាល់​រាប់សិប​​គ្រាប់​តាមរយៈ​វិធី​ទាត់​បែបនេះ​នៅក្នុង​អាជីព។

    នេះ​គឺជា​គ្រាប់​បាល់​ដែល​រកបាន​ឆាប់​បំផុត​ក្នុង​អាជីព​របស់ Messi ដោយសារ​កើតឡើង​នៅក្នុង​នាទី​ទី​ពីរ។ ក្នុង 90 នាទី​នៃ​ការប្រកួត​មិត្តភាព​រវាង​អា​ហ្ស​ង់​ទីន និង​អូស្ត្រាលី នៅ​ប្រទេស​ចិន Messi គ្រាន់តែ​មិន​អាច​រកបាន​គ្រាប់​បាល់​នៅ​នាទី​ដំបូង​ប៉ុណ្ណោះ។ នៅក្នុង 807 គ្រាប់​ដែល Messi រកបាន​ក្នុង​អាជីព មាន 45 គ្រាប់​រកបាន​ក្នុងពេល​ថែម​ម៉ោង​តង់​ទី​ពីរ និង 22 គ្រាប់​ក្នុងពេល​ថែម​ម៉ោង​តង់​ទីមួយ។ ក្រៅពីនេះ ពេលវេលា​ដែល M10 រកបាន​គ្រាប់​បាល់​ច្រើន​បំផុត​ក្នុង 90 នាទី គឺ​នៅ​នាទី​ទី 43 និង 55។

    នៅពេល Messi ស៊ុត​ចូល​ទី ទស្សនិកជន​នៅឯ​កីឡដ្ឋាន​ពលករ​ក្នុង​ទីក្រុង​ប៉េកាំង នាំគ្នា​ស្រែ​កហ៊ោ​ដូច​ទៅនឹង​ក្រុម​ជម្រើស​ជាតិចិន​ទើបតែ​បាន​ទាត់​ចូល​ទី។ ថ្វីបើ​ទាត់​នៅ​ប្រទេស​ចិន ប៉ុន្តែ​ការប្រកួត​រវាង​ក្រុម​ជម្រើសជាតិ​អា​ហ្ស​ង់​ទីន និង​អូស្ត្រាលី ទទួលបាន​ការគាំទ្រ​ពី​ទស្សនិកជន​ជិត 70,000 នាក់​នៅឯ​កីឡដ្ឋាន។ ទស្សនិកជន​ភាគច្រើន​ពាក់អាវ M10 របស់ Messi ដើម្បី​លើកទឹកចិត្ត​ក្រុម​អា​ហ្ស​ង់​ទីន។

    ដោយសារតែ​កម្លាំង និង​បច្ចេកទេស​ខ្លាំងក្លា អា​ហ្ស​ង់​ទីន​ក៏​រកបាន​មួយ​គ្រាប់​ទៀត​នៅ​នាទី​ទី 68 ហើយ​នេះ​ក៏​ជា​គ្រាប់​បាល់​ដែល​កំណត់​​ឱ្យ​អា​ហ្ស​ង់​ទីន​ឈ្នះ​អូស្ត្រាលី 2-0។ គ្រាប់​បាល់​នេះ​ក៏មាន​ការរួមចំណែក​ពី Messi នៅពេល​គាត់​បញ្ជូន​បាល់​ឱ្យ Rodrigo de Paul ដើម្បីឱ្យ​ខ្សែបម្រើ​នេះ​ប្លោង​បាល់​បន្ត ជួយ​ឱ្យ German Pezzella តែ​ត​បញ្ចូល​ទី​បានសម្រេច។

    បន្ទាប់ពី​ការប្រកួត​នេះ អា​ហ្ស​ង់​ទីន​នឹង​ហោះ​ទៅកាន់​ហ្សា​ការ​តា ដើម្បី​ប្រកួត​មិត្ត​ភាពជា​មួយក្រុម​ឥណ្ឌូណេស៊ី ប៉ុន្តែ Messi ទំនងជា​នឹង​អវត្តមាន។ ព្រោះថា គាត់​បាន​យល់ព្រម​លេង​បាល់​ក្នុងការ​ប្រកួត​ផ្ដល់​កិត្តិយស និង​សម្ដែង​ការដឹក​គុណ​ដល់​អតីត​ខ្សែបម្រើ Juan Roman Riquelme នៅ​ថ្ងៃទី 26 មិថុនា នៅ​អា​ហ្ស​ង់​ទីន៕

  • វីដេអូ​បង្ហាញ​ពី​ទិដ្ឋភាព Messi និយាយ​ភាសា​ចិន មុន​ការ​ប្រកួត​ជាមួយ​អូស្ត្រាលី

    វីដេអូ​បង្ហាញ​ពី​ទិដ្ឋភាព Messi និយាយ​ភាសា​ចិន មុន​ការ​ប្រកួត​ជាមួយ​អូស្ត្រាលី

    Lionel Messi បាន​ចូលរួម​កិច្ច​សម្ភាស​មួយ​នៅ​ទីក្រុង​ប៉េកាំង ហើយ​ពិធីករ​ក៏បាន​បង្រៀន​គាត់​​ឱ្យ​ចេះ​ហៅ​ឈ្មោះ​ខ្លួនឯង​ជា​ភាសា​ចិន។

    ថ្ងៃទី 14 មិថុនា នៅមុន​ការប្រកួត​មិត្តភាព​ជាមួយនឹង​អូស្ត្រាលី​នៅឯ​កីឡដ្ឋាន​បាល់ទាត់​ពលករ​ប៉េកាំង Messi បាន​ចូលរួម​កិច្ច​សម្ភាស​មួយ​​​របស់​​ទីភ្នាក់ងារសារព័ត៌មាន​ធំជាងគេ​របស់​ប្រទេស​ចិន ហើយ​ពិធីករ​ក៏បាន​បង្រៀន​គាត់​ក្នុង​ការ​​ហៅ​ឈ្មោះ​ខ្លួនឯង​ជា​ភាសា​ចិន។

    នៅក្នុង​ភាពច្របូកច្របល់ និង​រំភើប ចុងក្រោយ Messi ក៏​អាច​សើច និង​និយាយ​ឈ្មោះ​ខ្លួនឯង​ជា​ភាសា​ចិន​ឡើងវិញ​យ៉ាងរ​ដិ​បរ​ដុប ធ្វើឱ្យ​អ្នក​ដែលមាន​វត្តមាន​នៅក្នុង​បន្ទប់​ថត​នោះ​ ផ្ទុះសំណើច​គ្រប់​គ្នា។ វីដេអូ​នេះ​ក៏ត្រូវ​បាន​គេ​ចែករំលែក​ត​គ្នា​ពេញ​បណ្ដាញ​សង្គម​ បន្ទាប់ពី​ត្រូវបាន​បង្ហោះ​។

    https://www.youtube.com/watch?v=lYHf5Miyv8Q

    អំពី​ការប្រកួត​បាល់ទាត់​វិញ អា​ហ្ស​ង់​ទីន និង​អូស្ត្រាលី នឹង​ប៉ះគ្នា​នៅវេលា​ម៉ោង 19 ថ្ងៃទី 15 មិថុនា (ម៉ោង​នៅ​កម្ពុជា)។ នៅក្នុង​ការប្រកួត​នេះ Messi ទំនងជា​នឹង​ចូល​ទាត់​តាំងពី​ដំបូង និង​ត្រូវបាន​រំពឹងថា នឹង​បង្ហាញ​ថ្វី​ជើង​ប្រកបដោយ​ភាព​អស្ចារ្យ​កម្រិត​កំពូល​ជូន​ទស្សនិកជន។

  • Messi ឆ្លើយតប​នឹង​សំណួរ​ស្ដី​ពី​​​វត្តមាន​របស់​ខ្លួន​នៅ​ World Cup 2026

    Messi ឆ្លើយតប​នឹង​សំណួរ​ស្ដី​ពី​​​វត្តមាន​របស់​ខ្លួន​នៅ​ World Cup 2026

    (ប្រទេស​ចិន) – ប្រធាន​ក្រុមបាល់​ទាត់​ជម្រើស​ជាតិ​អាហ្សង់ទីន ចាត់​ទុក​ World Cup 2022 ​ថា​ជា​​ព្រឹត្តិការណ៍​ប្រកួត​បាល់​ទាត់​ពិភពលោក​​ចុង​ក្រោយ​នៅ​ក្នុង​អាជីព​របស់​ខ្លួន​។

    «ខ្ញុំ​គិត​ថា​ មិន​ទេ។ កាតា 2022 គឺជា​ World Cup ចុង​ក្រោយ​របស់​ខ្ញុំ​។ …ខ្ញុំ​នឹង​​មិន​ចូល​រួម​​រដូវ​កាល​បន្ទាប់​ទៀត​នោះ​ទេ» Lionel Messi បាន​ឆ្លើយ​តបទៅ​កាន់​ទីភ្នាក់​ងារ​សារព័ត៌មាន​កីឡា​ចិន Titan Sports កាល​ពី​ព្រលប់​ថ្ងៃ​ទី 13 មិថុនា ពេល​ត្រូវ​បាន​សួរ​អំពី​លទ្ធភាព​អូស​បន្លាយ​អាជីព​នៅ​អន្តរជាតិ​រហូត​ World Cup 2026​។

    កាល​ពី​ខែ​កុម្ភៈ Messi ធ្លាប់​បាន​និយាយ​ដល់​លទ្ធភាព​នៃ​ការ​មិន​ចូល​រួម​ប្រកួត​នៅ​ World Cup 2026 ម្ដង​រួច​មក​ហើយ​។ គាត់​បារម្ភ​ចំពោះ​កាតា​អាយុ​ និង​កម្លាំង​ដែល​អាច​​ផ្ដល់​ផល​អាក្រក់​ដល់​ក្រុម​ជម្រើស​ជាតិ​អាហ្សង់​ទីន​។

    កាល​ពី​ខែ​វិច្ឆិកា 2022 នៅ​ប្រទេស​កាតា Messi ​រួម​ចំណែក​រក​បាន​ 7 គ្រាប់​ និង​បង្ក​ឱកាស​បាន​ 3​ គ្រាប់ ​ដែល​ជួយ​ឱ្យ​អាហ្សង់ទីន​ដណ្ដើម​បាន​ពាន​រង្វាន់​ជើង​ឯក World Cup និង​ទទួល​បាន​ងារ​ជា​កីឡាករ​ឆ្លើម​បំផុត​​នៅ​រដូវ​កាល​នោះ​។

    បច្ចុប្បន្ន Messi មាន​​ពាន​រង្វាន់​បាល់​មាស​​ចំនួន 7 ដែល​នេះ​គឺជា​​​កំណត់​​​ពិភពលោក​។ បើ​សិន​ជា​ចូល​រួម​ប្រកួត​នៅពេល​ Word Cup 2026 ដែល​នឹង​ធ្វើ​ឡើង​នៅ​សហរដ្ឋ​អាម៉េរិក ម៉ិកស៊ិក និង​កាណាដា​ Messi នឹង​មាន​ឱកាស​បំបែក​កំណត់​ត្រា​របស់​ខ្លួន​។ ក៏ប៉ុន្តែ ពេល​ World Cup 2026 ត្រូវ​បាន​រៀប​ចំ ក៏​ជា​ពេល​ដែល Messi ​មាន​អាយុ​ 39 ឆ្នាំ​៕

  • Messi ត្រូវ​ប៉ូលិស​ចិន​ឃាត់​ខ្លួន​នៅ​ឯ​អាកាសយានដ្ឋានអស់​ជា​ច្រើន​ម៉ោង​

    Messi ត្រូវ​ប៉ូលិស​ចិន​ឃាត់​ខ្លួន​នៅ​ឯ​អាកាសយានដ្ឋានអស់​ជា​ច្រើន​ម៉ោង​

    ប្រធាន​ក្រុម​ Lionel Messi ត្រូវ​បាន​សមត្ថកិច្ច​នៅ​ឯ​ព្រលាន​យន្តហោះអន្តរជាតិ​​ប៉េកាំង​ ឃាត់​ខ្លួន​ ដោយ​សារ​តែ​លិខិត​ឆ្លង​ដែន​មិន​សម​ស្រប​ នៅ​ពេល​ធ្វើ​ដំណើរ​ជាមួយ​ក្រុម​កីឡាករ​បាល់​ទាត់​ជម្រើស​ជាតិ​អាហ្សង់​ទីន​​។

    កាល​ពី​សប្ដាហ៍​កន្លង Messi បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ទីក្រុង​ប៉េកាំង​ប្រទេស​ចិន​ ជាមួយ​នឹង​អង្គរក្ស និង​មិត្ត​រួម​ក្រុម Angel Di Maria​ ដោយ​យន្តហោះ​ផ្ទាល់​ខ្លួន​ ដើម្បី​ត្រៀម​សម្រាប់​ការ​ប្រកួត​មិត្ត​ភាព​រវាង​ក្រុម​ជម្រើស​ជាតិ​អាហ្សង់​ទីន និង​អូស្ត្រាលី​ នៅ​ថ្ងៃទី 15 មិថុនា 2023​។ ប៉ុន្តែ នៅ​ពេល​ទៅ​ដល់​ប៉េកាំង M10 ក៏​ត្រូវ​ប៉ូលិស​ចិន​ឃាត់​ខ្លួន​។

    យោង​តាម​សារព័ត៌មាន​ចិន បញ្ហា​ខាងលើ​បាន​កើត​ឡើង​ដោយ​សារ​តែ​ Messi ប្រើ​ប្រាស់​លិខិត​ឆ្លង​ដែន​​អេស្ប៉ាញ​ ជំនួស​ឱ្យ​លិខិត​ឆ្លង​ដែន​អាហ្សង់​ទីន​ ទើប​មិន​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចូល​ដោយ​ផ្ទាល់​។

    បន្ទាប់​ពី​រាយការណ៍​ថា​មិន​មាន​លិខិត​ឆ្លង​ដែន​អាហ្សង់ទីន Messi ក៏​ត្រូវ​ស្ថិត​នៅ​ក្នុង​ព្រលាន​យន្តហោះ​រយៈ​ពេល​ពីរ​ម៉ោង​ មុន​ពេល​បញ្ហា​ត្រូវ​បាន​ដោះ​ស្រាយ​។

  • ថាស​ហោះ​ (UFO) អគ្គិសនី​នេះ ​អាច​ហើរ​ក្នុង​ល្បឿន​ 50 គីឡូម៉ែត្រ​/ម៉ោង​

    ថាស​ហោះ​ (UFO) អគ្គិសនី​នេះ ​អាច​ហើរ​ក្នុង​ល្បឿន​ 50 គីឡូម៉ែត្រ​/ម៉ោង​

    (ប្រទេស​ចិន) – ក្រុម​អ្នកវិទ្យាសាស្ត្រ​មកពី​សាកលវិទ្យាល័យ​ពហុបច្ចេកទេស​តំបន់​ភាគ​ពាយព្យ បង្កើតបាន​យាន​ដែលមាន​រូបរាង​ដូច​ថាសហោះ អាច​ហើរ​បាន 15 នាទី និង​មាន​​ល្បឿន 50 គីឡូម៉ែត្រ/ម៉ោង។

    យាន​ហោះ​ឡើង ចុះចត​ដោយ​បញ្ឈរ​ត្រង់ និង​ប្រើប្រាស់​អគ្គិសនី (eVTOL) អាចជា​បដិវត្តន៍​ក្នុង​វិស័យ​គមនាគមន៍​ស្ថិរភាព និង​មិន​បំ​ភាយ​ឧស្ម័ន​ពុល​របស់​ពិភពលោក​។ គម្រោង eVTOL រាង​ដូច​ថាសហោះ (UFO) គឺជា​លទ្ធផល​នៃ​ការអភិវឌ្ឍ​រយៈពេល​បី​ឆ្នាំ​របស់​ក្រុម​អ្នកជំនាញ​នៅ​សាកលវិទ្យាល័យ​ពហុបច្ចេកទេស​តំបន់​ពាយព្យ (Northwestern Polytechnical University) នៅ​ប្រទេស​ចិន​។

    យាន eVTOL គំរូ​របស់​ក្រុម​អ្នកស្រាវជ្រាវ​ខាងលើ សម្រេចបាន​ជើងហោះហើរ​សាកល្បង​ដំបូង​នៅក្នុង​ព្រឹត្តិការណ៍​ពិព័រណ៍​មួយ​នៅ​ខេត្ត Shenzhen ភាគ​អាគ្នេយ៍​ប្រទេស​ចិន។ នេះ​បើតាម​ការចុះផ្សាយ​កាលពី​ថ្ងៃទី 07 មិថុនា របស់​ទំព័រ Interesting Engineering។

    យាន​ដូច​ទៅនឹង UFO ដែល​​ត្រូវបាន​ផលិតឡើង​ដោយ​ក្រុមហ៊ុន​បច្ចេកវិទ្យា​ថាសហោះ Shenzhen UFO Power Technology អាច​ហោះហើរ​បាន 15 នាទី ឡើង​ដល់​​កម្ពស់ 200 ម៉ែត្រ និង​ល្បឿន 50 គីឡូម៉ែត្រ/ម៉ោង ព្រមទាំង​បំពាក់​មុខងារ​ហោះហើរ​ស្វ័យប្រវត្ត​ផងដែរ។

  • កំណត់ត្រា​ថ្មី​ស្ដីពី​ចំនួន​​អ្នក​អវកាស​កំពុង​ស្ថិតនៅលើ​គន្លង​តារាវិថី​ផែនដី

    កំណត់ត្រា​ថ្មី​ស្ដីពី​ចំនួន​​អ្នក​អវកាស​កំពុង​ស្ថិតនៅលើ​គន្លង​តារាវិថី​ផែនដី

    ចំនួន​អ្នក​អវកាស​ដែល​កំពុង​ស្ថិតនៅលើ​គន្លង​តារាវិថី​ផែនដី​នាបច្ចុប្បន្ន​គឺ 17 នាក់ ដែល​នេះ​គឺជា​ចំនួន​ច្រើន​បំផុត បើ​ទោះ​ក្នុង​រយៈពេល​ខ្លី។

    យោងតាម​ទំព័រ Space បន្ទាប់ពី​បេសកកម្ម Shenzhou 16 របស់​ចិន​ ដែល​បាន​បាញ់​បង្ហោះ​កាលពី​ថ្ងៃទី 30 ឧសភា 2023 ចំនួន​មនុស្ស​ដែល​កំពុង​ស្ថិតនៅលើ​គន្លង​តារាវិថី​ផែនដី បាន​ឡើងដល់ 17 នាក់។ កំណត់ត្រា 14 នាក់​មុន​នោះ​ត្រូវបាន​បង្កើតឡើង​ក្នុង​បេសកកម្ម​ឯកជន Inspiration4 កាលពី​ឆ្នាំ 2021។

    អវកាស​ចរ​ដែល​កំពុង​ស្ថិតនៅលើ​គន្លង​គោចរ​ផែនដី​បច្ចុប្បន្ន មកពី​បួន​ក្រុម​ផ្សេងគ្នា។ ក្នុងនោះ ក្រុម Shenzhou 16 ចំនួន 3 នាក់​ស្ថិតនៅលើ​ស្ថានីយ​អវកាស Tiangong របស់​ចិន ខណៈ​ដែល​ក្រុម Shenzhou 15 មាន 3 នាក់ ស្ថិតនៅលើ Tiangong ចាប់ពី​ខែវិច្ឆិកា 2022 ​នឹង​ត្រលប់​មកកាន់​ផែនដី​នៅ​ដើមខែ​មិថុនា។ ចំណែក​ក្រុម Expedition 69 មាន 7 នាក់ និង​ក្រុម Axiom-2 មាន 4 នាក់ ស្ថិតនៅលើ​ស្ថានីយ​អវកាស​អន្តរជាតិ (ISS)។

    ចាប់ពី​ឆ្នាំ 2000 មនុស្ស​មាន​វត្តមាន​ជា​បន្តបន្ទាប់​នៅ​ទី​អវកាស ដោយ​ចាប់ផ្ដើម​ពី​ក្រុម​អវកាស​ចរ​ដំបូង​ដែល​រស់​នៅលើ​ស្ថានីយ ISS។ ប្រទេស​ចិន​បាន​ដំឡើង​រួចរាល់​ស្ថានីយ Tiangong កាលពី​ឆ្នាំមុន ហើយ Shenzhou 16 គឺជា​បេសកកម្ម​ហោះហើរ​មាន​មនុស្ស​លើក​ទី 11 និង​ជា​ជើងហោះហើរ​លើក​ទី 16 នៅក្នុង​កម្មវិធី Shenzou។

    ក្រុម​នៅ​លើស្ថានីយ ISS
    ក្រុម​នៅ​លើស្ថានីយ​ Tiangong
  • ទួ​រ​ប៊ី​ន​ខ្យល់​ផលិត​អគ្គិសនី​ (Wind Power) ដែលមាន​អង្កត់ផ្ចិត​ធំជាងគេ​បង្អស់​នៅ​លើ​ដី​គោក

    ទួ​រ​ប៊ី​ន​ខ្យល់​ផលិត​អគ្គិសនី​ (Wind Power) ដែលមាន​អង្កត់ផ្ចិត​ធំជាងគេ​បង្អស់​នៅ​លើ​ដី​គោក

    (ប្រទេស​ចិន) – ទួ​រ​ប៊ី​ន​ខ្យល់ MySE 10.X-23X របស់​ក្រុមហ៊ុន Mingyang Smart Energy ដែល​ត្រូវបាន​​ដឹក​​ចេញពី​រោងចក្រ​នៅ​ទីក្រុង Daqing កាលពី​ថ្ងៃទី 26 ឧសភា 2023 មាន​ស្លាប​ដែលមាន​អង្កត់ផ្ចិត​ឡើងដល់ 230 ម៉ែត្រ។

    ដោយមាន​អង្កត់ផ្ចិត​នៃ​ស្លាប​កង្ហារ​ប្រវែង​ 230 ម៉ែត្រ និង​ផ្ទៃក្រឡា​ដែល​ស្លាប​កង្ហារ​វិល​ដល់ ទំហំ​ 42,000 ម៉ែត្រការ៉េ ទួ​រ​ប៊ី​ន MySE 10.X-23X មួយគ្រឿង​នឹង​អាច​ផលិត​អគ្គិសនី​បាន 21 គីឡូវ៉ាត់ម៉ោង បន្ទាប់ពី​ស្លាប​កង្ហារ​របស់​វា​វិល​បាន​មួយ​ជុំ​នៅពេល​ត្រូវ​ខ្យល់។

    តាម​ការ​គណនា MySE 10.X-23X មួយគ្រឿង​នឹង​ផលិត​អគ្គិសនី​ស្អាត​ជា​មធ្យម​បាន​ជាង 35 លាន​គីឡូវ៉ាត់ម៉ោង នៅក្នុង​មួយឆ្នាំៗ។

    ស្លាប់​កង្ហារ​នៃ​ទួ​រ​ប៊ី​ន​ខ្យល់ MySE 10.X-23X របស់​ក្រុមហ៊ុន Mingyang Smart Energy

    «អង្កត់ផ្ចិត​របស់​ស្លាប​កង្ហារ​វែង ​អនុញ្ញាតឱ្យ​ទួ​រ​ប៊ី​ន​ទទួលបាន​ខ្យល់​ច្រើន ដូច្នេះ​ប្រសិទ្ធភាព​ក្នុង​ការផលិត​អគ្គិសនី​ដ៏​បាន​ប្រសើរឡើង។ ទួ​រ​ប៊ី​ន​ដែលមាន​សមត្ថភាព​ខ្លាំង​នឹង​ជួយ​សន្សំសំចៃ​ផ្ទៃដី ការចំណាយ​ក្នុងការ​សាងសង់ ក៏ដូចជា​ការចំណាយ​ស​ម្រា​ប់​គ្រប់គ្រង និង​ថែទាំ» Wang Longkuan វិស្វករ​ផ្នែក​ទួ​រ​ប៊ី​ន​ខ្យល់ ថ្លែង​ដូច្នេះ។