Tag: ប៉ាលេស្ទីន

  • «អ៊ីស្រាអែល​ទទួលបាន​ការ​ទទួល​ស្គាល់​ពី​អាម៉េរិក​​ក្រោយ​ពីរ​ពាន់​ឆ្នាំ» ព្រោះ​តែ​មនោសញ្ចេតនា

    «អ៊ីស្រាអែល​ទទួលបាន​ការ​ទទួល​ស្គាល់​ពី​អាម៉េរិក​​ក្រោយ​ពីរ​ពាន់​ឆ្នាំ» ព្រោះ​តែ​មនោសញ្ចេតនា

    Eddie Jacobson មិន​ធ្លាប់​ស្នើសូមជំនួយ​ពី​​មិត្ត​ជិត​ស្និទ្ធ​ដែល​ជា​ប្រធានាធិបតី​អាម៉េរិក Harry Truman ម្ដង​ណា​ឡើយ ប៉ុន្តែ​នៅ​ខែ​មីនា 1948 លោក Eddie បាន​សូមជំនួយ​បន្ទាន់​ជា​លើក​ដំបូង​។

    ក្នុង​កិច្ច​ប្រជុំ​នៅ​ឯ​ការិយាល័យ​រាង​ពង​ក្រពើ (The Oval Office) ក្នុងសេតវិមាន កាល​ពី​ព្រឹក​ថ្ងៃទី 13 មីនា 1948 លោក Eddie Jacobson បាន​ស្នើ​សូម​ឱ្យ​ប្រធានាធិបតីអាម៉េរិក Truman ​ជួប​ពិភាក្សា​ជាមួយ​នឹង លោក Chaim Weizmann ដែល​ជា​អតីត​មេដឹក​នាំ​របស់​អង្គការ​ហ្ស៊ីយ៉ូនពិភពលោក​ (World Zionist Organization) និង​ជា​មេដឹក​នាំ​ផ្នែក​ស្មារតី​របស់​ចលនា​នេះ​ ដើម្បី​ទទួល​ស្គាល់​រដ្ឋ​ជ្វីហ្វ​ (អ៊ីស្រាអែល) ជា​លើក​ដំបូង​ក្រោយ​រយៈ​ពេល​ជិត 2,000 ឆ្នាំ​។

    «លោក​ត្រូវ​តែ​ជួប​បណ្ឌិត Weizmann។ លោក​ត្រូវ​តែ​គាំទ្រ​រដ្ឋជ្វីហ្វ​មួយ​ដែល​ឯករាជ​» លោក Jacobson ដែល​ជា​អ្នក​ជំនួញ​អាម៉េរិក​ដើម​កំណើត​ជ្វីហ្វ​ បាន​និយាយដូច្នេះ​​ជាមួយលោក Truman ដែល​ជា​ប្រធានាធិបតី​ទី 33 របស់​សហរដ្ឋ​អាម៉េរិក​។

    សំណើនេះ​ធ្វើ​ឱ្យ​ប្រធានាធិបតី Truman មិន​សប្បាយ​ចិត្ត និង​ខឹង​សម្បា​។ យោង​តាម​ប្រវត្តិវិទូនានា លោក​ Truman ធ្លាប់​រិះគន់​ជនជាតិ​ជ្វីហ្វ​នៅ​ក្នុង​ការ​ពិភាក្សា​លក្ខណៈ​បុគ្គល​ជា​ច្រើនលើក​​។ ក្រោយ​មក លោក Jacobson ក៏​សម្លឹង​​ឃើញ​រូប​សំណាក​មួយ​ដែល​ឆ្លាក់​រូប​ប្រធានាធិបតី Andrew Jackson នៅ​លើ​ខ្នង​សេះ​ ដែល​ដាក់​តាំង​ក្នុង​បន្ទប់​ ហើយ​ក៏​សម្រេច​ចិត្ត​ស្នើ​សូម​ម្ដង​ទៀត​។

    «Harry លោក​មាន​វីរបុរស​មួយ​រូប គឺ​ Andrew Jackson។ ខ្ញុំ​ក៏​មាន​វីរបុរស​មួយ​រូប​ដែរ នោះ​គឺ​ Chaim Weizmann» លោក Jacobson និយាយ​ដូច្នេះ​ និង​បន្ត​ថា «គាត់​គឺជាជន​ជាតិ​ជ្វីហ្វ​ដ៏​អស្ចារ្យ​បំផុត​ក្នុង​សម័យ​របស់​គាត់​។ Weizmann មាន​វ័យ​ចំណាស់ និង​រាងកាយ​ស្គម​ខ្សោយ ប៉ុន្តែ​បាន​ធ្វើ​ដំណើរ​ផ្លូវ​ឆ្ងាយ​ដើម្បី​ជួប​លោក​ បែប​នេះ​ហើយ តើ​​លោក​មិន​យល់​ព្រម​ជួប​គាត់​ទៀត​ទេ​អី? ប្រការ​នេះ​មិន​ដូច​លោក​បន្តិច​ទាល់​តែ​សោះ​»។

    លោក Truman យក​ម្រាម​ដៃ​គោះ​លើ​តុ រួច​បង្វិល​កៅអី​មក​វិញ​។ លោក​ក៏​បាន​ផ្លាស់​ប្ដូរ​ការ​សម្រេច​ចិត្ត​។ «បាន​ហើយ លោក​ទំពែក​ក្បាល​រឹង​។ លោក​ឈ្នះ​។ ខ្ញុំ​នឹង​ជួប Weizmann»។

    ការ​យល់​ព្រម​ខាងលើ​បាន​នាំ​ឱ្យ​មាន​ជំនួប​ជា​សម្ងាត់​វាង​លោក Truman និង​ Weizmann នា​ប៉ុន្មាន​ថ្ងៃ​ក្រោយ​មក ក្នុង​នោះ ប្រធានាធិបតី​អាម៉េរិក​បាន​សន្យា​ថា នឹង​គាំទ្រ​ដល់​កិច្ច​ខិត​ខំ​បង្កើត​រដ្ឋ​អ៊ីស្រាអែល​។

    ប្រធានាធិបតីអាម៉េរិក Harry S. Truman (ឆ្វេង) និងលោក Eddie Jacobson នៅ Kansas រដ្ឋ Missouri កាលពីខែធ្នូ ឆ្នាំ 1947

    មនោសញ្ចេតនាម​រវាង​លោក Truman និង Jacobson បានចាប់​ផ្ដើម​នៅ​ឯ​ទីក្រុង Kansa រដ្ឋ Missouri ។ Jacobson កើត​ឆ្នាំ 1891 ហើយ​ធំដឹង​ក្ដី​នៅ​តំបន់ Lower East Side ក្នុងទីក្រុង​ New York City មុន​ពេល​រើ​ទៅ​រស់​នៅ​ក្នុង​ទីក្រុង Kansas។ ឪពុក​ម្ដាយ​របស់​លោក Jacobson គឺជា​ជនជាតិ​ជ្វីហ្វ​ដ៏ក្រីក្រ មក​ពី​លីទុយអានី​ (Lithuania)។

    ឆ្នាំ​ 1906 Jacobson ដែល​មាន​វ័យ 15 ឆ្នាំ និង​​បាន​ឈប់​រៀន កំពុង​តែ​ផ្ញើ​វិក្កយបត្រ​ទូទាត់​​ប្រាក់​ទៅ​ឱ្យ​ហាង​ទំនិញ​មួយ​នៅ​ក្បែរ​ធនាគារ​ជាតិ Union ក៏​បាន​ជួប Truman ដែល​ពេល​នោះ​ជា​បុគ្គលិក​ឃ្លាំង​ប្រាក់​ និង​មាន​អាយុ 22 ឆ្នាំ​។ ពួក​គេ​បាន​ភ្ជាប់​ទំនាក់ទំនង​នឹង​គ្នា​ជា​ថ្មី​នៅ​ឆ្នាំ 1917 ក្នុង​តំបន់ Fort Sill រដ្ឋ Oklahoma ជា​ទី​ដែល​ពួក​គេ​ត្រូវ​បាន​បង្វឹក​ដើម្បី​ចូល​រួម​ធ្វើ​សកម្មភាព​ក្នុង​សង្គ្រាម​លោក​លើក​ទី​មួយ​។ ពួក​គេ​បាន​ក្លាយ​ជាមិត្ត​ និង​រួម​គ្នា​គ្រប់​គ្រង​អាហារដ្ឋាន​មួយ​ក្នុង​បន្ទាយ​ ដើម្បី​រៃអង្គាស​ប្រាក់​សម្រាប់​ទិញ​សម្ភារៈ​​ប្រើ​ប្រាស់​ឱ្យ​មិត្ត​រួម​ក្រុម​។

    ក្រោយ​សង្គ្រាម ពួក​គេ​ក៏​បាន​សហការគ្នា​រក​ស៊ី​។ នៅ​ឆ្នាំ 1919 លោក Truman និង​លោក Jacobson ក៏​បាន​សម្រេច​ចិត្ត​បើក​ហា​ង​លក់​សម្លៀក​បំពាក់​មួយ​នៅ​កណ្ដាល​ក្រុង Kansas។

    ឆ្នាំ 1935 លោក Truman បាន​ក្លាយ​ជា​តំណាង​រាស្ត្រ​នៅ​សភា​ជាន់​ខ្ពស់​របស់​រដ្ឋ​ Missouri សហរដ្ឋ​អាម៉េរិក​។​ Truman និង Jacobson នៅតែរក្សា​ទំនាក់​ទំនង​នឹង​គ្នា​។ Jacobson បបួល Truman ទៅ​បរបាញ់ និង​ស្ទួច​ត្រី​ក្នុង​ទន្លេ Missouri ជា​ញឹក​ញាប់​។

    ក្រោយ​មក Harry Truman ក៏​ក្លាយ​ជា​អនុប្រធានាធិបតី​អាម៉េរិក នៅ​ក្នុង​រដ្ឋការ​លោក Franklin D. Roosevelt នៅ​ឆ្នាំ 1945​។ ក្នុង​ខែ​មេសា 1945 លោក Truman ក៏​ក្លាយ​ជា​ប្រធានាធិបតី​ ពេល​លោក Roosevelt បាន​ទទួល​មរណភាព​។

    រាជាណាចក្រ​អ៊ីស្រាអែល​របស់​ជន​ជាតិ​ជ្វីហ្វ ត្រូវ​បាន​បង្កើត​ឡើង​កាល​ពី​សតវត្សរ៍​ទី 11 មុន​គ្រិស្តសករាជ​។ ឆ្នាំ 586 មុន​គ្រិស្តសករាជ ចក្រភព​បាប៊ីឡូន​ (Babylon) ដណ្ដើម​បាន​ដែន​ដី​នេះ​ ហើយ​តំបន់​នេះ​ក្រោយ​មក​ក៏​ស្ថិត​ក្រោម​ការ​គ្រប់​គ្រង​របស់​ចក្រ​ភព​ពែរ្ស (អ៊ីរ៉ង់) និង​ចក្រភព​រ៉ូម​។ ចាប់​ពី​ឆ្នាំ 641 ជនជាតិ​អារ៉ាប់​ក៏​គ្រប់​គ្រង​ដែន​ដី​នេះ​ក្នុង​រយៈ​ពេល​ 1,300 ឆ្នាំ​។ វត្តមាន​របស់​ជនជាតិ​ជ្វីហ្វ​លើ​ទឹក​ដី​នេះ​ក៏​ថយ​ចុះ​ច្រើន​ ខណៈ​ដែល​ពួក​គេ​មួយ​ចំនួន​រត់​ទៅ​រស់​នៅ​ក្នុង​ដែន​ដី​ដទៃ​ មាន​ដូច​ជា​ អឺរ៉ុប​ជា​ដើម​។ ឆ្នាំ 1516 ចក្រភព​អូតូម៉ង់ (Ottoman) ក៏​វាយ​យក​បាន​ដែន​ដី​នេះ និង​បាន​ហៅ​វា​ថា ប៉ាលេស្ទីន​អាតូម៉ង់​។​

    ចលនាហ្ស៊ីយ៉ូននិយម (Zionist Movement) បាន​ងើប​ឡើង​ចាប់​ពី​ឆ្នាំ 1881 គ្រាដែល​សហគមន៍​​ទាំង​ឡាយ​របស់​ជនជាតិ​ជ្វីហ្វ​ដែល​រស់នៅ​​ឆ្ងាយ​ពី​ទឹក​ដី មាន​បំណង​វិល​ត្រលប់​ចូល​ «ដែន​ដី​អ៊ីស្រាអែល» និង​មានបំណង​បង្កើត​រដ្ឋ​ជ្វីហ្វ​។ ជនជាតិ​ជ្វីហ្វ​ពី​អឺរ៉ុប និង​រុស្ស៊ី​ជា​ដើម បាន​ត្រលប់​ទៅ​រស់​នៅ​ក្នុង​អតីត​ទឹក​ដី​របស់​ខ្លួន​ដែល​​ប៉ាលេស្ទីនរបស់​​អូតូម៉ង់​កំពុង​គ្រប់​គ្រង​។

    ផែនទី​របស់​ប្រទេស​អ៊ីស្រាអែល និង​ប៉ាលេស្ទីន ចាប់​ពី​ឆ្នាំ 1947​ដល់​បច្ចុប្បន្ន

    ក្រោយ​សង្គ្រាម​លើក​ទីមួយ​បាន​បញ្ចប់​ អង់គ្លេស​បាន​ផ្ដួល​អាតូម៉ង់ និង​ដណ្ដើម​បាន​តំបន់​​ខាងលើ ហើយ​ហៅ​វា​ថា ដែន​ដី​គ្រប់គ្រង​មាន​កាល​កំណត់​ប៉ាលេស្ទីន​។ ក្រោយ​សង្គ្រាម​លោក​លើក​ទីពីរ ជនជាតិ​ជ្វីហ្វ​នៅ​លើ​ដែន​ដី​នេះ​មាន​កាន់​តែ​ច្រើន​ ធ្វើ​ឱ្យ​ក្ដី​ស្រមៃ​ស្ដីពី​ការ​បង្កើត​រដ្ឋ​ជ្វីហ្វ​ ​ត្រូវបាន​ជំរុញ​បន្ថែម​។

    ថ្ងៃទី 29 វិច្ឆិកា 1947 អង្គការ​សហប្រជាជាតិ​បាន​អនុម័ត​ផែនការ​បែង​ចែក​ទឹក​ដី​ប៉ាលេស្ទីន​ជា​ប្រទេស​ពីរ​ដាច់ពី​គ្នា គឺ​ប្រទេស​ជ្វីហ្វ (អ៊ីស្រាអែល) និង​អារ៉ាប់ (ប៉ាលេស្ទីន)​។ អង្គការ​សហប្រជាជាតិ​ប្រគល់​របប​អន្តរជាតិ​ពិសេស​ទៅ​ឱ្យ​ទីក្រុង​ Jerusalem។ ភាគី​ខាង​ជ្វីហ្វ​បាន​យល់​ព្រមតាម​ផែនការ​នេះ​​ ខណៈ​អារ៉ាប់​បាន​បដិសេធ​។

    ដើម្បី​ទាក់​ទាញ​ការ​គាំទ្រ​របស់​សហរដ្ឋ​អាម៉េរិក​​ ក្រុម​មេដឹក​នាំ​ចលនាហ្ស៊ីយ៉ូននិយម​ ក៏​បាន​ទាក់​ទង​លោក Jacobson ដើម្បី​ពឹង​ឱ្យ​លោក​បញ្ចុះ​បញ្ចូល ស្នើ​សូម​ឱ្យ​​ប្រធានាធិបតី​ Truman ជួប​ Weizmann។

    ក្រសួង​ការ​បរទេស​អាម៉េរិក​ កាល​នោះ​កំពុង​រង​សម្ពាធ​ពី​ក្រុម​អ្នក​គាំទ្រ​អារ៉ាប់​ និង​មាន​គម្រោង​ដកថយ​ពី​ផែនការ​​បែង​ចែក​ទឹក​ដី​របស់​អង្គការ​សហប្រជាជាតិ​។ ក៏ប៉ុន្តែ ចុង​ក្រោយ​ លោក Truman ក៏​បាន​សម្រេច​ចិត្ត​គាំទ្រ​ទាំងស្រុង​ទៅវិញ​ បន្ទាប់​ពី​បាន​ជួប​លោក Weizmann។

    ថ្ងៃទី 14 ឧសភា 1948 អ៊ីស្រាអែល​ ក៏​ប្រកាស​ឯករាជ​។ 11 នាទី​ក្រោយ​ ប្រធានាធិបតី​ Truman ក៏​ប្រកាស​ទទួលស្គាល់​ប្រទេស​អ៊ីស្រាអែល​។ លោក Weizmann បាន​ក្លាយ​ជា​ប្រធានាធិបតី​ដំបូង​របស់​ប្រទេស​អ៊ីស្រាអែល​៕

  • រដ្ឋមន្ត្រី​ការ​ពារ​ជាតិ​អ៊ីស្រាអែល​ប្រកាស​ថា​នឹង «​លុប​បំបាត់​ក្រុម​ហាម៉ាស​»

    រដ្ឋមន្ត្រី​ការ​ពារ​ជាតិ​អ៊ីស្រាអែល​ប្រកាស​ថា​នឹង «​លុប​បំបាត់​ក្រុម​ហាម៉ាស​»

    រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ​អ៊ីស្រាអែល Gallant ប្រកាស​ថា កង​ទ័ព​អ៊ីស្រាអែល​នឹង​ «លុប​បំបាត់​ហាម៉ាស​ពី​ផែនដី បន្ទាប់​ពី​ក្រុម​នេះ​បាន​វាយ​ប្រហារ​ប្រជាពលរដ្ឋ​នៅ​លើ​ទឹក​ដី​អ៊ីស្រាអែល​។

    «ជនជាតិ​ជ្វីហ្វ​ (Jewish) មិន​ធ្លាប់​ទទួល​រង​អំពើ​ឃោរឃៅ​បែប​នេះ​រាប់​ចាប់​តាំង​ពី​ឆ្នាំ 1945» រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ​អ៊ីស្រាអែល​ Yoav Gallant ថ្លែង​លើ​កញ្ចក់​ទូរទស្សន៍​កាល​ពី​ថ្ងៃទី 11 តុលា​ ទាក់​ទង​នឹង​ការ​វាយប្រហារ​របស់​ក្រុម​ហាម៉ាស​ប៉ាលេស្ទីន​កាល​ពី​ថ្ងៃទី 07 តុលា​។

    លោក Gallant បន្ថែម​ថា «យើង​នឹង​លុបបំបាត់​ពួក​គេ​ពី​ផ្ទៃ​ផែនដី។ ពួក​គេ​នឹង​លែង​​មាន​វត្តមាន​។ នឹង​មិន​មាន​ទិដ្ឋភាព​កុមារ​អ៊ីស្រាអែល​ត្រូវ​រង​ការ​សម្លាប់​ ហើយ​យើង​ទាំង​អស់​គ្នា​នឹង​អាច​បន្ត​ការ​ងារ​របស់​ខ្លួន​»។

    នាយករដ្ឋមន្ត្រី Benjamin Netanyhu ដែល​​ថ្លែង​រួម​គ្នា​ជាមួយ​នឹង​លោក Gallant ក៏​បង្ហាញ​បំណង​ «កម្ទេច» ក្រុម​ហាម៉ាស​ ជា​លើក​ដំបូង​ផងដែរ។ លោក Netanyahum បាន​ប្រដូច​ក្រុម​ហាម៉ាស​ទៅ​នឹង​ក្រុម​រដ្ឋអ៊ីស្លាម (IS) និង​ប្រកាស​ថា នឹង​ «កិន​កម្ទេច​ពួក​នេះ​»។

    ការ​ប្រយុទ្ធគ្នា​រវាង​កងទ័ព​អ៊ីស្រាអែល និង​ក្រុម​ហាម៉ាស​ប៉ាលេស្ទីន​នៅ​ក្នុង​ប៉ុន្មាន​ថ្ងៃ​កន្លង​ទៅ​នេះ​បាន​សម្លាប់មនុស្ស​ប្រហែល 2,300 នាក់ និង​បង្ក​របួស​ដល់​មនុស្ស​ជាង 8,000 នាក់​៕

  • តម្លៃប្រេងឆៅ និង​មាស​រង​ឥទ្ធិពល​ធ្ងន់​ធ្ងរ​ពី​សង្គ្រាម​ហាម៉ាស – អ៊ីស្រាអែល

    តម្លៃប្រេងឆៅ និង​មាស​រង​ឥទ្ធិពល​ធ្ងន់​ធ្ងរ​ពី​សង្គ្រាម​ហាម៉ាស – អ៊ីស្រាអែល

    សង្គ្រាម​រវាង​អ៊ីស្រាអែល និង​ចលនា​ហាម៉ាស​ ​ជា​កងកម្លាំង​ប្រដាប់​អាវុធ​កំពុង​កាន់​កាប់​តំបន់​ហ្គាហ្សា​ ដែល​បាន​ផ្ទុះ​ឡើង​ កំពុង​តែ​ជា​កត្តា​សំខាន់​​គាំទ្រ​ដល់​តម្លៃ​ប្រេង​ឆៅ និង​មាស​ ព្រោះ​ថា នេះ​ជា​ទ្រព្យ​សុវត្ថិភាព​សម្រាប់​អ្នក​វិនិយោគ​ នៅ​ពេល​តម្លៃ​ភាគ​ហ៊ុន​ មូលបត្រ​បំណុល​​តែង​តែ​ប្រែ​ប្រួល​ជាអវិជ្ជមាន​ដោយ​សារ​ឥទ្ធិពល​នៃ​ភូមិ​សាស្ត្រ​នយោបាយ​។

    នៅ​ទ្វីប​អាស៊ី ក្នុង​ការ​ជួញ​ដូរ​នា​ព្រឹក​ថ្ងៃទី 09 តុលា 2023 តម្លៃ​ប្រេងឆៅ​ Brent បាន​កើន​ 4.7% ឡើងដល់ 86.65 ដុល្លារ​អាម៉េរិក​/ធុង​បារ៉ែល​ គ្រា​ដែល​តម្លៃ​ប្រេងឆៅ WTI ក៏​កើន​ 4.5% ឡើង​ដល់​ 88.39 ដុល្លារ​/ធុង​។

    ក្រុមអ្នក​វិភាគ​របស់​ធនាគារ​ ANZ Bank អះអាង​ថា ហានិភ័យ​ផ្នែក​ភូមិ​សាស្ត្រ​នយោបាយ​កើន​ឡើង​នៅ​មជ្ឈិម​បូព៌ា​នឹង​គាំទ្រ​ដល់​តម្លៃ​ប្រេង​ឆៅ ដោយ​វា​នឹង​ប្រែ​ប្រួល​ខ្លាំង​ជាង​នេះ​ក្នុង​ពេលដ៏ខ្លី​ខាង​មុខ​។ ចំណែក​ធនាគារ​ CBA របស់​អូស្ត្រាលី​វិញ យល់​ថា កត្តា​នានា​ដែល​បាន​ និង​កំពុង​កើត​ឡើង​នឹង​អាច​រុញ​តម្លៃ​ប្រេងឆៅ Brent អនាគត​​ ឡើង​លើស​ពី 100 ដុល្លារ​/ធុង​ ក្នុង​រយៈ​ពេល​ខ្លី​។

    រីឯ​មាស​វិញ តម្រូវ​ការ​របស់​ពិភព​លោក​បាន​ចាប់​ផ្ដើម​កើន​ឡើង​ ធ្វើ​ឱ្យ​តម្លៃ​របស់​លោហធាតុ​នេះ​កើន 0.8%​ ឡើង​ដល់ 1,848 ដុល្លារ​/អោន​ ដែល​មួយ​អោន​ (ounce) ​ស្មើ​នឹង 8.29426 ជី​។​

    ក្រុម​អ្នក​ជំនាញ​អះអាង​ថា ហេតុ​ដែល​នាំ​ឱ្យ​តម្លៃ​មាស​កើន​ឡើង​បើទោះ​មូលបត្របំណុល និង​រូបិយប័ណ្ណ​ដុល្លារ​អាម៉េរិក​ឡើង​ថ្លៃ​ ក៏​ព្រោះ​តែ​សង្គ្រាម​​អ៊ីស្រាអែល – ហាម៉ាស​ (ប៉ាលេស្ទីន) ដែល​បាន​ផ្ទុះ​ឡើង​កាលពីថ្ងៃទី 07 តុលា​កន្លង​ទៅ​។ ការ​កើន​ឡើង​នៃ​ភាព​តាន​តឹង​ផ្នែក​ភូមិ​សាស្ត្រ​នយោបាយ​​នឹង​ជះឥទ្ធិពល​ដល់​​សកម្មភាព​សេដ្ឋកិច្ច​ពិភពលោក ដោយ​សារ​ថា ​ប្រភព​ផ្គត់​ផ្គង់ទំនិញ​​ជា​ច្រើន​​ត្រូវ​អាក់ខាន​៕

  • អាម៉េរិក រុស្ស៊ី ចិន ខ្វែង​គំនិត​គ្នា​រឿង​សង្គ្រាម​អ៊ីស្រាអែល – ហាម៉ាស

    អាម៉េរិក រុស្ស៊ី ចិន ខ្វែង​គំនិត​គ្នា​រឿង​សង្គ្រាម​អ៊ីស្រាអែល – ហាម៉ាស

    សហរដ្ឋ​អាម៉េរិក រុស្ស៊ី និង​ចិន​ យល់ឃើញ​ផ្ទុយ​គ្នា​នៅ​ពេល​ក្រុម​ប្រឹក្សា​សន្តិសុខ​កោះ​ប្រជុំ​បន្ទាន់​ ពិភាក្សា​អំពី​សង្គ្រាម​រវាង​អ៊ីស្រាអែល និង​កងទ័ព​ហាម៉ាស​របស់​ប៉ាលេស្ទីន។

    សមាជិក​ចំនួន​ 15 របស់​ក្រុម​ប្រឹក្សា​សន្តិសុខ​នៃ​អង្គការ​សហប្រជាជាតិ​ កាល​ពី​ថ្ងៃទី 08 តុលា បាន​បើក​កិច្ច​ប្រជុំ​បន្ទាន់​រយៈ​ពេល​ប្រហែល 90 នាទី នៅ​ទីស្នាក់​ការ​កណ្ដាល​នៃ​អង្គការ​សហប្រជាជាតិ​នៅ​បុរី​នីវយ៉ាក ដើម្បី​ស្ដាប់​បេសកជន​សន្តិភាព​មជ្ឈិមបូព៌ា រាយការណ៍​អំពី​ស្ថានការណ៍​សង្គ្រាម​ហាម៉ាស​ – អ៊ីស្រាអែល​។

    ក្នុង​កិច្ច​ប្រជុំ​បិទ​ទ្វារ អាម៉េរិក​បាន​អំពាវនាវ​ឱ្យ​មាន​ការ​ថ្កោល​ទោស​ខ្លាំង​ក្លា​ទៅ​លើ​យុទ្ធនាការ​វាយ​ប្រហារ​របស់​ក្រុម​ហាម៉ាស​​សំដៅ​លើ​អ៊ីស្រាអែល​កាល​ពី​ថ្ងៃទី 07 តុលា​។ «ប្រទេស​មួយ​ចំនួន​បាន​ថ្កោលទោស​ហាម៉ាស ប៉ុន្តែ​មិន​មែន​ទាំង​អស់​» ឯកអគ្គ​រដ្ឋទូត​រង​អាម៉េរិក​នៅ​អង្គការ​សហប្រជាជាតិ​ លោក Robert Wood បាន​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​បន្ទាប់​ពី​កិច្ច​ប្រជុំ​នោះ​ដូច្នេះ។

    «គ្រប់​គ្នា​អាច​ស្មាន​បាន​ថា​ អ្នក​ណា​ខ្លះ​ដែល​មិន​ថ្កោល​ទោស​ហាម៉ាស ដោយ​មិន​ចាំបាច់​បញ្ចេញ​ឈ្មោះ​»​ លោក Wood បន្ថែម​ដូច្នេះ ដែល​ហាក់​ចង់​សំដៅ​ទៅ​លើ​រុស្ស៊ី​។

    ក្រុម​អ្នក​ការ​ទូត​ឱ្យ​ដឹង​ថា ក្រុម​ប្រឹក្សា​សន្តិសុខ​ ទំនងជា​នឹង​មិន​ចេញ​សេចក្ដី​ថ្លែង​ការណ៍​រួម​​នៅ​ក្រោយ​កិច្ច​ប្រជុំ​បន្ទាន់​នេះ​។ សេចក្ដី​ថ្លែង​ការណ៍រួម​ត្រូវ​ការ​មតិ​យល់​ស្រប​ពី​សមាជិក​ទាំង​ 15 របស់​ក្រុម​ប្រឹក្សា​សន្តិសុខ​ ខណៈ​ដែល​ឯក​អគ្គរដ្ឋ​ទូតរង​​អាម៉េរិក លោក Wood ឱ្យ​ដឹង​ថា នេះ​មិន​មែន​ជា​អាទិភាព​របស់​អាម៉េរិក​នា​ពេល​បច្ចុប្បន្ន​។

    សហរដ្ឋ​អាម៉េរិកប្រកាស​គាំទ្រ​អ៊ីស្រាអែល ​ថ្កោល​ទោស​ហាម៉ាស និង​អំពាវនាវ​ឱ្យ​ក្រុម​ប្រឹក្សា​សន្តិសុខ​ថ្កោល​ទោស​ផងដែរ​ គ្រា​ដែល​ចិន និង​រុស្ស៊ី មិន​យល់​ស្រប​នឹង​ការ​យល់​ឃើញ​របស់​អាម៉េរិក​។

    កងកម្លាំងប្រដាប់​អាវុធ​ហាម៉ាស​របស់​ប៉ាលេស្ទីន​ដែល​គ្រប់​គ្រង​តំបន់​ហ្គាហ្សា​ (Gaza) កាលពី​ថ្ងៃទី 07 តុលា បាន​បាញ់​ស្រោច​រ៉ុក្កែត​រាប់​ពាន់​គ្រាប់​ និង​វាយ​សម្រុក​ព្រម​គ្នា​តាម​ផ្លូវ​គោក ផ្លូវ​អាកាស​ ផ្លូវ​ទឹក​ទៅ​លើ​ទឹក​ដី​អ៊ីស្រាអែល​។

    រដ្ឋាភិបាល​អ៊ីស្រាអែល ក្នុង​ថ្ងៃ​ដដែល​នោះ​ក៏​បាន​ប្រកាស​សង្គ្រាម​ ចេញ​បញ្ជា​ឱ្យ​ទ័ព​អាកាស​បើក​ការ​វាយ​ប្រហារ​ដោយ​យន្តហោះ​ចម្បាំង​​រាប់សិប​គ្រឿង​ទៅ​លើ​គោលដៅ​នានា​នៅ​តំបន់​ហ្គាហ្សា​។

    ភាគី​អ៊ីស្រាអែល​ កាល​ពី​ថ្ងៃទី 09 តុលាបាន​ឱ្យ​ដឹង​ថា ប្រជាជន​ប្រទេស​នេះ​ជាង​ 700 នាក់​បាន​ស្លាប់​ រាប់​ចាប់​តាំង​ពី​ហាម៉ាស​បើក​ការ​វាយ​ប្រហារ​។ ចំណែក​ភាគី​គ្រប់គ្រង​តំបន់​ហ្គាហ្សា​វិញ រាយការណ៍​ថា មនុស្ស​យ៉ាង​តិច 413 នាក់​បាន​ស្លាប់​នៅ​ក្នុង​តំបន់​នេះ​៕

  • (វីដេអូ)-អ៊ីស្រាអែល សម្លាប់​បាន​មេបញ្ជាការ​កងជីវពល​របស់​ចលនា ប៉ា​លេ​ស្ទី​ន

    (វីដេអូ)-អ៊ីស្រាអែល សម្លាប់​បាន​មេបញ្ជាការ​កងជីវពល​របស់​ចលនា ប៉ា​លេ​ស្ទី​ន

    កងទ័ព អ៊ីស្រាអែល បានសម្លាប់​មេបញ្ជាការ​ជាន់ខ្ពស់​រប​ស់​កងជីវពល​នៃ​ចលនា​ប៉ា​លេ​ស្ទី​ន ក្នុងការ​វាយប្រហារ​តាមផ្លូវ​អាកាស​កាលពី​ម្សិលមិញ (17 ឧសភា) ខណៈដែល​ក្រុម​សកម្មប្រយុទ្ធ​អ៊ីស្លាម បន្ត​បាញ់​រ៉ុក្កែត​ចូល​ទឹកដី អ៊ីស្រាអែល។

    ការសម្លាប់ Hussam Abu Harbeed ដែល​មេបញ្ជាការ​កងកម្លាំងប្រដាប់អាវុធ​អ៊ីស្លាម Jihad នៅ​ភាគ​ខាងជើង​តំបន់ ហ្គា​ហ្សា ទំនងជា​បង្កឱ្យមាន​ប្រតិកម្ម​ខ្លាំងក្លា​ពី​សំណាក់​ក្រុម​ប្រដាប់អាវុធ​ដែល​កំពុង​ប្រកៀក​ស្មារ​ជាមួយនឹង ហា​ម៉ាស ជា​ចលនា​អ៊ីស្លាម​មួយ​កំពុង​គ្រប់គ្រង​តំបន់ឆ្នេរ​សមុទ្រ។

    កងទ័ព អ៊ីស្រាអែល ឱ្យដឹងថា Hussam Abu Harbeed «ជា​អ្នក​នៅ​ពីក្រោយ​ការវាយប្រហារ​ភេរវកម្ម​ដោយ​រ៉ុក្កែត សំដៅលើ​ពលរដ្ឋ​ស៊ីវិល​របស់ អ៊ីស្រាអែល» ហើយ​ថា ប្រទេស​នេះ អាច​បន្ត​សង្គ្រាម «ជា​រៀងរហូត»។

    ក្រុម​សកម្មប្រយុទ្ធ​នៅ​តំបន់ ហ្គា​ហ្សា វិញ ក៏​មិនបាន​បង្ហាញ​សញ្ញាណ​ណាមួយ​បញ្ជាក់ថា ការប្រយុទ្ធ​ជិត​នឹង​បញ្ចប់​នោះដែរ។ បន្ទាប់ពី​ការស្លាប់​របស់ Hussam Abu Harbeed ក្រុម Jihad ក៏បាន​បាញ់​រ៉ុក្កែត ទៅលើ​ទីក្រុង Ashdod របស់​ប្រទេស​ អ៊ីស្រាអែល បណ្ដាលឱ្យ​មនុស្ស 7នាក់ រងរបួស។

    ជនជាតិ ប៉ា​លេ​ស្ទី​ន យ៉ាងតិច 7នាក់ បាន​ស្លាប់ ដោយសារ​ការវាយប្រហា​រ​ដោយ​យន្តហោះ​ចម្បាំង​របស់ អ៊ីស្រាអែល ទៅលើ ហ្គា​ហ្សា កាលពី​យប់​ម្សិលមិញ ក្នុងនោះ​ក៏មាន 2នាក់ បាន​ស្លាប់​នៅ​ក្នុងករណី​វាយប្រហារ​ដោយ​រ៉ុក្កែត សំដៅ​អគារ​ការិយាល័យ​កម្ពស់ 7ជាន់ នៅ​ទីក្រុង ហ្គា​ហ្សា។ នេះ​បើតាម​បុគ្គលិក​សុខាភិបាល។

    ការប្រយុទ្ធ​គ្នា​រវាង អ៊ីស្រាអែល និង ប៉ា​លេ​ស្ទី​ន នេះ បណ្ដាលមកពី​ភាព​តានតឹង​ក្នុង​រដូវ​បុណ្យ Ramadan របស់​សាសនិក​អ៊ីស្លាម បន្ទាប់ពី អ៊ីស្រាអែល កាត់បន្ថយ​ការប្រមូល​ផ្ដុំគ្នា​នៅ​តំបន់​ក្រុង​ចាស់ យេ​រូ​សា​ឡឹម និង​គំរាម​បណ្ដេញ​គ្រួសារ​ជនជាតិ ប៉ា​លេ​ស្ទី​ន មួយចំនួន ចេញពី​តំបន់ យេ​រូ​សា​ឡឹម​ខាងកើត ដើម្បី​ទុក​កន្លែង​សម្រាប់​ជនជាតិ​ជ្វី​ហ្វ។

    អ៊ីស្រាអែល ឱ្យដឹងថា ក្រុម ហា​ម៉ាស បាន​បាញ់​រ៉ុក្កែត ជាង 3,100គ្រាប់ ចូល​ទឹកដី​ប្រទេស​នេះ ក្នុង​សប្ដាហ៍​កន្លង ដែល​នេះ​គឺជា​ចំនួន​ដ៏​ច្រើន​មិន​ធ្លាប់មាន​ពីមុនមក៕

    ប្រភព៖ Reuters
    ប្រែ​សម្រួល៖ បុត្រា