រដ្ឋមន្ត្រី​ការ​ពារ​ជាតិ​អ៊ីស្រាអែល​ប្រកាស​ថា​នឹង «​លុប​បំបាត់​ក្រុម​ហាម៉ាស​»

រដ្ឋមន្ត្រីក្រសួងការពារជាតិអ៊ីស្រាអែល លោក Yoav Gallant

រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ​អ៊ីស្រាអែល Gallant ប្រកាស​ថា កង​ទ័ព​អ៊ីស្រាអែល​នឹង​ «លុប​បំបាត់​ហាម៉ាស​ពី​ផែនដី បន្ទាប់​ពី​ក្រុម​នេះ​បាន​វាយ​ប្រហារ​ប្រជាពលរដ្ឋ​នៅ​លើ​ទឹក​ដី​អ៊ីស្រាអែល​។

«ជនជាតិ​ជ្វីហ្វ​ (Jewish) មិន​ធ្លាប់​ទទួល​រង​អំពើ​ឃោរឃៅ​បែប​នេះ​រាប់​ចាប់​តាំង​ពី​ឆ្នាំ 1945» រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ​អ៊ីស្រាអែល​ Yoav Gallant ថ្លែង​លើ​កញ្ចក់​ទូរទស្សន៍​កាល​ពី​ថ្ងៃទី 11 តុលា​ ទាក់​ទង​នឹង​ការ​វាយប្រហារ​របស់​ក្រុម​ហាម៉ាស​ប៉ាលេស្ទីន​កាល​ពី​ថ្ងៃទី 07 តុលា​។

លោក Gallant បន្ថែម​ថា «យើង​នឹង​លុបបំបាត់​ពួក​គេ​ពី​ផ្ទៃ​ផែនដី។ ពួក​គេ​នឹង​លែង​​មាន​វត្តមាន​។ នឹង​មិន​មាន​ទិដ្ឋភាព​កុមារ​អ៊ីស្រាអែល​ត្រូវ​រង​ការ​សម្លាប់​ ហើយ​យើង​ទាំង​អស់​គ្នា​នឹង​អាច​បន្ត​ការ​ងារ​របស់​ខ្លួន​»។

នាយករដ្ឋមន្ត្រី Benjamin Netanyhu ដែល​​ថ្លែង​រួម​គ្នា​ជាមួយ​នឹង​លោក Gallant ក៏​បង្ហាញ​បំណង​ «កម្ទេច» ក្រុម​ហាម៉ាស​ ជា​លើក​ដំបូង​ផងដែរ។ លោក Netanyahum បាន​ប្រដូច​ក្រុម​ហាម៉ាស​ទៅ​នឹង​ក្រុម​រដ្ឋអ៊ីស្លាម (IS) និង​ប្រកាស​ថា នឹង​ «កិន​កម្ទេច​ពួក​នេះ​»។

ការ​ប្រយុទ្ធគ្នា​រវាង​កងទ័ព​អ៊ីស្រាអែល និង​ក្រុម​ហាម៉ាស​ប៉ាលេស្ទីន​នៅ​ក្នុង​ប៉ុន្មាន​ថ្ងៃ​កន្លង​ទៅ​នេះ​បាន​សម្លាប់មនុស្ស​ប្រហែល 2,300 នាក់ និង​បង្ក​របួស​ដល់​មនុស្ស​ជាង 8,000 នាក់​៕

Advertisement