អាម៉េរិក រុស្ស៊ី ចិន ខ្វែង​គំនិត​គ្នា​រឿង​សង្គ្រាម​អ៊ីស្រាអែល – ហាម៉ាស

សហរដ្ឋ​អាម៉េរិក រុស្ស៊ី និង​ចិន​ យល់ឃើញ​ផ្ទុយ​គ្នា​នៅ​ពេល​ក្រុម​ប្រឹក្សា​សន្តិសុខ​កោះ​ប្រជុំ​បន្ទាន់​ ពិភាក្សា​អំពី​សង្គ្រាម​រវាង​អ៊ីស្រាអែល និង​កងទ័ព​ហាម៉ាស​របស់​ប៉ាលេស្ទីន។

សមាជិក​ចំនួន​ 15 របស់​ក្រុម​ប្រឹក្សា​សន្តិសុខ​នៃ​អង្គការ​សហប្រជាជាតិ​ កាល​ពី​ថ្ងៃទី 08 តុលា បាន​បើក​កិច្ច​ប្រជុំ​បន្ទាន់​រយៈ​ពេល​ប្រហែល 90 នាទី នៅ​ទីស្នាក់​ការ​កណ្ដាល​នៃ​អង្គការ​សហប្រជាជាតិ​នៅ​បុរី​នីវយ៉ាក ដើម្បី​ស្ដាប់​បេសកជន​សន្តិភាព​មជ្ឈិមបូព៌ា រាយការណ៍​អំពី​ស្ថានការណ៍​សង្គ្រាម​ហាម៉ាស​ – អ៊ីស្រាអែល​។

ក្នុង​កិច្ច​ប្រជុំ​បិទ​ទ្វារ អាម៉េរិក​បាន​អំពាវនាវ​ឱ្យ​មាន​ការ​ថ្កោល​ទោស​ខ្លាំង​ក្លា​ទៅ​លើ​យុទ្ធនាការ​វាយ​ប្រហារ​របស់​ក្រុម​ហាម៉ាស​​សំដៅ​លើ​អ៊ីស្រាអែល​កាល​ពី​ថ្ងៃទី 07 តុលា​។ «ប្រទេស​មួយ​ចំនួន​បាន​ថ្កោលទោស​ហាម៉ាស ប៉ុន្តែ​មិន​មែន​ទាំង​អស់​» ឯកអគ្គ​រដ្ឋទូត​រង​អាម៉េរិក​នៅ​អង្គការ​សហប្រជាជាតិ​ លោក Robert Wood បាន​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​បន្ទាប់​ពី​កិច្ច​ប្រជុំ​នោះ​ដូច្នេះ។

«គ្រប់​គ្នា​អាច​ស្មាន​បាន​ថា​ អ្នក​ណា​ខ្លះ​ដែល​មិន​ថ្កោល​ទោស​ហាម៉ាស ដោយ​មិន​ចាំបាច់​បញ្ចេញ​ឈ្មោះ​»​ លោក Wood បន្ថែម​ដូច្នេះ ដែល​ហាក់​ចង់​សំដៅ​ទៅ​លើ​រុស្ស៊ី​។

ក្រុម​អ្នក​ការ​ទូត​ឱ្យ​ដឹង​ថា ក្រុម​ប្រឹក្សា​សន្តិសុខ​ ទំនងជា​នឹង​មិន​ចេញ​សេចក្ដី​ថ្លែង​ការណ៍​រួម​​នៅ​ក្រោយ​កិច្ច​ប្រជុំ​បន្ទាន់​នេះ​។ សេចក្ដី​ថ្លែង​ការណ៍រួម​ត្រូវ​ការ​មតិ​យល់​ស្រប​ពី​សមាជិក​ទាំង​ 15 របស់​ក្រុម​ប្រឹក្សា​សន្តិសុខ​ ខណៈ​ដែល​ឯក​អគ្គរដ្ឋ​ទូតរង​​អាម៉េរិក លោក Wood ឱ្យ​ដឹង​ថា នេះ​មិន​មែន​ជា​អាទិភាព​របស់​អាម៉េរិក​នា​ពេល​បច្ចុប្បន្ន​។

សហរដ្ឋ​អាម៉េរិកប្រកាស​គាំទ្រ​អ៊ីស្រាអែល ​ថ្កោល​ទោស​ហាម៉ាស និង​អំពាវនាវ​ឱ្យ​ក្រុម​ប្រឹក្សា​សន្តិសុខ​ថ្កោល​ទោស​ផងដែរ​ គ្រា​ដែល​ចិន និង​រុស្ស៊ី មិន​យល់​ស្រប​នឹង​ការ​យល់​ឃើញ​របស់​អាម៉េរិក​។

កងកម្លាំងប្រដាប់​អាវុធ​ហាម៉ាស​របស់​ប៉ាលេស្ទីន​ដែល​គ្រប់​គ្រង​តំបន់​ហ្គាហ្សា​ (Gaza) កាលពី​ថ្ងៃទី 07 តុលា បាន​បាញ់​ស្រោច​រ៉ុក្កែត​រាប់​ពាន់​គ្រាប់​ និង​វាយ​សម្រុក​ព្រម​គ្នា​តាម​ផ្លូវ​គោក ផ្លូវ​អាកាស​ ផ្លូវ​ទឹក​ទៅ​លើ​ទឹក​ដី​អ៊ីស្រាអែល​។

រដ្ឋាភិបាល​អ៊ីស្រាអែល ក្នុង​ថ្ងៃ​ដដែល​នោះ​ក៏​បាន​ប្រកាស​សង្គ្រាម​ ចេញ​បញ្ជា​ឱ្យ​ទ័ព​អាកាស​បើក​ការ​វាយ​ប្រហារ​ដោយ​យន្តហោះ​ចម្បាំង​​រាប់សិប​គ្រឿង​ទៅ​លើ​គោលដៅ​នានា​នៅ​តំបន់​ហ្គាហ្សា​។

ភាគី​អ៊ីស្រាអែល​ កាល​ពី​ថ្ងៃទី 09 តុលាបាន​ឱ្យ​ដឹង​ថា ប្រជាជន​ប្រទេស​នេះ​ជាង​ 700 នាក់​បាន​ស្លាប់​ រាប់​ចាប់​តាំង​ពី​ហាម៉ាស​បើក​ការ​វាយ​ប្រហារ​។ ចំណែក​ភាគី​គ្រប់គ្រង​តំបន់​ហ្គាហ្សា​វិញ រាយការណ៍​ថា មនុស្ស​យ៉ាង​តិច 413 នាក់​បាន​ស្លាប់​នៅ​ក្នុង​តំបន់​នេះ​៕

Advertisement