Tag: បាតុកម្ម

  • ពលរដ្ឋ​ថៃ​មិន​សុខចិត្ត​នៅពេល​លោក Pita បរាជ័យ​ក្នុងការ​បោះឆ្នោត​ជុំ​ដំបូង

    ពលរដ្ឋ​ថៃ​មិន​សុខចិត្ត​នៅពេល​លោក Pita បរាជ័យ​ក្នុងការ​បោះឆ្នោត​ជុំ​ដំបូង

    ប្រជាជន​ថៃ​ជាច្រើន​បាន​ប្រមូលផ្ដុំ​គ្នា​នៅ​រាជធានី​បាងកក ដើម្បី​សម្ដែង​ការមិន​សុខចិត្ត​នៅពេល​លោក Pita ដែលជា​បេក្ខភាព​នាយករដ្ឋមន្ត្រី​មកពី​បក្ស Move Forward មិនទាន់​ត្រូវបាន​បោះឆ្នោត​ជ្រើសតាំង​ជា​នាយករដ្ឋមន្ត្រី។

    សភា​ថៃ​កាលពី​ថ្ងៃទី 13 កក្កដា បាន​បោះឆ្នោត​ជ្រើសតាំង​នាយករដ្ឋមន្ត្រី​ដែល​មាន​បេក្ខភាព​តែមួយ​រូប​គត់ គឺ​លោក Pita Limjaroenrat មេដឹកនាំ​បក្ស Move Forward។ ក៏ប៉ុន្តែ លោក Pita មិន​ទទួលបាន​សំឡេងឆ្នោត​គ្រប់គ្រាន់​ដើម្បី​ក្លាយជា​នាយករដ្ឋមន្ត្រី​បន្ទាប់​របស់​ប្រទេស​ថៃ ដោយសារតែ​សមាជិកសភា​ជាន់ខ្ពស់ ដែល​ភាគច្រើន​គឺជា​មនុស្ស​របស់​កងទ័ព មិន​បោះឆ្នោត​ជូន​លោក។

    អ្នកគាំទ្រ​លោក Pita និង​បក្ស Move Forward បាន​ប្រមូល​ផ្ដុំគ្នា​នៅ​ខាងក្រៅ​វិមាន​សភា​ក្នុង​រាជធានី​បាងកក ដើម្បី​រង់ចាំ​តាម​ដាន​​ការបោះឆ្នោត។ ក្រោយពី​លទ្ធផល​ត្រូវបាន​ប្រកាស ពួកគេ​សម្ដែង​ការមិន​សុខចិត្ត។

    ពលរដ្ឋ​ថៃ​បាន​បោះឆ្នោតជាតិ​កាលពី​ខែឧសភា​ដើម្បី​ជ្រើសរើស​តំណាងរាស្ត្រ 500 នាក់​នៅ​សភា​ជាន់​ទាប។ សមាជិកសភា​ជាន់​ទាប រួម​នឹង​សមាជិកសភា​ជាន់ខ្ពស់ 250 រួប​ដែល​ត្រូវបានតែងតាំង គឺជា​អ្នកបោះឆ្នោត​ជ្រើសរើស​នាយករដ្ឋមន្ត្រី​ដោយផ្ទាល់។

    លោក Pita Limjaroenrat

    ​អ្នកគាំទ្រ​ក្រុម​ប្រជាធិបតេយ្យ​ថៃ បាន​អំពាវនាវ​ឱ្យ​ប្រជាជន​ចេញ​ធ្វើបាតុកម្ម បង្កឱ្យមាន​ការបារម្ភ​ខ្លាំង ពិសេស​នៅពេល​បេក្ខភាព​មកពី​បក្ស Move Forward ទទួល​បរាជ័យ។ បញ្ហា​នេះ បាន​នាំឱ្យ​សមត្ថកិច្ច​បន្ថែ​មការ​រឹតបន្តឹង​សន្តិសុខ។

    ប្រធានសភា​ថៃ Wan Muhamad Noor Matha ឱ្យដឹងថា ការបោះឆ្នោត​ជ្រើសរើស​នាយករដ្ឋមន្ត្រី​ជុំ​ទី​ពីរ និង​ទី​បី នឹងត្រូវ​ធ្វើឡើង​នៅ​ថ្ងៃទី 19 និង 20 កក្កដា​ខាងមុខ។ លោក Pita អាយុ 42 ឆ្នាំ អាច​បន្ត​ឈរឈ្មោះ​ជា​បេក្ខភាព​នាយករដ្ឋមន្ត្រី បើសិន​លោក​នៅតែ​ត្រូវបាន​សម្ព័ន្ធភាព 8 បក្ស ជ្រើសតាំង​ជា​បេក្ខ​ភាព​៕

  • គ្រាន់​តែ​កិន​ឆ្មា​ងាប់​សោះ ក្រុមហ៊ុន​បារាំង​រង​ការពិន័យ​ជា​ប្រាក់​ 3,000 ដុល្លារ​អាម៉េរិក​

    គ្រាន់​តែ​កិន​ឆ្មា​ងាប់​សោះ ក្រុមហ៊ុន​បារាំង​រង​ការពិន័យ​ជា​ប្រាក់​ 3,000 ដុល្លារ​អាម៉េរិក​

    ក្រុមហ៊ុន​គ្រប់គ្រង​ផ្លូវដែក​ជាតិ​បារាំង ត្រូវបាន​ពិន័យ​ជា​ប្រា​ក់ជាង 1,000 ដុល្លារ​អាម៉េរិក ពីបទ​ខ្វះ​ការទទួលខុសត្រូវ ដោយ​សារ​តែ​បាន​កិន​ឆ្មា​សំណព្វ​របស់​អ្នកដំណើរ​ម្នាក់ ​រហូតដល់​ងាប់។

    តុលាការ​បារាំង កាលពី​ថ្ងៃទី 04 កក្កដា បានសម្រេច​ថា ក្រុមហ៊ុន​ផ្លូវដែក​ជាតិ (SNCF) បានធ្វើ​ឱ្យមាន​កំហុស​ទា​ក់​ទិន​នឹង​បញ្ហា​ខ្វះ​ការទទួលខុសត្រូវ បន្ទាប់ពី​មាន​ករណី​រថភ្លើង​មួយ​​ខ្សែ​បាន​កិន​ឆ្មា​សំណព្វ​របស់​អ្នកដំណើរ​រហូតដល់​ងាប់ កាលពី​ខែមករា។

    ការចោទប្រកាន់​ខាងលើ​នេះ​អាចដាក់​ពិន័យ​ជា​ប្រាក់​ឡើងដល់ 75,000 អឺរ៉ូប (ជាង 80,000 ដុល្លារ​អាម៉េរិក) និង​ដាក់ពន្ធនាគារ 5 ឆ្នាំ។ ក៏ប៉ុន្តែ តុលាការ​បានសម្រេច​ពិន័យ​ជា​ប្រាក់​ត្រឹមតែ 1,000 អឺរ៉ូ (ជាង 1,000 ដុល្លារ​អាម៉េរិក) ចំពោះ SNCF។

    SNCF ក៏ត្រូវ​បាន​បញ្ជា​ឱ្យ​បង់ប្រាក់​ជំងឺ​ចិត្ត​បន្ថែមចំនួន 2,000 អឺរ៉ូ (ជិត 2,200 ដុល្លារ​អាម៉េរិក) ដល់​ម្ចាស់​ពីរ​នាក់​របស់​សត្វ​មួយ​ក្បាល​ឈ្មោះ Neko ដែល​ត្រូវ​រថភ្លើង​កិន​នោះ​ផងដែរ។

    រឿងរ៉ាវ​ខាងលើ​បាន​កើតឡើង​កាលពី​ខែមករា 2023។ កាលណោះ Georgia និង​កូនស្រី Melaina អាយុ 15 ឆ្នាំ បានឃើញ Neko លោត​ចុះ​ពី​ថង់ និង​រត់​ទៅកាន់​ផ្លូវដែក​នៅមុន​ពេល​រថភ្លើង​ចេញដំណើរ។ Georgia បាន​ចោទថា បុគ្គលិក​របស់​ក្រុមហ៊ុន​រថភ្លើង​មានចិត្ត​ឃោរឃៅ ព្រោះ​បាន​បដិសេធ​ការស្នើសុំ​ពន្យារ​ការចេញដំណើរ​ពី Paris ទៅកាន់ Bordeaux ដើម្បី​ជួយ​ស្វែងរក​ឆ្មា។

    នៅពេល​រថភ្លើង​ចេញដំណើរ ម្ចាស់​ឆ្មា​ក៏បានឃើញ Neko ត្រូវ​រថភ្លើង​កិន។ ពេលនោះ SNCF ស្នើសុំ​បង់ថ្លៃ​ខូចខាត​ដោយ​សំបុត្រ​រថភ្លើង​មួយ​ទៅកាន់ Bordeaux។

    ករណី​ខាងលើ​ក៏បាន​ធ្វើឱ្យមាន​បាតុកម្ម រួម​នឹង​ញត្តិ​តវ៉ា​ដែលមាន​ស្នាម​មេដៃ​របស់​មនុស្ស​ 100,000 នាក់។ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បារាំង Gerald Darmanin និយាយថា លោក​ភ្ញាក់ផ្អើល​ខ្លាំងណាស់​នៅ​ចំពោះ​ហេតុការណ៍​នេះ។ អង្គការ​ការពារ​សិទ្ធិ​សត្វ​មួយ​ក៏បាន​ដាក់​ញត្តិ​តវ៉ា​ចំពោះ SNCF ព្រោះតែ «អំពើហិង្សា​ធ្ងន់ធ្ងរ និង​ឃោរឃៅ​ដែលនាំឱ្យ​សត្វ​ស្លាប់»។

    ចៅក្រម​តុលាការ​បារាំង កាលពី​ថ្ងៃទី 04 កក្កដា 2023 យល់ថា បុគ្គលិក​នៅលើ​រថភ្លើង «មិនបាន​ប្រឹងប្រែង​ក្នុងការ​សង្គ្រោះ​សត្វ​ឆ្មា»។ សាលក្រម​របស់​តុលាការ​នេះ​ក៏​ដើរ​ផ្ទុយ​ពី​អនុសាសន៍​របស់​ក្រុម​រដ្ឋអាជ្ញា ជា​ក្រុម​ដែល​អំពាវនាវ​ឱ្យ​ទម្លាក់ចោល​រាល់​​ការចោទប្រកាន់​ទៅលើ SNCF ដោយ​យល់ថា បុគ្គលិក​របស់​ស្ថាប័ន​នេះ​មិនបាន​បញ្ចេញ​ភាព​គ្មាន​មនុស្សធម៌​។

    នៅលើ​បណ្ដាញ​សង្គម មនុស្ស​មួយចំនួន​បាន​រិះគន់​សាលក្រម​តុលាការ​ខាងលើ។ អ្នកខ្លះ​ថា លើក​ក្រោយ​បើ​មាន​ករណីនេះ​កើតឡើង ពួកគេ​គិតថា ម្ចាស់​សត្វ​ត្រូវតែ​បង់ថ្លៃ​ខាតបង់​ពេលវេលា​ដល់​អ្នក​ដំណើរ​ដទៃ​ នៅពេល​រថភ្លើង​ត្រូវបាន​ពន្យារ​ពេល​ចេញដំណើ​រ៕

  • បាតុករ​ដុតបំផ្លាញរថយន្ត និង​ទ្រព្យ​របស់​ប៉ូលិស ​ព្រោះតែ​ករណី​​ប៉ូលិស​បាញ់សម្លាប់​ក្មេង​​នៅ​កណ្ដាល​ផ្លូវ

    បាតុករ​ដុតបំផ្លាញរថយន្ត និង​ទ្រព្យ​របស់​ប៉ូលិស ​ព្រោះតែ​ករណី​​ប៉ូលិស​បាញ់សម្លាប់​ក្មេង​​នៅ​កណ្ដាល​ផ្លូវ

    (បារាំង) – បាតុកម្ម​ជាច្រើន​បាន​ផ្ទុះឡើង​នៅក្នុង​បណ្ដា​ទីក្រុង និង​រីក​ធំ​ទៅជា​អំពើ​ដុតបំផ្លាញ បន្ទាប់ពី​ក្មេង​ជំទង់​ម្នាក់​ដែល​បាន​បំពាន​ច្បាប់​ចរាចរណ៍ ត្រូវ​ប៉ូលិស​បាញ់សម្លាប់​នៅ​ជាយក្រុង​ប៉ារីស។

    Nael M. អាយុ 17 ឆ្នាំ កាលពី​ថ្ងៃទី 27 មិថុនា ត្រូវបាន​ប៉ូលិស​បារាំង​ពីរ​នាក់​បញ្ឈប់រថយន្ត ព្រោះតែ​រំលោភច្បាប់​ចរាចរណ៍។ ប៉ូលិស​ម្នាក់​តម្រង់​កាណុង​កាំភ្លើង​ទៅកាន់ Nael M. និង​កេះកៃ​នៅពេល​ក្មេងប្រុស​នេះ​គេច​ខ្លួន។ រថយន្ត​របស់ Nael M. បរ​ទៅមុខ​បន្ថែម​បាន​ប៉ុន្មាន​សិប​ម៉ែត្រ​ មុនពេល​បុក​នឹង​ចិញ្ចើមផ្លូវ។

    Nael M. ត្រូវបាន​សង្គ្រោះបន្ទាន់​នៅនឹងកន្លែង​កើតហេតុ ប៉ុន្តែមិន​​អាចជួយ​បាន។ ការស្លាប់​របស់​ក្មេងប្រុស​នេះ​បានធ្វើ​ឱ្យមាន​បាតុកម្ម​ជាច្រើន​កើតឡើង​នៅ Nanterre និង​តំបន់​មួយចំនួន​ដែល​នៅក្បែរ​ខាង។

    ក្រុមមន្ត្រី​បារាំង បានដាក់​ពង្រាយ​ប៉ូលិស 40,000 នាក់​នៅ​ពាសពេញ​ផ្ទៃ​ប្រទេស រួម​នឹង​កង​ម្លាំ​ង​ពិសេស RAID និង GIGN ជាដើម ដើម្បី​ទប់ទល់​នឹង​ក្រុមបាតុករ។

    អាជ្ញាធរ​ទីក្រុង​យ៉ាងតិច​បី​នៅ​ជុំវិញ​ប៉ារីស បានប្រកាស​អាសន្ន ហាម​ពលរដ្ឋ​ជួបជុំគ្នា​ទ្រង់ទ្រាយ​ធំ។ ឧទ្ធម្ភាគចក្រ និង​យន្តហោះ​គ្មាន​មនុស្ស​បើក ក៏​ត្រូវបាន​ប្រើប្រាស់​ដើម្បី​ធានា​សុវត្ថិភាព។

    បើទោះជា​មានការ​ដាក់ពង្រាយ​កម្លាំង​សន្តិសុខ​យ៉ាងច្រើន ប៉ុន្តែ​ស្ថានការណ៍​អំពី​ហិង្សា​នៅតែ​កើតឡើង។ បាតុករ​នាំគ្នា​ដុតបំផ្លាញ​រថយន្ត ដំឡើង​របង​លើផ្លូវ និង​សរសេរ​លើ​បដា​ថា «សងសឹក​ឱ្យ Nael M.»។ ប៉ូ​ស្តិ៍​ប៉ូលិស​នៅ​តំបន់ Pyrenees ទីក្រុង Pau ក៏​ត្រូវរង​ការ​​វាយប្រហារ​ដោយ​គ្រាប់បែក​សាំង។

    ក្រសួងមហាផ្ទៃ​បារាំង​និយាយថា សមត្ថកិច្ច​បាន​ចាប់ខ្លួន​មនុស្ស​យ៉ាងតិច 667 នាក់ នៅក្នុង​អំពើហិង្សា​ខាងលើ។

    ប៉ូលិស​ម្នាក់​អាយុ 38 ឆ្នាំ ដែល​បាន​បាញ់សម្លាប់ Nael មិនទាន់​ត្រូវបាន​ប្រកាស​ឱ្យដឹង​អំពី​អត្តសញ្ញាណ​នៅឡើយ ប៉ុន្តែ​ត្រូវបាន​ចាប់ខ្លួន​ពីបទ​មនុស្សឃាត​កាលពី​ថ្ងៃទី 29 មិថុនា។

  • ទាហាន​ណាតូ​រាប់​រយ​នាក់​ទៅ​កាន់​តំបន់​ផ្ដាច់​ខ្លួន​កូសូវ៉ូ​នៅ​ស៊ែប៊ី

    ទាហាន​ណាតូ​រាប់​រយ​នាក់​ទៅ​កាន់​តំបន់​ផ្ដាច់​ខ្លួន​កូសូវ៉ូ​នៅ​ស៊ែប៊ី

    ទាយាន​រាប់​រយ​នាក់​របស់​សម្ព័ន្ធ​មិត្ត​យោធា​ណាតូ (NATO) ត្រូវ​បាន​បញ្ជូន​ទៅ​ជួយពង្រឹង​ការ​រក្សា​សន្តិសុខ​របស់​សម្ព័ន្ធ​មិត្ត​នេះ​នៅ​កូសូវ៉ូ (Kosovo) ក្រោយ​ពី​មាន​ហេតុ​ការណ៍​ប៉ះ​ទង្គិច​គ្នា​នៅ​ភាគ​ខាង​ជើង​នៃ​តំបន់​ផ្ដាច់​ខ្លួន​។

    «កងកម្លាំង​បន្ថែម​របស់​ណាតូ ​ចាប់​ផ្ដើម​ធ្វើដំណើរ​ទៅ​កាន់​កូសូវ៉ូ បន្ទាប់​ពី​មាន​ហេតុការណ៍​ប៉ះ​ទង្គិច​គ្នា​កាល​ពី​សប្ដាហ៍​កន្លង​ដែល​បាន​ធ្វើ​ឱ្យ​ទាហាន​ណាតូ​ប្រហែល 30 នាក់​រងរបួស​។ ទាហាន​ប្រហែល 500 នាក់​មក​ពី​ទ័ពជើង​គោក​របស់​តួកគី​ ដើរ​តួ​នាទី​សំខាន់​ជាង​គេ​នៅ​ក្នុង​កង​កម្លាំង​ជំនួយ​បន្ថែម​» អ្នក​នាំ​ពាក្យ​របស់​ណាតូ Oana Lungescu កាល​ពី​ថ្ងៃទី 05 មិថុនា បាន​ប្រកាស​ដូច្នេះ​។

    មុននោះ កាល​ពី​ថ្ងៃទី 30 ឧសភា អគ្គលេខាធិការ​នៃ​អង្គការ​ណាតូ​ លោក Jens Stoltenberg បាន​ឱ្យ​ដឹង​ថា សម្ព័ន្ធ​យោធា​នេះ​នឹង​បញ្ជូន​ទាហាន​ 700 នាក់​បន្ថែម​ទៀត​ទៅ​កាន់​កូសូវ៉ូ ដើម្បី​ពង្រឹង​កម្លាំង​ដែល​មាន​ចំនួន 4,000​ នាក់​នៅ​តំបន់​ផ្ដាច់​ខ្លួន​កូសូវ៉ូ​។ លោក Jens Stoltenberg ប្រកាស​ថា ណាតូ​បាន​ត្រៀម​ខ្លួន​រួច​ហើយ​សម្រាប់​ការ​ផ្ដល់​កម្លាំង​ជំនួយ​បន្ថែម​។

    ការ​ប៉ះទង្គិច​គ្នា​រវាង​បាតុករ​ដើម​កំណើត​ស៊ែប៊ី ជាមួយ​​ប៉ូលិស​កូសូវ៉ូ និង​​កងកម្លាំង​របស់​ណាតូ បាន​កើត​ឡើង​នៅ​ខាងមុខ​សាលា​ស្រុក Zvecan នៃ​តំបន់​កូសូវ៉ូ កាល​ពី​ថ្ងៃទី 29 ឧសភា​។ កងទ័ព​ណាតូ​ ដំបូង​ឡើយ​បាន​ព្យាយាម​បំបែក​ក្រុម​បាតុករ​ចេញ​ពី​កម្លាំង​ប៉ូលិស ហើយ​ក្រោយ​មក​ប្រើ​ប្រាស់​ខែល​ និង​ដំបង​ឆក់​ដើម្បី​រំសាយ​បាតុកម្ម​។

    បាតុករ​មួយ​ចំនួន​បាន​គប់​ដុំ​ឥដ្ឋ​ គ្រាប់​បែក​សាំងសំដៅ​ទៅ​កាន់​ទាហាន​ណាតូ​ ប៉ុន្តែ មិន​យូរ​ប៉ុន្មាន​ ក្រុម​បាតុករ​ក៏​ត្រូវ​បាន​រុញ​ច្រាន​ចេញ​ឆ្ងាយ​ពី​ខាង​មុខ​សាលា​ស្រុក​។ ការ​ប៉ះ​ទង្កិច​គ្នា​នេះ​បាន​បណ្ដាល​ឱ្យ​ទាហាន​ណាតូ​ជាង 30 នាក់ និង​បាតុករ​ជាង 50 នាក់​ ត្រូវ​រង​របួស​។

    ក្រោយ​ហេតុ​ការណ៍​កាល​ពី​​ថ្ងៃទី 29 ឧសភា​ក្នុង​តំបន់ Zvecan បាតុករ​​ដើម​កំណើត​ស៊ែប៊ី​រាប់​រយ​នាក់​ ក៏​បន្ត​ប្រមូល​ផ្ដុំ​គ្នា​នៅ​ខាងមុខ​សាលា​ក្រុង​ ជា​ទី​ដែល​មាន​ការ​រឹត​បន្តឹង​សន្តិសុខ​កម្រិត​ខ្ពស់​។

    ប្រជាជន​ដើម​កំណើត​ស៊ែប៊ី នៅ​កូសូវ៉ូ នាំ​គ្នា​តវ៉ា មិន​ទទួល​ស្គាល់​ការ​បោះ​ឆ្នោត​ក្នុង​តំបន់​កាល​ពីខែ​មេសានៅ​ភាគ​ខាង​ជើង​នៃ​តំបន់​ផ្ដាច់​ខ្លួន​ ជា​ទី​ដែល​បាន​អនុញ្ញាត​ឱ្យ​ក្រុម​មន្ត្រី​ដើម​កំណើត​អាល់​បានី គ្រប់​គ្រង​​ក្រុម​ប្រឹក្សា​ក្នុង​តំបន់​ បើ​ទោះ​អត្រា​នៃ​អ្នក​ទៅ​បោះ​ឆ្នោត​មាន​មិន​ដល់​ 3.5%​។

    កូសូវ៉ូ​ដែល​មាន​ផ្ទៃ​ដី​ទំហំ​ប្រហែល 10,800 គីឡូម៉ែត្រ​ការ៉េ គឺជា​តំបន់​ផ្ដាច់​ខ្លួន​នៅ​ភាគ​និរតី​របស់​ប្រទេស​ស៊ែប៊ី​។ កូសូវ៉ូ​ប្រកាស​ឯក​រាជ្យ​កាល​ពី​ឆ្នាំ 2008​ ប៉ុន្តែ ស៊ែប៊ី​មិន​ទទួល​ស្គាល់​ និង​បាន​ប្រកាស​ថា កូសូវ៉ូ​ជា​កម្មសិទ្ធិ​របស់​ខ្លួន​។ កូសូវ៉ូ​មាន​ប្រជាជន​ 1.8 លាន​នាក់ ក្នុង​នោះ​ភាគ​ច្រើន​គឺជា​ជនជាតិ​អាល់បានី​។

    ជនជាតិ​ស៊ែប៊ី​ប្រហែល 123,000 នាក់​ដែល​រស់​នៅ​ក្នុង​ភាគ​ខាង​ជើង​តំបន់​កូសូវ៉ូ មិន​ទទួល​ស្គាល់​អាជ្ញាធរ​នៅ Pristina​។ ពួក​គេ​ស្មោះ​ស្ម័គ្រ​ក្នុង​ផ្នែក​នយោបាយ​ជាមួយ​នឹង​ស៊ែប៊ី​ ដែល​ជា​អ្នក​ផ្គត់​ផ្គង់​ផ្នែក​ហិរញ្ញវត្ថុ​ដល់​សហគមន៍​​នេះ​។ ចំណែក​ប្រទេស​លោក​ខាង​លិច​វិញ ភាគ​ច្រើន​ទទួល​ស្គាល់​ឯករាជ្យ​របស់​កូសូវ៉ូ​ ប៉ុន្តែ​តំបន់​ផ្ដាច់​ខ្លួន​នេះ​មិន​ទាន់​ទទួល​បាន​កៅអី​នៅ​អង្គការ​សហប្រជាជាតិ​ ដោយ​សារ​តែ​មាន​ការ​ជំទាស់ពី​រុស្ស៊ី និង​ចិន​៕

  • ពលរដ្ឋ 19,000 នាក់ ធ្វើបាតុកម្ម​ក្នុង​ថ្ងៃបុណ្យ​ឯករាជ្យ​របស់ បារាំង

    ពលរដ្ឋ 19,000 នាក់ ធ្វើបាតុកម្ម​ក្នុង​ថ្ងៃបុណ្យ​ឯករាជ្យ​របស់ បារាំង

    បារាំង៖ មនុស្ស​ប្រហែល 19,000 នាក់ បាន​ចូលរួម​ធ្វើបាតុកម្ម​នៅក្នុង​ថ្ងៃបុណ្យ​ឯករាជ្យ​របស់ បារាំង នៅ​ពាសពេញ​ផ្ទៃ​ប្រទេស ដើម្បី​ប្រឆាំងនឹង​ការ​រឹតបន្តឹង​ថ្មី​ក្នុង​បំណង​គ្រប់គ្រង​ស្ថានការណ៍ COVID-19 របស់​រដ្ឋាភិបាល។

    បាតុកម្ម​ដាច់ដោយឡែក​ជាច្រើន​ក្រុម ត្រូវបាន​ធ្វើឡើង​កាលពី​ថ្ងៃទី 14 ខែកក្កដា នៅ​ពាសពេញ​ផ្ទៃ​ប្រទេស ក្នុងនោះ​ក៏មាន ទីក្រុង Paris, Toulouse, Bordeaux, Montpelier, Nantes រួម​នឹង​តំបន់ផ្សេងៗមួយចំនួនទៀត។ ក្រុមមន្ត្រី​រដ្ឋាភិបាល បារាំង ឱ្យដឹងថា មនុស្ស​ប្រមាណ 19,000 នាក់ បាន​ចូលរួម​ធ្វើបាតុកម្ម។ ក្រសួងមហាផ្ទៃ បារាំង បានប្រកាសថា បាតុកម្ម​តូច-ធំ ចំនួន 53 ត្រូវបាន​ធ្វើឡើង​នៅ​តំបន់សំខាន់ៗនៃ​ប្រទេស​នេះ។

    បាតុកម្ម​មួយចំនួន​នៅ Paris បានចាប់ផ្ដើម​នៅ​ព្រឹក​ថ្ងៃទី 14 ខែកក្កដា ក្នុង​គ្រា​ដែល​ក្បួនព្យុហយាត្រា​ប្រចាំឆ្នាំ អបអរ​ថ្ងៃបុណ្យ​ឯករាជ្យ​បារាំង ត្រូវបាន​ធ្វើឡើង​តាម​បណ្ដោយ​មហាវិថី Champs-Elysees ក្រោម​អធិបតីភាព​របស់​ប្រធានាធិបតី Emmanuel Macron។

    មូលហេតុ​នៃ​បាតុកម្ម​នេះ កើតឡើង​ដោយសារ​ក្រុមបាតុករ​មិន​ពេញ​ចិត្តនឹង​សេចក្ដីសម្រេច​មួយ​ដែល​បានប្រកាស​កាលពី​ថ្ងៃទី 12 កក្កដា ស្ដីពី​ការបង្ខំ​ឱ្យ​បុគ្គលិក​សុខាភិបាល ទទួល​ការចាក់​វ៉ាក់សាំង ក៏ដូចជា​ការតម្រូវ​ឱ្យ​ពលរដ្ឋ​ត្រូវ​បង្ហាញ​ប័ណ្ណ​ចាក់​វ៉ាក់សាំង ទើប​អាច​ចេញ-ចូល​ទីសាធារណៈ ឬ​តម្រូវឱ្យ​ពលរដ្ឋ​ដែល​មិនទាន់បាន​ចាក់​វ៉ាក់សាំង ត្រូវ​បង្ហាញ​លទ្ធផល​អវិជ្ជមាន ទើប​អាច​ចូល​ភោជនីយដ្ឋាន​បាន។

    យោងតាម​ការស្រាវជ្រាវ​មួយ​របស់ Elabe ដែល​បានប្រកាស​កាលពី​ថ្ងៃទី 13 កក្កដា វិធានការ​ថ្មី​ខាងលើនេះ ទទួលបាន​ការគាំទ្រ​ច្រើន​ពី​សំណាក់​ពលរដ្ឋ​បារាំង។ ពលរដ្ឋ​ប្រមាណ 35.5 លាន​នាក់ (ជាង​ពាក់កណ្ដាល​នៃ​ចំនួន​ប្រជាជន​សរុប​របស់​បារាំង) បាន​ចាក់​វ៉ាក់សាំង COVID-19 យ៉ាងតិច 1 ដូ​ស​រួចហើយ។

    គិត​មកដល់​បច្ចុប្បន្ន បារាំង បាន​រកឃើញ​អ្នក​ឆ្លង COVID-19 សរុប​ចំនួន 5,829,724 នាក់ ក្នុងនោះ​​ក៏​មាន​ករណី​ស្លាប់ 111,413 នាក់, ជាសះស្បើយ 5,162,757 នាក់ និង​កំពុង​ព្យាបាល​ចំនួន 555,554 នាក់៕

    ប្រភព៖ AFP
    ប្រែ​សម្រួល៖ បុត្រា

  • កងទ័ព​មី​យ៉ាន​ម៉ា​ចេញ​បញ្ជា​មិន​ឱ្យប្រើ​គ្រាប់កាំភ្លើង​ពិត ក្នុងការ​បង្ក្រាប​ក្រុម​​បាតុករ

    កងទ័ព​មី​យ៉ាន​ម៉ា​ចេញ​បញ្ជា​មិន​ឱ្យប្រើ​គ្រាប់កាំភ្លើង​ពិត ក្នុងការ​បង្ក្រាប​ក្រុម​​បាតុករ

    រដ្ឋាភិបាលយោធា​ភូមា (មី​យ៉ាន​ម៉ា) បាន​ស្នើឱ្យ​ក្រុមប៉ូលិស ឈប់​ប្រើ​គ្រាប់កាំភ្លើង​ពិត​ក្នុងការ​ប​ង្រា​ប​ក្រុមបាតុករ ក្រោយពី​ត្រូវ​អន្តរជាតិ​ថ្កោលទោស​ដោយសារតែ​បាន​ប្រើ​អំពើហិង្សា និង​បាញ់ប្រហារ បណ្ដាលឱ្យ​បាតុករ​ជាច្រើន​នាក់​បាន​បាត់បង់​ជីវិត។

    សេចក្ដីប្រកាស​ខាងលើនេះ​ត្រូវបាន​លើកឡើង​នៅក្នុង​កម្មវិធី​ផ្សាយ​នៃ​ស្ថានីយទូរទស្សន​កងទ័ព​កាលពី​ថ្ងៃទី 1 មីនា មួយថ្ងៃ​ក្រោយ​កងសន្តិសុខ​បាញ់ប្រហារ​ក្រុមបាតុករ​ដោយ​ប្រើប្រាស់​គ្រាប់កាំភ្លើង​ពិត។ ការិយាល័យ​សិទ្ធិមនុស្ស​របស់​អង្គការសហប្រជាជាតិ បានឱ្យដឹងថា បាតុករ​យ៉ាងតិច 18 នាក់​បាន​ស្លាប់ និង 30 នាក់​ត្រូវ​រងរបួស​នៅក្នុង​អំពើ​បាញ់ប្រហារ​នោះ​ពី​សំណាក់​ប៉ូលិស​ភូមា។ កងទ័ព​ភូមា​ក៏បាន​ឱ្យដឹងថា មនុស្ស​ជាង 1,300 នាក់ ត្រូវបាន​ចាប់ខ្លួន​នៅក្នុង​បាតុកម្ម​នានា​នៅ​ទូទាំងប្រទេស។

    តាម​គម្រោង បាតុកម្ម​នឹងត្រូវ​បន្ត​ធ្វើឡើង​នៅថ្ងៃនេះ បន្ទាប់ពី​តុលាការ​មី​យ៉ាន​ម៉ា បានប្រកាស​អំពី​ការចោទប្រកាន់​បន្ថែមចំនួន 2 ករណី​ទៀត ប្រឆាំងនឹង​មេដឹកនាំ Aung San Suu Kyi ដែល​ត្រូវបាន​កងទ័ព​ធ្វើ​រដ្ឋប្រហារ​កាលពី​ថ្ងៃទី 1 កុម្ភៈ ឆ្នាំ 2021។ លោកស្រី Suu Kyi បានបង្ហាញ​ខ្លួន​នៅ​តុលាការ​តាមរយៈ​វីដេអូ កាលពី​ថ្ងៃទី 1 មីនា និង​ត្រូវបាន​គេ​ជឿថា នឹងត្រូវ​កងទ័ព​បញ្ជូនទៅ​ឃុំខ្លួន​ជា​បន្តទៀត​ក្នុង​រយៈពេល​យូរ។

    ករណី​កងសន្តិសុខ​បាញ់ប្រហារ​សម្លាប់​ក្រុមបាតុករ​នៅ​ភូមា បាន​នាំឱ្យ​មានការ​ប្រតិកម្ម​ដោយ​ការ​ថ្កោលទោស​យ៉ាងខ្លាំង​ក្លា​ពី​អន្តរជាតិ ក្នុងនោះ​មាន​សហរដ្ឋអាមេរិក កាណាដា អាល្លឺម៉ង់ សហភាព​អឺរ៉ុប និង​ប្រទេស​មួយចំនួន​នៅ​តំបន​អាស៊ីអាគ្នេយ៍​ផងដែរ៕

    ប្រភព៖ Bloomberg
    ប្រែ​សម្រួល៖ បុត្រា

  • ក្រុមបាតុករ​ប្រឆាំង និង​គាំទ្រ​កងទ័ព​នៅ​មី​យ៉ាន​ម៉ា ប៉ះទង្គិច​គ្នា

    ក្រុមបាតុករ​ប្រឆាំង និង​គាំទ្រ​កងទ័ព​នៅ​មី​យ៉ាន​ម៉ា ប៉ះទង្គិច​គ្នា

    ក្រុម​អ្នកគាំទ្រ​យោធា​មី​យ៉ាន​ម៉ា​ដែល​យក​អាវុធ​តាម​ខ្លួន បាន​ប៉ះទង្គិច​គ្នា​នឹង​ក្រុមបាតុករ​ប្រឆាំង​រដ្ឋប្រហារ នៅ​ទីក្រុង Yangon ប្រទេស​ភូមា​កាលពី​ម្សិលមិញ (26 កុម្ភៈ 2021) នាំឱ្យមាន​ការព្រួយបារម្ភ​កាន់តែខ្លាំង។

    បាតុកម្ម និង​កូដកម្ម​ប្រឆាំង​រដ្ឋប្រហារ​យោធា ត្រូវបានធ្វើ​ឡើងជា​រៀងរាល់ថ្ងៃ​នៅ​ប្រទេស​ភូមា (មី​យ៉ាន​ម៉ា) ក្នុង​រយៈពេល 3 ខែ​កន្លងមកនេះ។ ក្រុមនិស្សិត រួម​នឹង​ក្រុមបាតុករ​ផ្សេងទៀត នៅតែមាន​ផែនការ​បន្តធ្វើ​បាតុកម្ម។ កាលពី​ថ្ងៃទី 25 កន្លង​ទៅ ​នៅ​​ពេល​ក្រុមបាតុករ​ប្រឆាំង​រដ្ឋប្រហារ​បង្ហាញខ្លួន ក៏​ស្រាប់​តែមាន​មនុស្ស​ប្រហែល 1,000 នាក់ ដែល​គាំទ្រ​កងទ័ព ក៏បាន​មាន​វត្ត​មាននៅ​កណ្ដាល​ទីក្រុង។ ការប៉ះទង្គិច​គ្នា​រវាង​ក្រុមបាតុករ​ទាំងពីរ​ក្រុម​ខាងលើ​ក៏បាន​កើតឡើង និង​ក្លាយជា​អំពើហិង្សា​យ៉ាង​ឆាប់រហ័ស។

    យោងតាម​សាក្សី ក្រុមគាំទ្រ​កងទ័ព ដែលមាន​អាវុធ​ក្នុង​ដៃ ដូចជា​កាំបិត ដំបង ជំ​ពាម​កៅស៊ូ និង​ដុំថ្ម បាន​ប្រវាយ​ប្រហារ​លើ​ក្រុមបាតុករ​ប្រឆាំង​រដ្ឋប្រហារ ក្នុងនោះ​មាន​បាតុករ​យ៉ាងតិច 2 នាក់ ត្រូវបាន​ចាក់។

    មនុស្ស​មួយក្រុម​ប្រដាប់​ដោយ​កាំបិត បាន​វាយប្រហារ​លើ​បុរស​ម្នាក់​នៅ​ខាងក្រៅ​សណ្ឋាគារ​មួយ​នៅក្នុង​ទីក្រុង។ បុគ្គលិក​ពេទ្យ​បាន​ជួយសង្គ្រោះ​បុរស​ដែល​ត្រូវរបួស​ពេញ​ខ្លួន​នេះ បន្ទាប់ពី​ក្រុម​ជនដៃដល់​បាន​ចាកចេញ ប៉ុន្តែ​មិនដឹងថា បុរស​នោះ​នៅមាន​ជីវិត​ដែរ ឬ​អត់។

    កាលពី​ល្ងាចម្សិលមិញ ប៉ូលិស​ប្រឆាំង​កុបកម្ម​រាប់សិប​នាក់ បាន​បាញ់​គ្រាប់​បែកផ្សែង​បង្ហូរទឹកភ្នែក​ដើម្បី​បំបែកហ្វូង​បាតុករ​ដែល​ប្រមូល​ផ្ដុំគ្នា​នៅក្បែរ​ការិយាល័យ​រដ្ឋាភិបាល ដើម្បី​ឆាំង​នឹង​ការដែល​កងទ័ព​បានតែ​ង​តាំង​មន្ត្រី​មូលដ្ឋាន​ម្នាក់។

    អំពើហិង្សា​ខាងលើ បាន​នាំឱ្យមាន​ការព្រួយបារម្ភ​កាន់តែខ្លាំង​នៅ​ប្រទេស​នេះ។ មេ​ដឹក​យោធា Min Aung Hlaing ​បាន​និយាយថា អាជ្ញាធរ​កំពុង​ប្រើប្រាស់​កម្លាំង​អាវុធ​តិចតួច​បំផុត។

    ក៏ប៉ុន្តែ គិត​មកដល់​បច្ចុប្បន្ន យ៉ាងហោចណាស់ មាន​បាតុករ 3 នាក់ និង​ប៉ូលិស​ម្នាក់ បាន​បាត់​បង់ជីវិត។ គិត​ត្រឹម​ថ្ងៃទី 24 កុម្ភៈ មនុស្ស​ចំនួន 728 នាក់ ត្រូវបាន​ចាប់ខ្លួន ចោទប្រកាន់ និង​កាត់ទោស ទាក់ទិន​នឹង​បាតុកម្ម​ប្រឆាំង​រដ្ឋប្រហារ៕

    ប្រភព៖ Reuters
    ប្រែ​សម្រួល៖ បុត្រា

  • សញ្ញា​បែងចែក «សត្រូវ និង​មិត្ត» លើ​កាំភ្លើងខ្លី​របស់​ប៉ូលិស​មួយចំនួន​ក្នុង​អំពើហិង្សា​នៅ​សភា​អាមេរិក

    សញ្ញា​បែងចែក «សត្រូវ និង​មិត្ត» លើ​កាំភ្លើងខ្លី​របស់​ប៉ូលិស​មួយចំនួន​ក្នុង​អំពើហិង្សា​នៅ​សភា​អាមេរិក

    ក្រុមប៉ូលិស​ដែល​ស្លៀកពាក់​ស៊ីវិល​ប្រចាំការ​នៅ​វិមាន​សភា​សហរដ្ឋអាមេរិក បាន​បិទ​បង់​ចាំង​ពន្លឺ​លើ​កាំភ្លើងខ្លី​ដើម្បី​ជា​សញ្ញា​បែក​ចែក​ថា «អ្នកណា​ជាស​ត្រូវ និង​អ្នកណា​ជា​មិត្ត» នៅ​ក្នុងករណី​បាតុកម្មហិង្សា​ដែល​បាន​កើតឡើង​នៅឯ​វិមាន​សភា​សហរដ្ឋអាមេរិក។

    ក្នុងពេលដែល​ក្រុមបាតុករ​គាំទ្រ​លោក Donald Trump កំពុង​សម្រុកចូល​អគា​រ​សភាជាតិ​នៅ​តំបន់ Capitol Hill កាលពី​ថ្ងៃត្រង់ ទី 6 ខែមករា ក្រុមមន្ត្រី​ប៉ូលិស​ប្រចាំ​នៅ​សភា​ដែល​ស្លៀកពាក់​ស៊ីវិល នាំគ្នា​តម្រង់​ជួរ​នៅ​ខាងក្រោយ​ទ្វារ​បន្ទប់​ប្រជុំ និង​ដក​កាំភ្លើងខ្លី Glock ដើម្បី​បិទ​តែម​សម្គាល់ ក្នុង​បំណង​គំរាម​ដល់​ក្រុមបាតុករ​ដែលមាន «ឈាមរាវ»។ កំ​ភ្លើង​ខ្លី​ដែល​ក្រុមប៉ូលិស​ស្លៀកពាក់​ស៊ីវិល​ប្រើប្រាស់ បានធ្វើ​ឱ្យមាន​ការចាប់​អារម្មណ៍​ខ្លាំង ដោយសារ​នៅលើ​កាំភ្លើង​មាន​តែម ឬ​បង់​ឆ្នូត​ក្រហម-ស ដែល​ចាំង​ប្លាត​ពន្លឺ។

    Tomer Israeli អតីត​ប្រធាន​សន្តិសុខ​នៃ​អង្គភាព​ស៊ើបការណ៍​សម្ងាត់​របស់​អ៊ីស្រាអែល (Shin Bet) បាន​អះអាង​ថា ការដែល​មន្ត្រីប៉ូលិស​ស​ភា​អាមេរិក​បិទ​តែម​ចាំង​ប្លាត​ពន្លឺ​នៅលើ​កាំភ្លើងខ្លី «មិនមែនជា​រឿង​ខុស​ប្រក្រតី​នោះទេ»។ Tomer Israeli និយាយថា៖ «បង់​នេះ​ត្រូវបាន​ប្រើ​ដើម្បី​បែងចែក​មិត្ត​និង​សត្រូវ នៅក្នុង​ស្ថានការណ៍​ដែលមាន​មនុស្ស​ច្រើន ដែល​នេះ​អាចជួយ​ឱ្យ​ក្រុមមន្ត្រី​ធ្វើការ​សម្រេច​ចិត្តបាន​ត្រឹមត្រូវ​ថា ត្រូវ​វាយប្រហារ​លើ​គោលដៅ ឬ​អត់ នៅក្នុង​មួយប៉ប្រិចភ្នែក»។

    ព្រឹត្តិការណ៍​ថ្ងៃទី 6​ មករា​ នៅ​សភា​អាមេរិក

    កងកម្លាំង​សន្តិសុខ​ក៏​ប្រើប្រាស់​សញ្ញា​ពិសេស​នៅលើ​កាំភ្លើង ដើម្បី​កំណត់​អត្តសញ្ញាណ​ក្រុម​របស់ខ្លួន និង​ដើម្បី​ជៀសវាង​ការភាន់ច្រលំ​នៅក្នុង​ស្ថានភាព​ច្របូកច្របល់ ពិសេស​នៅពេល​មាន​ខ្មាន់កាំភ្លើង​ម្នាក់ ឬ​ច្រើន​នាក់​ដែល​ប្រើប្រាស់​កាំភ្លើង​ដូច​ពួកគេ។

    និពន្ធ​នាយក Joseph Trevithick និង Tyler Rogoway របស់​សារព័ត៌មាន The Drive បាន​អះអាងថា៖ «បង់​ចាំង​ពន្លឺ​ក៏​ជា​វិធី​ដើម្បី​កំណត់​អត្ត​សញ្ញា​បាន​ឆាប់រហ័ស​ថា វា​ជា​កាំភ្លើង​របស់​ប៉ូលិស​ប្រចាំការ​នៅ​សភា ពោលគឺ​មិនមែនជា​កាំភ្លើង​សម្រាប់​ប្រព្រឹត្ត​អំពើ​ខុសច្បាប់​ណាមួយ​នោះឡើយ»។ កាលពីពេល​កន្លងទៅនេះ មន្ត្រីប៉ូលិស​ប្រចាំ​នៅ​សភា​អាមេរិក​ក៏​ធ្លាប់បាន​ភ្លេច​កាំភ្លើង​នៅក្នុង​បន្ទប់ទឹក​ជាច្រើន​ករណី​ផងដែរ។

    ក្រុមមន្ត្រី​ប៉ូលិស​នៅ​សភា​អាមេរិក ចាប់តាំងពី​ឆ្នាំ 2019 ត្រូវបាន​បំពាក់​កាំភ្លើងខ្លី ម៉ាក Glock 22។ ប៉ុន្តែ នៅក្នុង​ការប៉ះទង្គិច​គ្នា​ជាមួយ​ក្រុមបាតុករ​នៅ​សភា​កាលពី​ថ្ងៃទី 6 មករា គេ​មិនទាន់​ដឹង​ច្បាស់​ថា កាំភ្លើង​ដែល​ក្រុមប៉ូលិស​បាន​ប្រើ​នោះ​ជា​ប្រភេទ​អ្វី​នៅឡើយ។

    កង​កម្លាំង​សន្តិសុខពិសេស​ Shin Bet របស់​អ៊ីស្រាអែល

    នៅក្នុង​ការប៉ះទង្គិច​នៅ​សភា គេ​ឃើញ​មាន​មន្ត្រីប៉ូលិស​យ៉ាងតិច 2 នាក់ កាន់​កាំភ្លើង​ដែលមាន​សញ្ញា​ខាងលើ ខណៈ​មន្ត្រី​ផ្សេង​ពីនេះ​មិនមាន​សញ្ញា​នេះ​ទេ។ ប៉ុន្តែ​គេ​មិនបាន​ដឹងថា ក្នុងចំណោម​ពួកគេ មាន​មន្ត្រី​រូប​ណា​ជា​សមាជិក​របស់​កម្លាំង​សម្ងាត់​នៅទេ។

    នៅពេល​ហេតុការណ៍​កំពុង​កើតឡើង ក្រុមមន្ត្រី​ប៉ូលិស និង​កងកម្លាំង​ពិសេស​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​វ៉ា​ស៊ី​ង​តោន អង្គភាព​ស៊ើបការណ៍​ជាតិ (FBI) ស្ថាប័ន​គ្រប់គ្រង​ស្រា បារី អាវុធជាតិផ្ទុះ រួម​នឹង​នគរបាល​យុត្តិធម៌​ជាដើម ត្រូវបាន​បញ្ជូន​ទៅកាន់​វិមាន​សភា​ដើម្បី​ជួយ​ដល់​កងកម្លាំង​ដែល​នៅ​ខាងក្នុង។ កងកម្លាំង​ការពារជាតិ​នៃ​តំបន់​ពិសេស Columbia និង Virginia ក៏ត្រូវ​បាន​បញ្ជូន​ទៅកាន់​កន្លែងកើតហេតុ​ដើម្បី​ទប់​ទល់នឹង​បាតុករ ខណៈ​រដ្ឋ​មួយចំនួន​ក៏បាន​បញ្ជូន​កងកម្លាំង​ប្រដាប់អាវុធ​របស់ខ្លួន ទៅកាន់​រដ្ឋធានី​វ៉ា​ស៊ី​ង​តោន៕

    ប្រភព៖ Drive

  • ក្រុមបាតុករថៃ៖ ថ្វីបើត្រូវបានបំបែក និងបញ្ចប់បាតុកម្មពេលនេះ ប៉ុន្តែ​ពួក​គេ​នឹង​នៅ​តែបន្តតវ៉ា

    ក្រុមបាតុករថៃ៖ ថ្វីបើត្រូវបានបំបែក និងបញ្ចប់បាតុកម្មពេលនេះ ប៉ុន្តែ​ពួក​គេ​នឹង​នៅ​តែបន្តតវ៉ា

    ក្រុមមេដឹកនាំបាតុកម្មថៃ កាលពីយប់មិញ (16តុលា) បានប្រកាសបញ្ចប់បាតុកម្មនៅទីក្រុងបាងកក ក្រោយ​ពីកងកម្លាំងប៉ូលិសប្រឆាំងកុបកម្មបានដាក់ពង្រាយរថយន្តបាញ់ទឹកដើម្បីបំបែកហ្វូងបាតុករ។

    “បញ្ចប់បាតុកម្ម” នេះគឺជាសារមួយដែលត្រូវបានផ្ញើពីសមាជិកម្នាក់នៃក្រុមមេដឹកនាំចលនាបាតុកម្មកាល​ពី​យប់ថ្ងៃ​​ទី​16​តុលា។

    ការសម្រេចចិត្តនេះត្រូវបានធ្វើឡើងបន្ទាប់ពីកងកម្លាំងនគរបាលប្រឆាំងកុបកម្មរាប់រយនាក់ត្រូវបានដាក់ពង្រាយដើម្បីទប់ទល់នឹងបាតុករជាង2,000នាក់នៅក្នុងទីក្រុងបាងកកកាលពីរសៀលថ្ងៃទី16តុលា។ ក្រុមប៉ូលិសបានស្នើឱ្យក្រុមបាតុករត្រលប់ទៅផ្ទះ បើមិនដូច្នោះទេពួកគេនឹងត្រូវបំបែកហ្វូងដោយការបាញ់ទឹក។ ប៉ុន្តែ ក្រុមបាតុករបានបិទផ្លូវមួយកំណាត់ ច្រៀងបទចម្រៀងជាតិ និងស្នើឱ្យក្រុមប៉ូលិស “ចាកចេញ”។

    បន្ទាប់មក ប៉ូលិសបានដំឡើងប្រព័ន្ធបាញ់ទឹក និងតម្រង់ទៅរកក្រុមបាតុករ នាំឱ្យបាតុករជួរមុខប្រើប្រាស់ឆត្រដើម្បីទប់ទល់ ក្នុងនោះមានអ្នកខ្លះបានគប់ដបជ័រសំដៅរកប៉ូលិសផងដែរ។ ក្រោយមក ក្រុមបាតុករត្រូវបានបំបែកយ៉ាងឆាប់រហ័ស ប៉ុន្តែពួកគេនិយាយថានឹងនៅតែបន្តធ្វើបាតុកម្ម។ យោងតាមមន្ទីរសុខាភិបាលនៃមន្ទីរពេទ្យមួយនៅទីក្រុងបាងកក ប៉ូលិសចំនួន4នាក់ និងបាតុករម្នាក់បានរងរបួស។

    “រដ្ឋាភិបាលកំពុងប្រើប្រាស់អំពើហិង្សាដើម្បីបំបែកចលនារបស់ពលរដ្ឋ” Tattep Ruangprapaikitseree ដែលជាមេដឹកនាំបាតុករម្នាក់និយាយដូច្នេះ។ Pin ដែលជានិស្សិតម្នាក់ វ័យ22ឆ្នាំ បានឱ្យដឹងថា៖ “ខ្ញុំត្រូវតែតស៊ូដើម្បីអនាគតរបស់ខ្ញុំ”។

    ក្រុមបាតុករថៃ៖ ថ្វីបើត្រូវបានបំបែក និងបញ្ចប់បាតុកម្មពេលនេះ ប៉ុន្តែពួកគេនឹងនៅតែបន្តតវ៉ានាយករដ្ឋមន្ត្រីថៃ លោក Prayuth Chan-ocha កាលពីថ្ងៃទី15តុលា បានចេញបទបញ្ជាបន្ទាន់មួយដែលហាមមិនឱ្យមានការប្រមូលផ្ដុំគ្នាលើសពី4នាក់ ប៉ុន្តែ មនុស្សប្រមាណ10,000នាក់បានជួបជុំគ្នាធ្វើបាតុកម្មដើម្បីប្រឆាំងតវ៉ានៅក្នុងថ្ងៃដដែលនោះ បើទោះជាមានការព្យាយាមបំបែកពីកងកម្លាំងប៉ូលិសក៏ដោយ។

    ក្រុមបាតុករបានចោទប្រកាន់លោក Prayuth ដែលបានឡើងកាន់កាប់អំណាចក្រោយរដ្ឋប្រហារយោធាកាលពីឆ្នាំ2014ថា បានប្រើឧបាយកលក្នុងការបោះឆ្នោតកាលពីឆ្នាំទៅដើម្បីបន្តក្ដោបក្ដាប់អំណាច។ ប៉ុន្តែ លោកនាយករដ្ឋមន្ត្រីថៃ បានឱ្យដឹងថា ការបោះឆ្នោតបានប្រព្រឹត្តទៅដោយយុត្តិធម៌ និងបានអះអាងថា លោកនឹងមិនលាលែងពីតំណែងនោះឡើយ។

    ក្រុមបាតុករក៏បានស្នើឱ្យធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ និងកែទម្រង់របបយោធាផងដែរ។ ជាងនេះ ក្រុមបាតុករក៏បានស្នើឱ្យរាជវង្សមានតម្លាភាពជាងបច្ចុប្បន្ន ទាក់ទងនឹងឯកសារហិរញ្ញវត្ថុនៅក្នុងស្ថានភាពសេដ្ឋកិច្ចកំពុងដាំក្បាលចុះដោយសារ Covid-19 នេះ។

    ជាទូទៅ បាតុកម្មបានប្រព្រឹត្តទៅដោយសន្តិវិធី ប៉ុន្តែមានហេតុការណ៍តែមួយគាត់ដែលបាននាំឱ្យអាជ្ញាធរយកជាលេសដើម្បីអនុវត្តបទបញ្ជាបន្ទាន់ដែលបណ្ដាលឱ្យមានការចាប់ខ្លួនបាតុករ2រូប នោះគឺហេតុការណ៍ឡោមព័ទ្ធរថយន្តដែលកំពុងដឹកមហេសី Suthida។ ចំណែកក្រុមមន្ត្រីរដ្ឋាភិបាលវិញបានឱ្យដឹងថា បាតុកម្មបានបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់សេដ្ឋកិច្ច និងសន្តិសុខជាតិ៕

    ប្រភព៖ Reuters

  • ប្រធានាធិបតី​​ប្រទេស​ប្រេស៊ីល ចូល​រួម​ធ្វើ​បាតុកម្ម​ប្រឆាំង​បម្រាម​គោចរ​ក្នុង​ប្រទេស​របស់​ខ្លួន

    ប្រធានាធិបតី​​ប្រទេស​ប្រេស៊ីល ចូល​រួម​ធ្វើ​បាតុកម្ម​ប្រឆាំង​បម្រាម​គោចរ​ក្នុង​ប្រទេស​របស់​ខ្លួន

    ប្រធានាធិបតី​ Jair Bolsonaro រួម​ជាមួយ​មនុស្ស​រាប់​រយ​នាក់​ នាំ​គ្នា​ធ្វើ​បាតុ​កម្ម​នៅ​ខាង​ក្រៅ​អគ្គ​បញ្ជា​ការដ្ឋាន​កង​ទ័ព​នៅ​ Brasilia ដើម្បី​ប្រឆាំង​ទៅ​​នឹង​បទ​​បម្រាម​គោចរ​​របស់​អភិបាល​រដ្ឋ​នានា​ក្នុង​ប្រទេស​នេះ​។

    មនុស្ស​ប្រមាណ​ជា​600​នាក់ បាន​នាំ​គ្នា​ធ្វើ​បាតុ​កម្ម​កាល​ពី​ថ្ងៃទី​19​មេសា អំពាវ​នាវ​ឱ្យ​កង​ទ័ព​ ធ្វើ​អន្តរាគមន៍​ទៅ​លើ​វិធាន​ការ​ទប់​ទល់​នឹង​ COVID-19 ព្រម​ទាំង​ស្នើ​ឱ្យ​បិទ​ទ្វារ​សភា​ជាតិ​ផងដែរ​។ មនុស្ស​មួយ​ចំនួន​ លើក​បដា​ដែល​មាន​សរសេរ​ថា “យោធា​ធ្វើ​អន្តរា​គមន៍​ជាមួយ​ប្រធានា​ធិបតី​ Bolsonaro”។

    ក្រុម​អ្នក​សង្កេត​ការណ៍​នយោបាយ​ បាន​ឱ្យ​ដឹង​ថា ក្រុម​បាតុ​ករ​នេះ​គឺជា​អ្នក​គាំទ្រ​របស់​ប្រធានា​ធបិតី​ Jair Bolsonaro។​ ពួក​គេ​បាន​អំពាវ​នាវ​ឱ្យ​កង​ទ័ព​ ជួយ​ដល់​ប្រធានាធិបតី​ ដោយ​សារ​ពួកគេ​យល់​ថា តុលា​ការ​ជាន់​ខ្ពស់​ និង​សភា​ជាតិ​ កំពុង​តែ​រារាំង​ប្រធានាធិបតី​ ក្នុង​ការ​​ប្រឆាំង​ទៅ​នឹង​បទ​បញ្ជា​បម្រាម​គោចរ​ ទប់​ស្កាត់​ COVID-19 ដែល​​​អភិបាល​រដ្ឋ​នានា​ក្នុងប្រទេស​ បាន​ដាក់​ចេញ។

    “ខ្ញុំ​នៅ​ទី​នេះ​ ព្រោះ​តែ​ជឿ​ជាក់​អ្នក​ទាំង​អស់​គ្នា ហើយ​អ្នក​ទាំង​អស់គ្នា​នៅ​ទី​នេះ​ក៏ព្រោះ​តែ​ជឿ​ជាក់​ប្រេស៊ីល” ប្រធានាធិបតី​ Bolsonaro មាន​ប្រសាសន៍​​នៅ​លើ​រថយន្ត ទៅ​កាន់​ក្រុម​បាតុ​កម្ម​។ លោក​បន្ត​ថា “ចូរ​ប្រយុទ្ធ​ដើម្បី​ប្រទេស​ជាតិ​។ ចូរ​ជឿ​ជាក់​លើ​ប្រធានាធិបតី​របស់​អ្នក​ ជា​មនុស្ស​ដែល​នឹង​ធ្វើ​អ្វី​ៗ​ដែល​ចាំបាច់​ដើម្បី​ការ​ពារ​ខឿន​ប្រជា​ធិបតេយ្យ​ និង​សេរី​ភាព​ ដែលជា​ប្រការ​ដ៏​សំខាន់​សម្រាប់​យើង​គ្រប់​គ្នា​”។

    ក៏ប៉ុន្តេ ប្រធានាធិបតី​​រូប​នេះ មិន​បាន​បញ្ចេញ​មតិ​អ្វី​ទាំង​អស់​ជុំ​វិញ​​ការ​អំពាវ​នាវ​របស់​ក្រុម​បាតុ​ករ​ ដែល​ស្នើ​ឱ្យ​កង​ទ័ព​ធ្វើ​អន្តរាគមន៍​ ក៏ដូច​ជា​ការ​ស្នើ​ឱ្យ​បិទ​សភា​ជាតិនោះឡើយ​។

    ប្រធានាធិបតី​ប្រេស៊ីល ចូល​រួម​បាតុកម្ម​ប្រឆាំង​បម្រាម​គោចរ​ក្នុង​ប្រទេស​របស់​ខ្លួន
    ប្រធានាធិបតី​ប្រេស៊ីល ចូល​រួម​បាតុកម្ម​ប្រឆាំង​បម្រាម​គោចរ​ក្នុង​ប្រទេស​របស់​ខ្លួន

    Bolsonaro ដែល​ជា​អតីត​មន្ត្រី​យោធា​ម្នាក់​ដែរ​នោះ បាន​រិះ​គន់​ជា​បន្ត​បន្ទាប់​ទៅលើ​វិធាន​ការ​ដាក់​បម្រាម​គោចរ​ទប់ស្កាត់​ COVID-19 ពី​សំណាក់​អភិបាល​រដ្ឋ​នានា​នៃ​ប្រទេស​នេះ ដែល​ក្នុង​នោះ​ក៏​មាន​បណ្ដា​រដ្ឋ​ដែល​មាន​ប្រជា​ជន​ច្រើន​បំផុត​នៅ​ប្រេស៊ីល ដូចជា​រដ្ឋ Sao Paulo និង​រដ្ឋ​ Rio de Janeiro ជា​ដើម​។

    សូម​រំឭក​ថា កាល​ពី​ថ្ងៃទី​17​មេសា លោក​ Bolsonaro បាន​ដក​តំណែង​​​រដ្ឋ​មន្ត្រី​ក្រសួង​សុខាភិបាល​ ដែល​ជា​អ្នក​គាំទ្រ​វិធាន​ការ​ទប់​ស្កាត់​ COVID-19 ដែល​ត្រូវ​បាន​ប្រធានាធិបតី​ Bolsonaro យល់​ថា អាច​បំផ្លាញ​សេដ្ឋ​កិច្ច​ប្រទេស​នេះ​។

    គិត​ត្រឹម​ថ្ងៃទី​20មេសា​នេះ ប្រេស៊ីល​ដែល​ជា​ប្រទេស​មាន​ប្រជា​ជន​សរុប​ជាង​200​លាន​នាក់​នេះ ​បាន​រកឃើញ​អ្នក​ជំងឺ​កូរ៉ូណា​សរុប​ចំនួន​ 38,654​នាក់ ក្នុង​នោះ​មាន​2,462​នាក់​បាន​បាត់បង់​ជីវិត​៕

    ប្រភព​៖​ សារ​ព័ត៌មាន​បរទេស