ទាហាន​ណាតូ​រាប់​រយ​នាក់​ទៅ​កាន់​តំបន់​ផ្ដាច់​ខ្លួន​កូសូវ៉ូ​នៅ​ស៊ែប៊ី

ទាយាន​រាប់​រយ​នាក់​របស់​សម្ព័ន្ធ​មិត្ត​យោធា​ណាតូ (NATO) ត្រូវ​បាន​បញ្ជូន​ទៅ​ជួយពង្រឹង​ការ​រក្សា​សន្តិសុខ​របស់​សម្ព័ន្ធ​មិត្ត​នេះ​នៅ​កូសូវ៉ូ (Kosovo) ក្រោយ​ពី​មាន​ហេតុ​ការណ៍​ប៉ះ​ទង្គិច​គ្នា​នៅ​ភាគ​ខាង​ជើង​នៃ​តំបន់​ផ្ដាច់​ខ្លួន​។

«កងកម្លាំង​បន្ថែម​របស់​ណាតូ ​ចាប់​ផ្ដើម​ធ្វើដំណើរ​ទៅ​កាន់​កូសូវ៉ូ បន្ទាប់​ពី​មាន​ហេតុការណ៍​ប៉ះ​ទង្គិច​គ្នា​កាល​ពី​សប្ដាហ៍​កន្លង​ដែល​បាន​ធ្វើ​ឱ្យ​ទាហាន​ណាតូ​ប្រហែល 30 នាក់​រងរបួស​។ ទាហាន​ប្រហែល 500 នាក់​មក​ពី​ទ័ពជើង​គោក​របស់​តួកគី​ ដើរ​តួ​នាទី​សំខាន់​ជាង​គេ​នៅ​ក្នុង​កង​កម្លាំង​ជំនួយ​បន្ថែម​» អ្នក​នាំ​ពាក្យ​របស់​ណាតូ Oana Lungescu កាល​ពី​ថ្ងៃទី 05 មិថុនា បាន​ប្រកាស​ដូច្នេះ​។

មុននោះ កាល​ពី​ថ្ងៃទី 30 ឧសភា អគ្គលេខាធិការ​នៃ​អង្គការ​ណាតូ​ លោក Jens Stoltenberg បាន​ឱ្យ​ដឹង​ថា សម្ព័ន្ធ​យោធា​នេះ​នឹង​បញ្ជូន​ទាហាន​ 700 នាក់​បន្ថែម​ទៀត​ទៅ​កាន់​កូសូវ៉ូ ដើម្បី​ពង្រឹង​កម្លាំង​ដែល​មាន​ចំនួន 4,000​ នាក់​នៅ​តំបន់​ផ្ដាច់​ខ្លួន​កូសូវ៉ូ​។ លោក Jens Stoltenberg ប្រកាស​ថា ណាតូ​បាន​ត្រៀម​ខ្លួន​រួច​ហើយ​សម្រាប់​ការ​ផ្ដល់​កម្លាំង​ជំនួយ​បន្ថែម​។

ការ​ប៉ះទង្គិច​គ្នា​រវាង​បាតុករ​ដើម​កំណើត​ស៊ែប៊ី ជាមួយ​​ប៉ូលិស​កូសូវ៉ូ និង​​កងកម្លាំង​របស់​ណាតូ បាន​កើត​ឡើង​នៅ​ខាងមុខ​សាលា​ស្រុក Zvecan នៃ​តំបន់​កូសូវ៉ូ កាល​ពី​ថ្ងៃទី 29 ឧសភា​។ កងទ័ព​ណាតូ​ ដំបូង​ឡើយ​បាន​ព្យាយាម​បំបែក​ក្រុម​បាតុករ​ចេញ​ពី​កម្លាំង​ប៉ូលិស ហើយ​ក្រោយ​មក​ប្រើ​ប្រាស់​ខែល​ និង​ដំបង​ឆក់​ដើម្បី​រំសាយ​បាតុកម្ម​។

បាតុករ​មួយ​ចំនួន​បាន​គប់​ដុំ​ឥដ្ឋ​ គ្រាប់​បែក​សាំងសំដៅ​ទៅ​កាន់​ទាហាន​ណាតូ​ ប៉ុន្តែ មិន​យូរ​ប៉ុន្មាន​ ក្រុម​បាតុករ​ក៏​ត្រូវ​បាន​រុញ​ច្រាន​ចេញ​ឆ្ងាយ​ពី​ខាង​មុខ​សាលា​ស្រុក​។ ការ​ប៉ះ​ទង្កិច​គ្នា​នេះ​បាន​បណ្ដាល​ឱ្យ​ទាហាន​ណាតូ​ជាង 30 នាក់ និង​បាតុករ​ជាង 50 នាក់​ ត្រូវ​រង​របួស​។

ក្រោយ​ហេតុ​ការណ៍​កាល​ពី​​ថ្ងៃទី 29 ឧសភា​ក្នុង​តំបន់ Zvecan បាតុករ​​ដើម​កំណើត​ស៊ែប៊ី​រាប់​រយ​នាក់​ ក៏​បន្ត​ប្រមូល​ផ្ដុំ​គ្នា​នៅ​ខាងមុខ​សាលា​ក្រុង​ ជា​ទី​ដែល​មាន​ការ​រឹត​បន្តឹង​សន្តិសុខ​កម្រិត​ខ្ពស់​។

ប្រជាជន​ដើម​កំណើត​ស៊ែប៊ី នៅ​កូសូវ៉ូ នាំ​គ្នា​តវ៉ា មិន​ទទួល​ស្គាល់​ការ​បោះ​ឆ្នោត​ក្នុង​តំបន់​កាល​ពីខែ​មេសានៅ​ភាគ​ខាង​ជើង​នៃ​តំបន់​ផ្ដាច់​ខ្លួន​ ជា​ទី​ដែល​បាន​អនុញ្ញាត​ឱ្យ​ក្រុម​មន្ត្រី​ដើម​កំណើត​អាល់​បានី គ្រប់​គ្រង​​ក្រុម​ប្រឹក្សា​ក្នុង​តំបន់​ បើ​ទោះ​អត្រា​នៃ​អ្នក​ទៅ​បោះ​ឆ្នោត​មាន​មិន​ដល់​ 3.5%​។

កូសូវ៉ូ​ដែល​មាន​ផ្ទៃ​ដី​ទំហំ​ប្រហែល 10,800 គីឡូម៉ែត្រ​ការ៉េ គឺជា​តំបន់​ផ្ដាច់​ខ្លួន​នៅ​ភាគ​និរតី​របស់​ប្រទេស​ស៊ែប៊ី​។ កូសូវ៉ូ​ប្រកាស​ឯក​រាជ្យ​កាល​ពី​ឆ្នាំ 2008​ ប៉ុន្តែ ស៊ែប៊ី​មិន​ទទួល​ស្គាល់​ និង​បាន​ប្រកាស​ថា កូសូវ៉ូ​ជា​កម្មសិទ្ធិ​របស់​ខ្លួន​។ កូសូវ៉ូ​មាន​ប្រជាជន​ 1.8 លាន​នាក់ ក្នុង​នោះ​ភាគ​ច្រើន​គឺជា​ជនជាតិ​អាល់បានី​។

ជនជាតិ​ស៊ែប៊ី​ប្រហែល 123,000 នាក់​ដែល​រស់​នៅ​ក្នុង​ភាគ​ខាង​ជើង​តំបន់​កូសូវ៉ូ មិន​ទទួល​ស្គាល់​អាជ្ញាធរ​នៅ Pristina​។ ពួក​គេ​ស្មោះ​ស្ម័គ្រ​ក្នុង​ផ្នែក​នយោបាយ​ជាមួយ​នឹង​ស៊ែប៊ី​ ដែល​ជា​អ្នក​ផ្គត់​ផ្គង់​ផ្នែក​ហិរញ្ញវត្ថុ​ដល់​សហគមន៍​​នេះ​។ ចំណែក​ប្រទេស​លោក​ខាង​លិច​វិញ ភាគ​ច្រើន​ទទួល​ស្គាល់​ឯករាជ្យ​របស់​កូសូវ៉ូ​ ប៉ុន្តែ​តំបន់​ផ្ដាច់​ខ្លួន​នេះ​មិន​ទាន់​ទទួល​បាន​កៅអី​នៅ​អង្គការ​សហប្រជាជាតិ​ ដោយ​សារ​តែ​មាន​ការ​ជំទាស់ពី​រុស្ស៊ី និង​ចិន​៕

Advertisement