Tag: ល្បឿន

  • យានអវកាស​អឺរ៉ុប​រកឃើញ​តម្រុយទាក់​ទង​នឹង «ភាព​ចម្លែក​ខុស​គេ»​​ នៃ​បរិយាកាស​​​​​ព្រះអាទិត្យ 

    យានអវកាស​អឺរ៉ុប​រកឃើញ​តម្រុយទាក់​ទង​នឹង «ភាព​ចម្លែក​ខុស​គេ»​​ នៃ​បរិយាកាស​​​​​ព្រះអាទិត្យ 

    យានអវកាស​មួយគ្រឿង​ដែល​កំពុងតែ​ធ្វើ​សកម្មភាព​ជុំវិញ​ព្រះអាទិត្យ បាន​រកឃើញ​ចម្លើយ​ស​ម្រា​ប់​សំណួរ​ដែល​សួរ​ថា «តើ​ព្រះអាទិត្យ​គឺជា​វត្ថុ​អវកាស​ដែល​ខុសគេ​ក្នុងចំណោម​តារា​នៅក្នុង​ចក្រវាល?»។

    ច្រើន​ទសវត្សរ៍​កន្លង ក្រុម​អ្នកវិទ្យាសាស្ត្រ​បានដឹងថា ព្រះអាទិត្យ​ហាក់បីដូចជា​ខុសពី​គេ ធៀប​នឹង​ផ្កាយ​នានា​ដែល​ធ្លាប់​ត្រូវបាន​សង្កេត។ ព្រះអាទិត្យ​បាន​បំបែក​រាល់​ទម្រង់​ស្ដីពី​ផ្កាយ ព្រោះ​វា​មាន​បរិយាកាស​ដែល​ក្ដៅ​មិន​សម​ហេតុ​ផល។

    សីតុណ្ហភាព​ក្នុង​បរិយាកាស​ខាងលើ​របស់​ព្រះអាទិត្យ (ស្រទាប់​កូ​រ៉ូ​ណា – corona) អាច​ឡើងដល់​ជាង 1.1 លាន​អង្សា​សេ ស្រប​ពេលដែល​តំបន់​ហ្វូ​តូ​ស​ហ្វៀ (Photosphere) ដែលជា​ស្រទាប់​លើ​បំផុត​របស់​ព្រះអាទិត្យ​ដែល​នៅ​ខាងក្រោម និង​មាន​ចម្ងាយ 1,600 គីឡូម៉ែត្រ​ពី​បរិយាកាស​កូរ៉ូណា បែរ​ជាមាន​កម្ដៅ​ត្រឹមតែ 5,500 អង្សា​សេ​ទៅវិញ។

    តាម​ធម្មតា បរិយាកាស​របស់​ផ្កាយ​មួយ​ដួង​ត្រូវបាន​ដុត​កម្ដៅ​ដោយសារ​ប្រតិកម្ម​នុយ​ក្លេ​អែរ​នៅ​ខាងក្នុង​ស្នូល​របស់​វា។ ដូច្នេះ ស្រទាប់​បរិយាកាស​ខាងលើ​របស់​ផ្កាយ មិន​អាចមាន​កម្ដៅ​ខ្ពស់ជាង 200 ដង ធៀប​នឹង​ស្រទាប់​ខាងក្រោម​ឡើយ​។ ស្រទាប់បរិយាកាស​​កូ​រ៉ូ​ណា​​របស់​ផ្កាយ​ គួរ​ណាស់​តែ​ត្រូវ​ត្រជាក់​ជាង​ស្រទាប់​ហ្វូ​តូ​ស​ហ្វៀ។

    ប្រការនេះ​បង្ហាញថា នៅមាន​អ្វីមួយ​ដែល​មនុស្ស​មិនទាន់​ដឹង កំពុងតែ​ដុត​កម្ដៅ​ផ្កាយ​មេ​របស់​ផែនដី។ នោះ​ជា​សំណួរ​ដែល​មិនមាន​ចម្លើយនៅក្នុង​រយៈពេល 80 ឆ្នាំ​កន្លង។

    ថ្មីៗនេះ យានអវកាស​ព្រះអាទិត្យ (SO) របស់​ទីភ្នាក់ងារ​អវកាស​អឺរ៉ុប (ESA) បាន​រកឃើញ​អ្វីមួយ​យ៉ាង​ចម្លែក៖ រលក​ម៉េ​ញេ​ទិច​ប្រេកង់​ខ្ពស់ ដែល​ភាយ​ពាសពេញ​ស្រទាប់បរិយាកាស​​កូ​រ៉ូ​ណា។

    ពី​តំបន់​ដែលមាន​ចម្ងាយ 42 គីឡូម៉ែត្រ​ពី​ព្រះអាទិត្យ យាន SO បាន​ប្រើ​ប្រាស់​តេ​ឡេ​ស្កុប EUI របស់​បែលហ្ស៊ិក ដើម្បី​ថត​យក​រូបភាព​ស្រទាប់​បរិយាកាស​ខាងលើ​របស់​ព្រះអាទិត្យ ជាមួយនឹង​កម្រិត​ភាពច្បាស់​ខ្ពស់​មិន​ធ្លាប់មាន។ ហើយ​ពួកគេ​ក៏បាន​ឃើញ​រលក​ម៉ាញេ​ទិចតូចៗដែល​សាយភាយ​កាត់​តាម​ពន្លឺ​ប្លា​ស្មា​ក្នុង​ស្រទាប់​បរិយាកាស​ដ៏​ក្ដៅ​នេះ។

    អ្នកវិទ្យាសាស្ត្រ​ក៏​បន្ត​វិភាគ​លើ​ការស្រាវជ្រាវ​កន្លង និង​បានដឹងថា ទម្រង់​រលក​ម៉ាញេ​ទិច​ប្រេកង់​ខ្ពស់​ដែល​កើតឡើង​ដដែលៗក្នុង​ល្បឿន​លឿន អាច​ដុត​កម្ដៅ​ស្រទាប់​បរិយាកាស​កូរ៉ូណា​​​របស់​ព្រះអាទិត្យ​​ក្នុង​កម្រិត​ខ្ពស់​គួរ​ឱ្យ​កត់​សម្គាល់។

    ក៏ប៉ុន្តែ អ្វីដែល​បាន​រកឃើញ​នេះ​មិនទាន់​គ្រប់គ្រាន់​នៅឡើយ។ អ្នកវិទ្យាសាស្ត្រ​កំពុងតែបន្ត​ស្វែងរក​ចម្លើយ​ដែល «ក្បោះ​ក្បាយ» ជាង​នេះ ដើម្បី​យល់ច្បាស់​អំពី​របៀប​ដែល​ស្រទាប់​បរិយាកាស​កូ​រ៉ូ​ណា​របស់​ព្រះអាទិត្យ​ត្រូវបាន​ដុត​កម្ដៅ និង​បង្កើតបានជា​បរិយាកាស​ព្រះអាទិត្យ​​ដែល​មាន​លក្ខណៈ​ខុសគេ​បែបនេះ៕

  • ស្ពាន​ផ្លូវដែក – ផ្លូវគោក​ដែល​វែង​ជាងគេ​បង្អស់​លើ​ពិភពលោក

    ស្ពាន​ផ្លូវដែក – ផ្លូវគោក​ដែល​វែង​ជាងគេ​បង្អស់​លើ​ពិភពលោក

    សសរ​គោល​របស់​ស្ពាន​ផ្លូវដែក – ផ្លូវគោក Xihoumen 3,118 ម៉ែត្រ ដែល​ស្ថិតនៅ​ចន្លោះ​កោះ​ពីរ​របស់​ទីក្រុង Zhoushan ខេត្ត Zhejiang ប្រទេស​ចិន ត្រូវបាន​ចាប់ផ្ដើម​សាងសង់​ក្រោម​ទឹក។

    Zhoushan ដែលជា​ទីក្រុង​មួយ​មាន​កោះ​យ៉ាងច្រើន ស្ថិតនៅ​តំបន់ឆ្នេរ​សមុទ្រ​របស់​ខេត្ត Zhejiang នៅ​ជាយ​ឈូង​សមុទ្រ Hangzhou។ Xihoumen 3,118 ម៉ែត្រ គឺជា​ស្ពាន​ផ្លូវដែក – ផ្លូវគោក​ដែល​វែង​ជាងគេ​បង្អស់​លើ​ពិភពលោក ត​ភ្ជាប់​កោះ Jintang ជាមួយនឹង​កោះ Cezi។ ទាំង​គន្លង​ផ្លូវដែក និង​ផ្លូវ​ល្បឿន​លឿន​នឹង​ត្រូវបាន​សាងសង់​លើ​ផ្ទៃ​តែមួយ។ ផ្លូវដែក​ពីរ​គន្លងដែល​​ត្រូវបាន​រចនា​ឡើង​ដើម្បី​អាចធ្វើ​ដំណើរបាន​​ក្នុង​ល្បឿន 250 គីឡូម៉ែត្រ/ម៉ោង ស្ថិតនៅ​កណ្ដាល​ និង​ផ្លូវ​ល្បឿន​លឿន 6 គន្លង​នៅ​សងខាង។

    ដោយមាន​ផ្ទៃដែល​​មាន​ទទឹងប្រវែង 68 ម៉ែត្រ នេះ​ក៏​ជា​ស្ពាន​ឆ្លង​សមុទ្រ​ដែលមាន​ទទឹង​វែង​ជាងគេ​លើ​ពិភព​លោក​ផងដែរ​។

    ផ្នែកសំខាន់ៗរបស់​ស្ពាន​នេះ​នឹង​ត្រូវបាន​សាងសង់​រួចរាល់​នៅ​ឆ្នាំ 2028។ ដោយមាន​ផ្លូវដែក​ល្បឿន​លឿន​រត់​នៅលើ​កោះ ពេលវេលា​សម្រាប់​ការធ្វើដំណើរ​ពី​ទីក្រុង Hangzhou ខេត្ត Zhejiang ទៅកាន់​ទីក្រុង Zhoushan នឹង​កាត់បន្ថយ​មក​ត្រឹម​ប្រហែល​មួយ​ម៉ោង​ប៉ុណ្ណោះ។

  • យន្តហោះ​ល្បឿន​លឿន​ជាង​សំឡេង​របស់​ណា​សា ត្រៀម​ហោះហើរ​សាកល្បង

    យន្តហោះ​ល្បឿន​លឿន​ជាង​សំឡេង​របស់​ណា​សា ត្រៀម​ហោះហើរ​សាកល្បង

    យន្តហោះ​ល្បឿន​លឿន​ជាង​សំឡេង X-59 ត្រូវបាន​គេ​ជឿថា នឹង​ហោះហើរ​យ៉ាង​ស្ងាត់​នៅលើ​តំបន់​ដីគោក មិន​ដូច​ទៅនឹង​យន្តហោះ Concorde ដែល​លាន់​កក្រើក​មេឃ។

    X-59 QuessT (Quiet SuperSonic Technology) គឺជា​យន្តហោះ​ប្រតិកម្ម​រហ័ស​កំណែ​សាកល្បង​ឆ្ពោះ​ទៅរក​ការកាត់បន្ថយ​សំឡេង​ផ្ទុះ​ដែល​កើតឡើង​នៅពេល​យន្តហោះ​បំបែក​រនាំង​សំឡេង។ ជំនួស​ឱ្យ​ការបញ្ចេញ​សំឡេង​លាន់​កក្រើក​មេឃ​នៅពេល​យន្តហោះ​ធ្វើដំណើរ​ក្នុង​ល្បឿន​លឿន​ជាង​សំឡេង (Mach 1 ឬ 1,235 គីឡូម៉ែត្រ/ម៉ោង) X-59 បញ្ចេញ​សំឡេង​ប្រហាក់ប្រហែល​នឹង​សំឡេង​បិទទ្វារ​ឡាន​ប៉ុណ្ណោះ។

    ក្រុមហ៊ុន Lockheed Martin ដែល​កំពុង​អភិវឌ្ឍ​យន្តហោះ​ប្រតិកម្ម​គំរូ​នៅ​រោងចក្រ​ផលិត​យន្តហោះ Skunk Works ក្នុង​តំបន់ Palmdale នៃ​រដ្ឋ California បាន​ចែករំលែក​វីដេអូ​បង្ហាញ​អំពី​ទិដ្ឋភាព X-59 ត្រូវបាន​បើកបរ​ចេញពី​ឃ្លាំង និង​ត្រៀមខ្លួន​សម្រាប់​ការហោះហើរ​សាកល្បង។ នេះ​បើតាម Space ចុះផ្សាយ​កាលពី​ថ្ងៃទី 04 សីហា។

    វីដេអូ​នេះ​បង្ហាញ​រូបរាង​ពិសេស​របស់ X-59 ដែលមាន​ក្បាល​ស្រួច ប្រវែង 11.5 ម៉ែត្រ។ យន្តហោះ​នេះ​មាន​ប្រព័ន្ធ​អេក្រង់​មើល​ខាងក្រៅ (XVS) ដែល​អនុញ្ញាតឱ្យ​ពី​ឡុ​ត​មើល​ទិដ្ឋភាព​ខាងក្រៅ​តាម​រយៈ​​អេក្រង់។

    បន្ទាប់ពី​ដំឡើង X-59 រួចរាល់ ក្រុមការងារ​របស់​ណា​សា និង Lockheed Martin នឹងធ្វើ​ការ​សាក​ល្បង​នៅលើ​ដី មុនពេល​ហោះហើរ។ ការហោះហើរ​សាកល្បង​នឹងធ្វើ​ឡើង​ពីលើ​តំបន់​ដែលមាន​ប្រជាជន​រស់នៅ ដើម្បី​ប្រមូល​ទិន្នន័យ​ស្ដីពី​ការ​ប្រតិកម្ម​របស់​មនុស្ស​ទៅនឹង​សំឡេង​របស់ X-59 មុននឹង​ដាក់ពាក្យ​ស្នើ​សូម​ការអនុញ្ញាត​ពី​អាជ្ញាធរ សម្រាប់​ការធ្វើ​ពាណិជ្ជកម្ម​លើ​យន្តហោះ​ល្បឿន​លឿន​ជាង​សំឡេង​នេះ។

    យន្តហោះ​នេះ​មាន​ប្រព័ន្ធ​អេក្រង់​មើល​ខាងក្រៅ (XVS) ដែល​អនុញ្ញាតឱ្យ​ពី​ឡុ​ត​មើល​ទិដ្ឋភាព​ខាងក្រៅ​តាម​រយៈ​​អេក្រង់

    សកម្មភាព​ហោះហើរ​ពីលើ​តំបន់​ដីគោក​នៅ​សហរដ្ឋ​អាម៉េរិក ត្រូវបាន​ហាមឃាត់​តាំងពី​ឆ្នាំ 1973។ ណា​សា​សង្ឃឹមថា ការអភិវឌ្ឍ​យន្តហោះ​ល្បឿន​លឿន​ជាង​សំឡេង​នេះ​អាចជួយ​កាត់បន្ថយ​ពេល​វេលា​នៃ​ការហោះហើរ​ក្នុងប្រទេស ចុះមក​នៅ​ពាក់កណ្ដាល​នាពេល​អនាគត​ដ៏​ខ្លី​ខាងមុខ៕

    យន្តហោះ​ល្បឿន​លឿន​ជាង​សំឡេង X-59

    សំឡេង​ផ្ទុះ​ដែល​កើត​ឡើង​ពេល​យន្តហោះ​មាន​ល្បឿន​លឿន​ជាង​សំឡេង

  • OPPO Reno10 5G តម្លៃ $399 | Reno10 Pro 5G តម្លៃ $569 បានដាក់សម្ពោធជាផ្លូវការយ៉ាងកក្រើកនៅប្រទេសកម្ពុជា

    OPPO Reno10 5G តម្លៃ $399 | Reno10 Pro 5G តម្លៃ $569 បានដាក់សម្ពោធជាផ្លូវការយ៉ាងកក្រើកនៅប្រទេសកម្ពុជា

    នាល្ងាចថ្ងៃទី 6 ខែសីហា ឆ្នាំ 2023 ក្រុមហ៊ុនស្មាតហ្វូន OPPO ដ៏ធំប្រចាំប្រទេសកម្ពុជាបានបង្ហាញខ្លួនយ៉ាងអធឹកអធមក្នុង «កម្មវិធីសម្ពោធជាផ្លូវការ OPPO Reno10 Series 5G» ដោយមានវត្តមានភ្ញៀវកិត្តិយសជាច្រើនរូប ពិសេសគឺ ព្រះនាងតូច ជេនណា នរោត្តម ជាមួយនឹងវត្តមានទូតសុច្ឆន្ទៈប្រចាំក្រុមហ៊ុន OPPO ទាំង 3 រូបគឺ ពេជ្រ វត្តីសារ៉ាវឌ្ឍី, ថេណា និងកញ្ញា រ៉េត ស៊ូហ្សាណាព្រមទាំងតារាប្រុសស្រីល្បីៗជាច្រើនរូបទៀតដែលបានអញ្ជើញចូលរួមយ៉ាងច្រើននៅក្នុងកម្មវិធីនេះផងដែរ។

    នេះជាមហាកិត្តិយសដ៏ធំក្រៃលែងដែលព្រះនាងតូច ជេនណា នរោត្តម បានផ្តល់វត្តមានជាភ្ញៀវកិត្តិយស ចូលរួមបកស្រាយចម្រៀងយ៉ាងពិរោះរណ្តំ ព្រមទាំងផ្តល់កិត្តិយសក្នុងការប្រកាសតម្លៃរបស់ស្មាតហ្វូនស៊េរីថ្មីជូនដល់ក្រុមហ៊ុន OPPO ផងដែរ ។ ចំណែកតារាចម្រៀង Original Song លោក ថេណា និង កញ្ញា រ៉េត ស៊ូហ្សាណា ក៏បានច្រៀងចម្រៀងថ្មីៗព្រមទាំងចែករំលែកបទពិសោធពីការប្រើប្រាស់នូវស្មាតហ្វូន OPPO Reno10 Series 5G ផងដែរ។  រីឯបវរកញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី បានដើរបង្ហាញម៉ូដជាមួយនឹងទូរស័ព្ទស៊េរីថ្មី OPPO Reno10 Series 5G យ៉ាងទាក់ទាញជាមួយនឹងសម្លេងហ៊ោគាំទ្រពេញសាលកម្មវិធីផងដែរ។ មិនតែប៉ុណ្ណោះ ក្នុងនោះក៏ឃើញមានវត្តមានបវរកញ្ញាដែលជា Top3 ក្នុងកម្មវិធី Miss Pre-Teen ដើរម៉ូដយ៉ាងស្រស់ស្អាតផងដែរ។​

    ក្រុមហ៊ុន OPPO បានដាក់សម្ពោធនូវស្មាតហ្វូន 2 ម៉ូដែលគឺ OPPO Reno10 5G និង Reno10 Pro 5G ដែល កញ្ញា ងួន​ ភួងទេពសុនិច ជាតួនាទីជា Product Manager បានឡើងធ្វើបទបង្ហាញអំពីមុខងារ អត្ថប្រយោជន៍ សមត្ថភាព​ និងភាពឈ្លាសវៃរបស់ស្មាតហ្វូនទាំង 2 ម៉ូដែលនេះផងដែរ។

    សម្រាប់ OPPO Reno10 5G បានបំពាក់នូវប្រព័ន្ធកាមេរ៉ា Portrait ដ៏ពេញលេញជាមួយលែន Telephoto Portrait ទំហំ 32MP បំពាក់នូវសេនស័រ Flagship របស់ SONY IMX709 ដែលអាចថតរូប Portrait បានហើយអាច Zoom បានទៀតជាមួយបច្ចេកវិទ្យា 2X Optical Zoom និង Digital Zoom ដល់ទៅ 20X ។ OPPO Reno10 5G ក៏បានបំពាក់នូវបច្ចេកវិទ្យាសាកថ្មល្បឿនលឿន 67W SUPERVOOC សាកពេញ 100% ប្រើពេលត្រឹមតែ 47នាទីតែប៉ុណ្ណោះ បន្ថែមពីសាកថ្មលឿនហើយទំហំថ្មក៏ធំដែររហូតដល់ 5000mAh។ មិនតែប៉ុណ្ណោះ​ បើនិយាយពី Spec អេក្រង់វិញគឺកាន់តែអេម ដោយបំពាក់មកនូវអេក្រង់កោង 3D កម្រិតកំពូលជាមួយ Refresh Rate 120Hz អូសដោយមិនទាក់ និងទើសចិត្តឡើយជាមួយអេក្រង់ធំដល់ទៅ 6.7Inch AMOLED។ បើក្រឡេកទៅមើលការឌីហ្សាញវិញប្រកបដោយភាពប្រណីត និងទាន់សម័យដោយផ្តល់នូវជម្រើស 2 ពណ៌គឺ Ice Blue និង Silvery Grey។

    ចំណែក OPPO Reno10 Pro 5G នាំមកជូនជាមួយជម្រើស 2 ពណ៌គឺ Glossy Purple រចនាឡើងដោយកញ្ចក់ថ្លារលោង ជាមួយពណ៌ស្វាយបែប Premium និងមួយពណ៌ទៀតគឺ Silvery Grey ដែលរចនាបែប​ OPPO Glow ជាមួយនឹងអេក្រង់កោងបែប 3D ដូចទៅនឹង OPPO Reno10 5G ដែរ។ អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺ OPPO Reno10 Pro 5G បានប្រើប្រាស់សេនស័រ SONY ទាំងអស់ដែលផ្តល់ឲ្យការថតរូបទាំងនៅលើកាមេរ៉ាមុខនិងក្រោយច្បាស់គ្រប់ពេលវេលាប្រៀបដូចប្រើកាមេរ៉ាអាជីព។ រីឯថាមពលថ្មទំហំ 4600mAh និងកម្លាំង​សាក​ថ្មលឿនរហូតដល់ 80W SUPERVOOC សាកពេញ 100% ក្នុងពេលត្រឹមតែ 28នាទីប៉ុណ្ណោះ។​ បន្ថែមពីនេះ វាមានសមត្ថភាពប្រតិបត្តិការកាន់តែប្រសើរ ជាមួយនឹងឈីបគ្រប់គ្រងថាមពល SUPERVOOC S ផ្តាច់មុខនិងដំបូងនៅលើ OPPO ផងដែរ។ បើនិយាយពីកម្លាំងប្រតិបត្តិការវិញបំពាក់ជាមួយឈីប Qualcomm ® Snapdragon 778 5G ដ៏ល្បីល្បាញទទួលស្គាល់លើកម្លាំងប្រតិបត្តិការលើពិភពលោក។

    ជាមួយនឹងតម្លៃកាន់តែពិសេស! កក់ទុកមុននូវសមាជិកថ្មីរបស់ OPPO Reno10 Series 5G ទាំងពីរម៉ូដែល Reno10 5G តម្លៃ $399 | Reno10 Pro 5G តម្លៃ $569 ចាប់ពីថ្ងៃទី 7 រហូតដល់ថ្ងៃទី 12 ខែសីហា ឆ្នាំ2023 មានការថែមជូនកាដូតម្លៃ $182 រួមមាន៖ បណ្ណធានាអេក្រង់រយៈពេល1ឆ្នាំ តម្លៃ$89, កាតាបដ៏ស្រស់ស្អាត តម្លៃ​$39 និងស៊ីមស្មាតលេខពិសេស Bronze តម្លៃ $54 ភ្ជាប់គម្រោង SurfLikeCrazy រយៈពេល 6ខែ។ តោះចាំអីទៀត!

    តម្លៃកាន់តែពិសេស! ស្មាតហ្វូន OPPO Reno10 Series 5G ទទួលកក់ចាប់ពីថ្ងៃទី 7 រហូតដល់ថ្ងៃទី 12 សីហា ដើម្បីទទួលបានកាដូពិសេសៗជាច្រើន
    តម្លៃកាន់តែពិសេស! ស្មាតហ្វូន OPPO Reno10 Series 5G ទទួលកក់ចាប់ពីថ្ងៃទី 7 រហូតដល់ថ្ងៃទី 12 សីហា ដើម្បីទទួលបានកាដូពិសេសៗជាច្រើន

     

  • ដាំ​ឈូករ័ត្ន​ជាង​មួយ​លាន​ដើម​ជូន​ភរិយា​សម្រាប់​ខួប 50 ឆ្នាំ​នៃ​ថ្ងៃ​រៀបការ

    ដាំ​ឈូករ័ត្ន​ជាង​មួយ​លាន​ដើម​ជូន​ភរិយា​សម្រាប់​ខួប 50 ឆ្នាំ​នៃ​ថ្ងៃ​រៀបការ

    លោក Lee Wilson ដាំ​ផ្កាយ​ឈូ​ត​រ័ត្ន​ជាង 32 ហិកតា ដែល​ប្រហាក់ប្រហែល​នឹង 1.2 លាន​ដើម ដើម្បី​ជូន​ភរិយា​សម្រាប់​ខួប 50 ឆ្នាំ​នៃ​ថ្ងៃ​អាពាហ៍ពិពាហ៍។

    «ប្ដី​ប្រពន្ធ​ខ្ញុំ​នឹង​រម្លឹក​ខួរ 50 ឆ្នាំ​នៃ​ថ្ងៃ​រៀបការ​នៅ​ថ្ងៃទី 10 សីហា ហើយ​អ្នក​ដឹងថា ពេល​រស់នៅ​ជាមួយ​គូជីវិត​រហូតដល់ 50 វា​មានន័យ​យ៉ាងណា​ហើយ​មែន​ទេ? ខ្ញុំ​បាន​ពិចារណា​ជាច្រើន​អំពី​រឿង​នោះ។ ភរិយា​របស់ខ្ញុំ​តែង​ចូលចិត្ត​ផ្កាយ​ឈូករ័ត្ន ហើយ​ខ្ញុំ​គិតថា នេះ​គឺជា​ឆ្នាំ​ដែល​គួរ​ដាំ​ផ្កា​នេះ។ ខ្ញុំ​បាន​ដាំ​ផ្កា​ជាង 32 ហិកតា​សម្រាប់​គាត់» លោក Lee Wilson ប្រាប់ ABC News កាលពី​ថ្ងៃទី 01 សីហា​ដូច្នេះ។

    «រឿង​នោះ​ធ្វើឱ្យ​ខ្ញុំ​មាន​អារម្មណ៍​ពិសេស​ខ្លាំងណាស់។ មិនអាច​មាន​អំ​ណាយ​អនុស្សាវរីយ៍​ណា​ដែល​ល្អ​ជាង​ចំការ​ឈូករ័ត្ន​មួយ​នេះឡើយ» អ្នកស្រី Renee ភរិយា​របស់លោក Wilson ថ្លែង​ដូច្នេះ។

    លោក Wilson និង​កូនប្រុស បាន​លួច​ដាំ​ដើម​ឈូករ័ត្ន​តាំងពី​ខែឧសភា និង​លាក់​មិនឱ្យ​អ្នកស្រី Renee ដឹង។ ពេលនេះ ចំការ​ឈូករ័ត្ន​បាន​ក្លាយជា​ទន្លេ​ផ្កា​ដ៏​ធំធេង ស្ថិតនៅ​ក្បែរផ្លូវ​ល្បឿន​លឿន​លេខ 54 និង​មាន​ចម្ងាយ​ពី​ផ្ទះ​របស់​ពួកគេ​នៅក្នុង​ទីក្រុង Pratt រដ្ឋ Kansas ប្រហែល 6.4 គីឡូម៉ែត្រ។

    ស្វាមីភរិយា​លោក Wilson បាន​នៅក្បែរ​គ្នា​តាំងពី​រៀន​នៅ​មធ្យមសិក្សា ហើយ​ការ​ណាត់​ជួបគ្នា​ដំបូង​របស់​ពួកគេ​គឺ​នៅពេល​ជិះ​ស្គី​ជាមួយគ្នា។ លោក Wilson ឱ្យដឹងថា តាំងពី​ពេលនោះ​មក លោក​ជឿថា Renee នឹង​ក្លាយជា​ចំណែក​មួយ​នៅក្នុង​ជីវិត​របស់គាត់៕

  • ប្រហោង​ខ្មៅ​ខ្នាត​យក្ស​បាញ់​ចង្កោម​ថាមពល​កម្រិត​ខ្ពស់​សំដៅចំ​ផែនដី

    ប្រហោង​ខ្មៅ​ខ្នាត​យក្ស​បាញ់​ចង្កោម​ថាមពល​កម្រិត​ខ្ពស់​សំដៅចំ​ផែនដី

    បេសកកម្ម​មួយ​របស់​ណា​សា ធ្វើការ​សង្កេតមើល​ប្រហោង​ខ្មៅ (Black Hole) ខ្នាត​យក្ស​មួយ​ដែល​បាញ់​ចង្កោម​រលក​ថា​ម​ពល​កម្រិត​ខ្ពស់​សំដៅចំ​ផែនដី​ពី​ចម្ងាយ 400 លាន​ឆ្នាំ​ពន្លឺ។

    បណ្ដា​ប្រហោង​ខ្មៅធំៗដែល​កំពុង​ធ្វើ​សកម្មភាព ហើយ​មាន​ថាស​វត្ថុ​ធាតុ​វិលជុំ​វិញ គេ​ហៅថា Accretion disk (ថាស​បន្ថែម​ថាមពល) ដែលជា​ប្រភព «ចំណី» សម្រាប់​ការពង្រីក​មាឌ​របស់​ប្រហោង​ខ្មៅ។ វត្ថុ​ធាតុ​ខ្លះ​ដែល​ប្រហោង​ខ្មៅ​មិនអាច​លេប​បាន​ទាំងអស់ ក៏ត្រូវ​បាន​បញ្ជូន​ទៅកាន់​ប៉ូល​នានា ហើយ​ក្រោយមក​ក៏​បាញ់​ចេញទៅ​ក្រៅ​ក្នុង​ល្បឿន​ជិត​ស្មើនឹង​ល្បឿន​ពន្លឺ។

    ដំណើរការ​ខាងលើនេះ បង្កើតបានជា​វិទ្យុសកម្ម​អេ​ឡិច​ត្រូ​ម៉ាញ៉េ​ទិច​ដែលមាន​ពន្លឺ​ភ្លឺ​ខ្លាំង និង​មាន​ថាមពល​ខ្ពស់។ នៅក្នុង​ករណី​ដែល​ណា​សា​ទើបតែ​បាន​រកឃើញ​នាពេលថ្មីៗនេះ ចង្កោម​ពន្លឺ​កំពុង​ជះ​មកកាន់​ផែនដី​នៅក្នុង​ព្រឹត្តិការណ៍​ដែល​អ្នកវិទ្យាសាស្ត្រ​ហៅថា blazar។ នេះ​បើតាម Live Science ចុះផ្សាយ​កាលពី​ថ្ងៃទី 30 កក្កដា 2023។

    រូបភាព​បង្ហាញ​ពី​ចង្កោម​ពន្លឺ​ដែល​ជះ​ពី blazar Markarian 421

    Blazar ដែលមាន​ឈ្មោះថា Markarian 421 ស្ថិតនៅក្នុង​កញ្ចុំ​ផ្កាយ Ursa Major ត្រូវបាន​សង្កេត​ដោយ​បេសកកម្ម Imaging X-ray Polarimetry Explorer (IXPE) របស់​ណា​សា ដែល​ត្រូវបាន​បាញ់​បង្ហោះ​កាលពី​ឆ្នាំ 2021។

    ចង្កោម​ពន្លឺ blazar ខាងលើ អូសបន្លាយ​យ៉ាង​វែង​នៅក្នុង​ទី​អវកាស​ក្នុង​រយៈ​ចម្ងាយ​រាប់លាន​ឆ្នាំ​ពន្លឺ ប៉ុន្តែ​ដើមហេតុ​ដែល​បង្កើត​វា​ឡើង មិនទាន់​ត្រូវ​បានដឹង​ច្បាស់​នៅឡើយ។

    អ្នកវិទ្យាសាស្ត្រ​ក៏​គ្រោង​នឹង​បន្ត​សង្កេតមើល Markarian 421 ក៏ដូចជា​កំណត់​អត្តសញ្ញាណ​របស់ balzar ដទៃទៀត​ដែលមាន​ចំណុច​ពិសេស​ដូចគ្នា Markarian 421 ដើម្បី​ស្វែងយល់​អំពី​យន្តការ​នៅ​ពីក្រោយ​បាតុភូត​នេះ៕

  • ​ម៉ូតូ​អគ្គិសនីទំនើប​ ផលិត​ដោយ​​ក្រុមហ៊ុន​វៀតណាម

    ​ម៉ូតូ​អគ្គិសនីទំនើប​ ផលិត​ដោយ​​ក្រុមហ៊ុន​វៀតណាម

    NU-E មាន​រូបរាង​បែប​អនាគតកាល លាយ​នឹង​បុរាណកាល ខណៈ​គ្រឿង​ម៉ាស៊ីន ថ្ម​ផ្ទុក​អគ្គិសនី និង​គ្រឿង​ដទៃ​ជាច្រើន​ទៀត សុទ្ធ​តែមាន​ស្រាប់​នៅក្នុង​ទីផ្សារ។

    ម៉ូតូ​អគ្គិសនី NU-E គឺជា​ម៉ូតូ​អគ្គិសនី​បែប​គំរូ​របស់​ក្រុមហ៊ុន​វៀតណាម Nuen Moto ​នៅ​ទីក្រុង​ព្រៃនគរ (ហូជីមិញ)។ ម៉ូតូ​នេះ​ត្រូវបាន​ផលិតឡើង​ដោយយោង​ទៅតាម​រូបមន្ត​ដែលមាន​ស្រាប់​ ដោយ​​ក្រុមហ៊ុន​នេះ​គ្រាន់តែ​រចនា​រូបរាង និង​ផលិត​គ្រោងឆ្អឹង គ្រា​ដែល​គ្រឿង​ផ្គុំ​នានា​ដែល​ NU-E ប្រើប្រាស់​ គឺជា​របស់​​អាច​រក​ទិញ​បាន​នៅក្នុង​ទីផ្សារ។ គ្រឿង​ផ្គុំ​ដែល​ NU-E ប្រើប្រាស់​ រួមមាន ​គ្រឿង​ដែល​ផលិត​ដោយ​ក្រុមហ៊ុន​ស៊ុយអែត អង់គ្លេស ជប៉ុន ចិន។ល។

    NU-E មាន​ទម្ងន់​ប្រហែល 160 គីឡូក្រាម។ ម៉ូ​ទ័​រ​មាន​កម្លាំង​ពី 6 ទៅ 10 គីឡូវ៉ាត់។ ថ្ម​របស់​វា​អាច​ផ្ទុក​ថាមពល 72 វ៉ុល 120 អំពែរ​ម៉ោង ស្មើនឹង 8.64 គីឡូវ៉ាត់ម៉ោង។ ម៉ូតូ​នេះ​អាច​បើកបរ​ក្នុង​ល្បឿន 150 គីឡូម៉ែត្រ/ម៉ោង និង​ធ្វើដំណើរ​បាន​ចម្ងាយ 100 គីឡូម៉ែត្រពេល​បរ​លឿន និង 200 គីឡូម៉ែត្រពេល​បើកបរ​យឺត។

    យោងតាម​ក្រុមហ៊ុន Nuen ម៉ូតូ​អគ្គិសនី NU-E នេះ គ្រាន់តែ​ជា​កំណែ​សម្រាប់​បង្ហាញ​ពី​និន្នាការ​របស់​ក្រុមហ៊ុន​ប៉ុណ្ណោះ។ ប៉ុន្តែ Nuen នឹងដាក់​លក់​ម៉ូតូ​អគ្គិសនី​ដំបូង​របស់ខ្លួន​នៅ​ប៉ុន្មាន​ឆ្នាំ​ខាងមុខ៕

  • អង្គការសហប្រជាជាតិ​ព្រមាន​អំពី​យុគសម័យ «ដុត​កម្លោច​ទូទាំង​សកលលោក»

    អង្គការសហប្រជាជាតិ​ព្រមាន​អំពី​យុគសម័យ «ដុត​កម្លោច​ទូទាំង​សកលលោក»

    អគ្គលេខាធិការ​នៃ​អង្គការសហប្រជាជាតិ លោក Antonio Guterres យល់ថា យុគសម័យ​ឡើងក​ម្ដៅ​ទូទាំង​សកលលោក​បានបញ្ចប់ ហើយ​ពិភពលោក​ចាប់ផ្ដើម​ចូលដល់ «យុគសម័យ​ដុត​កម្លោច»។

    «អាកាសធាតុ​ប្រែប្រួល​កំពុង​កើតមានឡើង​យ៉ាង​អាក្រក់ ប៉ុន្តែ​នោះ​គ្រាន់តែ​ជាការ​ចាប់ផ្ដើម​ប៉ុណ្ណោះ» លោក Guterres ប្រកាស​កាលពី​ថ្ងៃទី 27 កក្កដា​ដូច្នេះ និង​បន្តថា «នៅតែ​អាច​គ្រប់គ្រង​កំណើន​សីតុណ្ហភាព​ទូទាំង​សកលលោក​ក្នុង​កម្រិត 1.5 អង្សា​សេ និង​ចៀស​ផុតពី​សេណារីយោ​ស្ដីពី​ការប្រែប្រួល​អាកាសធាតុ​អាក្រក់​បំផុត។ ប៉ុន្តែ យើង​ត្រូវតែ​ធ្វើ​សកម្មភាព​ឱ្យបាន​ខ្លាំងក្លា​ជាបន្ទាន់»។

    ការព្រមាន​នេះ​ត្រូវបាន​ធ្វើឡើង​បន្ទាប់ពី​ក្រុម​អ្នកវិទ្យាសាស្ត្រ​បញ្ជាក់ថា បី​សប្ដាហ៍​កន្លងទៅនេះ​គឺជា​ពេលដែល​ផែនដី​មាន​កម្ដៅ​ខ្ពស់បំផុត​មិន​ធ្លាប់មាន​ពីមុន។ ខែកក្កដា​ឆ្នាំ​នេះ កំពុងស្ថិត​ក្នុង​ជំហាន​ក្លាយទៅជា​ខែ​ដែលមាន​អាកាសធាតុ​ក្ដៅ​ជាងគេ​បង្អស់​ក្នុង​ប្រវត្តិសាស្ត្រ​របស់​មនុស្សជាតិ។

    លោក Guterres ក៏បាន​អំពាវនាវ​សូម​ឱ្យ​​អ្នកនយោបាយ ធ្វើ​សកម្មភាព​ជាបន្ទាន់។ «ខ្យល់អាកាស​មិនអាច​ដកដង្ហើម​បាន កម្ដៅ​មិនអាច​ទ្រាំ​បាន ផលចំណេញ​ពី​ឥន្ធនៈ​ហ្វូ​ស៊ី​ល និង​ការ​អង្គុយ​នៅ​ស្ងៀម មិន​ធ្វើ​សកម្មភាព ​គឺជា​រឿង​ដែល​មិនអាច​ទទួលយកបាន។ មេដឹកនាំ​ត្រូវតែ​ជា​អ្នក​ដើរនាំមុខ​គេ។ មិនអាច​ពន្យារពេល មិនអាច​ប្រើ​លេស មិនអាច​រង់ចាំ​អ្នកផ្សេង​ធ្វើ​មុន ព្រោះថា មិនមាន​ពេល​ទៀត​នោះទេ»។

    អគ្គលេខាធិការ​នៃ​អង្គការសហប្រជាជាតិ​អះអាងថា ការប្រើប្រាស់​ថាមពល​កកើត​ឡើងវិញ​ប្រកបដោយ​ភាពខ្លាំង​ក្លា និងការ​​កែសម្រួល​ក្នុង​វិស័យ​មួយចំនួន មាន​វិស័យ​ដឹកជញ្ជូន​ជាដើម បង្ហាញថា មាន​ភាពជឿនលឿន ប៉ុន្តែ​សុទ្ធតែ​មិនទាន់បាន​ឆ្ងាយ និង​លឿន​គ្រប់គ្រាន់​នៅឡើយ ហើយ​នៅតែ​ត្រូវការ​បន្ថែម​ល្បឿន​បន្តទៀត៕

  • ស្ពាន​​វែង​ជាង​គេ​លើពិភពលោក​ ​ កប៉ាល់​ទម្ងន់​ 300,000 តោន​ បុក​មិន​បាក់​

    ស្ពាន​​វែង​ជាង​គេ​លើពិភពលោក​ ​ កប៉ាល់​ទម្ងន់​ 300,000 តោន​ បុក​មិន​បាក់​

    ស្ពាន​ហុងកុង – ជូ​ហៃ – ម៉ា​កាវ (Hong Kong-Zhuhai-Macao Bridge) ទទួលបាន​ការសរសើ​រ​ពី​សារព័ត៌មាន​អង់គ្លេស Guardian ថា​ជាមួយ​ក្នុងចំណោម «បេតិកភណ្ឌ​ទាំង 7 របស់​ពិភពលោក​សម័យ​ទំនើប» ស្រប​ពេលដែល​ទំព័រ CGTN បាន​ហៅ​ស្ពាន​នេះ​ថា «កំពូលភ្នំ Everest» នៅក្នុង​វិស័យ​សាងសង់​ស្ពាន ដែលជា​មហា​គម្រោង​មួយ​ដែល​បាន​ឆ្លងកាត់​ឧបសគ្គ​ច្រើន​បំផុត​លើ​ពិភពលោក។

    ដោយមាន​បណ្ដោយ​ប្រវែង 55 គីឡូម៉ែត្រ វែង​ជាង 20 ដង បើ​ធៀប​នឹង​ស្ពាន Golden Gate របស់​សហរដ្ឋ​អាម៉េរិក ស្ពាន​ហុងកុង – ជូ​ហៃ – ម៉ា​កាវ គឺជា​ស្ពាន​ដែល​វែង​ជាងគេ​លើ​ពិភពលោក។

    យោងតាម​សារព័ត៌មាន People’s Daily របស់​ចិន ការស្ថាបនា​ស្ពាន​ហុងកុង – ជូ​ហៃ – ម៉ា​កាវ មានការ​ប្រើប្រាស់​បច្ចេក​ទេស​ទំនើប​អាច​ស៊ូទ្រាំ​ជាមួយនឹង​ការប៉ះទង្គិច​ពី​​ទម្ងន់ 3,000 តោន ជួយ​ឱ្យ​វា​អាច​ទប់​ទល់នឹង​ខ្យល់ព្យុះ​ដែលមាន​ល្បឿន​ប្រមាណ 201 គីឡូម៉ែត្រ/ម៉ោង និង​គ្រោះ​រញ្ជួយ​ដី​កម្លាំង 8 រិច​ទ័​រ ឬ​ការបុក​ពី​កប៉ាល់​ដែលមាន​ទម្ងន់ 300,000 តោន។

    ស្ពាន កោះ និង​ផ្លូវ​ក្រោម​ដី ក៏មាន​នៅក្នុង​មហា​គម្រោង​ស្ពាន​ហុងកុង – ជូ​ហៃ – ម៉ា​កាវ

    មហា​គម្រោង​សំណង់​ដែល​វែង​ជាងគេ​លើ​ពិភពលោក​នេះ​រួមមាន ស្ពានដែក​មួយ​ខ្សែ​​ប្រវែង 22.9 គីឡូម៉ែត្រ កោះ​សិប្បនិម្មិត​ចំនួន​ពីរ​ដែលមាន​ទំហំ 200,000 ម៉ែត្រការ៉េ ផ្លូវ​ក្រោម​ដី​ដែល​ស្ថិតក្រោម​ទឹក​មួយ​ខ្សែ​ប្រវែង 6.7 គីឡូម៉ែត្រ និង​ជម្រៅ 40 ម៉ែត្រ រួម​នឹង​បណ្ដា​ស្ពាន​ដែល​ត​ភ្ជាប់​នឹង​ទីក្រុង​នានា។

    ស្ពាន​ហុងកុង – ជូ​ហៃ – ម៉ា​កាវ ប្រើ​ប្រាស់​គំនិត​ច្នៃ​ប្រឌិត និង​បច្ចេក​វិទ្យា​​ក្នុង​ស្រុក

    យោងតាម​ទំព័រ CGTN ស្ពាន​ហុងកុង – ជូ​ហៃ – ម៉ា​កាវ ប្រើប្រាស់​បច្ចេកវិទ្យា និង​បច្ចេកទេស​ក្នុងស្រុក ព្រោះថា ពុំមាន​រូបមន្ត​ពី​បរទេស​ដែល​ពួកគេ​អាចយក​មក​​ពិនិត្យមើល ឬ​ធ្វើតាម​នោះទេ។

    ស្ពាន​នេះ​ផ្ដល់​ផលប្រយោជន៍​ធំធេង​ដល់​វិស័យ​ដឹក​ជញ្ជូន​

    ចំណែក​ទំព័រ CCTV វិញ និយាយថា ស្ពាន​ត​ភ្ជាប់​តំបន់​ចំនួន​បី​នៅ​ភាគខាងត្បូង​របស់​ប្រទេស​ចិន​​មួយ​នេះ ជួយ​កែលំអ​ប្រសិទ្ធភាព​ចរាចរណ៍ កាត់បន្ថយ​ពេលវេលា​នៃ​ការធ្វើដំណើរ​ពីជូ​ហៃ​ទៅកាន់​អាកាសយានដ្ឋាន​អន្តរជាតិ​ហុងកុង ​ពី​ប្រហែល 4 ម៉ោង ចុះមក​នៅត្រឹម 45 នាទី។

    ស្ពាន​នេះ​ក៏​បង្កើត​លក្ខខណ្ឌ​អំណោយផល​សម្រាប់​ទំនាក់​ទំនង​រវាង​មនុស្ស និង​មនុស្ស ក៏ដូច​ជា​ផល​ប្រយោជន៍​​សម្រាប់​វិស័យ​ពាណិជ្ជកម្ម​ក្នុង​តំបន់​ឈូង​សមុទ្រ​ធំ (Greater Bay Are) ផងដែរ៕

  • អាម៉េរិក​ផ្ដល់ជំនួយ​ជា​យន្តហោះ​គ្មាន​មនុស្ស​បើក​មហា​តូច​ឱ្យ​អ៊ុយ​ក្រែ​ន

    អាម៉េរិក​ផ្ដល់ជំនួយ​ជា​យន្តហោះ​គ្មាន​មនុស្ស​បើក​មហា​តូច​ឱ្យ​អ៊ុយ​ក្រែ​ន

    អ៊ុយ​ក្រែ​ន​នឹង​ទទួលបាន​យន្តហោះ​គ្មាន​មនុស្ស​បើកបរ (UAV) Black Hornet ខ្នាតតូច​មួយឈុត នៅក្នុង​កញ្ចប់​ជំនួយ​ថ្មី​ដែលមាន​តម្លៃ 400 លាន​ដុល្លារ​អាម៉េរិក។

    មន្ទីរ​បញ្ច​កោណ​បានប្រកាស​ឱ្យដឹង​អំពី​កញ្ចប់​ជំនួយ​តម្លៃ 400 លាន​ដុល្លារ​សម្រាប់​អ៊ុយ​ក្រែ​ន ក្នុងនោះ​មាន​ទាំង​គ្រាប់កាំភ្លើង​ច្រើន​ប្រភេទ​សម្រាប់​ប្រព័ន្ធ​ការពារ​ដែនអាកាស និង​បណ្ដាញ​យន្តហោះ UAV ខ្នាត​មហា​តូច​ដែលមាន​ឈ្មោះថា Black Hornet។

    Black Hornet គឺជា UAV ដែលមាន​ទំហំ​តូច​ខ្លាំង និង​ត្រូវបាន​ប្រើប្រាស់​ដើម្បី​ប្រមូល​ព័ត៌មាន​ស៊ើបការណ៍​សម្ងាត់។ មុន​នោះ អង់គ្លេស និង​ន័​រ​វែ​ស​ក៏​ធ្លាប់បាន​ផ្ដល់ជំនួយ​ជា​យន្តហោះ Black Hornet នេះ​ដល់​អ៊ុយ​ក្រែ​ន។

    Black Hornet មាន​បណ្ដោយ​ប្រហែល 10 សង់ទីម៉ែត្រ អាច​ហោះ​បាន​ក្នុង​រង្វង់ 2 គីឡូម៉ែត្រ និង​មាន​ល្បឿន 4.7 ម៉ែត្រ/វិនាទី អាច​ដំណើរការ​ជា​បន្តបន្ទាប់​បាន 25 នាទី។

    Black Hornet ត្រូវបាន​បំពាក់​កាមេរ៉ា​ខ្នាតតូច​មួយចំនួន និង​​អាច​ហោះ​ទៅ​ក្បែរ​គោលដៅ​ដោយ​មិន​ងាយ​នឹង​ត្រូវបាន​មើលឃើញ។ ទន្ទឹមនឹងនេះ វា​ក៏​អាច​ថតរូប ថត​វីដេអូ​នៅពេល​យប់ និង​បញ្ជូន​វីដេអូ​ទៅកាន់​មូលដ្ឋាន​នៅក្នុង​រយៈ​ចម្ងាយ​ប្រហែល 2 គីឡូម៉ែត្រ​ផងដែរ។

    កំណែ​ថ្មី​របស់ ​Black Hornet មិន​តម្រូវឱ្យ​យក​ឧបករណ៍​អម​មួយ​ចំនួន​​ទៅជា​មួយ ដើម្បី​លុបបំបាត់​ហានិភ័យ​ព័ត៌មាន​ត្រូវ​ធ្លាក់​ទៅលើ​ដៃ​សត្រូវ។

    Black Hornet មាន​ប្រយោជន៍​ច្រើន​នៅក្នុងការ​តាមដានគោល​ដៅ និង​ឈ្លបយកការណ៍។ ប៉ុន្តែ UAV នេះ​ក៏​ពិបាក​ប្រើប្រាស់​នៅពេលមាន​​អាកាសធាតុ​អាក្រក់ មានដូចជា ខ្យល់ព្យុះ និង​ភ្លៀង​ធំ​ជាង​ដើម។ ទោះ​ជាយ៉ាងនេះ​ក៏ដោយ អ្នកជំនាញ​និយាយថា កំណែ​ថ្មី​ដែល​មាន​ទម្ងន់​ធ្ងន់​ជាង អាច​ទប់​ទល់នឹង​ខ្យល់ព្យុះ​ដែលមាន​ល្បឿន 28 គីឡូម៉ែត្រ/ម៉ោង៕