អង្គការសហប្រជាជាតិ​ព្រមាន​អំពី​យុគសម័យ «ដុត​កម្លោច​ទូទាំង​សកលលោក»

អគ្គលេខាធិការ​នៃ​អង្គការសហប្រជាជាតិ លោក Antonio Guterres យល់ថា យុគសម័យ​ឡើងក​ម្ដៅ​ទូទាំង​សកលលោក​បានបញ្ចប់ ហើយ​ពិភពលោក​ចាប់ផ្ដើម​ចូលដល់ «យុគសម័យ​ដុត​កម្លោច»។

«អាកាសធាតុ​ប្រែប្រួល​កំពុង​កើតមានឡើង​យ៉ាង​អាក្រក់ ប៉ុន្តែ​នោះ​គ្រាន់តែ​ជាការ​ចាប់ផ្ដើម​ប៉ុណ្ណោះ» លោក Guterres ប្រកាស​កាលពី​ថ្ងៃទី 27 កក្កដា​ដូច្នេះ និង​បន្តថា «នៅតែ​អាច​គ្រប់គ្រង​កំណើន​សីតុណ្ហភាព​ទូទាំង​សកលលោក​ក្នុង​កម្រិត 1.5 អង្សា​សេ និង​ចៀស​ផុតពី​សេណារីយោ​ស្ដីពី​ការប្រែប្រួល​អាកាសធាតុ​អាក្រក់​បំផុត។ ប៉ុន្តែ យើង​ត្រូវតែ​ធ្វើ​សកម្មភាព​ឱ្យបាន​ខ្លាំងក្លា​ជាបន្ទាន់»។

ការព្រមាន​នេះ​ត្រូវបាន​ធ្វើឡើង​បន្ទាប់ពី​ក្រុម​អ្នកវិទ្យាសាស្ត្រ​បញ្ជាក់ថា បី​សប្ដាហ៍​កន្លងទៅនេះ​គឺជា​ពេលដែល​ផែនដី​មាន​កម្ដៅ​ខ្ពស់បំផុត​មិន​ធ្លាប់មាន​ពីមុន។ ខែកក្កដា​ឆ្នាំ​នេះ កំពុងស្ថិត​ក្នុង​ជំហាន​ក្លាយទៅជា​ខែ​ដែលមាន​អាកាសធាតុ​ក្ដៅ​ជាងគេ​បង្អស់​ក្នុង​ប្រវត្តិសាស្ត្រ​របស់​មនុស្សជាតិ។

លោក Guterres ក៏បាន​អំពាវនាវ​សូម​ឱ្យ​​អ្នកនយោបាយ ធ្វើ​សកម្មភាព​ជាបន្ទាន់។ «ខ្យល់អាកាស​មិនអាច​ដកដង្ហើម​បាន កម្ដៅ​មិនអាច​ទ្រាំ​បាន ផលចំណេញ​ពី​ឥន្ធនៈ​ហ្វូ​ស៊ី​ល និង​ការ​អង្គុយ​នៅ​ស្ងៀម មិន​ធ្វើ​សកម្មភាព ​គឺជា​រឿង​ដែល​មិនអាច​ទទួលយកបាន។ មេដឹកនាំ​ត្រូវតែ​ជា​អ្នក​ដើរនាំមុខ​គេ។ មិនអាច​ពន្យារពេល មិនអាច​ប្រើ​លេស មិនអាច​រង់ចាំ​អ្នកផ្សេង​ធ្វើ​មុន ព្រោះថា មិនមាន​ពេល​ទៀត​នោះទេ»។

អគ្គលេខាធិការ​នៃ​អង្គការសហប្រជាជាតិ​អះអាងថា ការប្រើប្រាស់​ថាមពល​កកើត​ឡើងវិញ​ប្រកបដោយ​ភាពខ្លាំង​ក្លា និងការ​​កែសម្រួល​ក្នុង​វិស័យ​មួយចំនួន មាន​វិស័យ​ដឹកជញ្ជូន​ជាដើម បង្ហាញថា មាន​ភាពជឿនលឿន ប៉ុន្តែ​សុទ្ធតែ​មិនទាន់បាន​ឆ្ងាយ និង​លឿន​គ្រប់គ្រាន់​នៅឡើយ ហើយ​នៅតែ​ត្រូវការ​បន្ថែម​ល្បឿន​បន្តទៀត៕

Advertisement